លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងការលើកកម្ពស់ការបង្រៀនភាសាបារាំងនៅប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីៗ និងទំនើប ដែលជាចំណែកដល់ការអភិវឌ្ឍសមត្ថភាពរបស់សិស្ស។
លោករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នាឱកាសបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរ «ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ» ដែលបានប្រារព្ធឡើងនៅស្ថានទូតបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់តំណាងស្ថាប័ន និងសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង និងលោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្រៀនភាសាបារាំងជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានផ្ដួចផ្ដើមគំនិតបង្កើត «ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ» នេះឡើង។
លោកក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងការលើកកម្ពស់ការបង្រៀនភាសាបារាំងនៅប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់នូវវិធីសាស្រ្តបង្រៀនថ្មីៗ និងទំនើប ដើម្បីលើកទឹកចិត្តសិស្សក្នុងការសិក្សា ដែលនេះជាកត្តាដ៏ចាំបាច់ និងមានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពសិស្ស។
លោកបានគូសបញ្ជាក់ផងដែរ នូវកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយដៃគូពាក់ព័ន្ធនានាដែលប្រើប្រាស់ភាសាបារាំង ក្នុងគោលបំណងបង្កើនការយល់ដឹងបន្ថែមដល់សិស្សានុសិស្ស និងមាតាបិតាអំពីសារៈសំខាន់នៃការសិក្សាភាសាបារាំង។ ក្នុងនោះរួមមាន ការបន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តផែនការរួមសម្រាប់ភាសាបារាំងសំដៅពង្រឹងគុណភាព និងភាពទាក់ទាញនៃការសិក្សាភាសាបារាំង និងការបន្តពង្រឹងសមត្ថភាពគ្រូបង្រៀនភាសាបារាំងនៅប្រទេសកម្ពុជា។
នៅក្នុង «ទិវាគ្រូបង្រៀនភាសាបារាំងអន្តរជាតិ» មានគ្រូបង្រៀនភាសាបារាំងប្រមាណ ៣០០ នាក់មកពីតំបន់នានានៃប្រទេសកម្ពុជាបានជួបជុំគ្នាក្នុងពិធីនោះនៅស្ថានទូត។ ជារៀងរាល់ថ្ងៃ លោកគ្រូ អ្នកគ្រូ ទាំងនេះបានផ្ទេរចំណេះដឹង ភាសាបារាំងដល់សិស្សរបស់ខ្លួន។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្ថានទូតបារាំងបញ្ជាក់ទៀតថា៖«ប្រទេសបារាំង បានប្រឹងប្រែងលើកស្ទួយការសិក្សាភាសាបារាំងនៅកម្ពុជា ហើយក្នុងភាពជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបានបង្កើតកម្មវិធីពង្រឹងការបណ្តុះបណ្តាលគ្រូ និងលើកកម្ពស់ភាពទាក់ទាញនៃភាសាបារាំង»។
ពាក់ព័ន្ធភាសាបារាំងនេះដែរ ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។
សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន៕