​ប្រជាពលរដ្ឋ​ខ្វះខាត​ប្រមាណ ២ ០០០ នាក់ នៅក្នុង​ខេត្តកណ្តាល ត្រូវបាន​រំពឹងថា នឹងមាន​ទឹកស្អាត​ប្រើប្រាស់​នៅ​រយៈពេល ​៦ ​ខែ​ខាងមុខ ខណៈ​គម្រោង​ព​ន្លឿ​ន​លទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​នៅតាម​គ្រួសារ ត្រូវបាន​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទិ​កា (Etiqa Life Insurance Cambodia) បាន​សហការគ្នា​ដំណើរការ​គម្រោង​ចាប់ពី​ដើមឆ្នាំ​ ២០២៤ ​ខាងមុខនេះ​។​


គម្រោង​នេះ ត្រូវបាន​បង្ហាញ​ឱ្យដឹង​នា​ពិធី​ប្រគល់​-​ទទួល​ថវិកា​សប្បុរស​ធម៌ ៥០ ០០០ ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​សកម្មភាព​លើកកម្ពស់​វិស័យ​ទឹកស្អាត រវាង​ក្រុមហ៊ុន​ធានារ៉ាប់រង អេ​ទី​កា និង​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា (WaterAid) កាល​ព្រឹក​ថ្ងៃ ទី​ ១ ខែធ្នូ ឆ្នាំ​ ២០២៣​។

គម្រោង​នេះ​ផងដែរ គឺ​តាមរយៈ​ការសហការ​ជាមួយ​អាជ្ញាធរ សេវាករ​ផ្គត់ផ្គង់​ទឹក ការផ្សព្វផ្សាយ​ផ្លាស់ប្តូរ​ឥរិយាបថ និង​ការគាំទ្រ​ថវិកាបដិភាគ​ដល់​គ្រួសារ​ក្រីក្រ​ជាដើម​។


​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា បានផ្តល់​ថវិកា​ចំនួន ៥០ ០០០ ដុល្លារ​អាមេរិក ដល់​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា ដែល​ថវិកា​នេះ​នឹង​យកទៅអនុវត្ត​គម្រោង​ព​ន្លឿ​ន​លទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​នៅតាម​គ្រួសារ នៅ​ខេត្តកណ្តាល ដែល​រំពឹងថា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២០០០ នាក់ ឬ​ស្មើ​៥០០​គ្រួសារ ក្នុង​រយៈពេល ៦ ខែ​ខាងមុខ​។

ថ្លែង​នាឱកាស​នោះ លោក ដា​តូ ចូ​ហាន​អា​ហ្វ្រី​ហ្វី​ន (Dato' Johan Ariffin) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Etiqa មានប្រសាសន៍ថា អេ​ទី​កា ជា​ក្រុមហ៊ុន​សាជីវកម្ម​ឈានមុខ​មួយ​ដែលមាន​គោលបំណង​ចូលរួម​លើកកម្ពស់​សុខភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា និង​ចង់ឃើញ​ប្រជាជនមាន​លទ្ធភាព​កាន់តែច្រើន​ក្នុងការ​ទទួលបាន​សេវា​គាំពារ​សុខភាព​។


លោក​ថា គម្រោង​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត ដែលជា​ការសហការ​ជាមួយ​អង្គការ​វ័ត​ធី​អេ​ត​កម្ពុជា នឹង​ជួយ​ពង្រឹង​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ងាយ​រងគ្រោះ និង​តំបន់​បរិស្ថាន​ប្រឈម​។

លោក​ថា​៖ «​គោលដៅ​យើង​តែមួយ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​សុខភាព​ល្អ ដូច្នេះ​ការងារ​ដែល​គាំទ្រ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ នឹង​ជួយ​ឱ្យ​ពួកគាត់ មាន​សុខ​ភាពល្អ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ ហេតុនេះ ការសហការ​គ្នា​នេះ គឺ​យើង​ចង់ឃើញ ប្រជាពលរដ្ឋ​គ្រប់គ្នា​មានលទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្ន​»​។

បន្ថែម​ពីនេះ លោក​បាន​បញ្ជាក់ដែរថា កញ្ចប់​ហិរញ្ញវត្ថុ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម ដែល​ផ្តល់ជូន​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា​នាពេលនេះ នឹង​បានដាក់​បញ្ចូល​នូវ​សកម្មភាព​ដែល​គាំទ្រ​ដល់​តម្រូវការ​របស់​ម​នុស្ស​គ្រប់រូប និង​ធានាថា​គ្រប់គ្នា​មានលទ្ធភាព​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​អនុវត្ត​អនាម័យ​បាន​ពេញលេញ ព្រមទាំង​មិន​ទុកចោល​នរណាម្នាក់​ឡើយ។

