​កោះកុងៈ ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​​ ៧ ​នេះ​បាន​ដាក់ចេញ​គោលនយោបាយ​សំខាន់​ចំនួន​ ៦​ ចំណុច​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​


​លោក​បាន​ថ្លែង​ដូចនេះ​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ស្ថិតក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុ​ជារួម​នឹង​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​។​

​នៅក្នុង​ពិធី​នោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ៖ «​ខ្ញុំ​បានដាក់​ចេញ​នូវ​គោល​​នយោបាយ​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី​ដែល​ទី​ ១ ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់ ដែល​ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញា​​ធរ​អគ្គិសនី ត្រូវខិតខំ​រកម​ធ្យោ​បាយ​ធ្វើយ៉ាងណា​ផ្គត់ផ្គង់​អគ្គិ​ស​នី​ឱ្យដល់​ភូមិ​ជាង​១​ភាគរយ​ដែល​មិនទាន់មាន​អគ្គិសនី​ប្រើប្រាស់​ឱ្យទទួល​បាន​អគ្គិសនី​ប្រើប្រាស់​មុន​ឆ្នាំ​ ២០៣០»​។​


​លោក​បាន​បន្តថា ចំណុច​ទី​ ២ បន្តធ្វើ​ទំនើបកម្ម​លើ​ការផ្តល់​សេវាកម្ម​ជូន​អតិថិជន​ប្រើប្រាស់​អគ្គិសនី​ឱ្យ​កាន់តែ​ទំនើប​កាន់តែ​ស្រួល​ដោយ​បង្កើត​ការបង់ថ្លៃ​អគ្គិសនី​តាមរយៈ​អន​ឡាញ ពោលគឺ​ធ្វើឱ្យ​ការបង់ថ្លៃ​សេវា​កាន់​តែមាន​ភាពងាយស្រួល​ដែល​នេះ​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧​។​

​ចំណែក​ចំណុច​ទី ​៣ ​គឺ​បន្ត​ពិនិត្យ​លទ្ធភាព​ផ្តល់​ការអនុគ្រោះ​ថ្លៃ និង​បន្ថយថ្លៃ​លក់​អគ្គិសនី​ឱ្យ​កាន់តែ​ទាប​ជាង​មុន ឱ្យ​គ្រប់​លទ្ធភាព​ទាំងអស់​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានធ្វើ​ច្រើន​មកហើយ​នាពេល​កន្លងទៅ​។​


​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖«​មុននឹង​យើង​អនុម័ត​គម្រោង​នីមួយៗ​ទាំង​វា​រី​អគ្គិសនី ទាំង​សូ​ឡា​ជាដើម កិច្ចការ​សំខាន់​គឺ​ការចរចា​តម្លៃ​ដើម្បី​ធានា​តម្លៃ​ជូន​ប្រជាពលរដ្ឋ ព្រោះ​យើង​ធ្វើ​មិនមែន​ធ្វើ​ឱ្យតែ​ល្អមើល​ទេ សំខាន់​ឱ្យ​ភ្លើង​បាន​ដល់ផ្ទះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ មាន​ស្ថិរភាព លំនឹង ហើយ​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​»​។​

​សម្រាប់​ចំណុច​ទី​ ៤ គឺ​ជំរុញ​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​អន្តរ​កាល​ថាមពល​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹតភាព​កាបូន​ស្របតាម​និន្នាការ​ពិភពលោក​បច្ចុប្បន្ន​, ទី​៥ ជំរុញ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​វិនិយោគ និង​ការធ្វើ​អាជីវកម្ម​ផ្តល់​សេវាកម្ម​អគ្គិសនី និង​ចំណុច​ទី​៦ គឺ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​អន្តរជាតិ​ទាំង​ក្នុង និង​ក្រៅ​តំបន់​លើ​វិស័យ​ថាមពល​។​

លោកហ៊ុនម៉ាណែតពិនិត្យគំនូសទីតាំងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើកាលពីថ្ងៃទី ៣០ វិច្ឆិកា។ រូបថត ក្រសួងព័ត៌មាន

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖«​ទាំងនេះ​គឺជា​ផែនការ និង​គោលការណ៍​បន្ត​របស់​រា​ជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​ ៧ ​ដែល​បាន​កសាង និង​ត្រៀម​អនុវត្ត​បន្ត កសាង​មូលដ្ឋាន​អគ្គិសនី​របស់​យើង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​»​។​

​នាឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​នីមួយៗ​មាន​ភារកិច្ច​មិន​ត្រឹមតែ​ត្រូវ​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​ការផ្គត់ផ្គង់​ថាមពល​មានគុណ​ភាព ស្ថិរភាព ប្រសិទ្ធភាព និង​ថ្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​ធ្វើឱ្យ​វិស័យ​ថាមពល​ឈានទៅរក​អព្យាក្រឹតភាព​កាបូន​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​របស់​ពិភពលោក​ផងដែរ​។​

​លោក​ កែវ រតនៈ រដ្ឋមន្ត្រី​ក្រ​សួង​រ៉ែ និង​ថាមពល បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ស្ទឹង​តា​តៃ បានផ្តល់​សក្តានុពល​ចំនួន ​២ ក្នុងនោះ​ទី​១ គឺ​សក្តានុពល​ចំពោះ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ ២៤៦​ មេ​ហ្គា​វ៉ា​ត់​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​សម្បទាន​ឱ្យ​ក្រុម​​ហ៊ុន​CHMC វិនិយោគ ហើយ​បាន​ដាក់ឱ្យ​ដំណើរ​តាំងពី​ខែធ្នូ ឆ្នាំ ​២០១៥ រួចមក​ម្លេ​៉ះ​។​

