ភ្នំពេញៈ លោក ហាស់ គា អាយុ​ ៤០​ ឆ្នាំ ជា​អ្នកដើរ​លក់​អំបោស​មួយរយៈ​ខ្លី​បាន​រកឃើញ​គំនិត​កែច្នៃ​សម្បក​ដបទឹកក្រូច ធ្វើជា​អំបោស ដោយបាន​បង្កើតជា​សិប្បកម្ម​ខ្នាតតូច នៅ​ភូមិ​ព្រៃទា​ ២ ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បានផ្ដល់​ការងារ​ដល់​ស្ត្រី​ក្នុង​សហគមន៍​របស់លោក​បាន ​២៨​ នាក់​។ ​​ប្រែក្លាយ​ដប​ស្រា និង​សំណល់​សំរាម​នៅ​គិរី​រម្យ​ឱ្យមាន​ប្រយោជន៍​ ដើម្បី​បរិស្ថាន​ល្អ​។

លោក ហាស់ គា ថ្លែងថា​៖ «​កាលពី​ឆ្នាំ​ ២០១០ ខ្ញុំ​ជា​អ្នកលក់​អំបោស​មួយរយៈ​ពេល​ខ្លី ហើយ​ខ្ញុំ​ដឹងថា អំបោស​ក៏មាន​តម្រូវការ​ប្រើប្រាស់​ច្រើន​ដែរ ប៉ុន្តែ​ភាគច្រើន​គេ​ប្រើតែ​អំបោស​នាំចូល​ពី​ប្រទេសជិតខាង ហើយ​បើតាម​បទពិសោធ​របស់ខ្ញុំ​គឺ​អំបោស​ទាំងនោះ​ប្រើ​ឆាប់​ខូច​ព្រោះតែ​ភាព​រេចរឹល​។ គំនិត​កែច្នៃ​របស់ខ្ញុំ​កើតចេញពី​ការមើល​យូ​ធូប ហើយ​បានឃើញ​ជនបរទេស​គេ​យក​ដប​ជ័រ​ដូចជា​ដបទឹកក្រូច​ដប​ទឹក​សុទ្ធ​មក​កែច្នៃ​ជាវ​ត្ថុ​ប្រើប្រាស់​ឡើងវិញ​បាន​ទើប​ខ្ញុំ​ចាប់អារម្មណ៍​លើ​ការបង្កើត​មុខរបរ​នេះ​តែម្ដង​»​។​


លោក ហាស់ គា ថ្លែងថា ដោយបាន​គិតថា នៅ​គ្រប់​តំបន់​គ្រប់​ទីកន្លែង​មាន​អ្នកប្រើប្រាស់​ដបទឹកក្រូច​ (​ដប​ជ័រ​) និង​ដប​ទឹកបរិសុទ្ធ​ច្រើន ហើយ​បោះ​សម្បក​ដប​ចោល​ដែលជា​សំណល់​ជ័រ​ប្លា​ស្ទិ​ក រីឯ​ជ័រ​ប្លា​ស្ទិ​ក​នេះ​វា​នឹង​បង្ក​ជា​កាកសំណល់​អាក្រក់​និង​បំពុល​ក្នុង​បរិស្ថាន​ផង​ហេតុនេះហើយ​ទើប​នៅ​ខែមីនា ឆ្នាំ ​២០២៣ លោក​បាន​បង្កើតជា​សិប្បកម្ម​មួយ​តូច​ដែលមាន​ទំហំ​ដី​ទទឹង​ ៩​ ម៉ែត្រ​ បណ្តោយ ​៤៥​ ម៉ែត្រ ហើយ​ជ្រើសរើស​យកតែ​សំណល់​ដបទឹកក្រូច​ចំណុះ​ ១​ លីត្រ​កន្លះ​និង​ចំណុះ​ ២ ​លីត្រ ដើម្បី​ហូត​បានជា​សរសៃ​វែងៗ​។​

