ភ្នំពេញ: រយៈពេល​​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក អង្គការ​សម្អាត​ទន្លេ សមុទ្រ បាន​សម្អាត​សំរាម​តាម​ផ្ទៃ​ទឹកទន្លេ និង​ច្រាំងទន្លេ បាន​ប្រមាណ​ជាង​ ១៥ ​តោន​ដែល​ស្មើនឹង​បរិមាណ ២០ ទូក​។​


​លោក ​នូ សុវណ្ណ​ នាយក​ប្រតិបត្តិ អង្គការ​សំអាត​ទន្លេ សមុទ្រ បានឱ្យដឹងថា​៖ «​ក្នុង​គោលបំណង ចប់​កម្មវិធី ស្អាត​បរិស្ថាន ក្រុមការងារ​របស់​យើង​បាន​ប្រចាំការ ២៤ ម៉ោង​លើ​ ២៤ ម៉ោង ក្នុងការ​សម្អាត​ផ្ទៃ​ទន្លេ និង​មាត់​ច្រាំងទន្លេ​ជាប្រចាំ​»​។ ឆ្នាំនេះ​មាន​សំរាម​ច្រើនជាង​ឆ្នាំ​ណាៗ​ទាំង​អស់ តែ​ដោយមាន​ការចូលរួម​ជាពិសេស​ពី​សំណាក់​យុវជន អង្គការ និង​ក្រុមហ៊ុន​ឯកជន រួមទាំង​អាជ្ញាធរ បរិស្ថាន​នៅតាម​ដង​ទន្លេសាប ជាទី​កន្លែង​ប្រារឰ​ពិធីបុណ្យ​អុំទូក ត្រូវបាន​សម្អាត​ស្អាត​ភ្លាមៗ​។​

​ជាមួយ​ទូក ​២ ​គ្រឿង​ប្រចាំការ ដោយមាន​ការចូលរួម​ពី​បុគ្គលិក​ស្នូល​របស់​អង្គការ​ប្រមាណ​ ២០ នាក់ និង​ក្រុម​ស្ម័គ្រ​ចិ​ត្ដ​មកពី​មជ្ឈដ្ឋាន​នានា​ប្រមាណ​ជាង​ ១០០​ នាក់​ទៀត ផ្ទៃ​ទឹកទន្លេ និង​ច្រាំងទន្លេ​មាន​សភាព​ស្អាត​។ យុវជន​មានការ​ចូលរួម​ច្រើន​ទាំង​ការជួយ​ប្រមូល​និង​ផ្ដល់​ថង់​ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការដឹកចេញ​។


លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​ជាង ​១៥ តោន​នេះ​គ្រាន់តែ​អង្គការ​របស់​យើង​មួយ​ប៉ុណ្ណោះ តែ​នៅ​ក្រុមយុវជន​បរិស្ថាន​ដទៃទៀត សំរាម​លើ​ផ្ទៃ​ទឹក និង​មាត់​ច្រាំង​អាចមាន​ចំនួន​ប្រមាណ​ ៣០ តោន​។ សំរាម​ ដែល​លេច​ចូល​ផ្ទៃ​ទឹក​ប្រមាណ​ពី​ ១០ ​ទៅ​ ២០%​ ដែល​យើង​មិនអាច​ប្រមូល​អស់​»​។​

​សំរាម​ទាំង ២០ ទូក ត្រូវបាន​ដឹក​ចេញ​ជា​បន្ដបន្ទាប់​ឆ្ពោះទៅកាន់​មជ្ឈមណ្ឌល​គ្មាន​សំណល់​ដើម្បី​បែក​ចែក​សំរាម និង​កែច្នៃ​ឡើងវិញ​។ លោក​សុវណ្ណ​និយាយថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទុកដាក់​សំរាម​ជាទូទៅ នៅមានកម្រិត​តិចតួច ជាពិសេស ពលរដ្ឋ​វ័យ​ចំណាស់ ដែល​មិនសូវមាន​ចូលរួម​សម្អាត​បរិស្ថាន​។​ 


ហេង ជីវ័ន

​លោក​បាន​អះអាងថា អ្នកខ្លះ​មួយ​ភាគ​តូច​នៅ​យល់ថា ការ​រើស​សំរាម ឬ​វេច​ខ្ចប់​សំរាម​គឺជា​ទង្វើ​អាប់ឱន និង​គួរឱ្យ​ខ្មាស​គេ ហើយ​ទុក​ភារកិច្ច​នេះ​ឱ្យ​ក្រុម​ការ​ងារ​ប្រមូល និង​សម្អាត​សំរាម​។​

