លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យទាំងផ្នែកសន្តិសុខ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានចូលរួមយ៉ាងសប្បាយរីករាយ។
ការវាយតម្លៃរបស់ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធីប្រព្រឹត្តទៅដោយរលូន និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖«បន្ទាប់ពីយើងបានផ្អាកជាច្រើនឆ្នាំដោយសារបញ្ហាកូវីដ ១៩ ហើយព្រះរាជពិធីបុណ្យអុំទូកលើកនេះ មានប្រជាជនច្រើនកុះកររាប់លានដែលបានចូលរួម ជាពិសេសនៅ រាជធានីភ្នំពេញដែលបង្កើនឱ្យបរិយាកាសនេះប្រកបទៅដោយសប្បាយរីករាយ»។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណទៅដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងនោះមាន សហភាពសហព័ន្ធយុវជនកម្ពុជា និងបណ្តាក្រុមហ៊ុនក្នុងវិស័យឯកជនផងដែរ ដែលបានចូលរួមរៀបចំកម្មវិធីនានា រួមទាំងពិព័រណ៍ តន្រ្តី ល្បែងកម្សាន្ត នៅរាជធានីភ្នំពេញដែលបង្កលក្ខណៈឱ្យកម្មវិធីនេះ កាន់តែអធិកអធម ធ្វើឱ្យពលរដ្ឋគ្រប់ទិសទីមានការសប្បាយរីករាយ។
លោកបញ្ជាក់ថា៖«នេះឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៃការវិវត្តន៍របស់ប្រទេសកម្ពុជា នេះក៏ជាជោគជ័យមោទនៈមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលក្រោមម្លប់ត្រជាក់នៃសន្តិភាព ដែលពេលនេះចាប់ផ្តើមដំណើរការពេញលេញថែមទាំងមានសមត្ថភាពអាចប្រមូលកម្លាំងរួម សម្រាប់រាជរដ្ឋាភិបាល និងក្តាប់បាននូវសភាពការណ៍ ស្ថិរភាព និងកាលៈទេសៈ គ្រប់បែបយ៉ាង»។
ឆ្លៀតក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរគ្រប់ក្រសួង ស្ថាប័ន ដែលបានរៀបចំប្រទីបបានល្អ និងប្រកបដោយអត្ថន័យ ខណៈសមត្ថកិច្ចគ្រប់ស្ថាប័ន នគរបាល កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស និងគ្រប់អង្គភាពទាំងអស់ ក៏ដូចជាប្រជាការពារដែលបានរួមគ្នាថែរក្សានូវស្ថិរភាព ជាមួយប្រជាពលរដ្ឋរាប់លាននាក់ដែលមកកម្សាន្ត។
លោកថ្លែងថា៖«អរគុណដល់ប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមសប្បាយ ប្រកបដោយស្មារតីសាមគ្គី និងសប្បាយរីករាយរួមគ្នា ជាពិសេសបងប្អូនកីឡាអុំទូក ទាំងស្រី ប្រុស និងបងប្អូនបរទេសដែលបានចូលរួម ដែលកិច្ចការឆ្នាំនេះសរុបសេចក្តីមកបានជោគជ័យល្អ ដោយសារការចូលរួមរបស់យើងក្នុងនាមជាកម្លាំងជាតិរួមមួយ»។
គួរជម្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ដែលទើបបញ្ចប់ទៅថ្មីៗនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ១១ បានទទួលភ្ញៀវទេសចរដែលមកកម្សាន្តប្រមាណជិត ៦ លាននាក់៕