ភ្នំពេញៈ នៅសល់​រយៈពេល​ប្រមាណ​ ១​ ខែ​ទៀត ប្រទេស​ឡាវ​ នឹង​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ​២០២៤ ដោយ​បន្តវេន​ពី​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​ដែលជា​បញ្ហា​ផ្ទៃក្នុង​អាស៊ាន​នៅ​មិនទាន់​រក​ច្រកចេញ​បាន​នៅឡើយ បើទោះបីជា​មានការ​ជំរុញ​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ១​ ឆ្នាំៗ ដូចជា ប្រ៊ុយណេ ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នៅ​ឆ្នាំ​ ២០២២ និង​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​ ២០២៣ នេះ​ក្ដី​។​

​ជុំវិញ​វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​នេះ អ្នកវិភាគ​លើកឡើងថា ទោះ​ក្នុងឋានៈ​ឡាវ​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​ក្ដី ក៏​ឡាវ​នឹងមាន​ការលំបាក​ក្នុង​ការរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មួយ​នេះ​ដែល​បានអូសបន្លាយ​ពេល​ជិត​ ៣ ​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០២១ ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី  ​លោក Joko Widodo ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៣ បានប្រគល់​អាណត្តិ​ជា​ប្រធាន​អាស៊ាន​បន្ទាប់​ជូន​នាយករដ្ឋមន្ត្រី​ឡាវ លោក SonexaySiphandone ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា​។ ញញួរ​ជា​និមិត្ត​រូបនេះ​ត្រូវបាន​ប្រគល់​ជា​សញ្ញា​បញ្ជាក់ថា ឡាវ​នឹង​ចូលកាន់​​តំណែង​ជា​ប្រធាន​អាស៊ាន​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​ ២០២៤​។​


​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាថ្លែងថា បើទោះបីជា​ឡាវ​នៅ​ឆ្នាំ​ ២០២៤ នឹង​ធ្វើជា​ប្រធាន​អាស៊ាន​ក្ដី តែ​បញ្ហា​មី​យ៉ាន់​ម៉ា​នឹង​នៅតែ​ពិបាក​រក​ដំណោះស្រាយ​។ ការបន្ត​អូសបន្លាយ​នេះ​ពីព្រោះ​បញ្ហា​មី​យ៉ាន់ម៉ា​មាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​សុច្ឆន្ទៈ ភាពស្មោះត្រង់ និង​កិច្ចសហការ​ក្នុងការ​អនុវត្ត​កិច្ច​​ព្រមព្រៀង ឬ​កុងសង់ស៊ីស ​៥ ​ចំណុច​របស់​អាស៊ាន​ដែលមាន​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ចុះ​ហត្ថលេខា​ផងដែរ​។​

​លោក​ថ្លែងថា​៖«​ប្រសិនបើ​ភាគី​ពាក់ព័ន្ធ​នៅ​មី​យ៉ាន់​ម៉ា​ខ្លួន​ឯង​ផ្ទាល់ មិន​រួមចំណែក​ស្វែងរក​ដំណោះស្រាយ​ដោយផ្ទាល់​ទេ​គឺ​វា​មានការ​លំបាក អាហ្នឹង​ទី​ ១ គឺ​ចាំបាច់​ណាស់​ត្រូវតែ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​ហ្នឹង​គាត់​មាន​សុច្ឆន្ទៈ មានការ​ប្តេជ្ញាចិត្ត និង​មាន​ភាពស្មោះត្រង់​ក្នុងការ​ដោះស្រាយ វិបត្តិ​ផ្ទៃក្នុង​របស់​ប្រទេស​គាត់​»​។​


​លោក​ គិ​ន ភា បាន​បន្តថា​៖«​ចំណុច​ទី២ ខ្ញុំ​គិតថា ក៏​វា​ពាក់​ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ​ក៏ដូចជា​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​មហាអំណាច និង​សហគមន៍​អន្តរជាតិ​។ ប្រសិន​បើ​មហាអំណាច​ម្ខាង​គាំទ្រ​ខាង​រដ្ឋាភិបាល ហើយ​យោធា​ម្ខាង​ទៀត​គាំទ្រ​ក្រុមប្រឆាំង​ទេ ខ្ញុំ​មើលទៅ គឺ​ដំណោះស្រាយ​ក៏មាន​ការលំបាក​ដែរ លុះត្រាតែ​សមាជិក​អចិ​ន្រៃ្ត​យ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​​ជាតិ​ទាំង ​៥​ ហ្នឹង​គាត់​មាន​សំឡេង​តែ​ ១ ​​ក្នុង​បញ្ហា​មី​យ៉ាន់​ម៉ា​ហ្នឹង មានន័យថា គាត់​មើលឃើញ​​រូបភាព​ដូចគ្នា និយមន័យ​ដូចគ្នា​ហើយ​មាន​សំឡេង​ឯកភាពគ្នា​ក្នុងការ​ដាក់ចេញ​នូវ​ដំ​ណោះ​ស្រាយ​។ អាហ្នឹង​យើង​អាចមាន​ការរំពឹង​ខ្ពស់​»​។​


