​ភ្នំពេញៈ សមាគម​ស្វាយចន្ទី​​កម្ពុជា​ ​(​ស​សក​)​ បានឱ្យដឹងថា អ្នកវិនិយោគ​នៅក្នុង​វិស័យ​ស្វាយចន្ទី​ជាង​ ៥០០​ នាក់ មកពី​ស្ទើរ​គ្រប់​ប្រទេស នៅ​ជុំវិញ​ពិភព​​លោក​នឹង​មកជួប​ជុំគ្នា​នៅក្នុង​សន្និសីទ​ស្វាយចន្ទី​ពិភពលោកនៅ​កម្ពុជា ដែល​គ្រោង​នឹង​រៀបចំឡើង​ក្នុង​រយៈពេល ​៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅលើ​ទឹកដី​អង្គរ នៃ​ខេត្តសៀមរាប​។​

​នៅក្នុង​ពិធី​បើក​ដំណើរ​ទស្សន​កិច្ច​សារព័ត៌មាន និង​ទស្សនកិច្ច​សិក្សា​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហ​ភាព​អឺរ៉ុប អំពី​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី នៅ​កម្ពុជា នា​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ លោក កុក​ធាន អនុប្រធាន​សមាគម​ស្វាយ​​ចន្ទី​កម្ពុជា បានឱ្យដឹងថា កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ សមាគម​ស្វាយចន្ទី​កម្ពុជា​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​សន្និសីទ​ស្វាយចន្ទី​ពិ​ភព​លោក (World Cashew Conference)​ នៅ​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម ដើម្បី​ផ្សព្វ​​ផ្សាយ​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ពិភពលោក​។


​លោក​បញ្ជាក់ថា​៖ «​នា​សន្និសីទ​នោះ ស​សក ស្វែងរក​ទីផ្សារ​គ្រាប់​កែច្នៃ​ទៅកាន់​ទីផ្សារ​អារ៉ាប់ អឺរ៉ុប និង​អាមេរិក​។ ដូច្នេះ​នៅក្នុង​សន្និសីទ​លើក​នេះ ក៏​ដូចគ្នា​ដែរ យើង​រំពឹងថា យើង​នឹង​អាច​ស្វែង​​រកបាន​ដៃគូ​វិនិយោគ​ថ្មីៗ ដើម្បី​ជំរុញ​ការកែច្នៃ​សម្រាប់​ការនាំចេញ ប្រសើរ​ជាង​ការនាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ទៅ​វៀតណាម​»​។​

​លោក​ កុក ធាន បាន​បន្ថែមថា កម្ពុជា គឺជា​ប្រទេស​ដែល​ដាំ​ដុះ​ស្វាយចន្ទី​ច្រើនជាងគេ​ទី​២ បន្ទាប់​​ពី​ប្រទេស​កូ​ឌឺ​វ័រ នៅ​តំបន់​អាហ្រ្វិក តែ​គុណភាព​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា គឺ​ល្អ​ជាងគេ ដែល​នេះ​ជា​កត្តា​សំខាន់ ដែល​រុញឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​ធ្វើឱ្យមាន​ការកែច្នៃ តាមរយៈ​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​ទទួលបាន​តម្លៃបន្ថែម​។


លោក​បញ្ជាក់ថា​៖ «​យើង​មានបំណង​ចង់​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ឱ្យទៅជា​ខេត្ត​ក​សិ​-​ឧស្សា​ហ​កម្ម​លើ​ដំណាំ​ស្វាយចន្ទី​ដ៏​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែល​បច្ចុប្បន្ន​ខេត្ត​នេះ ជា​ខេត្ត​ដែលមាន​ការដាំដុះ​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ​ផងដែរ​»​។

​នាឱកាស​នោះដែរ​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្រសួង​ពាណិជ្ជ​កម្ម គ្រោង​នឹង​សហការ​ជាមួយនឹង​សហព័ន្ធ​ស្វាយចន្ទី​,​ ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​សន្និសីទ​ស្វាយ​ចន្ទី​ពិភពលោក លើក​ទី​ ​១០ នា​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ​ខាងមុខ នា​ខេត្តសៀមរាប​។