​ទន្ទឹមនឹងនេះ លោក សុវណ្ណ លើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​សម្អាត​សំរាម​ភ្លាមៗ​ថា វា​ជួយ​លើក​សម្រស់​ទីក្រុង​ឡើងវិញ​ភ្លាមៗ បំបាត់​ក្លិន​អា​សោច​ដែល​ភាយ​ចេញពី​ការ​រលួយ​សំរាម ជាពិសេស ការស្ដារ​ភាព​ក​ខ្វល់​ចេញពី​ជីវចម្រុះ​នៃ​ទឹកទន្លេ បើសិន​បើ​ទុកឱ្យ​សំរាម​លេច​ចុះ​បាតទន្លេ វា​កាន់តែ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​មច្ឆា​។​

​ជាមួយ​លទ្ធភាព​នៅមាន​ការខ្វះខាត​ក្នុងការ​បំពេញបេសកកម្ម​ប្រមូល​សំរាម ទូក​កា​នូ​ ២ ​គ្រឿង​មិនទាន់​គ្រប់គ្រាន់​នោះទេ​ដោយ​លោក​សុវណ្ណ សុំឱ្យ​មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន ដែល​អាច​ផ្គត់ផ្គង់​ទូក​បន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​គោល​បំណង​ផ្សេងៗ​ទៀត​។ ជាមួយ​ការមើលឃើញ​ពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ នាយក​ប្រតិបត្តិ​អង្គ​ការសម្អាត​ទន្លេ សមុទ្រ និយាយថា​៖ «​យើង​មិនអាច​មិន​កោត​សរសើរ​ចំពោះ​យុវជន​ក៏ដូចជា​អាជ្ញាធរ​រាជធានី​ចូលរួម​យ៉ាងខ្លាំង និង​ធ្វើ​កិច្ចការ​នេះ​បានល្អ​។ សូម្បីតែ​ក្រុម​អង្គរក្ស​សម្ដេច​តេ​ជោ​ក៏បាន​ចូលរួម​ប្រមូល​សំរាម​ផងដែរ​»​។​

​បង្កើតឡើង​ក្នុង​ខែកក្កដា ឆ្នាំ ២០២០ និង​ដំណើរការ​តាំងពី​ខែមីនា ឆ្នាំ ២០២២ បេសកកម្ម​របស់ អង្គការ សម្អាត​ទន្លេ សមុទ្រ (ROC) គឺ​សម្អាត​ទន្លេ​នៃ​កាក​សំណល់ ជាពិសេស​ប្លា​ស្ទិ​ក ដើម្បី​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក និង​លើកកម្ពស់​ការរស់នៅ​ប្រកបដោយ​និរន្តរភាព​។ ចំពោះ​បេសកកម្ម​ប្រមូល​សំរាម​នៅតាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​មាត់​សមុទ្រ​អង្គការ​សម្អាត​ទន្លេ សមុទ្រ បាន​ប្រមូល​សំរាម​ចំនួន​ជាង ៩០០ តោន​ដោយ​ស្ថាបនិក​រូបនេះ មានបំណង​ពង្រីក​វិសាលភាព​ទូទាំងប្រទេស​។ លោក សុវណ្ណ បានឱ្យដឹងថា ចំពោះ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ដ​កែប ដែល​រៀបចំឡើង​នៅ​ថ្ងៃទី ១ ដល់ទី ៣ ខែធ្នូ ខាងមុខនេះ ក្រុមការងារ​អង្គការ សម្អាត​ទន្លេ សមុទ្រ នឹងចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​សម្អាត​បរិស្ថាន​ទោះបីជា​មិនមាន​លទ្ធ​ភាព​យក​ទូក​ពី​ទន្លេ​ទៅ​សមុទ្រ​យ៉ាងណាក៏ដោយ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ឆេង គឹម​ស៊ុន ឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​សហការ​ជា​មួយ​កងកម្លាំង​ស្ម័គ្រចិត្ត យុវជន​ស្ម័គ្រចិត្ត​និង​អង្គការ​ដៃគូ​មួយចំនួន បានរៀបចំ​អប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់​ទុកដាក់​កាកសំណល់​រឹង ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់​។ ក្រសួង​បានរៀបចំ​ស្តង់​នៅតាម​ទីតាំង​មួយចំនួន សម្រាប់ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​បរិស្ថាន​និង​ការ​ទុកដាក់​សំរាម​ដោយមាន​កម្លាំង​ជាង ១៥០០ ​នាក់ បាន​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៕​

ហេង ជីវ័ន

ហេង ជីវ័ន