​ភ្នំពេញៈ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី​៤ និង​បញ្ជា​​ការដ្ឋាន​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម បាន​បើក​កិច្ចពិភាក្សា ដើម្បី​បន្ត​ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ដែល​នៅ​សេស​សល់​ប្រមាណ ៦០ ​អដ្ឋិធាតុ​ទៀត ដែល​កងទ័ព​ទាំងនេះ​ត្រូវបាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​។​


​លោក សោម ស៊ុន មេ​បញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​លោក ជិន វី​ញ​ង៉ុ​ក អនុប្រធាន​នយោបាយ​នៃ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ដឹកនាំ​ប្រតិភូ​ចំនួន​ ២២ ​នាក់ ចូលរួម​កិច្ចប្រជុំ កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក សោម ស៊ុន បាន​ថ្លែងថា លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​បច្ចេកទេស​ជំនាញ​ជីក​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណា​ម K៧០ និង ​k៧២ ដែល​បាន​សហ​ការធ្វើសកម្មភាព​ជីក​រុករក​ក្នុង​រយៈពេល​ជាង​ ២០​ ឆ្នាំ​កន្លងមកនេះ គិតពី​ឆ្នាំ​ ២០០៣ រហូតដល់​ឆ្នាំ​ ២០២៣ នៅ​ខេត្តកំពង់ធំ ដោយ​ជីក​យកបាន និង​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណា​ម​ចំនួន ១ ១៥២ ​អដ្ឋិធាតុ​រួចមកហើយ​។​


​លោក​បាន​បញ្ជាក់ទៀតថា​៖ «​យើង​មានការ​លំបាក​ខ្លះៗ​ដែរ​ក្នុង​រយៈពេល​កន្លងមក ដោយ​សារ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល សាក្សី​ដែល​ធ្លាប់​ដឹង​ពី​កន្លែង​កប់​សាកសព​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម មាន​វ័យចាស់ និង​បានទទួល​មរណភាព​ជា​បន្ត​បន្ទាប់ ហើយ​មួយចំនួនទៀត​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​។ ចំពោះ​ទិសដៅ​នៅពេល​ខាងមុខ យើង​នឹង​បន្ត​ជីក​រុករក​អដ្ឋិធាតុ តាម​ការស្រាវជ្រាវ​នៅ​សេសសល់​ប្រមាណ​ ៦០ ទៅ ៦៥​ អដ្ឋិធាតុ​ទៀត នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​»​។​

​លោក ជិន វី​ញ​ង៉ុ​ក បាន​ថ្លែងថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​កម្ពុជា បាន​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​សកម្មភាព​មនុស្សធម៌ ដើម្បី​ជីក​រុករក និង​ធ្វើ​មាតុភូម​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ទៅកាន់​ប្រទេស​វៀតណាម​វិញ​ទទួល​​បាន​លទ្ធផល​ល្អប្រសើរ​។​


​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កិច្ចសហការ​នេះ​បានបង្ហាញ​ពី​ទំនាក់ទំនង​ផ្នែក​ការ​បរទេស និង​នយោបាយ​ដែល​រដ្ឋាភិបាល​ទាំង ​២ តែង​គាំទ្រ​គ្នា​ទៅវិញទៅមក​តាំងពី​សម័យ​ក្រោយ​អាណានិគម​បារាំង​៕