ភ្នំពេញ:​ ការ​បង្កើត​ស្នា​ដៃ​ធ្វើ​ម្ហូប​របស់​មេ​ចុង​ភៅ ​ណាក់ «​សោយ-មរតក​រស​ជាតិ​ពី​ព្រះរាជ​ដំណាក់​ខ្មែរ​» បាន​ធ្វើ​ឱ្យ​មាន​ការ​កត់​សម្គាល់​ជាខ្លាំង​នៅ​លើ​ឆាក​ធ្វើ​ម្ហូប​ពិភព​លោក​ដោយ​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ចំនួន​៣នៅ​ក្នុង​កម្មវិធី Gourmand World Cookbook Awards លើក​ទី២៩​ ក្នុង​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។​

ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ទាំង​នេះ ​រួមមាន «​សៀវ​ភៅ​ល្អ​បំផុត​លើ​ពិភព​លោក​» (Books Publishers B02) «​សៀវ​ភៅ​ល្អ​លើស​គេ​ប្រចាំ​តំបន់​អាស៊ី​» (Countries and Regions C08) និង «​សៀវ​ភៅ​ប្រមុខ​រដ្ឋ​» (Ga​stro​dipl​omacy ​G05) ជា​សមិទ្ធ​ផល​ដ៏​គួរ​ឱ្យកត់​សម្គាល់​សម្រាប់​សៀវ​ភៅ​ធ្វើ​ម្ហូប​ដែល​អប​អរសាទរ​បេតិក​ភណ្ឌ​ម្ហូប​កម្ពុជា​។​

អ្នក​ស្រី ​រស់ រតនៈ​ ហៅ Chef Nak​ អ្នក​និពន្ធ ​និង​ចងក្រង​មុខ​ម្ហូប​ បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ពង្រីក​វិសាល​ភាព​នៃ​ក្ដី​ស្រឡាញ់​របស់​យើង​លើ​សិល្បៈ​ធ្វើ​ម្ហូប​តាម​រយៈ​កា​រផ្ដល់​សេវា​កម្ម​ល្អ​ឯក​ជា​ច្រើន​ទៀត​បន្ថែម​ពីលើ​ការ​បោះ​ពុម្ព​សៀវភៅ​ធ្វើ​ម្ហូប ​និង​ការ​បង្កើត​មាតិកា​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ដើម្បី​អភិរក្ស​ និង​ផ្សព្វ​ផ្សាយ​ពី​ភាព​សម្បូ​របែប​នៃ​ម្ហូប​ខ្មែរ​។ សេវា​កម្ម​ទាំង​នេះ​ រួម​មាន​ ការ​រៀបចំ​អាហារ​នៅផ្ទះ​ក៏​ប្រណីត ​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​លក្ខណៈ​ឯកជន​ ផ្ទះ​ស្នាក់​គ្រួសារ និង​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​ភោជ​នីយ​ដ្ឋាន​ជា​ដើម​»​។


ការ​ទទួល​ស្គាល់​នៅ​ក្នុង​កម្ម​វិធី Gourmand Awards ជាការ​រំឭក​ពី​សារៈ​សំខាន់​នៃ​ម្ហូប​ខ្មែរ​នៅលើ​ឆាក​ពិភព​លោក​។ វា​ក៏​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​ក្រុម​នៅ​ពីក្រោ​យ Chef Nak ក្នុងការ​ផ្ស​ព្វផ្សាយ​សិល្បៈ​ម្ហូប​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ​។​


បេសក​កម្ម​ទូលំ​ទូលាយ​របស់​ពួកគេ​លើស​ពី​ការ​បោះពុ​ម្ព​សៀវ​ភៅ​ធ្វើ​ម្ហូប​។ វា​រួមបញ្ចូល​សេវា​កម្ម​ពិសេសៗ​ ដូច​ជា​បទ​ពិសោធ​ន៍​ទទួល​ទាន​អាហារ​តាម​គេហ​ដ្ឋាន​ដ៏​ប្រណីត ​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​ឯក​ជន​ និង​ការ​ប្រឹក្សា​ភោជ​នីយ​ដ្ឋាន ដែល​ទាំង​អស់​នេះ​មាន​គោល​បំណង​ថែ​រក្សា និង​ផ្សព្វ​ផ្សាយ​ម្ហូប​ខ្មែរ​។​

