​ភ្នំពេញៈ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ​និង​ក្រសួង​សន្តិ​សុខ​សាធារ​ណៈ​នៃ​សាធារ​ណរដ្ឋ​ប្រជា​មានិត​ចិន​បាន​ រួមគ្នា​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ ​ស្តីពី​ការ​ស្វែង​រក​ ការ​ចាប់​យក​ ការ​វេច​ខ្ចប់ ​កា​រក្សាទុក ​និង​ការដឹក​ជញ្ជូន​សំណាក ​DNA ​ក្នុង​ស្មារតី​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​បទ​ឧក្រិដ្ឋ​ផ្សេងៗ​។ 


សិក្ខា​សាលា​នេះ ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ជំនាញ​ថ្មីៗ​ជូន​នគរ​បាល​ជាតិ​កម្ពុជា​ ដែល​អាច​ជួយ​ដល់​ការ​ងារ​ស៊ើប​អង្កេត វិនិច្ឆ័យ​ភ័ស្តុ​តាង​ស្នាម​ម្រាម​ដៃ និង​កំណត់​អត្ត​ញ្ញាណ​ជន​សង្ស័យ​នៅ​ក្នុង​រឿងក្ដី​នីមួយៗ​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវសុ​ក្រឹត និង​យុត្តិ​ធម៌​នៅ​ចំពោះ​មុខ​ច្បាប់​។​

​វគ្គ​បណ្តុះ​បណ្តាលនេះត្រូវ​បាន​រៀបចំ​ឡើង​កាលពី​​ថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ក្រោម​កា​រដឹកនាំ​លោក ​មួង សុធា ​អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិទទួល​ដឹក​នាំ​ការងារ​នាយក​ដ្ឋាន​កណ្តា​ល​នគរបា​ល​យុត្តិធម៌និង​លោក ​Li Ying អនុ​ប្រធាន​វិទ្យាស្ថា​ន​ស្រាវជ្រា​វ​ទី​១ នៃ​ក្រសួង​សន្តិ​សុខ​សាធា​រណៈ​នៃ​សា​ធា​រណរដ្ឋ​ប្រជាមា​និត​ចិន​។ ​នេះ​បើ​តាម​អគ្គ​ស្នង​ការដ្ឋា​ន​នគរ​បាល​ជាតិ​។​


​នៅក្នុង​ពិធី​នោះ​ដែរ​ ថ្នាក់​ដឹកនាំ​ភាគី​ទាំង​២​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​នាយក​ដា្ឋ​ន​នគរ​បាល​បច្ចេកទេស​ និង​វិទ្យា​សាស្ត្រ ដែល​បាន​បង្ហាញ​អំពី​ស្នា​ដៃ​កា​រងារ​របស់​អង្គ​ភាព​កន្ល​ងមក ​ពិសេស​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​ល្អ​រវាង​នាយក​ដ្ឋាន​នគរ​បាលប​ច្ចេកទេ​ស​និង​វិទ្យា​សាស្ត្រ និង​មន្ត្រី​ការិ​យា​ល័យ​សម្រប​សម្រួល​ការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន​ នៃ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​ក្នុង​ស្មារ​តី​ប្រយុទ្ធ​ប្រឆាំង​ និង​បង្ក្រាប​បទ​ឧក្រិដ្ឋ​ផ្សេងៗ​។​

​ជា​មួ​យគ្នានោះ ​លោក ​មួង សុធា​ បាន​កោតស​រសើរ​ដល់​មជ្ឈម​ណ្ឌល​សហប្រ​តិបត្តិ​ការ​សន្តិសុ​ខនិង​សមា​ហរ​ណកម្ម​​អនុវត្ត​ច្បា​ប់ (​មេគង្គ​-ឡាន​ឆាង​) ​ដែល​បាន​ជួយ​គាំទ្រ​ទាំង​ស្មារតី​និង​សម្ភារ​បច្ចេក​ទេស​ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​ដល់​នគ​របាល​ជាតិ​កម្ពុ​ជាដើម្បី​លើក​កម្ពស់​សមត្ថ​ភាពក្នុង​ការ​ស៊ើប​អង្កេត​សំណុំរឿ​ង​ព្រហ្ម​ទណ្ឌ ​ការ​ស្វែង​រក និង​ប្រមូល​ចាប់​យក​វត្ថុ​តាងប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​