លោក​មានប្រសាសន៍ថា​៖ «​កម្មវិធី​នេះ នឹង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​សាធារណជន អាជីវករ ពា​ណិ​​ជ្ជ​ករ អ្នក​ធុរកិច្ច ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឱ្យបាន​យល់​ជ្រួតជ្រាប​កាន់​តែ​ច្បាស់​ពី​សក្តានុពល​ស្វាយចន្ទី​កម្ពុជា និង​ទាក់ទាញ​ដៃគូ​ពា​ណិ​ជ្ជ​កម្ម អ្នកទិញ អ្នកវិនិយោគ និង​អ្នក​កែច្នៃ​គ្រាប់ស្វាយចន្ទី​សម្រាប់​នាំចេញ សំដៅ​លើកកម្ពស់​ការ​ប្រកួតប្រជែង​ពិសេស​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់ និង​បរិ​យាប​ន្ន​»​។​

ជាមួយគ្នា​នោះដែរ កញ្ញា អ៊ឹម​ រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម ថ្លែងថា វេទិកា​ស្វាយចន្ទី ដែល​នឹង​រៀបចំឡើង​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គឺជា​អ្វីដែល​ក្រសួង​រៀបចំ ដើម្បី​ត្រៀម និង​ឈានទៅដល់​ការរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២៤​។

កញ្ញាបានឱ្យដឹងថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួង​ពាណិជ្ជ​​កម្ម និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​សហ​ភាព​អឺរ៉ុប ដើម្បី​បង្ហាញ​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម ស្វាយចន្ទី​នៅ​កម្ពុជា និង​ឈានទៅ​ពង្រីក​សក្តានុពល​នៃ​វិស័យនេះ​ឱ្យបាន​កាន់តែ​ទូលំ​ទូលាយ​។​

​កញ្ញា​បញ្ជាក់ថា​៖ «​យើង​រំពឹងថា ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ផ្តល់នូវ​ការយល់ដឹង​ទូលំទូលាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងកសិកម្ម ក្នុងការ​​លើកកម្ពស់​ផលិតកម្ម​ស្វាយចន្ទី ស្របទៅតាម​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ​ ២០២២-២០២៧ ​ដែល​ដាក់ចេញ ដោយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ជំរុញ​ឱ្យ​កម្ពុជា​ឈានទៅ​ជា​អធិរាជ​ស្វាយចន្ទី ហើយ​វា​ក៏​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​យើង ដើម្បី​ត្រៀម​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភព​​លោក​នាពេលខាងមុខ​ដែរ​»​។

កញ្ញា អ៊ឹម​ រចនា បន្ថែមថា នៅ​ថ្ងៃទី ៦ និង​ ៧ ខែធ្នូ ឆ្នាំ​ ២០២៣ ក្រសួងកសិកម្ម  ក្រសួង​ពាណិជ្ជ​​កម្ម និង​សមាគម​ស្វាយចន្ទី​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​វេទិកា​ជាតិ​ស្វាយ​ចន្ទី ដែលជា​ផ្នែក​មួយ​ដើម្បី​រុញឱ្យ​កម្ពុជា​ឈានទៅ​ជា​ប្រទេស​អធិរាជ​ស្វាយចន្ទី​នាពេល​អនាគត​។​

​បើតាម​សមាគម​ស្វាយចន្ទី​កម្ពុជា ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២៣ ​នេះ​កម្ពុជា​ផលិត​គ្រាប់​ស្វាយចន្ទី​ឆៅ បាន​ចំនួន​ ៦៥១ ០០០​ តោន ​ក្នុង​នោះបាន​នាំ​ចេញទៅ​វៀតណាម ក្នុង​ចំនួន ៦១៥ ០០០ ​តោន ស្មើ​ទឹកប្រាក់ ៨៣១ លាន​ដុល្លារ​អាមេរិក​ដែល​ថយចុះ ១៦,៧​ ភាគរយ​បើ​ធៀប​រយៈ​កាល​ដូចគ្នា ទៅនឹង​ ២០២២​។ ចំពោះ​តម្លៃ​វិញ ជា​មធ្យម​គ្រាប់​​ស្ងួត មានតម្លៃ ១ ៦៥៨​ ដុល្លារ ក្នុង​ ១ ​តោន​។

ដោយឡែក​ពី​ខែ​​តុ​លាមក​គ្រាប់​ស្ងួត​តម្លៃ ៧ ០០០​ រៀល​ ៧ ៥០០​ រៀល ក្នុង​ ១​ គីឡូក្រាម ឬ​ ១ ៩០០​ ដុល្លារ ក្នុង​ ១ ​តោន ដែល​តម្លៃ​នេះ​ជា​តម្លៃ​ល្អ បើ​ធៀប​នឹង​ពេល​កន្លងទៅ​៕