លោក​ រ៉ូ​ប៊ឺ​ត ខាត់​ល័​រ នាយក​គ្រប់​គ្រង​ណា​រ៉ូ​ខា​ស្ទ័​រ បាន​និយាយ​ថា​៖ «​សៀវភៅ​នេះ​គឺជា​ រតន​ភណ្ឌ​មួយ​! វា​មើល​ទៅ​ស្រស់​ស្អាត​។ ចុង​ភៅ ​ណាក់ នឹង​បង្រៀន​អ្នក​អំពី​របៀប​ធ្វើ​ម្ហូប​ដែល​ជា​មរតក​ពី​រាជ​ដំណាក់​ខ្មែរ​ដ៏​មាន​ឱជា​រស​ឆ្ងាញ់​ពិសា​។ រីឯ​សេចក្ដី​ស្រឡាញ់​របស់​ចុងភៅ​ ណាក់​ លើ​បងប្អូន​ភូមិ​ដែល​បាន​ជួយ​បង្រៀន​គាត់​អំពី​ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ​នោះ ក៏​​អស្ចារ្យ​ណាស់​ដែរ​»​។

​ភាព​វិសេស​នៃ​ព្រឹ​ត្ដិ​ការណ៍​គឺ​នៅឯ​ពិធី ​Riyadh Gourmand Awards Ceremony ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​អាហារ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​ ជា​ព្រឹត្តិ​ការណ៍​ធ្វើ​ម្ហូប​ដ៏​ធំ​បំផុត​នៅ​មជ្ឈិម​បូព៌ា​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​២៧ ​ដល់​ថ្ងៃទី ២៩ ​ខែ​វិច្ឆិកា​។​

គាំទ្រ​ដោយ​លោក ​ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា(សសយក) ​សមា​ជិក​ក្រុម​សំខាន់ៗ​ចំនួន​ ៤​នាក់​រួមមាន អ្នកនិ​ពន្ធ អ្ន​ក​ថតរូប​ អ្នក​រចនា និង​នាយក ​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​រី​យ៉ា​ដ ​ដើម្បី​ចែករំ​លែក​ភាព​ស្រស់​ស្អាត និង​វប្ប​ធម៌​របស់​កម្ពុជា​ទៅ​កាន់​ពិភព​លោក​។​

លោក​ ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សប្បាយ​ចិ​ត្ដ ដែល ​(សស​យក) ​និង​រូបខ្ញុំ​បាន​ចូលរួម​ចំណែក ទោះ​បីជា​តិច​តួច​ក្ដី នៅ​ក្នុង​ការ​បង្កើត​សមត្ថ​ភាព​មួយ​ដែល​នាំ​ឱ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​មួយ​នេះ​»​។

សោយ ​បង្ហាញ​ពី​បទពិសោ​ធន៍​នៃ​មុខ​ម្ហូប​ជាច្រើន​មុខ​នៅ​ព្រះប​រមរាជវាំង​ ដែល​បាន​ស្រាវ​ជ្រាវ​ក្នុ​ងសម័យ​សម្ដេច​ព្រះរាជ​កនិ​ដ្ឋា ន​រោ​ត្ដម រស្មី​សោ​ភ័​ណ្ឌ​ ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៥០ ​និង ១៩៦០​។​

ទំព័រ​នីមួយៗ​នៃ​សៀវភៅ​នេះ​នាំ​អ្នក​អាន​ឱ្យទ​ទួល​បានការ​យល់​ដឹង​អំពី​គ្រប់រសជាតិ ទាំ​ង​ខ្លឹម​សារ​នៃ​ការធ្វើ​ម្ហូប​ខ្មែរ និង​រស​ជាតិ​ដ៏​ឆ្ងាញ់​ពិសា​ជាប់​ចិ​ត្ដ ដែល​ជា​ឱជា​រស​របស់​ប្រទេស និង​ប្រពៃ​ណី​ខ្មែរ​។