ជុំវិញ​គម្រោង​នេះ លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា បានឱ្យដឹងថា សកម្មភាព​គាំទ្រ​ដល់​កិច្ចការ​លើកកម្ពស់​ទឹកស្អាត និង​អនាម័យ គឺជា​ភារកិច្ច​ដ៏​ចាំបាច់​ដែល​តម្រូវឱ្យ​គ្រប់គ្នា​ចូលរួម​តាម​លទ្ធភាព​។

លោក​ថា ប្រសិនបើ​របាំង​ឬ​ឧបសគ្គ​នៃ​ទឹកស្អាត និង​អនាម័យ ត្រូវបាន​ដោះស្រាយ​ដោយមាន​ការគាំទ្រ​ពី​មនុស្ស​គ្រប់គ្នា នោះ​ប្រជាជន​គ្រប់​ទីកន្លែង ជាពិសេស​ប្រជាជន​រស់នៅ​តាម​ទីជនបទ នឹងមាន​សុខភាព​ល្អ កាត់បន្ថយ​ការចំណាយ​លើ​ការថែទាំ​សុខភាព ព្រមទាំង​អាច​សន្សំ​ថវិកា​សម្រាប់​ទុក​បំពេញតម្រូវការ​ផ្សេងៗ​នៅក្នុង​គ្រួសារ​ទៀតផង​។

លោក ឆា​ត់ សុភាព បាន​បន្តថា​៖«​អង្គការ​វ័ត​ធឺ​អេ​ត​នឹង​ប្រើប្រាស់​ថវិកា សប្បុរសធម៌​នេះ ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​គាំទ្រ​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់​គោលដៅ​របស់​គម្រោង ដែល​ក្នុង​រយៈពេល ៦ ខែ​ខាងមុខនេះ យើង​រំពឹងថា​គម្រោង​នឹង​ជួយ​ផ្ដល់ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២០០០ នាក់ មាន​ទឹកស្អាត​ប្រើប្រាស់​តាម​តម្រូវការ​»​។

លោក​បន្ថែមថា​៖ «​យើង​អាច​និយាយបានថា​គ្មាន​ជនណាម្នាក់​អាច​រស់នៅក្នុង​ជីវិត​ដែលមាន​សុខភាព​ល្អ​ពេញលេញ​បាន​ដោយ​គ្មាន​ទឹកស្អាត និង​គ្មាន​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​បាន​នោះទេ ហើយ​បញ្ហា​ទឹកស្អាត​និង​អនាម័យ គួរតែ​ជា​របស់​ចាំបាច់​ជា​មូលដ្ឋាន​សម្រាប់​ជន​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង​តែម្ដង​»​។

ចំណែក​លោកស្រី សែម ចាន់​ថូ អភិបាលរង​ស្រុក​ស្អាង ខេត្តកណ្តាល បានបង្ហាញ​ក្តី​សាទរ​នៅពេល​វិស័យ​ឯកជន បាន​បង្កើត​គម្រោង​ដើម្បី​លើកកម្ពស់​វិស័យ​ទឹកស្អាត និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​សហគមន៍ ខណៈ​លោកស្រី​រំពឹងថា តាមរយៈ​គម្រោង​នេះ នឹង​អាចធ្វើឱ្យ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ មាន​ទឹកស្អាត​ប្រើប្រាស់ និង​លើកកម្ពស់​អនាម័យ​ពួកគាត់​កាន់តែ​ប្រសើរ​ថែមទៀត​។

លោកស្រី​បន្តថា​៖ «​ខ្ញុំ​មាន​ក្តីរំភើប​ជាខ្លាំង នៅពេល​មាន​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នានា ខិតខំ​សហការ​ជាមួយ​រដ្ឋាភិបាល ជំរុញ​វិស័យ​ទឹកស្អាត និង​អនាម័យ​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ក្នុង​ខេត្តកណ្តាល ព្រោះថា បើ​ពួកគាត់​មាន​ទឹកស្អាត​ប្រើ​នឹងធ្វើ​ឱ្យ​គាត់​លែងមាន​ជំងឺរាក​រួស កាត់បន្ថយ​ចំណាយ​ក្នុង​គ្រួសារ ពិសេស​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​»​។

ស្ថាប័ន​ទាំងពីរ​ខាងលើ រំពឹងថា តាមរយៈ​គម្រោង​ខាងលើ នឹង​ក្លាយជា​ចំណែក​មួយ​ជួយ​ជំរុញ​កម្ពុជា ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព គោលដៅ​ទី​៦ ស្តីពី​ទឹកស្អាត និង​អនាម័យ នៅត្រឹម​ឆ្នាំ​២០៣០ ខាងមុខ​៕