សហរដ្ឋអាមេរិកបានផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៤៥​ ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់​គម្រោង​បន្ត​អភិរក្ស​ប្រាសាទភ្នំបាខែង នៃ​សតវត្សរ៍​ទី១០ ដែល​ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​អង្គរ​។


ពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយ​នេះ ត្រូវ​រៀបចំឡើង​ក្រោម​អធិបតីភាព​រវាង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy និង​លោកស្រី  ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​គម្រោង​កម្មវិធី​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP) របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​ទឹកដី​ខេត្តសៀមរាប​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១​ខែធ្នូ ឆ្នាំ ២០២៣​។

គិត​ចាប់តាំងពី​ឆ្នាំ ២០០៤ មក​កម្មវិធី AFCP បានផ្តល់​ជំនួយ​ថវិកា​ចំនួន ៨ ដង មក​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក WMF សម្រាប់​ការងារ​បន្ត​ការអភិរក្ស​នៅ​ប្រាសាទភ្នំបាខែង ដែលមាន​សរុប ៤ លាន​ដុល្លារ​អាមេរិក​។


លោក​ឯកអគ្គរដ្ឋទូត​អាមេរិក Murphy បាន​ថ្លែងថា ៖ «​យើង​មាន​សេចក្តីរំភើប​រីករាយ​ក្នុងការ​ប្រកាស​នូវ​ជំនួយ​ជា​ថវិកា​នេះ ដែលជា​ជំនួយ​ធំជាងគេ​បង្អស់​របស់​កម្មវិធី AFCP ផ្តល់ជូន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ឆ្នាំនេះ​។ សហរដ្ឋអាមេរិក មាន​មោទនភាព​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជា​យូរអង្វែង​លើ​ផ្នែក​វប្បធម៌​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រាសាទភ្នំបាខែង ជា​គោលដៅ​ដ៏​ធំជាងគេ​បង្អស់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​គេ​អាច​មើល​ថ្ងៃ​លិច​នៅ​តំបន់​អង្គរ​ដ៏​អស្ចារ្យ​»​។

សេចក្តីប្រកាស​ដដែល​បាន​រំលេច​ថា ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក បាន​ជួយឧបត្ថម្ភ​គាំទ្រ​នូវ​គម្រោង​នានា​ជាច្រើន​នៃ​ប្រាសាទ​នេះ ដោយ​រួមមាន​ការជួសជុល​គ្រឹះ​ប្រាសាទ ការអភិរក្ស​ថ្ម​ប្រាសាទ កា​រត​បណ្តាញ​ការពារ​ជម្រាប​ទឹក និង​ការ​ផ្គុំ​ឡើងវិញ​នូវ​ជញ្ជាំង​និង​ទីលាន​នៃ​ប្រាសាទ​នេះ​។


ការផ្តល់​នូវ​ថវិកា​ជា​បន្តបន្ទាប់​នេះ​ក៏បាន​ជួយ​ដល់​អង្គការ WMF ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន ដើម្បីឱ្យ​ពួកគេ​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិរក្ស​ប្រាសាទ​នេះ​។

គួរ​ជម្រាប​ថា មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការអភិរក្ស​វប្បធម៌ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​អភិរក្ស​នូវ​តំបន់​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ ជុំវិញ​ពិភពលោក​។ ក្រោម​គម្រោង​ជំនួយ​នេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានផ្តល់​ថវិកា ៦ លាន​ដុល្លារ​អាមេរិក​តាំងពី​ឆ្នាំ ២០០១ មក ដើម្បី​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ផ្សេងទៀត ដោយ​រួមទាំង​ប្រាសាទព្រះវិហារ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុងចំណោម​តំបន់​សំខាន់ៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា៕​