ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​អះ​​អាង​ថា រដ្ឋាភិបាល​បានផ្តល់​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​ពិតៗ ដោយបាន​គិតគូរ​ជំរុញ​ជីវភាព​ពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ស្មារតីទទួលខុសត្រូវ​ខ្ពស់ ​មិនមែនជា​ការសម្តែង​តែ​រូបភាព ដូច​ការ​លើកឡើង​របស់​ក្រុមប្រឆាំង​ថា រដ្ឋាភិបាល​ធ្វើ​នយោបាយ​ប្រ​ជា​ភិ​ថុ​តិ​នោះឡើយ​។​


​ការអះអាង​របស់​ប្រមុខ​រដ្ឋា​​ភិ​បាល បាន​ធ្វើឡើង​តាមរយៈ​សុន្ទរកថា ក្នុងឱកាស​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង និង​បើក​ការដ្ឋាន​សាងសង់ «​ទំនប់​​វា​រី​អគ្គីសនី​ស្ទឹង​តា​តៃ​លើ​» នៅក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង ក្រោម​ការវិនិយោគ​រប​ស់​ក្រុម​ហ៊ុន​ចិន នៅ​ព្រឹក​ថ្ងៃទី​​ ​៣០ ខែវិច្ឆិកា ឆ្នាំ ​២០២៣​។​

​លោក​គូសបញ្ជាក់ថា មាន​សារព័ត៌មាន​នៅក្រៅ​ស្រុក​ចោទថា រដ្ឋាភិបាល​របស់លោក​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​តិ​ដោយ​រិះគន់ថា ធ្វើ​អ្វី​គ្រាន់​​តែ​ធ្វើ​តែ​រូបភាព គ្មាន​លទ្ធផល​ជាក់ស្តែង​ទេ​។​


​លោក​បញ្ជាក់ថា​៖«​ឥឡូវ​សួរ​ពលរដ្ឋ​នៅទីនេះ ភ្លើង​ហ្នឹង​[​អគ្គិសនី​] ភ្លើង​សិប្បនិម្មិត ឬ​ភ្លើង​មែនទែន​? មិនមែន​គេ​ថតកុន ហើយ​យកទៅ​វិញ​ទេ​? ជាក់ស្តែង ពលរដ្ឋ​បាន​ភ្លើង​ប្រើ បើសិនជា​អត់​ភ្លើង អម្បា​ញ់​មិញ ពលរដ្ឋ​លើក​ទូរស័ព្ទ​មក​សុទ្ធតែ​ទូរស័ព្ទ​ឆ្លាត បាន​អី​សាក​ថ្ម​»​។​

​លោក​ឱ្យដឹងទៀតថា ថា​ម​ពល​អគ្គិសនី​បាន​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ៩៨ ​ភាគ​​រយ​នៅ​ទូទាំង​ភូមិ​ស្រុក ជុំវិញ​ប្រទេស ហើយ​អគ្គិសនី​បាន​បញ្ជ្រាប​ទៅដល់​គ្រប់​បណ្តា​ខេត្ត និង​នៅតាម​ភូមិ​ស្រុក មិន​ចំពោះតែ​ទីប្រជុំជន និង​ក្រុង​ឡើយ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែង​ដោយ​សុខចិត្ត​ឱ្យគេ​ហៅថា​មេដឹកនាំ​ផ្តាច់ការ ឱ្យតែ​ប្រជាពលរដ្ឋ​ទទួលបាន​សុខ​សន្តិ​​ភាព មានការ​អភិវឌ្ឍ រស់នៅ​សមរម្យ ជាជាង​ដឹកនាំ​ប្រទេស​ឱ្យ​កើតមាន​សង្គ្រាម​។​

​លោក​ថ្លែងថា​៖ «​មាន​អ្នកខ្លះ​ថា ១០០ ​ថ្ងៃ​របស់​រដ្ឋាភិបាល គួរតែ​កាន់ទុក្ខ​។ សូម​កាន់ទុក្ខ​តែ​អ្នកឯង​ចុះ ប្រជាជន​ទើបតែ​មកពី​សប្បាយ​នៅ​ព្រះរាជ​ពិធី​បុណ្យអុំទូក ហើយ​អ្នក​កាន់ទុក្ខ គាត់​កាន់តែ​គាត់​ចុះ​»​។​

​លោក​បញ្ជាក់ថា សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ដែល​អាច​ឃើញជាក់ស្តែង​នេះ កើតចេញពី​ផ្លែផ្កា​នៃ​សុខសន្តិភាព ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​បាន​ផល​ពី​គោលនយោបាយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៧ ដែល​បាន​ដាក់ចេញ​ក្នុងនោះ​ផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។

រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ បាន​ប្តេជ្ញាចិត្ត​បន្ត​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ចំនួន ​៣ ក្នុងនោះ ជំរុញ​ជីវភាព​ប្រជា​​ពលរដ្ឋ និង​សេដ្ឋកិច្ច​ឱ្យ​ដើរ​ទៅមុខ ការអភិវឌ្ឍ​ត្រូវ​គិតគូរ​ពី​ផលប៉ះពាល់​ទៅលើ​មូលដ្ឋាន បរិស្ថាន​មនុស្ស សត្វ និង​ក្នុងនាម​ប្រទេស​កម្ពុជា​ជា​សមាជិក​របស់​ពិភពលោក កម្ពុជា​គិតគូរ​ថែរក្សា​បរិស្ថាន​ពិភពលោក ប្រឆាំង​ការប្រែប្រួល​អាកាស​ធាតុ​។​

​លោក ​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែងថា គេ​អាច​មើលឃើញ​ពី​សមិទ្ធផល​ជាក់ស្តែង​ដែល​រដ្ឋាភិបាល​បានធ្វើ តួ​យ៉ាង​ផ្លូវ​ល្បឿន​លឿន ស្ពាន​ឆ្លងទន្លេ ទំនប់​វា​រី​អគ្គិសនី ទឹក​ស្អាត ដែល​បាន​ស្រោចស្រព​ទៅដល់​ទីជនបទ​។​

​លោក​ យង់ ពៅ បាន​ថ្លែង​បន្តទៀតថា​៖ «​បើ​គេ​មើល​ពី​ជ្រុង​អវិជ្ជមាន ទោះ​មាន​ស្នាដៃ​យ៉ាងណា​ក៏​នៅ​ចេញ​ប្រជា​ភិ​ថុ​តិ​នោះដែរ តែ​រាជរដ្ឋាភិបាល​បានធ្វើ​ចេញ​លទ្ធផល​ជាក់​​ស្តែង ប្រជាជន​បាន​ប្រើ​ប្រាស់​។ ពិតណាស់​ការងារ​អភិវឌ្ឍន៍​ខ្លះ​ប៉ះពាល់​ទៅដល់​ប្រជាជន នៅក្នុង​ជ្រុង​តិចតួច តែ​វា​បាន​បម្រើ​ដល់​ប្រយោជន៍​សាធារណៈ​»៕