ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិខ្មែរយ៉ាងសម្បូរបែប បង្កើតបាននូវស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។
លោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះនាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមរយៈតេឡេក្រាមរបស់លោក ដោយលោកបានថ្លែងអំណរគុណដល់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ និងកងកម្លាំង គ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងការរៀបចំដំណើរការប្រព្រឹត្តទៅនៃកម្មវិធី និងការសម្អាតបរិស្ថាន ដោយធានាបានសោភណភាព និងអនាម័យ។
លោកបញ្ជាក់ថា៖«ភាពជោគជ័យនេះអាចសម្រេចទៅបាន ដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធ ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបាននូវសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបង្កលក្ខណ:គ្រប់បែបយ៉ាងដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយបំផុត»។
ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារសម្តែងគ្រប់ប្រភេទ ក៏ដូចសិល្បករ សិល្បការិនីទាំងអស់ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពរីករាយ និងការរាំលេងកម្សាន្តគ្រប់ទីកន្លែងដល់មហាជនប្រកបដោយភាពស្រស់ស្រាយ និងសប្បាយអឺងកង។ លោកហ៊ុន ម៉ាណែត បន្តថា ៖ «ខ្ញុំនិងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក នៅឆ្នាំ ២០២៣ នេះ។ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនបរទេសដែលមានវត្តមាននៅកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករក្នុងរយៈពេល ៣ថ្ងៃនេះ»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករកីឡាការិនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួតក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួមទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។
បន្ថែមពីនេះលោកក៏អរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជន ដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។
ទាក់ទងនឹងព្រះរាជពិធីបុណ្យអុំទូកនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ក៏បានលើកឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ដែរថា ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូកគឺជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត។ លោកបានសរសេរលើបណ្តាញតេឡេក្រាមថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់ បានចូលរួមកម្សាន្តសប្បាយ នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
បើតាមលោក ប៉ែន បូណា ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣ នេះមានអត្ថន័យច្រើនយ៉ាង ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស,ភាពជោគជ័យនៃវិស័យទេសចរណ៍, ប្រជាពលរដ្ឋមានជីវភាពធូរធារ និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួនជាដើម។
លោក ប៉ែន បូណា បញ្ជាក់ថា ៖ «ទាំងនេះជាសមិទ្ធផលធំធេងមួយទៀត មិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេល ជាង ៩០ ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះ នឹងត្រូវកត់ត្រាបន្ថែម ពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី ៧ សម្រេចបានជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន»។
ជាមួយគ្នានោះដែរ លោក ជ័យ តិច អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចថ្លែងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះគឺជាកម្មវិធីមួយដ៏សប្បាយរីករាយបំផុតបន្ទាប់ពីខកខានប្រារព្ធធ្វើអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដោយក្នុងនោះមានទាំងទូក និងប្រជាពលរដ្ឋបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗបានដើរលេងកម្សាន្តនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានាដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ប្រកបដោយសន្តិសុខនិងសុវត្ថិភាព។
ព្រះរាជពិធីបុណ្យនេះបានចូលរួមចំណែកយ៉ាងសំខាន់ទាំងសេដ្ឋកិច្ចនិងប្រពៃណីរបស់ប្រទេសកម្ពុជា ជាមួយនឹងការរៀបចំបានយ៉ាងល្អរបស់រាជរដ្ឋាភិបាល ដែលនេះបង្ហាញពីប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារអាចដើរលេងកម្សាន្តនៅតាមបណ្តារាជធានីខេត្តនានា។
លោក ជ័យ តិច បញ្ជាក់ថា៖ «ការរៀបចំព្រះរាជពិធីបុណ្យអុំទូកនាឱកាសនេះ ក៏ជាការបង្ហាញនូវការរក្សាបានវប្បធម៌ ប្រពៃណី សាមគ្គីភាព និងភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ហើយលើសពីនេះទៀត វាបានជួយលើកស្ទួយសេដ្ឋកិច្ច ព្រោះពិធីនេះបានធ្វើឱ្យមានចរន្តសាច់ប្រាក់និងការលក់ដូរផលិតផលរបស់សហគ្រាសធុនតូចនិងមធ្យមមានចរាចរណ៍ផងដែរ»។
លើសពីនេះលោក ជ័យ តិចបានលើកឡើងទៀតថា ព្រះរាជពិធីបុណ្យអុំទូកបានរួមចំណែកដល់ការទាក់ទាញ និងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាងើបឡើងវិញនូវទេសចរក្នុងស្រុក និងក្រៅស្រុក៕