​លោក​បាន​បញ្ជាក់​ថា​៖«​វគ្គ​សិក្សា​នេះមាន​រ​យៈពេល​ខ្លី​ក៏ពិតមែ​ន តែ​វា​អាច​ផ្តល់​ចំណេះ​ដឹង​ដល់​យើង​បាន​ច្រើន ដែល​យើង​ទាំង​អស់គ្នា​ មាន​តួនាទី​ភារកិច្ច​ជា​អ្នកអ​នុវត្ត​ច្បាប់ ​និង​ជា​អ្នកផ្ត​ល់​ភ័ស្តុ​តាង​នៅ​ចំពោះ​មុខ​ច្បាប់ ​និង​ចំពោះ​មុខ​តុលាកា​រ​»​។​

​ដូច្នេះ​សិក្ខាកា​ម​ទាំ​ងអ​ស់ត្រូវតែ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ស្វែ​ងយល់​អំពី​មេរៀន​មុខ​ជំនាញ​ទាំង​ឡាយ ដែល​លោក​គ្រូ​ឧទ្ទេស​បាន​ពន្យល់ ​ចែក​រំលែក​បទ​ពិសោធ​ន៍​មក​ឱ្យ​យើង ​និង​ត្រូវ​ចេះ​សួរ​ដេញ​ដោល​លើ​ការងារ​មុខ​ជំនាញ​ដើម្បី​ទុក​ធ្វើ​ជា​បទ​ពិសោ​ធន៍​ក្នុង​ការ​អនុវត្ត​ការងារ​ជាក់​ស្ដែង​ទៅ​ថ្ងៃ​ខាង​មុខ​។

​បើ​តាម​លោក​ មួង សុធា  ​តាម​រយៈ​នៃ​កិច្ចស​ហប្រតិ​បត្តិការ​ជា​ដៃគូ​កន្លងម​ក​រវាង​នាយក​ដា្ឋ​នគរបាល​បច្ចេក​ទេស និង​វិទ្យា​សាស្ត្រ ​ជាមួយ​ការិយា​ល័យ​សម្រប​សម្រួល​ការអ​នុវត្ត​ច្បាប់​កម្ពុជា​-​ចិន ​តែងតែ​ជួយឧ​បត្ថម្ភ​ជា​បន្តប​ន្ទាប់​។ ជាក់​ស្ដែង​នៅ​ពេល​នេះ​នាយ​កដ្ឋាន​ក៏​ទទួល​បាន​ជំនួយ​ជា​សម្ភារ​បច្ចេក​ទេស​ពី​ភាគី​ចិន​ចំនួន​ ៣​មុខ​បន្ថែម​ទៀត​ដូច​ជា ​មន្ទី​រពិសោ​ធន៍ DNA​ ឧបក​រណ៍​ស៊ើបអ​ង្កេត​កន្លែង​កើត​ហេតុ និង​ឧបករណ៍​កំណត់​អត្ត​សញ្ញាណ​ស្នាម​ខ្ចៅ​ដៃ​។​

​លោក​បាន​បន្ថែម​ថា ​ជំនួយ​ឧបក​រណ៍​បច្ចេក​ទេស​ទាំង​៣​មុខ​ខាងលើ​នេះ វា​ពិត​ជាមាន​សារៈ​សំខាន់​ណាស់ ​ហើយ​ថែម​ទាំង​ជួយ​ឱ្យ​វិស័យ​បច្ចេក​ទេស​កោស​ល្យ​វិ​ច័យ​នៅ​កម្ពុជា ​កាន់តែ​មាន​ការ​រីក​ចម្រើន​បោះជំ​ហាន​ទៅ​មុខ​បន្ថែម​ទៀត​។ 

​ដើម្បី​ឱ្យ​ការ​បំពេញ​ភារកិច្ច​កាន់​តែ​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​លោក ​មួង សុធា បាន​ក្រើន​រំឭក​ដល់​សិក្ខា​កាម​ទាំង​អស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​បទ​ប្បញ្ញត្តិ និង​គោល​ការណ៍​ណែនាំ​របស់​វគ្គ​បណ្តុះប​ណ្តាល​ត្រូវមាន​ឥរិយា​បថ​ល្អ សេចក្តី​ថ្លៃថ្នូ​រ ស័ក្តិ​សម​ជា​កម្លាំង​ឯកភា​ព​សំដៅ​លើក​កម្ពស់​ កិត្តិ​យស​ កិត្យានុភា​ព​កងក​ម្លាំង​នគរបាល​ជាតិ​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​ខិតខំ​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​ដែល​គ្រូ​ឧទ្ទេស​នាម ​បាន​បង្ហាត់​បង្រៀន ​ដើម្បី​បង្កើន​សមត្ថ​ភាព​និង​បំពេញ​តួនាទី​ភារ​កិច្ច ប្រកប​ដោយ​វិជ្ជា​ជីវៈ​៕