ភ្នំពេញៈ​ កាលពីមុន នៅពេល​មានរឿង​ក្តី​នៅ​តុលាការ ប្រជាពលរដ្ឋ​ក្រីក្រ​តែងមាន​ការបារម្ភ ដោយ​សារ​តែ​គ្មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការជួល​មេធាវី​ការពារ​ក្តី និង​មិនដឹងថា​ត្រូវ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ជាមួយ​អ្នកណា ទោះ​បី​ជា​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​អនុវត្ត​បានល្អ​មួយចំនួន​ហើយក៏​ដោយ​។​


​ក៏ប៉ុន្ដែ​សម្រាប់​បច្ចុប្បន្ន​តាម​រយៈ​គណៈមេធាវី​កម្ពុជា​បាននិងកំពុង​ជួយ​ពង្រីក​បន្ថែម​នូវ​វិសាលភាព​នៃ​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជនក្រីក្រ​ក្នុងការ​រួមចំណែក​បម្រើ​វិស័យ​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ហើយ​ចំពោះ​ដំណើរការ​ការពារ​រឿងក្ដី​នៅ​តុលាការ​ក៏មាន​ភាព​ឆាប់រហ័ស​ជាង​មុន​ផងដែរ​។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ មានការ​យល់ដឹង​អំពី​ការផ្តល់​ជំនួយ​ផ្នែក​ច្បាប់ ហើយ​នៅពេល​មាន​បញ្ហា​ពួកគាត់​តែងតែ​ទៅរក​សេវា​ផ្នែក​ច្បាប់​នៅតាម​បណ្តា​កា​រិ​យា​ល័យ​ប្រតិភូ​គណៈមេធាវី​រាជ​ធានី​ខេត្ត គ្រប់​ជាន់ថ្នាក់​។​

​លោក​ គឹម រ័ត្ន​ណា​រ៉ុង ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ បានឱ្យដឹងថា គណៈមេធាវី​កម្ពុជា មានការ​យកចិត្តទុកដាក់​ក្នុងការ​លើកស្ទួយ​ឧត្តមភាព និង​កិត្យានុភាព​មេធាវី​កម្ពុជា ជាពិសេស​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​ដោយបាន​ចេញ​គោ​លន​យោ​បាយ​បន្ថែម​ស្តីពី​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ និង​ការការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​តាមរយៈ​សេចក្ដីសម្រេច​លេខ​ ០៩៨/​សសគម ​/២១ ចុះ​ថ្ងៃទី​ ​៥ ខែកុម្ភៈ ឆ្នាំ​​ ២០២១​។​


​លោក​ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​បាន​ប្រាប់ថា គណៈមេធាវី​បានរៀបចំ​ឱ្យមាន​យន្តការ​ប្រតិភូកម្ម​អំណាច​តាម​​រយៈ​សេចក្ដីសម្រេច​លេខ​ ០២៥/ សសគម​/១៨ ចុះ​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០១៨ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រតិភូ​គណៈមេធាវី​បែងចែក​ក៏ដូចជា ចាត់តាំង​រឿង ទទួល​រឿងក្ដី​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បីឱ្យ​ពលរដ្ឋ​ក្រីក្រ​ងាយស្រួល​ស្វែងរក​សេវា​ការពារ​ក្ដី​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​ប្រតិភូ​គណៈមេធាវី និង​កា​រិ​យា​ល័យ​ប្រតិភូ​នៅតាម​បណ្តា​សាលាជម្រះក្តី​ទូទាំងប្រទេស ដូចនេះ​ប្រជាពលរដ្ឋ​គាត់​អាចម​ករក​សេវា​ការពារ​ក្តី ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​បាន​តាម​សាលាជម្រះក្តី​នោះ ហើយ​គណៈមេធាវី​ក៏មាន​ជា​លេខ​ទូរស័ព្ Hotline (១២-៨១)​ សម្រាប់​ឱ្យ​សាធារណជន​ខ​ល​សាកសួរ​ព័ត៌មាន​បាន​ដោយ​ឥតគិតថ្លៃ​»​។​


