​ភ្នំពេញៈ ក្រសួង​អធិការកិច្ច និង​កម្ម​​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) ឯក​ភាពចុះ​អនុស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា ក្នុង​វិស័យ​អភិបាលកិច្ច​ល្អ តាមរយៈ​គម្រោង​ផ្តល់​វគ្គប​ណ្តុះ​បណ្តាល និង​លើកកម្ពស់​សមត្ថភាព​ជំនាញ​របស់​មន្ត្រី ក៏ដូចជា​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា​ជាដើម​។​


​ការឯកភាព​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​លោកស្រី Alissar Chaker អ្នកតំណាង​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​អភិ​​វឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​​ ២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​នោះ​។​

​ក្នុងឱកាស​នោះ​លោក ហួត ហាក់ បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ UNDP ប្រចាំ​នៅ​កម្ពុជា ចំពោះ​ការ​ផ្ដល់ជំនួយ​ជាច្រើន​ដល់​ប្រទេស​​កម្ពុជា​នាពេល​កន្លងមក និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ ដែលមាន​ជាអាទិ៍ ថាមពល បរិស្ថាន ការដោះមីន សិ​ទិ្ធ​មនុស្ស អប់រំ និង​សង្គមកិច្ច​។​


​ជាពិសេស​លើ​ការងារ​លុបបំបាត់​ភាពក្រីក្រ ការដឹកនាំ​តាមបែប​ប្រជា​ធិបតេយ្យ នីតិរដ្ឋ និង​បរិ​យាប​ន្ន ព្រមទាំង​ការជួយជ្រោមជ្រែង​ប្រទេស​កម្ពុជា​ដើម្បី​ឈានទៅ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​ ២០៣០​។​

​លោកស្រី​អ្នកតំណាង​ប្រចាំ​ប្រទេស​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ក្រុមការងារ​ចូលជួប​ពិភាក្សា និង​រាយ​ការណ៍​អំពី​បេសកកម្ម និង​សកម្មភាព​ការងារ​របស់​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា នាពេល​កន្លងមក​។​


​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា​៖ «​ភាគី​ទាំង​ ២ ឯកភាព​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ក្នុង​វិស័យ​អភិបាលកិច្ច​ល្អ ដើម្បី​ចាប់ផ្ដើម​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំង ​២ ដោយ​ចាត់តាំង​ក្រុមការងារ​នៃ​ភាគី​ទាំង​ ២ ​ពិភាក្សា​លម្អិត​លើ​ផ្នែក​បច្ចេកទេស​ក្នុងពេល​វេលា​ឆាប់ៗ​ខាងមុខនេះ​»​។​

​ភាគី​ទាំង​ ២ ក៏បាន​ឯកភាព ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថ​ភាព​ជំនាញ​របស់​មន្ត្រី និង​ជំនួយ​បច្ចេកទេស ជាពិសេស​អ្នកជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី អធិការកិច្ច និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ក្រសួង​កំពុង​រៀបចំ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​អំពី​ស្ថានភាព​នយោបាយ​ដែលមាន​សភាព​ល្អប្រសើរ​លើ​គ្រប់​ទិដ្ឋភាព​រួមមាន ន​យោ​​បាយ សង្គម សេដ្ឋកិច្ច ដែល​បង្ក​បរិយាកាស​អនុគ្រោះ និង​អំណោយផល​ដល់​ការអភិវឌ្ឍ សង្គមជាតិ និង​ទាក់​ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​លោក ហួត ហាក់ ថ្លែងថា​៖ «​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បាន​ផ្តោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយជា​រដ្ឋបាល​សាធារណៈ​ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ​»​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ផែនការ​សកម្មភាព​ចំនួន ​៤ របស់​ក្រសួង​អធិការកិច្ច រួមមាន ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ការកសាង និង​ពង្រឹង​មូលធន​មនុស្ស​ការរៀបចំ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នៅក្នុង​សមត្ថកិច្ច​ក្រសួង​ដែល​រាជ​រដ្ឋា​ភិ​បាល​ប្រគល់ជូន និង​ការថែរក្សា​បរិ​យា​កាស​សុខដុម​នីយកម្ម​នៅក្នុង​ក្រសួង​និង​អង្គភាព​ចំណុះ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​៕