​ភ្នំពេញៈ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដោយ​ឧបត្ថម្ភ​គាំទ្រ​ពី​សហភាព​អឺរ៉ុប បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន និង​ទស្សនកិច្ច​សិក្សា​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​នៅ​រាជធានី​​ភ្នំពេញ ខេត្តកំពង់ធំ ក្រចេះ និង​ខេត្តស្ទឹងត្រែង ដែលមាន​រយៈ​​ពេល ​​៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៩ ខែ​វិច្ឆិកា រហូតដល់​ថ្ងៃទី ​២ ខែធ្នូ ឆ្នាំ ​២០២៣​។​

​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​ទស្សនកិច្ច​នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែវិច្ឆិកា នៅ​ក្រសួងកសិកម្ម កញ្ញា ​អ៊ឹ​ម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​មាន​អ្នកចូលរួម​ប្រ​មាណ​ជាង​ ៥០ ​នាក់ រួមមាន តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) ក្រសួងពាណិជ្ជកម្ម សហភាព​អឺរ៉ុប អង្គការ GIZ និង​ស្ថាប័ន​សារព័ត៌មាន​ចំនួន ៣០​។​


​ប្រភព​ដដែល​បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ៣ ​យប់​ ៤​ ថ្ងៃនេះ មាន​អ្នកសារព័ត៌មាន​ ៤០ ​នាក់​ចូលរួម​ស្វែងយល់​អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយ​​ចន្ទី ចាប់តាំងពី​ការដាំដុះ ការ​ប្រមូល​ផល រហូតដល់​ការកែច្នៃ និង​សក្តានុពល​ទីផ្សារ​។

អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម​បន្ថែមថា ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ផ្តល់​ការយល់ដឹង​ទូលំទូលាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​លើកកម្ពស់​ផលិត​កម្ម​ស្វាយចន្ទី​ស្របទៅតាម​ «​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ​ ២០២២-២០២៧» ដែល​ដាក់ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ឈានទៅ​ជា​អធិរាជ​ស្វាយចន្ទី​។​


​កញ្ញា​បាន​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​ជា​សក្ខីភាព​ឆ្លុះ​បង្ហាញ​អំពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចជា រាជរដ្ឋាភិបាល ធុរកិច្ច និង​តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែលមាន​សក្តានុពល​ក្នុងការ​លើកកម្ពស់​ខ្សែ​ច្រវាក់​ផលិត​កម្ម​ស្វាយចន្ទី និង​ការរួមចំណែក​របស់​ស​ហ​ភាព​អឺរ៉ុប​ក្នុង​វិស័យនេះ តាមរយៈ​មធ្យោបាយ​ទំនាក់ទំនង​ច្បាស់លាស់ និង​ត្រឹមត្រូវ​»​។​

​លោក Bryan FORNARI ប្រធាន​ផ្នែក​កិច្ច​សហប្រតិបត្តិ​ការ​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែងថា ខ្សែ​ច្រវាក់​តម្លៃ​ស្វាយចន្ទី​មាន​សារៈសំខាន់​ណាស់ ហើយ​នេះ​គឺជា​មូលហេតុ​ដែល​សហភាព​​អឺរ៉ុប​កំពុង​កសាង​ទំនាក់ទំនង និង​ធ្វើការ​ជាមួយគ្នា​ដើម្បី​លើក​កម្ពស់​បន្ថែមទៀត​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការតភ្ជាប់​នៃ​ឱកាស​ដែល​មាននៅ​ប្រទេសមួយ​ដែល​ផលិត​ស្វាយ​​ចន្ទី​ច្រើន​លើ​ពិភពលោក និង​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ស្វាយចន្ទី ដែល​សហភាព​អឺរ៉ុប​មាន​តំណាង​ ១​ ភាគ​ ៣ ​នៃ​ទីផ្សារ​ស្វាយចន្ទី​លើ​ពិភពលោក ប្រទេស​កម្ពុជា​ បាន​ផលិត​ស្វាយចន្ទី​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ផងដែរ​»​។​

​លោក ​រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ដែរ​ថា ដោយ​មើលឃើញ​ពី​សក្ដានុពល បញ្ហា​ប្រឈម និង​ឱកាស​នៃ​ដំណាំ​ស្វាយចន្ទី ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ​ជាដើម បានរួម​គ្នា​រៀបចំ​គោលនយោបាយ​​ជាតិ​ស្តីពី​ស្វាយចន្ទី ២០២២ ដល់​ ២០២៧ ដោយ​ផ្តោត​សំខាន់​លើ​ការដាំដុះ ការកែច្នៃ និង​ការនាំចេញ ព្រមទាំង​មាន​ចក្ខុ​​វិស័យ​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​រៀបចំ​ឱ្យមាន​លក្ខណៈ​ប្រកួត​​ប្រជែង​ប្រកបដោយ​បរិ​យាប​ន្ន មាន​និរន្តរភាព​។​

​លោក​ថ្លែងថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ដោយបាន​ចរចា​បើក​ច្រក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត ជាពិសេស​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មាន​ទាំង​ជាមួយ​ចិន និង​កូរ៉េ ហើយ​បន្ថែម​លើ​នេះ​ទៀត​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​»​។  

​លោក​បាន​បន្ថែមថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងនេះ កម្ពុជា​នឹង​ទទួលបាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ ក្នុងនោះ​ក៏មាន​មុខទំនិញ​កសិក​ម្ម អាជីវករ​ស្វាយចន្ទី បន្លែ​ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន និង​នំ​ធ្វើ​ពី​អង្ករ ព្រមទាំង​តំណាប់​ផ្លែឈើ​ជាដើម​។​

​លោក ​តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ដំណាំ​ស្វាយចន្ទី​ជា​ដំណាំ​មាន​អាទិភាព​បំផុត​ក្នុងពេល​បច្ចុប្បន្ន ហើយ​ងាយស្រួល​ដាំ​ដុះ​បើ​ប្រៀប​ធៀប​នឹង​ដំណាំ​ដទៃទៀត ទាំង​ការលូតលាស់ និង​តម្រូវការ​ទឹក​ដែល​ធន់​នឹង​ភាពរាំងស្ងួត​។ ដំណាំ​នេះ​កំពុង​ពេញនិយម​ដាំ​​ដុះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ រតនគិរី ព្រះវិហារ ស្ទឹង​ត្រែង សៀមរាប កំពង់ឆ្នាំង និង​ឧ​ត្ត​រ​មានជ័យ​ជាដើម​៕