​ចាប់ពី​ឆ្នាំ​ ២០២១ រហូតមកទល់​ឆ្នាំនេះ ការការពារ​ក្តី​ជន​ក្រីក្រ​នៅតាម​រាជធានី​-​ខេត្ត ទូទាំងប្រទេស​មាន​ចំនួន ១៦ ៦៧១ ​ករណី មានកូន​ក្តី​សរុប ២៦ ៦០២ ​នាក់ ក្នុងនោះ​ស្រី ២ ២៥៦​ នាក់ កុមារ​ចំនួន ៧ ៥៧០​ នាក់ ដោយ​រឿងក្តី​ភាគច្រើន​គឺជា​រឿងក្តី​ព្រហ្មទណ្ឌ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​គ្រឿងញៀន ចំណែក​ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​បាន​ចំនួន ១ ៩៤៣ ​ករណី​។  ​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ​គឹម រ័ត្ន​ណា​រ៉ុង​។​

​លោក​បានឱ្យដឹង​ដែរ​ថា រឿងក្ដី​ទាំង​ ១៦ ៦៧១​ ករណី មាន​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​រាជ​រដ្ឋា​ភិ​​បាល​មាន​ចំនួន​ ១៥ ៦៧៩​ ករណី មានកូន​ក្តី​សរុប​ចំនួន​ ២៥ ៣៨១ ​នាក់ និង​មាន​មេធាវី​ចូលរួម​ស្ម័គ្រ​ចិត្ត​ការពារ​ចំនួន​ ៦៩៦ ​រូប​។ ក្រៅពីនេះ​ក៏មាន​គម្រោង​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ស្ត្រី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើហិង្សា​មាន​ចំនួន ​៥៥៧ ​ករណី ដែលមាន​កូនក្តី​សរុប ៥៨៨ ​នាក់​ផងដែរ ដោយមាន​មេធាវី​ស្ម័គ្រ​ចិត្តការ​ពារ​ក្ដី​ចំនួន​ ១៦៨ ​រូប​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​។​

​បន្ថែម​លើ​នេះ​នៅមាន​គម្រោង​មេធាវី​ស្ម័គ្រចិត្ត​ពិគ្រោះ​យោ​ប​ល់​ផ្នែក​ច្បាប់ និង​ការពារ​ក្តី​ជូន​ជនក្រីក្រ តាម​គោ​លន​យោ​បាយ​ចុះ​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២១ ដោយ​ទទួលបាន​រឿងក្ដី​ចំនួន ៣៧៥ ​ករណី មានកូន​ក្តី​ចំនួន ​៥៤៦​ នាក់ និង​មាន​មេធាវី​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​ក្ដី​ចំនួន ២១៨ ​រូប និង​មេធាវី​ស្ម័គ្រចិត្ត​ពិគ្រោះ​យោបល់​មាន​ចំនួន ៣១០​ រូប ពិគ្រោះ​យោបល់​បាន​ ៩១៨​ ករណី​។ ក្រៅពីនេះ មាន​គម្រោង​លើកកម្ពស់​យុត្តិធម៌​សម្រាប់​កុមារ ដែល​ឧបត្ថម្ភ​ដោយ​អង្គ​​ការ UNICEF ទទួលបាន​ ៦០​ករណី មានកូន​ក្តី​ចំនួន​ ៨៧ ​រូប និង​មាន​មេធាវី​ជំនាញ​កុមារ​ចំនួន ​៨៧ ​រូប​ផងដែរ​។​

​លោក​ ម៉ៅ សារី ប្រតិភូ​គណៈ​មេធាវី​ប្រចាំ​នៅ​ខេត្តរតនគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ស្វែងរក​មេធាវី​ជួយ​ការពារ​ក្តី​ដោយ​ស្ម័គ្រចិត្ត ជា​ជម្រើស​ដំបូង​ក្នុង​ការជួយ​ដោះស្រាយ​រឿងក្តី​ក៏ដូចជា​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​។ ចំណែក​មេធាវី​ការពារ​ក្តី​ប្រចាំការ​នៅ​ខេត្ត​តែង​ជួយ​ប្រជាពលរដ្ឋ​ដោយ​យកចិត្ត​ទុក​ដាក់ ទោះបីជា​ការងារ​នោះ​មិន​ទទួលបាន​កម្រៃ​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​យើង​មិន​ជួយ​គាត់ គាត់​មានលទ្ធភាព​ទៅរក​មេធាវី​ឯណា បើ​មេធាវី​នៅ​ភ្នំពេញ​មិន​ងាយ​មក​ទេ ហើយ​ទីតាំង​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​យើង​មាននៅ​ខេត្ត​រតនគិរី​ស្រាប់ ចំណែក​មេធាវី​ជំនាញ​ខ្លះ​ខុស​ជំនាញ​គាត់ គាត់​អត់​មក​ទេ​»​។​

