ភ្នំពេញៈ អគារ​បណ្ណាល័យ​សម្តេច​ព្រះសង្ឃរាជ​ ជួន ​ណាត ​តម្លៃ​ ២,៤ លាន​ដុល្លារ​អាមេរិក ដែល​ស្ថិតនៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ ត្រូវបាន​រៀបចំ​ពិធី​ខួង​គ្រឹះ​បញ្ចុះបឋមសិលា​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​វត្តមានលោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន​និង​កីឡានិង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប ​។​


ក្រសួង​អប់រំបានឱ្យដឹងថា គម្រោង​សាងសង់​អគារ​បណ្ណាល័យ​សម្តេចព្រះ​សង្ឃរាជ​ជួន ណាត គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ទី​២ ដែល​ត្រូវបាន​គាំទ្រ​ថវិកា​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​នឹង​ចំណាយ​ពេលសាងសង់១៥​ខែ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២៥​។​

​លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងនៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា  ថា គោលបំណង​សំខាន់​នៃ​ការសាងសង់​អគារ​បណ្ណាល័យ​សម្តេចព្រះ​សង្ឃរាជ​ជួន​ ណាត​ នេះ គឺដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយ្យភូមិ ខណៈ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​គឺជា​វិទ្យាស្ថាន​តែ១គត់ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​គ្រូ​កម្រិត​ឧ​ត្ត​ម​។​


​លោកស្រី​បានបន្តថា​៖«ជាទូទៅ​គ្រូ​ដែល​បញ្ចប់​ការបណ្តុះបណ្តាល​ពី​វិទ្យាស្ថាន​ជាតិ​អប់រំនឹងត្រូវ​ទៅ​បង្រៀន​នៅ​កម្រិត​ឧ​ត្ត​មគឺ​សិស្ស​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ ហេតុនេះ​ដើម្បី​លើ​កកម្ពស់​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា​នេះ ក្រសួង​បាន​យកចិត្តទុកដាក់​កែលម្អ​និង​ពិនិត្យឡើងវិញ​នូវ​រឿង​៣សំខាន់ៗ​​ រួមមាន កិច្ច​ការដែល​ត្រូវធ្វើ​នៅ​កម្រិត​ក្រសួង ​ការធ្វើ​វិ​ក្រឹ​ត​ការបណ្តុះបណ្តាល​លោកគ្រូ​អ្នកគ្រូ​ដែលជា​គ្រូបង្រៀន​នៅតាម​សាលា​ធនធាននិង​ចុងក្រោយ​គឺ​ការកែលម្អ​គុណភាព​វិទ្យាស្ថាន​ជាតិ​អប់រំ​»​។​

លើស​ពី​នេះលោ​កស្រី ​ឃួន វិច្ឆិកា​ បានប​ញ្ជាក់ថា ការសាង​សង់​អគារ​បណ្ណា​ល័យ​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន ​ណាត គឺ​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​ហេដ្ឋារ​ចនា​សម្ព័ន្ធ​រូបវន្ត​របស់​វិទ្យា​ស្ថាន​ជាតិ​អប់រំស្របទៅនឹង​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ​។ក្រៅពី​ជួយ​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​កម្រិត​មធ្យម​សិក្សា​ហើយ​នោះ​បណ្ណា​ល័យ​នេះ​ក៏​មាន​លក្ខណ​ពិសេ​ស​មួយ​ទៀត​ គឺមាន​ឆ្លើយ​តប​ទៅ​កំណែទ​ម្រង់​របស់​វិទ្យា​ស្ថាន​ជាតិ​អប់រំ ​លើ​ការ​បណ្តុះ​បណ្តាល​គ្រូ​ឱ្យ​ចេះ​ពី​វិធី​សាស្ត្រ​បង្រៀន​ថ្មីៗ ដែល​ជួយ​ជំរុញ​ឱ្យ​សិស្សានុ​សិស្ស​មាន​បំ​ណិ​ន​ជីវិត​ស្រប​តាម​សត​វត្សរ៍​ទី​២១​ថែម​ទៀត​។

ជុំវិញ​រឿង​នេះ​លោក គង់ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា  ​បាន​សា​ទរ​ចំពោះ​ការសាងសង់​បណ្ណាល័យ​នេះ​ឡើង ដោយលោកបានថ្លែង​ថា​ បណ្ណាល័យ​នេះនឹង​ជួយ​ជំរុញ​ការអប់រំ​ផ្នែក​អំ​ណាន​នៅ​កម្ពុជា​បន្ថែមទៀត​។


​លោក​បានបន្តថា​៖«បច្ចុប្បន្ន​វិស័យ​អំ​ណាន​នៅ​កម្ពុជាគឺ​មិន​អន់​ទេវា​បាន​ដំណើរការ​ជា​បណ្តើរៗ​ហើយ ដោយ
សារតែ​ក្រសួង​អប់រំ អង្គការ​ដៃគូ និង​ស្ថាប័ន​អប់រំ​នានា បាន​យកចិត្តទុកដាក់​ច្រើន​លើ​វិស័យនេះ​។ ហេតុនេះ​តាមរយៈ​បណ្ណាល័យ​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម ពិសេស​ជួយ​ទៅដល់​សិស្ស​ដែល​ស្ថិតនៅ​តំបន់​ដាច់​ស្រ​យា​ល នៅ​ទីជនបទ ដែល​ជួប​ការលំបាក ដើម្បី​ពង្រីក​ចំណេះដឹងនិង​សមត្ថភាព​ឱ្យ​ពួកគេ​ឱ្យបាន​យល់ដឹង​ពី​វិស័យ​អំ​ណាន​ឱ្យ​កាន់តែ​ទូលាយ​»​។​

អគារ​បណ្ណាល័យ​សម្តេច​ព្រះសង្ឃរាជ​ជួន​ ណាត មាន​កម្ពស់​៦​ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២,៤លាន​ដុល្លារ​អាមេរិក​។បណ្តា​ល័យ​នេះនឹង​មានការ​រៀបចំឡើង​ដោយមាន​ការបំពាក់​ឧបករណ៍ សម្ភារ​ទំនើបៗព្រមទាំង​សៀវភៅ​សិក្សា​ដ៏​សម្បូរបែប​ទាំង​ក្នុងស្រុកនិង​ក្រៅ​ស្រុកដើម្បី​ប្រែក្លាយឱ្យទៅជា​បណ្ណាល័យ​ដ៏​ធំជាងគេ​ផ្នែក​អប់រំ​នៅ​កម្ពុជា​៕