ភ្នំពេញៈ ក្រសួង​ព័ត៌មាន បានស្នើ​ដល់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ជួយ​គាំទ្រ​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​បារាំង ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​ភាសា​បារាំង​នៅ​កម្ពុជា​បន្ថែមទៀត​។​


​សំណើ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោក M. Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ​២០២៣ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​។ នេះ​បើតាម​ក្រសួង​​ព័ត៌មាន​ស្តីពី​ជំនួប​នោះ​។​

​លោក នេត្រ ភក្ត្រា ថ្លែងថា ដោយសារ​ប្រទេស​បារាំង​មាន​អ្នកជំនាញ​សារព័ត៌មាន និង​មានបទពិសោធន៍​ច្រើន​ទាក់ទង​ការងារ​នេះ ដូច្នេះ​ការជួយ​គាំទ្រ​ទៅលើ​ការបណ្ដុះបណ្ដាល​លើ​វិស័យ​ព័ត៌មាន​នេះ​ដើម្បីឱ្យ​កម្ពុជា​អាចធ្វើ​ការដក​បទពិសោធ​ន៍​បន្ថែម​។


ក្រសួង​ព័ត៌មាន បាន​កំពុង​ធ្វើ ទី​១ ទាក់ទង​នឹង​កំណែទម្រង់​លើ​ការងារ​របស់​ក្រសួង ដើម្បី​ពង្រឹង​ប្រសិទ្ធ​​ភាព និង​គុណភាព​ការងារ ទី​២ ការកែសម្រួល​នូវ​ច្បាប់​មួយចំនួន​ដើម្បី​បម្រើឱ្យ​ការវិវឌ្ឍ​នៃ​សង្គម​ឱ្យបាន​ល្អ និង​ទី​៣ ការ​ពង្រឹងគុណភាព​សារព័ត៌មាន តាមរយៈ​ការបណ្តុះបណ្តាល​។​

​លោក M. Jacques Pellet បាន​ថ្លែង​ដោយបាន​ផ្តល់​ការ​គាំទ្រ​លើ​ការបណ្តុះបណ្តាល ដោយ​សហការ​ជាមួយនឹង​ដៃគូ​សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​។​


​ភាគី​ទាំង​ ២​ ក៏បាន​ពិភាក្សាគ្នា​ផងដែរ​អំពី​បញ្ហា​ដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់ កិច្ចប្រជុំ​កំពូល​អង្គការ​អន្តរ​ជាតិ នៃ​ប្រទេស​និយាយ​ភាសា​បារាំង នៅ​ឆ្នាំ​ ២០២៦ ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុងតែ​ធ្វើ​កិច្ចការងារ​ដើម្បី​ស្វែងរក​ការ​​គាំទ្រ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​។​

​លោក នេត្រ ភក្ដ្រា ក៏បាន​គូសបញ្ជាក់​អំពី​ផែនការ​មួយចំនួន​នៅក្នុង​ការចូលរួម​ផ្សព្វ​​ផ្សាយ​ព័ត៌មាន និង​ការប្រើ​​ប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ដែលជា​សមាជិក​នៃ​ប្រទេស​និយាយ​បារាំង​។​

​ការ​ផ្សព្វផ្សាយ​នេះ​ដោយ​ត្រូវ​ការជំរុញ​បន្ថែម​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​ភាសា​បារាំង តាមរយៈ​ការផ្សព្វផ្សាយ​ព័​ត៌​មាន ដើម្បីឱ្យ​បងប្អូន​ប្រជាជន​ដែលជា​ជនជាតិ​បារាំង​នៅ​កម្ពុជា ក៏​ទទួលបាន​ព័ត៌មាន​អំពី​កម្ពុជា ជា​ភាសា​បារាំង និង​ឱ្យ​អ្នករៀន​សូត្រ​ភាសា​បារាំង អាច​អាន​ព័ត៌មាន​អំពី​កម្ពុជា​ជា​ភាសា​បារាំង​បាន​។​ ​ក្រសួង​ព័ត៌មាន មាន​វិទ្យុជាតិ​​កម្ពុជា ទូរទស្សន៍​ជាតិ​កម្ពុជា ទីភ្នាក់ងារ​ AKP បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​បារាំង​៕ 

​វង្ស ដា​រា​វ៉ា​ឌី​