​ដោយមាន​បទពិសោធន៍​ធ្វើជា​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​ជាង ​៦ ​ឆ្នាំ លោក​ ម៉ៅ សារី  ​បាន​ប្រាប់ថា ក្នុង​ ១ ​ឆ្នាំៗ មេធាវី​ការពារ​ក្តី​ជនក្រីក្រ​នៅ​ខេត្តរតនគិរី​បានទទួល​សំណុំរឿង​ជួយ​ប្រជា​​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ពី​ ២០០ ​ទៅ​ ២៥០​ សំណុំរឿង ដោយ​ភាគច្រើន​ជា​រឿងក្តី​គ្រឿងញៀន អំពើហិង្សា ការចាប់រំលោភ​សម្លាប់ ការ​ប្លន់ ក្មេង​ទំនើង​ជា​ដើម​។ ក្រៅពី​ពឹង​រក​ប្រតិភូ​គណៈ​​មេធាវី​ប្រចាំ​នៅ​ខេត្តរតនគិរី ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទៅ​ពឹង​អង្គការ​លីកាដូ​ខ្លះ និង​ពឹង​មេធាវី​នៅ​ភ្នំពេញ​ខ្លះ​សម្រាប់​អ្នកមាន​លទ្ធភាព​។​

​ការដោះស្រាយ​រឿងក្តី​ជនក្រីក្រ​ដោយ​មិន​គិតថ្លៃ​បានរួម​ចំណែក​កាត់បន្ថយ​ការលំបាក​របស់​ប្រជា​ពលរដ្ឋ​បាន​ច្រើន​។ ជាក់ស្តែង ខេត្ត​នៅ​ឆ្ងាយ​ពី​រាជធានី​ដូចជា​ខេត្តរតនគិរី​នេះ មាន​ប្រជា​​ពលរដ្ឋ​ខ្លះ​មិនសូវមាន​ថវិកា សូម្បីតែ​លទ្ធភាព​ធ្វើដំណើរ​ចូលមក​ទី​រួម​ខេត្ត​ក៏​ពិបាក​ដែរ ហើយ​មាន​កន្លែង​ខ្លះ​ផ្លូវ​ពិបាក​ដំណើរ ខណៈ​អ្នកខ្លះ​គាត់​ជា​ជនជាតិ​​ដើម​ភាគតិច​មិនចេះ​និយាយ​ភាសា​ខ្មែរ​ទៀតផង​។​

​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​ប្រចាំខេត្ត​រតនគិរី លោក​ ម៉ៅ សារី  ​បាន​ប្រាប់ទៀតថា ការជួយ​ការ​ពារ​ក្តី​ជនក្រីក្រ គឺ​មិន​គិត​ប្រាក់​កម្រៃ​អ្វី​ទាំងអស់​។ ចំពោះ​ការ​​រត់​ឯកសារ​មួយចំនួន​មេធាវី​ការពារ​ក្តី​មាន​ថវិកា​ខ្លះ​ដែល​ផ្តល់​ដោយ​គណៈមេធាវី​កម្ពុជា​សម្រាប់​សម្រួល​ដំណើរការ​ការពារ​ក្តី​។ ការជួយ​ប្រជាពលរដ្ឋ​ក្នុងការ​ការពារ​ក្តី​នេះ ក៏​ជាការ​រួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​ផងដែរ​។  

​លោក​ថ្លែងថា​៖ «​ការជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​មិនមែន​ដើម្បី​ថា យ៉ាងម៉េច​ទេ បើ​ថា ខុស​ឱ្យដឹងថា​ខុស តែ​យើង​ជួយ​ក្នុងន័យ​អប់រំ​ដើម្បី​ពេល​គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ ឬក៏​គាត់​យល់​អំពី​បញ្ហា​ផ្លូវច្បាប់​ហើយ​ចូលរួម​ជួយ​កាត់បន្ថយ​កុំឱ្យ​មានរឿង​ដដែលៗ​កើតឡើង​ទៀត​ព្រោះ​ធម្មតា​ការរស់នៅ​ក្នុងសង្គម​តែងមាន​អ្នក​ខុស អ្នក​មិន
​ខុស ត្រូវតែមាន​ការជួយ​ជ្រោ​ម​​ជ្រែង​គ្នា​»​។​