​លោក​បាន​បន្តថា ទី ​២ ​គឺ​សក្តានុពល​ចំពោះ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ទំហំ​ ១៥០ ​មេ​ហ្គា​វ៉ា​ត់​ដែល​កំពុងតែ​សាងសង់​ថ្មី​បន្ថែម​នេះ ហើយ​ដែល​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន CHMC​ ដ​ដែលជា​អ្នកវិនិយោគ​បន្ត និង​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងលើ​នៃ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​បច្ចុប្បន្ន​ដែលមាន​ចម្ងាយ​ប្រមាណ​១០​ គីឡូម៉ែត្រ​ពី​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ទី​ ១​។​

​លោក​ កែវ រតនៈ បាន​បញ្ជាក់ថា​៖ «​រូបភាព​នៃ​ការវិនិយោគ​គម្រោង​នេះ​គឺ​តាមរយៈ​ការ​សាង​សង់ ដំណើរការ និង​ការផ្ទេរ ដែល​ក្នុងនោះ​ទុនវិនិយោគ​សរុប​មាន​ប្រមាណ​ជា​ ៣៨៩,៤ ​លាន​ដុល្លារ​អាមេរិក​។ ទំហំ​ការងារ​ដែល​ត្រូវ​សាងសង់​រួមមាន ទំនប់ទឹក​អាង​ស្តុក​ទឹក រូង​ក្រោម​ដី​សម្រាប់​បង្ហូរទឹក ផ្លូវថ្នល់ ស្ពាន ស្ថានីយ​វា​រី​អគ្គិ​
​ស​នី​អានុភាព ១៥០​ មេ​ហ្គា​វ៉ា​ត់​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា រយៈពេល​សម្បទាន​មាន​ចំនួន​ ៣៩ ​ឆ្នាំ ក្នុងនោះ​ ៤ ​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ ហើយ​ ៣៥ ​ឆ្នាំ​សម្រាប់ធ្វើ​អាជីវកម្ម ដែល​បរិមាណ​ថាមពល​ផលិត​ប្រចាំឆ្នាំ​ពី​គម្រោង​នេះ គឺ​លក់​ទៅឱ្យ​អគ្គិសនី​កម្ពុជា មាន​ជា​មធ្យម​ប្រមាណ​ ៥២៧ ​លាន​គីឡូវ៉ាត់​​ម៉ោង​ក្នុង ​១ ​ឆ្នាំ​។​

​សូមបញ្ជាក់ថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​នេះ ប្រើ​ប្រភពទឹក​របស់​ស្ទឹង​ ២ គឺ​ស្ទឹង​​កែប និង​ស្ទឹង​តា​តៃ ដោយ​សាង​​សង់​ទំនប់​ ២​ កាត់​ស្ទឹង​ទាំង ​២ បង្កើត​
​ជា​អាង​ស្តុក​ទឹក ​២ ​ភ្ជាប់​គ្នា​ទៅ​​វិញ​ទៅមក​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​បានឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​ទំហំ​ប្រភព​អគ្គិសនី​សរុប​ចំនួន​ ៤ ២៤៦,៧៧​ មេ​ហ្គា​វ៉ា​ត់ ក្នុងនោះ​ចំនួន ៣ ១១៦,៤២ ​មេ​ហ្គា​​វ៉ា​ត់​ស្មើនឹង​ជាង​ ៧៣ ​ភាគរយ​ជា​ប្រភព​អគ្គិសនី​បាន​ពី​ការអភិវឌ្ឍ​ក្នុងស្រុក ចំណែក​ចំនួន​ ១ ១៣០,៧៥​ មេ​ហ្គា​វ៉ា​ត់ ស្មើនឹង​ជាង​ ២៦ ​ភាគ​រយ​ជា​ប្រភព​អគ្គិសនី​ដែល​បាន​នាំចូល​ពី​ប្រទេសជិតខាង​។  

​ក្រសួង​បាន​បន្តទៀតថា សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​បច្ចុប្បន្ន​មាន​ខ្សែ​បញ្ជូន​សរុប​ចំនួន​ ៣ ៩៥៣ ​គីឡូម៉ែត្រ និង​មាន​អនុ​ស្ថានីយ​ចំនួន​ ៦៣ ​ដែល​អាច​បញ្ជូន​ប្រភព​អគ្គិសនី​ដល់​រាជធានី​-​ខេត្ត​ចំនួន ២៥ ​ទូទាំងប្រទេស​។​

​ប្រភព​ដដែល​បាន​បន្តថា គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​សរុប​ប្រមាណ ៣,៧២​ លាន​ខ្នង​ផ្ទះ​ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្តាញ​ជាតិ​ស្មើនឹង​ប្រមាណ​ជិត​ ៩០ ​ភាគរយ​។ ជាមួយគ្នានេះ ភូមិ​ចំនួន​ជិត​ ១៤ ០០០ ស្មើនឹង​ ៩៨,២៧ ​ភាគរយ បាន​ត​ខ្សែបណ្តាញ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ខណៈ​នៅសល់​ភូមិ​ចំនួន​ជាង​ ២០០ ​ប៉ុណ្ណោះ​ស្មើនឹង​ ១,៧៣​ ភាគរយ​មិនទាន់​ត​ខ្សែបណ្តាញ​អគ្គិសនី​ដោយសារ​ភូមិ​ទាំងនោះ​ត្រូវបាន​ចាត់ទុកថា​ជា «​ភូមិ​ដែល​ពិបាក​ទៅដល់​»៕​