​លោកថ្លែងថា​៖ «​របរ​របស់ខ្ញុំ​ជួយ​បាន​ច្រើន​អាច​លើកទឹកចិត្ត​ដល់​អ្នក​រើស​អេតចាយ​ខំ​ដើរ​រើស​ដប ហើយ​បើ​គាត់​រើស​ពី​ទីសាធារណៈ​អស់​ក៏​ជាការ​សម្អាត​បរិស្ថាន​ដែរ ម្យ៉ាងទៀត​អ្នក​ដែល​ធ្លាប់តែ​បោះ​ដប​ចោល​ងាក​មកជា​សន្សំទុក​លក់​វិញ​ដែល​នេះ​ក៏​ជាការ​ដាស់​ស្មារតី​ដល់​មនុស្ស​ក្នុងសង្គម​ឱ្យ​គាត់​គិតថា សំណល់​ប្លា​ស្ទិ​ក​ក៏មាន​តម្លៃ​ដែរ​»​។​


លោក​បញ្ជាក់ថា ចំពោះ​វិធី​កែច្នៃ​នេះ​គឺ​លោក​យក​ដបទឹកក្រូច​មក​លា​ង​សម្អាត​ឱ្យ​ស្អាត​បន្ទាប់មក​ផ្លុំ​ខ្យល់​កម្ដៅ​ដើម្បីឱ្យ​ដប​ស្ងួត ទើប​យក​កាំបិត​ច្រៀក​ដប​ឱ្យចេញ​ជា​សរសៃៗ​អាច​ប្រវែង​ពី ​៧ ​ទៅ​ ៨ ​ម៉ែត្រ ហើយ​ចង​ជា​ដុំៗ​ទុក​កាត់​ទៅតាម​ខ្នាត​នៃ​សាច់​អំបោស​ដែល​តម្រូវ​យក​។ អំបោស​ធ្វើ​ពី​ដង​ឫស្សី​មាន​ប្រវែង​ពី​ ១ ​ម៉ែត្រ​ ៣ ​តឹក​ទៅ​ ១ ​ម៉ែត្រ ៤ ​តឹក​ដែល​ភាគច្រើន​ធ្វើ​ដោយ​ដៃ​ទាំងអស់​រីឯ​ឫស្សី​គឺមាន​ម៉ូយ​យកមក​លក់​ឱ្យ​លោក​។​

សិប្បកម្ម​របស់លោក​ប្រើ​កម្លាំង​ពលកម្ម​ស្ត្រី​ ១៥​ នាក់​ ដែលមាន​វ័យ​ចន្លោះ​ពី​ ៤០ ​ឆ្នាំ​ដល់​ជាង ​៥០​ ឆ្នាំ និង​នៅតាម​ផ្ទះ​មាន​ ១៣​ នាក់​ទៀត​។​ចំពោះ​ការងារ​កែច្នៃ​អំបោស​នេះ​អ្នកធ្វើ​ម្នាក់ៗ​អាចធ្វើ​ពេលណា​ក៏បាន​ហើយ​បើ​ពេលណា​គាត់​រវល់​អាច​ទុក​សិន​បាន​ព្រោះ​គិត​តម្លៃ​រាប់​ក្បាល​អំបោស​។ បច្ចុប្បន្ន​សិប្បកម្ម​របស់លោក​ប្រើ​ដប​ជ័រ​អស់​ ៨ ​ពាន់​ដប​ដើម្បី​ច្រៀក​ជា​សរសៃ​អំបោស ហើយ​បើ​គិត​ជា​ខ្សែ​ស្មើ​ទម្ងន់ ​១០០​ គីឡូក្រាម​ក្នុង ១ ​ថ្ងៃ ដោយ​ប្រមូល​ទិញ​ពី​អ្នក​រុញ​រទេះ​អេតចាយ​និង​តាម​ដេប៉ូ​អេតចាយ​។​