​លោក សុខ និល ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​វាល ឃុំ​-​ស្រុក កំពង់​សិលា ខេត្ត​ព្រះសីហនុ ដែលមាន​រឿងក្តី​ពាក់ព័ន្ធ​បញ្ហាដីធ្លី បានឱ្យដឹងថា លោក​បានដឹងថា​មាន​មេធាវី​ការពារ​ក្តី​ជនក្រីក្រ តាមរយៈ​ការផ្សព្វផ្សាយ​នៃ​បណ្តាញ​ព័ត៌មាន ជាពិសេស​ពេល​ការឡើង​តុលាការ​ផ្ទាល់​តែម្តង​។ នៅពេល​មានរឿង​ក្តី នៅ​តុលាការ​មាន​អ្នក​ណែនាំ​ឱ្យ​រក​មេធាវី​ការពារ​ក្តី​ជនក្រីក្រ ប្រសិនបើ​មិនមាន​លទ្ធភាព រក​មេធាវី​ដោយ​ខ្លួនឯង​។

យ៉ាង​ណា​ក្ដី លោក​បាន​បញ្ជាក់ថា លោក​មិនបាន​ពឹង​រក​មេធាវី​ការ​ពារ​ក្តី​ជនក្រីក្រ​ទេ ដោយសារតែ​លោក​មានលទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការរក​មេធាវី​ការពារ​ក្ដី​ដោយ​ខ្លួនឯងបាន​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបីជា​មិនបាន​ពឹង​មេធាវី​ការពារ​ក្តី​ជន​ក្រីក្រ តែ​មិនមែន​មានន័យថា ខ្ញុំ​មិន​គាំទ្រ​ការដែល​មាន​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​នោះទេ​។ ខ្ញុំ​យល់ថា ការ​មាន​មេធាវី​ការពារ​ក្តី​ជនក្រីក្រ​បានរួម​ចំណែក​កាត់​​បន្ថយ​បន្ទុក​ការចំណាយ​របស់​អ្នកក្រ ម្យ៉ាង​ឥឡូវ​អត់​ពិបាក​ក្នុង​ការរក​មេធាវី​ជនក្រីក្រ​ទេ មាននៅ​គ្រប់​តុលាការ និង​មាន​ទាំង​លេខ​ទាក់ទង​បន្ទាន់​ទៀតផង​។​

​យ៉ាងណាក៏ដោយ លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ថ្លែងថា ចំនួន​មេធាវី និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការពឹង​រក​មេធាវី​ការពារ​ក្តី​ដោយ​ស្ម័គ្រចិត្ត នៅ​មិនទាន់​សមា​មាត្រ​គ្នា​នឹង​គ្នា​ទេ មានន័យថា មេធាវី​មិនមាន​ចំនួន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​លោក​បាន​បន្តថា ការជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​តាមរយៈ​ការផ្តល់​មេធាវី​ជួយ​ការពារ​ក្តី និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ គឺជា​រឿង​មួយ​ល្អ​ហើយ ប៉ុន្តែ​មានរឿង​ខ្លះ​មេធាវី​មិនអាច​ការពារ​បាន​ទាំងអស់​នោះទេ ហេតុនេះ ពេលខ្លះ​មេធាវី​អង្គការ​សង្គម​ស៊ីវិល បាន​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ភាគច្រើន​លើ​បញ្ហា​កើតចេញពី​វិវាទ​ដីធ្លី ដែល​ក្រុមហ៊ុន​ប្តឹង​ប្រជាពលរដ្ឋ ឬ​សហគមន៍​ដីធ្លី ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន ប៉ុន្តែ​មេធាវី​អង្គការ​សង្គម​ស៊ីវិល​មាន​ចំនួន​តិច ក្នុងការ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។​

​លោក អំ សំអាត បានឱ្យដឹង​ដែរ​ថា ការបន្ថែម​មេធាវី​សម្រាប់​ការពារ​ក្តី​ជនក្រីក្រ​នៅតាម​បណ្តា​ខេត្ត​គឺជា​រឿង​ល្អ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រាកដថា ការការពារ​ក្តី​នោះ​ពិតជា​មិនត្រូវ​បាន​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ និង​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​រើសអើង ក្នុងការ​ការពារ​ក្តី​ជនក្រីក្រ​។​