​លោក​បន្ថែមថា សហគមន៍​អន្តរជាតិ​ក៏​គួរតែ​ជំរុញ និង​ដាក់​សម្ពាធ​ទាំងសងខាង គឺ​ទាំង​ក្រុមប្រឆាំង​ជាពិសេស​គឺ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាលយោធា​ឱ្យមាន​សម្បទាន​នយោបាយ ឬក៏​មានការ​សម្របសម្រួល​ខ្ពស់ ពីព្រោះ​ក្រុម​យោធា​ជា​អ្នកកាន់អំណាច​ដើម្បីឱ្យ​ក្រុមប្រឆាំង​អាចមាន​ច្រក មាន​ផ្លូវ​ចូលរួម​នៅក្នុង​ដំណោះស្រាយ​បាន​។​

​លោក ​គិ​ន ភា បាន​បន្តថា អង្គការសហប្រជាជាតិ​ក៏​មិនគួរ​បន្ត​ព្រងើយកន្តើយ​តទៅទៀត​ដែរ ហើយ​គួរតែ​រុញ​បញ្ហា​នេះ​បន្ថែមទៀត ជាពិសេស​អាស៊ាន​ត្រូវតែមាន​សំឡេង​ច្បាស់លាស់​ជាង​មុន ក្នុងន័យ​ស្ថាបនា​ជុំវិញ​បញ្ហា​មី​យ៉ាន់​ម៉ា​។​

​នៅ​ឆ្នាំ​ ២០២៤ គឺជា​លើក​ទី​៣ ​ហើយ​ដែល​ឡាវ​ធ្វើជា​ប្រធាន​អាស៊ាន បន្ទាប់ពី​ប្រទេស​នេះ​បាន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០០៤ និង​ឆ្នាំ​ ២០១៦​។​សម្រាប់​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់​ឡាវ​នៅ​ឆ្នាំ​ ២០២៤ នឹង​ផ្តោតលើ​ប្រធានបទ​ «​អាស៊ាន​៖ ការលើកកម្ពស់​ការតភ្ជាប់​និង​ភាព​ធន់​»​។ ប្រធានបទ​នេះ​ស្របតាម​ការសន្យា​របស់​ឡាវ​ក្នុង​ការកសាង និង​សម្រេចបាន​នូវ​អាស៊ាន​ដែលមាន​ការ​ត​ភ្ជាប់ និង​ធន់​ជាង​មុន​។​

​លោក​ ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី (AVI)​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា យោងតាម​ប្រធាន​​បទ​ដែល​ឡាវ​បាន​ដាក់ចេញ​នៅ​​ពេល​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ ឡាវ​ហាក់​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ក៏ដូចជា​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ក្នុងការ​ដោះស្រាយ​បញ្ហា​តំបន់ និង​ជំរុញ​សេដ្ឋកិច្ច​តំបន់​។​

​លោក​ថា​៖ «​បញ្ហា​មី​យ៉ាន់​ម៉ា​នឹង​ក្លាយជា​ប្រធានបទ​ក្តៅ ហើយ​ឡាវ​នឹង​បន្ត​ជំ​រុញឱ្យ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​បញ្ឈប់​ការប្រើ​អំពើហិង្សា ជំរុញឱ្យមាន​បទ​ឈប់​បាញ់​រវាង​ភាគី​ទាំងសងខាង​»​។​

​លោក​ ថុង ម៉េង​ដា​វិត  ​លើកឡើងថា បញ្ហា​មី​យ៉ាន់​ម៉ា​បាន​បង្កឱ្យមាន​វិបត្តិ​មនុស្សជាតិ ដោយសារតែ​អស្ថិរភាព និង​អសន្តិសុខ បញ្ហា​ស្បៀងអាហារ​និង​ថ្នាំសង្កូវ បញ្ហា​ជួញដូរ​ខុសច្បាប់​ជាដើម ដែល​កត្តា​ទាំងអស់នេះ​បានធ្វើឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​ភៀសខ្លួន​ទៅ​ប្រទេសជិតខាង និង​ជះឥទ្ធិពល​អ​វិ​ជ្ជ​មាន​ដល់​អាស៊ាន​ទាំងមូល​។​

