​ភ្នំពេញៈ លោក​ កែវ រ៉េមី ទេស​​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ប្រធាន​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​​ (CHRC) បាន​អះអាងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ​មាន​ភាពល្អប្រសើរ ជាក់ស្តែង​នៅក្នុង​មណ្ឌល​អប់រំ កែប្រែ​ទី​ ២ អ្នក​ជាប់ឃុំ​ទទួលបាន​របប​អាហារ​គ្រប់គ្រាន់​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ការថែទាំ​សុខភាព ខណៈ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏មាន​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការល្អ​ជាមួយ CHRC ផងដែរ​។​


​លោក​ កែវ រ៉េមី​ បានលើកឡើង​ដូច្នេះ ​ក្នុងអំឡុង​លោក​ដឹកនាំ​គណៈ​ប្រតិភូជួបពិភាក្សា​ការងារ ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កាលពី​ព្រឹក​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ២ ឬ​ម ​២ ជុំវិញ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ និង​ការ​ពិនិត្យមើល​ស្ថាន​​ភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធ​នា​​គារ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យ​របស់ CHRC​។​

​លោក​ ស្រ៊ាង ចិន្តា បាន​ថ្លែងថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានរៀបចំ​ជំនួប​ពិភាក្សា​នេះ​ឡើង មាន​គោលដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ដើម្បី​លើក​ស្ទួយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ និង​កន្លែង​ឃុំ​​ឃាំង​នានា​មាន​ភាពល្អប្រសើរ ស្របទៅតាម​និយាម និង​បទ​​ដ្ឋា​ន​សិទ្ធិមនុស្ស​អន្តរជាតិ​។​


​បើតាម​លោក ​ស្រ៊ាង ចិន្តា​ប្រធាន CHRC បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ ហើយ​ជាក់​​ស្តែង​ដូច​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ​២ ដោយសារ​អ្នក​ជាប់ឃុំ​បានទទួល​របប​អាហារ​គ្រប់គ្រាន់ បរិ​ស្ថាន និង​អនាម័យ​ក៏មាន​ភាព​​ល្អប្រសើរ អ្នក​ជាប់ឃុំ​អាច​ចេញពី​កន្លែង​ឃុំឃាំង​ទៅ​ស្រូបខ្យល់​​អាកាស​នៅ​ខាងក្រៅ មាន​ពេល​វេលា​ហាត់ប្រាណ ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថែមទាំង​មាន​បណ្ណាល័យ​អាន​សៀវភៅ​ផង ជាពិសេស​មាន​ទី​តាំង​គោរពបូជា​សាសនា គ្រប់​សាសនា​។ 

​លោក​បញ្ជាក់ថា​៖ «​ក្នុង​យន្តការ​តាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​នេះ យើង​មាន​ក្រុមការងារ ដែល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាការ និង​មណ្ឌល​អប់រំ​កែប្រែ​នៅ​ទូទាំង ២៥ ​រាជធានី​-​ខេត្ត ហើយ​នៅ​ភ្នំពេញ យើង​មាន​ទាំង​ប្រអប់​សំបុត្រ​សម្រាប់​អ្នក​ជាប់ឃុំ​ដាក់​ស្នើ​ផ្សេងៗ ហើយ​ខាងយើង​ជា​អ្នក​កាន់​កូនសោ និង​ចុះ​ពិនិត្យ​ជាប្រចាំ​»​។


លោក​បន្ថែមថា កន្លងមក​អគ្គនាយក​ដ្ឋា​ន​ពន្ធ​នាគារ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​ប្តេជ្ញា​បន្ត​កិច្ច​​សហការ​នេះ​បន្ថែមទៀត ដើម្បី​អាច​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​នៅ​ទូទាំងប្រទេស​ហើយ​មាន​ជំនួប​ពិភាក្សាគ្នា​ជា​ទៀងទាត់​។​

​ជុំវិញបញ្ហានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា បញ្ហារបបអាហារហូបចុកនៅក្នុងពន្ធនាគារអាចមានភាពគ្រប់គ្រាន់តែសម្រាប់រង្វង់អ្នកជាប់ឃុំដែលមានក្រុមគ្រួសារជួយជ្រោមជ្រែង ដោយឡែកអ្នកជាប់ឃុំខ្លះទៀតមិនទទួលបានគ្រប់គ្រាន់ឡើយ។ ឯការបណ្តុះបណ្តាលវិជ្ជាជីវៈវិញនៅមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនោះទេ។ លោកថាបញ្ហាចម្បងក្នុងពន្ធនាគារគឺភាពចង្អៀតណែនដែលមិនទាន់ដោះស្រាយចេញ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមពី រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។

លោកពន្យល់ថា៖ «ភាពចង្អៀតណែននៅក្នុងពន្ធនាគារនេះវាជះឥទ្ធិពលទៅដល់សុខភាពបរិស្ថានរស់នៅ អនាម័យ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ ខាងសង្គមស៊ីវិលទទូចឱ្យមានដំណោះស្រាយ លើបញ្ហានេះដែលកន្លងមកខាងក្រសួងយុត្តិធម៌ និងអគ្គនាយកដ្ឋានពន្ធនាគារសាកល្បងឱ្យអ្នកជិតផុតទោសនៅក្រៅឃុំបណ្តោះអាសន្នវិញ ដែលបានអនុវត្តតិចតួច»។ 

លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាលគួរពិនិត្យកែតម្រូវការផ្តល់ជូននូវការបណ្តុះបណ្តាលវិជ្ជាជីវៈស្តារនីតិសម្បទាអ្នកជាប់ឃុំ សម្រាប់ជាស្ពានជួយពួកគេមានលទ្ធភាពប្រឡូកទៅក្នុងសង្គមឡើងវិញ ពេលចេញពីពន្ធនាគារ ដែលការណ៍នេះទាមទារការយកចិត្តទុកដាក់បន្ថែមពីរដ្ឋាភិបាល៕