​ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា រយៈពេល​​ ១ ​ឆ្នាំ ក្រោយ​ការសម្រេច​ចុះបញ្ជី ​«​គុន​ល្បុ​ក្ក​​តោ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (២៩ វិច្ឆិកា ២០២២-២៩ វិច្ឆិកា ២០២៣) ឃើញថា គុន​ល្បុក្កតោ​ខ្មែរ កាន់​តែ​លេចធ្លោ និង​កំពុង​ស្ថិតក្នុង​ដំណើរកា​វិវឌ្ឍន៍​ខ្លាំង​។​


​លោក​ សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ថា ការសម្រេច​ចុះបញ្ជី «​គុន​ល្បុ​ក្ក​តោ​» ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ គឺជា​ជោគ​ជ័យ​មួយ និង​ជា​មោទនភាព​ជាតិ​ថ្មី​មួយទៀត និង​បាន​បង្ហាញថា កម្ពុជា​បាន​ប្រឹងប្រែង​លើក​ស្ទួយ​សម្បត្តិ​វប្បធម៌​ជាតិ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​លោក​បាន​បន្តថា​៖ «​រយៈ​ពេល​ ១ ​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​​អរូបី​នៃ​មនុស្សជាតិ យើង​ដឹងថា គុន​ល្បុក្កតោ បាន​លេចធ្លោ​ឡើង បាន​កើតឡើង​ក្នុង​ដំណើរ​វិវឌ្ឍន៍​មួយ​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ពិតជា​រំភើប​នៅពេលដែល​ឃើញ​ថ្នាក់​ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​អបអរ​ចំពោះ សម្បត្តិ​បេ​តិក​ភណ្ឌ​វប្បធម៌​មួយ​នេះ​ដែល​បង្ហាញ​ពី​មិត្តភាព​ថ្មី និង​សាមគ្គីភាព ដែលនាំឱ្យ​សង្គមជាតិ​មាន​ការឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​»​។​


​បន្ថែម​ពីនេះ លោក សំបូរ មា​ណ្ណា​រ៉ា បាន​បន្តថា តាមរយៈ​ភ័ស្តុតាង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ គុន​ល្បុក្កតោ បាន​ឆ្លាក់​នៅលើ​ជ​ញ្ចាំ​ង​ប្រាសាទ​នានា ជាពិសេស​
​នៅ​ប្រាសាទអង្គរវត្ត ហេតុនេះ​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​មួយ​នេះ​បាន​បង្ហាញថា គុន​ល្បុក្កតោ​មាន​ប្រវត្តិ​តាំងពី​សម័យបុរាណ និង​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ​។​

​ជាមួយនេះដែរ​លោក​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដដែល​បាន​ជំរុញ​ឱ្យ​យុវជន​ដែលជា​អ្នក​បន្តវេន គួរតែ​បង្កើន​ការខិតខំ​រៀនសូត្រ និង​រួមគ្នា​សិក្សា​ស្វែងយល់​ពី​គុន​ល្បុក្កតោ​ឱ្យ​កាន់តែ​ទូលាយ និង​ស៊ីជម្រៅ​ថែមទៀត ព្រោះថា គុន​ល្បុក្កតោ គឺជា​ការបង្កើតបាន​ក្បាច់​យុទ្ធសាស្ត្រ​សម្រាប់​ឱ្យ​យុវវ័យ​យកចិត្ត​​ទុកដាក់​គិត​ហើយ​បង្ហាញ​ពី​ភាព​​ស្វាហាប់​នៃ​ការហាត់​កីឡា និង​ភាពវាងវៃ​នៃ​ការប្រើ​បញ្ញា​ក៏​កើតចេញពី​គុន​ល្បុក្កតោ​នេះដែរ​។​


​លោក សំបូរ មា​ណ្ណា​រ៉ា បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​អ្នកស្រាវជ្រាវ​ប្រ​វត្ថិ​សាស្ត្រ សូម​អំពាវនាវ​ឱ្យ​យុវជន​យុវនារី​ខ្មែរ​ទាំងអស់​ចូលរួម​បន្ត​យកចិត្ត​ទុក​ដាក់​ពី​គុន​ល្បុក្កតោ​នេះ ដើម្បី​ពង្រឹង​នៃ​តម្លៃ​ជាតិ​របស់​យើង ក្នុងឋានៈ​ជា​អ្នក​បន្តវេន​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​រ៉ា​បាត ប្រទេស​ម៉ា​រ៉ុ​ក នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ ​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ដើម្បី​ការការពារ​បេតិកភណ្ឌ​​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​បានអនុម័ត​ចុះ​គុន​ល្បុ​ក្ក​​តោ ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ក្នុង​សេចក្តី​​សម្រេច 17.COM7.b.1​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់បាន​បង្ហាញថា គុន​ល្បុក្កតោ ជា​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​ចាក់ឫស​ចាក់​គល់​យ៉ាងជ្រៅ​ក្នុងសង្គម​ខ្មែរ​ជាច្រើន​សតវត្សរ៍​មកហើយ ហើយ​បន្ត​រស់រាន​រហូតមក​ទល់​បច្ចុប្បន្ន​។​

​ជាក់ស្តែង ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​សម័យអង្គរ ជា​ភ័ស្តុ​តាង​បង្ហាញ​ច្បាស់​ពី​ការហាត់​សម​ក្បាច់គុន​នេះដែរ​។ ការ​បង្ហាត់បង្ហាញ​ក្បាច់គុន​ល្បុក្កតោ តៗ​គ្នា​ពី​ជំនាន់​ ១ ទៅ​ជំនាន់​ ១ ដើម្បី​ពង្រឹង​ប្រាជ្ញា​ស្មារតី និង​សមត្ថភាព​ការពារ​ខ្លួន​ពីស​ត្វ​​សាហាវ​ព្រមទាំង​សត្រូវ​នានា​ផង និង​ការពារ​សង្គមជាតិ និង​មាតុភូមិ​ផង​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា​៖ «​ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហ​គម​ន៍​គ្រូ​គុន សិស្ស​គុន​ល្បុក្កតោ​ទាំងអស់ និង​ក្បាច់គុន​ល្បុ​ក្ក​​តោ​កម្ពុជា​ត្រូវបាន​អភិរក្ស លើក​តម្លៃ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ​»​។​

​នាឱកាស​ខួប ​១​ ឆ្នាំ​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​​ណែ​ត និង​ស្ថាប័ន​ជាតិ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ ក៏បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដើម្បី​អបអរសាទរ​ខួប​ ១ ​ឆ្នាំ នៃ​ការដាក់បញ្ចូល​ក្បាច់គុន​នេះ​ផងដែរ​។​

​ការចុះបញ្ជី​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​ព្រលឹង​ជាតិខ្មែរ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ដល់​សេដ្ឋ​​កិច្ច​សង្គម​ទៀតផង ខណៈ​ភាគី​ពាក់ព័ន្ធ​ក៏បាន​ជំ​រុញឱ្យ​រួមគ្នា​អភិរក្ស និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​មួយ​នេះ​ឱ្យបាន​គង់វង្ស ខណៈ​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌​ជា​ភារកិច្ច​កូន​ខ្មែរ​គ្រប់ៗ​រូប​៕