លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា បានធ្វើ​ការជំរុញ​ទៅកាន់​ជនរួមជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​រួម​សហការគ្នា ដើម្បី​ឈានទៅ​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ ២០២៥​។ ការស្នើ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សារលិខិត ក្នុងឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ ១ ​ធ្នូ ​ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ ​«​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​»។


លោកស្រី ប៊ុន រ៉ានី បានបញ្ជាក់​ក្នុង​សារលិខិត​ខាងលើ​ថា ដើម្បី​អាច​បញ្ចប់​ជំងឺអេដស៍​បាន គឺ​ទាមទារ​ឱ្យមាន​ការចូលរួម ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូចដែល​កម្ពុជា​យើង​ធ្លាប់​បាននិងកំពុង​បន្ត​អនុវត្ត ក្នុងការ​ឆ្លើយតប​ទូលំទូលាយ និង​ពហុ​វិស័យ ទៅនឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ ដោយ​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ឯកោ​ឡើយ និង​ការបង្កើតឱ្យមាន​មធ្យោបាយ​អប់រំ ផ្សព្វផ្សាយ​ថ្មីៗ​ដែលមាន​លក្ខណៈ​ឌីជីថល​។

លោកស្រី​បន្តថា​៖ «​កាកបាទក្រហមកម្ពុជា​បានកំណត់​នូវ​អាទិភាព​ខ្ពស់​ក្នុងការ​ចូលរួម​បញ្ចប់​ការរើសអើង​និង​មាក់ងាយ​ទៅលើ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍ កំពុង​លើកទឹកចិត្ត និង​គាំទ្រ​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​សហគមន៍ ពី​អ្នករងគ្រោះ​ផ្ទាល់​។ ជាពិសេស​ក្រុម​ប្រជាជន​គន្លឹះ រួមគ្នា​ជា​ធ្លុង​មួយ​ជាមួយ​រាជរដ្ឋាភិបាល ចាប់តាំងពី​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ឱ្យ​ចូលរួម​ឆ្លើយតប​នៅក្នុង​ចរន្ត​ជាតិ​តែមួយ​»​។


ហេតុនេះ ដើម្បី​ឈានទៅ​បញ្ចប់​ជំងឺអេដស៍​ឱ្យសម្រេចបាន​ជោគជ័យ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បាន​បន្ត​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ប្តេជ្ញាចិត្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង​បញ្ចប់​ជំងឺអេដស៍ នៅ​ឆ្នាំ​២០២៥ ដោយ​ប្រកាន់ខ្ជាប់ គោលការណ៍​សមភាព និង​បរិ​យាប​ន្ន​។ 
​ជាមួយគ្នានេះ​លោកស្រី ក៏បាន​ជំរុញ​ឱ្យ​នាំគ្នា អនុវត្ត​វិធីសាស្ត្រ មិត្ត​-​អប់រំ​-​មិត្ត ក្នុងការ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ភាព​ភ្លើតភ្លើន​ផ្លូវភេទ ដែលជា​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ​អេដស៍​/​ជំងឺ​កាមរោគ​ផ្សេងៗ​។

ជាថ្មី​ម្តងទៀត លោកស្រី ប៊ុន រ៉ានី ក៏បាន​ស្នើឱ្យ​បងប្អូន​រួម​ជាតិ ដែល​សង្ស័យថា​បាន​ប្រឈម​នឹង​មេរោគ​អេដស៍ ត្រូវ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ឱ្យបាន​ឆាប់​បំផុត ខណៈ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ ក៏ត្រូវ​ទៅពិនិត្យ​និង​ថែទាំ​ផ្ទៃពោះ​ជាមួយ​ឆ្មប ឬ​គ្រូពេទ្យ​យ៉ាងហោច​ឱ្យបាន​៤​ដង​មុន​សម្រាលកូន និង​ទទួលយក​សេវា​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​/​ស្វាយ និង​ថ្លើម ពី​សេវា​សុខាភិបាល​ផងដែរ​។


ក្រៅពីនេះ លោកស្រី ក៏បាន​ជំរុញ​ឱ្យ​បងប្អូន​រួម​ជាតិ​ទាំងអស់ ចូលរួម​លើកទឹកចិត្ត និង​មិនត្រូវ​រើសអើង​អ្នកជំងឺ​អេដស៍​ឡើយ និង​បាន​អំពាវនាវ​ដល់​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​អ្នក​បំប្លែង​ភេទ ក្រុម​ស្ត្រី​បម្រើសេវា​នៅតាម​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ​មនុស្សពេញវ័យ ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ការចម្លង មេរោគ​អេដស៍​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​។

ទាក់ទិន​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចែករំលែក​នូវ​ទស្សនៈ​មួយចំនួន ក្នុងការ​លុបបំបាត់​អេដស៍​នៅ​កម្ពុជា ដោយ​លោក​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​។

ក្នុងនោះ លោក​បាន​ស្នើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ខិតខំ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​គោលនយោបាយ​លុបបំបាត់​ជំងឺអេដស៍ នៅ​ឆ្នាំ​២០២៥ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨ ដើម្បី​ធានា​ភាពជោគជ័យ និង​និរន្តរភាព នៃ​ការឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ សំដៅ​ឈានទៅ​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ ២០២៥​នៅ​កម្ពុជា​។

សូម​រំឭកថា នៅក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ កាល​ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ធ្លាប់បាន​ឱ្យដឹងថា បច្ចុប្បន្ន អត្រា​ផ្ទុកមេរោគ​អេដស៍​នៅ​កម្ពុជា​ក្នុងចំណោម​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ពី ១៥ ទៅ ៤៥ ឆ្នាំ មាន​ប្រមាណ ០.៦% នៅក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ប្រមាណ ៧៤ ០០០ នាក់ អត្រា​ឆ្លង​ថ្មី​នៅមាន​បន្ត​នៅឡើយ គឺ​ប្រមាណ ១១០០ នាក់ នៅក្នុង​ឆ្នាំ ២០២២៕​