​ចំណែក លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​​កម្ពុជា​មើលឃើញថា បញ្ហា​មី​យ៉ាន់​ម៉ា ជា​បញ្ហា​ចាក់​ស្រែះ និង​ស្មុគស្មាញ​ក្នុង​នយោបាយ​អំណាច ​(power politics)​ និង​ការរស់រាន​នៃ​របប ​(regime survival) ដែលជា​ទ្វេ​គ្រោះ​សន្តិសុខ និង​នយោបាយ​សម្រាប់​របប​យោធា និង​ភាគី​រដ្ឋាភិបាល​និរទេស​ដែល​គាំទ្រ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ បន្ថែម​ពីនេះ ការពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​មហាអំណាច និង​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​ទូទាំង​ពិភពលោក​នៅ​ចំពោះ​មុខការ​​រះ​ឡើង​នៃ​របប​អត្តា​ធិបតេយ្យ​ (autocracy)​ បាន​បន្ថែម​ភាពស្មុគស្មាញ​លើ​ជម្លោះ​នេះ​។​

​លោក​បាន​អះអាងថា​៖ «​ឡាវ ជា​ប្រទេស​តូច គ្មាន​ទឹកមាត់ ឬ​ទម្ងន់​នយោបាយ​ក្នុង​ឆាក​តំបន់​និង​អន្តរជាតិ​នោះទេ​។ ហេតុនេះ ឡាវ​មិនអាច​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​បានឡើយ​»​។​

​ទោះយ៉ាងណា លោក Siphan done ក្នុងឱកាស​ទទួល​ញញួ​រ​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៤ បាន​សន្យាថា​នឹង​បន្ត​កេរដំណែល​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​កសាង​អាស៊ាន​ដែលមាន​ការតភ្ជាប់​គ្នា និង​រឹងមាំ​ជាង​មុន​។ លោក​ថ្លែងថា​៖«​យើង​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង រួមមាន​ការផ្តោត​កាន់តែខ្លាំង​លើ​សហគមន៍​អាស៊ាន ការចាប់យក​ឱកាស​ចំពេល​ដែល​បញ្ហា​ប្រឈម​និង​ការប្រែប្រួល​ភូមិសាស្ត្រ​ន​យោ​បាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​»​។​

​លោក Siphandone បាន​លើកឡើងថា ប្រទេស​ឡាវ​ នឹង​ពង្រីក​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន និង​ពង្រឹង​ម​ជ្ឈ​ភាព​និង​ឯកភាព​របស់​អាស៊ាន ព្រម​ទាំង​កសាង​និម្មាបនកម្ម​ក្នុង​តំបន់​ដើម្បី​ស្ថិរភាព សន្តិភាព និង​ការ​​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​។​នៅ​ចំពោះមុខ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ញញួរ​ប្រធាន​អាស៊ាន​នេះ លោក​ Widodo ​បានបង្ហាញ​ពី​សុទិដ្ឋិនិយម និង​ក្តីសង្ឃឹម ហើយ​បន្ត​ធ្វើការ​តទៅទៀត​ដើម្បី​ឈានឆ្ពោះ​ទៅរក​ការបង្កើត​តំបន់​អាស៊ាន​មួយ​ដែលមាន​សន្តិភាព យុត្តិធម៌ និង​វិបុលភាព​។​

​ថ្មីៗ​នេះ គឺ​នៅ​ថ្ងៃទី​ ១៥ វិច្ឆិកា ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​ ១៧ នៅ​ទីក្រុង​ហ្សា​ការ​តា រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បានប្រកាស​គាំទ្រ​ការ​​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​កុងសង់ស៊ីស​អាស៊ាន ​៥ ​ចំណុច​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​បាន​រំឭក​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​របស់​មី​យ៉ាន់​ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​​វិធី និង​យូរអង្វែង​ចំពោះ​ស្ថាន​ភាពបច្ចុប្បន្ន ដោយមាន​ជំនួយ​ពី​អាស៊ាន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា​៖ «[​យើង​]​ទទួលស្គាល់​កិច្ច​​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​របស់​អាស៊ាន ការពិនិត្យ​ឡើងវិញ និង​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​អាស៊ាន​លើ​ការអនុវត្ត​កុងសង់ស៊ីស​ ៥​ ចំណុច ដូចដែល​បាន​ឯកភាពគ្នា​នៅ​ទីក្រុង​-​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ជួយ​ស្ដារឡើងវិញ​នូវ​សន្តិភាព និង​ស្ថិរភាព និង​អន្តរកាល​ដោយ​សន្តិវិធី​ទៅរក​ភាពប្រក្រតី​នៅ​មី​យ៉ាន់​ម៉ា​»​។​

