ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាស​ទទួល​ស្គាល់ និងផ្តល់​វិញ្ញាបនបត្រ​ដល់អង្គការ សមាគមចំនួន ១២ សម្រាប់​ជាមណ្ឌល​ថែទាំកុមារ ដែលការទទួលស្គាល់​នេះ ដើម្បី​ទប់ស្កាត់​ការបើក​មណ្ឌល​ដែលគ្មាន​គុណភាព និងអនាធិបតេយ្យ និងទប់ស្កាត់ការ​រំលោភ​បំពាន​កុមារ។


ក្រសួង​សង្គមកិច្ច បានឱ្យដឹង​ថា ពិធីប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល​ថែទាំកុមារ ត្រូវបានរៀបចំ​ឡើងកាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​លោក ឌីន បូរី អគ្គនាយក​សេវា​សង្គមកិច្ច នៃក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួម​ពីតំណាង​អង្គការ និងសមាគម​ថែមទាំង​កុមារ​ផងដែរ។

មណ្ឌល​ថែទាំ​កុមារ​សរុបចំនួន ១៦ នៃអង្គការ សមាគម ដៃគូចំនួន ១២ ដែលបានបំពេញ​គ្រប់​លក្ខខណ្ឌ និងទម្រង់​បែបបទ​នៃការស្នើ​សុំ​ការអនុញ្ញាត​បង្កើត​មណ្ឌល​ថែទាំកុមារ ដែលក្រសួង​សង្គមកិច្ច បានសម្រេច​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ជាមណ្ឌល​ថែទាំកុមារ ទាំងនោះរួម​មាន ១ អង្គការ​ដើម្បី​ភាពញញឹម​នៃកុមារ (PSE) ២ អង្គការ​បម្រើ​ដើមឈើ​សេវាសង្គម​ដើមឈើ​សប្បាយ ៣ អង្គការ​គ្រួសារថ្មី ៤ អង្គការ​ខេខេអ៊ីវី កម្ពុជា ៥ អង្គការ World Mobilization ៦ សមាគម​ក្តីសង្ឃឹម​របស់​ជនក្រីក្រ  ៧ អង្គការ​មូលនិធិ​នៃក្តី​សង្ឃឹម (Operation Hope Foundation) ៨ អង្គការ​បេះដូង​តូច ៩ អង្គការ​តំណក់ទឹក ១០ អង្គការ​បេសកកម្ម​ជីវិត​ថ្មី ១១ អង្គការ​បណ្ដាញ​កុមារ​ឥតព្រំដែន​កម្ពុជា និង១២ អង្គការ Friends International។


ថ្លែងក្នុង​ពិធីនោះ លោក ឌីន បូរី អគ្គនាយក​សេវា​សង្គមកិច្ច បានបញ្ជាក់ផងដែរថា ការផ្តល់ការអនុញ្ញាតឱ្យបើកមណ្ឌលដំណើរការថែទាំកុមារ គឺមានតែ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា តែមួយគត់​ដែលជាស្ថាប័ន​សមត្ថកិច្ច ហើយមណ្ឌល​ថែទាំ​មិនបាន​ទទួលស្គាល់​ទេ គឺមណ្ឌល​ថែទាំនោះ​ជាមណ្ឌល​ខុសច្បាប់។

លោកថ្លែង​ថា៖«សារៈសំខាន់​នៃការផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​មណ្ឌល រួមមាន ទប់ស្កាត់ការ​បើកមណ្ឌល​ដែលគ្មាន​គុណភាព និងអនាធិបតេយ្យ ទប់ស្កាត់ការ​រំលោភ​បំពាន​កុមារ ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ អាចត្រួត​ពិនិត្យបាននូវ​ឥរិយាបថ​របស់​អ្នកថែទាំ​កុមារ និងគ្រប់គ្រង​បាននូវ​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ»។


អង្គការ​ដើម្បី​ភាពញញឹម​នៃកុមារ (PSE) ក្នុងចំណោម​អង្គការ​ខាងលើ​បានឱ្យដឹង​ថា ជារៀងរាល់​ឆ្នាំ របស់​ខ្លួន បានមើល​ថែទាំ​គ្រួសារ​ចំនួន​៣៥០០ ដែលមកពី ២៤ សហគមន៍​ផ្សេងៗគ្នា​ជុំវិញ​រាជធានី​ភ្នំពេញ។

អង្គការបន្ត​ថា ស្ថានភាព​នៃការរស់នៅ​ក្នុងសហគមន៍​ទាំងនោះ​គឺពិតជា​លំបាកខ្លាំង ដោយទីជម្រក​របស់ពួកគាត់​មិនច្បាស់លាស់ ផ្លូវ​មធ្យោបាយ​ធ្វើដំណើរ​មិនស្អាត មានសំរាម​គ្រប់​ទីកន្លែង កុមារ​មិនមាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ហើយអំឡុង​រដូវវស្សា​ទឹកកខ្វក់​តែងតែ​នាំមកនូវ​មេរោគ​ជាច្រើន​ប៉ះពាល់​ដល់​សុខភាព ឬសត្វល្អិត​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​នានា ម្យ៉ាងទៀត​គ្រួសារមួយចំនួន​មិនមាន​អគ្គិសនី ឬទឹកស្អាត​ប្រើប្រាស់។

PSE បន្ថែម​ថា៖«ដូច្នេះ​ហើយទើប​អង្គការ (PSE) គឺជាទីតាំង​ជំនួយ​ដ៏មានសារៈសំខាន់​បំផុត​សម្រាប់​គ្រួសារ​របស់​ពួកគាត់ ដែលនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ការផ្ដល់​អង្ករ ការសិក្សា​សម្រាប់​កូនៗ ហើយ​សម្រាប់​ករណីខ្លះ​យើងបាន​ផ្ដល់​ជូនជា​ហិរញ្ញវត្ថុ​សម្រាប់ការចំណាយ​លើការស្នាក់នៅ​របស់​ពួកគាត់​ផងដែរ»៕