​លោក​ថ្លែងថា​៖ «​មេធាវី​បើ​ធ្វើការ​តាម​អាជីព តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ អាហ្នឹង​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា​ទេ​ឱ្យតែ​គាត់​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​។​ខ្ញុំ​ជឿថា ការទទួល​សំណុំ​រឿងតិច ឬ​ច្រើន​អាស្រ័យទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គាត់​ទៅ​ពឹងពាក់ បើកាលណា​មានរឿង​ទៅ​ពឹង​ច្រើន​អាហ្នឹង​រឿង​ច្រើន​ហើយ កាលណា​បើ​មិនសូវ​ទៅ​ពឹងពាក់ អាហ្នឹង​មេធាវី​ក៏​ទទួល​រឿង​បាន​តិច​ដែរ​»​។​

​លោក អំ សំអាត ប្រាប់ថា មើល​តាម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​វិវាទ​ដីធ្លី ហើយ​ជាប់​បណ្តឹង​ច្រើន​នោះ ឃើញថា ចំនួន​សំណុំរឿង​នៅតែមាន​ច្រើន​ដែល​ប្រជាពលរដ្ឋ​ពឹង​រក​ដើម្បី​ជួយ​ដោះស្រាយ​។​

​ចំពោះ​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ លោក​ គឹម រ័ត្ន​ណា​រ៉ុង បាន​បញ្ជាក់ថា ការឆ្លើយតប​តម្រូវកា​រ​ប្រជាពលរដ្ឋ មិនមែន​ខ្វះខាត​ទេ គ្រាន់តែ​ពេលខ្លះ ការជូនដំណឹង​អញ្ជើញ​មេធាវី​ឱ្យ​ចូលរួម​នីតិវិធីតុលាកា​រ​មានការ​យឺតយ៉ាវ​ពោលគឺ​កៀក​ថ្ងៃ ដែល​ត្រូវ​ចូល​នីតិវិធី ជាហេតុ​នាំឱ្យ​មេធាវី​មិនបាន​សិក្សា​សំណុំរឿង​បាន​គ្រប់​ជ្រុង​ជ្រោយ​,​ការថត​ចម្លង​សំណុំរឿង​ពី​តុលាការ ក្រឡាបញ្ជី​ថតចម្លង​ឱ្យ​មិន​អស់ និង​ពិបាក​ក្នុងការ​ទទួលបាន​សាលក្រម ក៏​ដូច​សាលដីកា​។​

​តាម​គោលនយោបាយ​ស្តីពី​ការពិគ្រោះ​យោបល់​ច្បាប់ និង​ការការពារ​ក្តី​ជូន​ជនក្រីក្រ​ដោយ​ឥត​គិត​កម្រៃ​របស់​គណៈមេធាវី​បង្ហាញថា អ្នក​ដែល​ត្រូវ​ទទួល​បានការ​ការពារ​ក្តី​ជា​អាទិភាព​រួមមាន ជនជាប់ចោទ​ជា​ជនក្រីក្រ ឬ​មិនមាន​លទ្ធភាព ហើយ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​។ ជន​ជាប់​ចោទ​ជា​អនីតិជន ហើយ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ ឬ​មជ្ឈិម​។​

​ស្ត្រី និង​កុមារ​ដែលជា​ជន​រង​គ្រោះ ក្នុង​បទឧក្រិដ្ឋ និង​បទ​​មជ្ឈិម​ដែល​គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​ខ្លួន​ដោយ​ខ្លួនឯងបាន​។ ចំណែក ការផ្តល់ជូន​មេធាវី​ស្ម័គ្រ​ចិត្តជា​អាទិភាព​រួមមាន ប្រជាពលរដ្ឋ​ជា​ជនក្រីក្រ​ក្នុង​រឿង​រដ្ឋប្បវេណី ​ជនរងគ្រោះ​ក្នុង​រឿង​ព្រហ្មទណ្ឌ​គ្មាន​លទ្ធភាព​រក​មេធាវី​ការពារ​សិទ្ធិ​ដោយ​ខ្លួន​​ឯង​បាន និង​កម្មករ​-​កម្មការិនី​ដែល​មិនមាន​លទ្ធភាព​រក​មេធា​វី​ក្នុង​រឿង​រដ្ឋប្បវេណី​៕