លោកថ្លែងថា​៖ «​បើទោះជា​ការងារ​មិនធំ​ក្តី​តែ​អាចជួយ​សម្រាល​ឬ​ដោះ​​ស្រាយ​ជីវភាព​កម្មករ​របស់​ខ្ញុំ​បាន​ ១ ​គ្រាៗ​ដែរ​។ កម្លាំង​ពលកម្ម​របស់ខ្ញុំ ពួក​​គាត់​ជួល​បន្ទប់​គេ​ស្នាក់​នៅទេ ហើយ​អ្វីដែល​គាត់​ចំណេញ​បន្ថែម​គឺ​គាត់​ចេះ​ជំនាញ​ថ្មី​ពី​ការងារ​នេះដែរ​»​។​

​លោកថ្លែងថា ក្នុង​ ១ ​ថ្ងៃ​សិប្បកម្ម​របស់លោក​អាច​កែច្នៃ​អំបោស​បាន​ប្រហែល ៥០០​ ដើម​ហើយ​ក្នុង​ ១​ ដើមៗ​លក់​ក្នុងតម្លៃ​១​ម៉ឺន​រៀល​។​បច្ចុប្បន្ន​មាន​អតិថិជន​នៅ​រាជធានី​ភ្នំពេញ មកពី​ខេត្តស្វាយរៀង ខេត្តសៀមរាប តាកែវ រតនគិរី បន្ទាយ​មាន​ជ័យ​ និង​ខេត្តបាត់ដំបង​។​ ចំពោះ​ម​ធ្យោ​​បាយ​វិញ​គឺ​លោក​ផ្ញើ​តាម​រថយន្តឈ្នួល​ដឹក​ដល់​គោលដៅ​តែម្តង​បើ​មាន​ការបញ្ជាទិញ រីឯ​អំបោស​នេះ​ប្រើ​បាន​ទូទៅ​បោស​សំរាម​ក្នុង​ទឹក​ក៏បាន តែបើ​បោស​ធូលី​ដី​មិនសូវ​ជា​អស់​ដី​ទេ​។

ស្ត្រី​ម្នាក់​ឈ្មោះ ឡូញ រ៉ែ​ម អាយុ ​៤៤​ ឆ្នាំ ជា​កម្មករ​ម្នាក់​ក្នុងចំណោម​ ២៨ ​នាក់​នៃ​សិប្បកម្ម​កែច្នៃ​អំបោស​នេះ​ថ្លែងថា​៖ «​ការងារ​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​សម្រាប់​អ្នកខ្លះ​អាច​មើលរំលង​ព្រោះ​ខ្ញុំ​ធ្វើ​ជាមួយ​កាកសំណល់​គេ​បោះចោល ប៉ុន្តែ​ខ្ញុំ​កែច្នៃ​សំរាម​យកទៅ​កម្ចាត់​សំរាម​វិញ​។ ខ្ញុំ និង​ស្វាមី​ជាមួយ​កូនតូចៗ​ប្រុស​ស្រី​ ៣​ នាក់​បាន​ចេញពី​ភូមិ​ស្វាយ​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ហើយ​បានមក​រាជធានី​ភ្នំពេញ​ប្រហែល​ ២​ ឆ្នាំ ដោយ​ជួល​បន្ទប់​តូច​មួយ​ស្នាក់នៅ​ក្នុងភូមិ​ព្រៃទា ​២ សង្កាត់​ចោមចៅ​ទី ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​»​។​

អ្នកស្រី​ឱ្យដឹងថា ក្នុងអំឡុង​ខែមីនា ឆ្នាំ​ ២០២៣ អ្នកស្រី​បានមក​ធ្វើជា​កម្មករ​កែច្នៃ​អំបោស​វិញ​។​