​យ៉ាងណាក្ដី ជុំវិញ​វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​នេះ  អាស៊ាន​បានបង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​​កើនឡើង​នៃ​ជម្លោះ​នាពេល​ថ្មីៗ​នេះ ជាពិសេស​នៅក្នុង​រដ្ឋ​សាន (Shan)​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បាន​បណ្តាលឱ្យ​មានការ​ភៀសខ្លួន​នៃ​ជន​ស៊ី​វិល រួមមាន​ជនបរទេស និង​ពលរដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ​។​

​អង្គការ​តំបន់​មួយ​នេះ បាន​អំពាវនាវ​ឱ្យមាន​ការវិលត្រឡប់​ដោយ​សុវត្ថិភាព​នៃ​ជនជាតិ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ដែល​ជាប់​ក្នុង​ជម្លោះ​កំពុង​បន្ត​កើតឡើង​នេះ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ថ្ងៃទី ​២៤ ខែវិច្ឆិកា​។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់ថា​៖ «​យើង​សូម​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​រក្សា​ភាព​អត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត និង​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ទម្រង់​នៃ​អំពើហិង្សា ប្រកាន់ខ្ជាប់​នូវ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ចាត់​​វិធានការ​ចាំបាច់​ដើម្បី​ធានា​នូវ​ការការពារ និង​សុវត្ថិភាព​របស់​ជន​ស៊ីវិល​ទាំងអស់​»​។​

​អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន បាន​ដឹកនាំ​ក្រុម​​ការងារ​លេខាធិការដ្ឋាន​អាស៊ាន នៃ​សសរស្តម្ភ​ទាំង​ ៣ ​នៃ​សហគមន៍​អាស៊ាន​ធ្វើ​ទស្សនកិច្ច​ ៣ ​ថ្ងៃ នៅ​ប្រទេស​ឡាវ​ពីថ្ងៃ​ទី ​២៨-៣០ ខែវិច្ឆិកា ក្នុងការ​ត្រៀមខ្លួន​ចូលកាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២៤ ​របស់​ប្រទេស​នេះ​។ លោក​បាន​ជួប​ទ្វេភាគី​ជាមួយ​លោក Siphandone ព្រមទាំង​គណៈរដ្ឋមន្ត្រី​សំខាន់ៗ​ផ្សេងទៀត ដែល​ទទួលខុសត្រូវ​លើ​សសរស្តម្ភ​សហគមន៍​ន​យោ​​បាយ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​វប្បធម៌​អាស៊ាន ដើម្បី​ធានា​ភាពជោគជ័យ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​ឡាវ​។​

​លោក ​ហ៊ុន សែន អតីត​នា​​យក​រដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​អា​ស៊ាន​ក្នុង​ឆ្នាំ ២០២២ បាន​ ១​ សប្តាហ៍​ បាន​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក​មីន អ៊ុង​ឡាំង នៅ​មី​យ៉ាន់​ម៉ា ក្នុង​គោលបំណង​ចូល​រួមចំណែក​បញ្ចៀស​ប្រទេស​នេះ​ពី​អំពើហិង្សា និង​សង្គ្រាមស៊ីវិល​តាមរយៈ​បទ​ឈប់​បាញ់​ព្រមទាំង​វិបត្តិ​មនុស្សធម៌​តាមរយៈ​ការ​​ផ្តល់ជំនួយ​ដល់​អ្នក​ដែល​ត្រូវការ​ដោយ​គ្មាន​ការរើសអើង​។​

​បើទោះបីជា​មានការ​រិះគន់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ការជួប​មេដឹកនាំ​យោធា​មី​​យ៉ាន់​ម៉ា​ក៏ដោយ ក៏​លោក​ ហ៊ុន សែន បាន​អះអាងថា លោក​ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​ពី​ដំណើរ​ទស្សនកិច្ច​នេះ ព្រោះ​វា​ជា​វិធីសាស្ដ្រ​ក្នុងការ​បញ្ចៀស​មិនឱ្យ​មាន​មនុស្ស​ស្លាប់​៕