សៀវភៅ​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែ​ង​រួមគ្នា​ដោយ​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត ​និង​ចំណង់​ចំណូល​ចិត្ត​របស់​ Chef Nak និង​ក្រុម​របស់​អ្នក​ស្រី​ រួ​មទាំង​អ្នក​រចនា អ្នក​ថតរូ​ប និង​សិល្បក​រ​។​

សៀវភៅ «​សោយ​» មិន​មែន​គ្រាន់តែ​​ជា​បណ្តុំ​នៃ​រូបមន្ត​ម្ហូប​ប៉ុណ្ណោះ​ទេ​ តែវា​ជាការ​ឆ្លុះប​ញ្ចាំង​ពី​ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​មុខ​ម្ហូប​ដែល​បម្រើ​នៅ​ព្រះ​បរ​មរាជ​វាំង​ មាន​ម្ហូប​ខ្មែរ ​បារាំង ​ថៃ ចិន និង​ឥណ្ឌា​។​

រូប​មន្ត​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ជា​ញឹកញា​ប់​សម្រាប់​ភ្ញៀវ​អន្តរ​ជាតិ ​ដោយ​បង្ហាញ​វិមាន​ថា​ជា​មជ្ឈមណ្ឌ​ល​នៃ​សិល្បៈ​ម្ហូប និង​បដិ​សណ្ឋារ​កិច្ច​។​

​ក្នុង​ចំណោម​ប្រទេស ​និង​ដែន​ដី​ចូល​រួម​ចំនួន ​២០៥​ សៀវភៅ «​សោយ​» ត្រូវបាន​ជ្រើស​រើស​ឱ្យចូ​ល​រួម​ប្រកួត​ចំណោម ​៣ ​ប្រភេទ​នេះ ​ដែល​ជា​សក្ខី​ភាព​ពិត​ចំពោះ​ភាព​ចម្រុះ​នៃ​វប្ប​ធម៌​ដ៏​សម្បូរបែ​ប​របស់​កម្ពុជា​។​

លោក ​សុ​ត សេរី អ្នក​រចនា​ម្នាក់ បាន​ថ្លែងថា​៖ «​ខ្ញុំ​មិ​នដែល​ស្រមៃ​ថា​នឹង​ឈ្នះ​ពានរ​ង្វាន់​អ្វី​នោះទេ​​ពេល​ចាប់​ផ្ដើម​គម្រោង​នេះ​ដំបូង​កាល​ពី ​៣ឆ្នាំមុ​ន​។ ឥឡូវ​នេះ ​ការ​ទទួល​ស្គាល់​របស់​ Gourmand Awards គឺ​លើស​ពី​ការរំ​ពឹង​ទុក​របស់​ខ្ញុំ​។វា​ជា​ការ​រំឭក​ថា ​គ្រាន់តែ​ជាការ​ស្រឡាញ់និង​ចូល​ចិ​ត្ដ​ផ្នែក​ម្ហូប​ក៏​អាច​ទទួល​បាន​ឱកាស​នេះ​ផង​ដែរ​»​។​

​ក្នុង​នាម​ជា​សិល្ប​ករ​ និង​ជា​អ្នក​ថតរូប​ លោក​ ឡា ម៉ូ បាន​ថ្លែង​ថា លោក​មាន​មោទន​ភាព​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធ​ផល​រួម​របស់​ក្រុម​។​

លោក​បាន​​បញ្ជាក់​​ថា​៖«​វា​នាំឱ្យ​ខ្ញុំ​រីករាយ​យ៉ាង​ខ្លាំង​​ក្នុង​ការ​ចែក​រំលែក​ភាព​ជោគ​ជ័យ​សៀវភៅ​នេះ​ជា​មួយ​ប្រទេស​ជាតិ​របស់​យើង​។ការ​ខិត​ខំ​នេះ​កើត​ចេញ​ពី​អានុភា​ព​នៃ​សេចក្តី​ស្រឡាញ់​ពិតៗហើយ​ខ្ញុំ​សូម​ជម្រាប​ជូន​សា​ជាថ្មី​​ថា​ នេះ​គឺជា​មនោ​សញ្ចេត​នា​នៃ​ការ​ងារដែល​កើត​ចេញ​ពី​បេះដូ​ង​»​៕​