អ្នកស្រីថ្លែងថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ការងារ​ដែល​ខ្ញុំ​ធ្វើ ជាការ​ងារ​ជួយ​ដល់​វិស័យ​បរិស្ថាន​។​ហេតុអ្វី​បានជា​ខ្ញុំ​ថា ជួយ​ដល់​បរិស្ថាន​ព្រោះ​ជ័រ​ប្លា​ស្ទិ​ក​មិន​រលាយ​ក្នុង​ទឹក​មិន​រលាយ​ក្នុង​ដី ហើយ​បើ​យើង​ដុត​ទៅ​វា​បង្ក​ជា​ផ្សែង​ហើយ​មាន​ក្លិន​ឈ្ងៀម​ទៀត​»​។​

លោក វេ​ង ភា​រុន អាយុ​ ៤២ ​ឆ្នាំ មេការ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ងាក​មក​ទិញ​អំបោស​កែច្នៃ​នេះ​មក​ប្រើ ក្រោយពី​បានឃើញ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់ថា អំបោស​ប្រភេទ​នេះ​អាច​ប្រើ​បានយូរ ព្រោះ​វា​មាំ​ប្រើ​ធន់​ទើប​បញ្ជា​ទិញ ១០០ ​ដើម​ទៀត​។​

លោក​ប្រាប់ថា​៖ «​ចំពោះ​ផលប្រយោជន៍​ពី​អំបោស​នេះ​ទី​១ ​ខ្ញុំ​ប្រើ​ទៅ​កាត់​​បន្ថយ​ការចំណាយ​ថ្លៃ​ទិញ​និង​ចំណេញ​ការប្រើប្រាស់​។ ​ទី២ ​ចំណេញ​ដល់​បរិស្ថាន​ព្រោះ​ជ័រ​ប្លា​ស្ទិ​ក​នេះ​មិន​រលាយ​ក្នុង​ទឹក​ក្នុង​ដី​ទេ ទី​៣ ​ម្ចាស់​សិប្បកម្ម​ជួយផ្តល់​ការងារ​ដល់​ស្ត្រី​ក្នុង​សហគមន៍​ឱ្យមាន​ការងារ​ធ្វើ​និង​មាន​ប្រាក់ចំណូល​ចិញ្ចឹម​កូនៗ​របស់​ពួកគាត់​»​។​

លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញបាន​ថ្លែងថា ក្រសួងបរិស្ថាន​ក៏ដូចជា​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ​គឺ​គាំទ្រ​ដល់​អ្នកយក​របស់​ដែល​គេ​បោះចោល​យកមក​កែច្នៃ​ប្រើ​ឡើងវិញ អ៊ីចឹង​ការកែច្នៃ​របស់​ម្ចាស់​សិប្បកម្ម​នោះ​គឺ​ចូលរួម​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក ហើយ​ត្រូវ​គោលដៅ​របស់​ក្រសួងបរិស្ថាន​ចង់បាន​ហើយ​។​

លោក​ថ្លែងថា​៖ «​យើង​ក៏​រឹតបន្តឹង​ដែរ​ចំពោះ​សិប្បកម្ម​នីមួយៗ​ត្រូវតែមាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​។​ នេះ​ជាការ​បង្ហាញ​អំពី​ការគោរព​ទៅដល់​បទដ្ឋាន​បរិស្ថាន​ព្រោះ​សិប្បកម្ម​មួយចំនួន​គាត់​កែច្នៃ​កាត់បន្ថយ​សំណល់​តែ​គាត់​ក៏​អាចមាន​បញ្ចេញ​សំណល់​នូវ​សារ​ធាតុ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​វិញ​ដូចគ្នា​»​។​

យ៉ាងណាក៏ដោយ លោក ហាស់ គា ថ្លែងថា កាកសំណល់​ដូចជា​គម្រប​ដប និង​កម្ទេច​ជ័រ​ដែល​កែច្នៃ​មិនបាន​ត្រូវ​លក់​ឱ្យ​ដេប៉ូ​អេតចាយ​វិញ​ដែល​គេ​ទទួល​ទិញ​វិញ​៕