លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង​បេឡាជាតិ​សន្តិសុខសង្គម នៃក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមស៊ីវិល ដែលធ្វើ​ការពាក់ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍ ស្នើដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវបង្កើន​កិច្ចសហការ​រវាងគ្នា ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ លើមធ្យោបាយ​ធ្វើដំណើរ​របស់​បងប្អូន​កម្មករ​និយោជិត ដែលជារឿង​សំខាន់ និងចាំបាច់​បំផុត។


សំណើ​ទាំងនេះ ត្រូវបានលើកឡើង​នៅក្នុង​ពិធីបើក​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍ និងការអនុវត្តល្អ ស្តីពី​«ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​សម្រាប់កម្មករ​និយោជិត​កម្ពុជា»  នៅរាជ​ធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន និងអង្គភាព​ដៃគូ​ពាក់ព័ន្ធ​នានា។

លោក ហេង សុផាន់ណារិទ្ធ ប្រធានក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ​និយោជិត បានថ្លែង​ថា គ្រោះថ្នាក់​ចរាចរណ៍​បានបន្សល់​ទុកនូវ​សោកនាដកម្ម​ដ៏រន្ធត់ ដែលជា​ផលប៉ះពាល់​ដល់​សុខុមាលភាព សេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ច​សង្គមជាតិ​ទាំងមូល ហើយចំពោះ​បញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរ​នេះ មិនអាចឱ្យ​ក្រសួង ស្ថាប័ន ឬផ្នែកណាមួយ​ធ្វើការ​ទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់​តែឯង​បានឡើយ ដែលនេះ​គឺជាបញ្ហារួម ដែលយើង​ទាំងអស់គ្នា​ត្រូវ​ធ្វើរួមគ្នា។


លោកបានបញ្ជាក់ទៀត​ថា ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ លើមធ្យោបាយ​ធ្វើដំណើរ​របស់បងប្អូន​កម្មករ​និយោជិត តាមរយៈការផ្សព្វផ្សាយ​ច្បាប់ស្តី​ពីចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការធ្វើ​ដំណើរ និងសុវត្ថិភាព​ក្នុងការដឹកជញ្ជូន​កម្មករ​និយោជិត វាគឺជា​រឿងសំខាន់ និងចាំបាច់​បំផុត។ 

លោកថ្លែង​ថា៖«កិច្ចការទាំង​នេះ ទាំង ប.ស.ស. ក្រសួង ស្ថាប័ន និងអង្គភាព​ពាក់ព័ន្ធ​ជាច្រើន ត្រូវបង្កើន​កិច្ចសហការ​រវាងគ្នា ក្នុងការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​តាមគ្រប់​រូបភាព ជូនដល់​កម្មករ​និយោជិត និងអ្នកបើកបរ​យានយន្ដ​ដឹកកម្មករ​និយោជិត ធ្វើយ៉ាងណា​ឱ្យបងប្អូន​កម្មករ​និយោជិត ក៏ដូចជា​អ្នកបើកបរ​យានយន្ដ​ដឹក​កម្មករ​និយោជិត​ទាំងអស់​បានយល់ដឹង​ច្បាស់​ស្តីពី​ច្បាប់​ចរាចរណ៍ ពិសេស​គឺសុវត្ថិភាព​ក្នុងការធ្វើ​ដំណើរ ក្នុងន័យ​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​នូវកម្រិត​ទាបបំផុត»។


លោកក៏បានថ្លែង​ការកោត​សរសើរ និងវាយតម្លៃ​ខ្ពស់ក្នុង​កិច្ចសហការ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា (AIP) ដែលបានរួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវសុវត្ថិភាព​ក្នុងការធ្វើ​ដំណើរ​របស់​កម្មករ​និយោជិត និងចូលរួម​កាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យស្ថិត​នៅកម្រិត​ទាប។ 

លោក​ក៏ស្នើ​ឱ្យ (AIP) សិក្សា​ឈ្វេងយល់ និងដកស្រង់​បទពិសោធន៍​អំពី​រថយន្តដឹក​កម្មករ​និយោជិត ដែលមាន​ផាសុខភាព និងសុវត្ថិភាព ក្នុងវិស័យ​កាត់ដេរ សម្លៀកបំពាក់ និងផលិត​ស្បែកជើង នៅតាមបណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ាន ដើម្បី​អាចកំណត់​យកជម្រើស​ណាមួយ​ពីបណ្តា​ប្រទេស​ទាំងនោះ មករៀបចំ​រថយន្ត​ដឹកកម្មករ​និយោជិត​នៅកម្ពុជា​ឱ្យកាន់តែ​មាន​ផាសុខភាព និងសុវត្ថិភាព ជាងមុន។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា (AIP) បានឱ្យដឹង​ថា ក្នុងឆ្នាំ ២០២២ កម្មករ​និយោជិត​ដែលបម្រើ​ការងារនៅ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់ និងផលិត ស្បែកជើង ហើយទទួល​រងគ្រោះថ្នាក់​មានប្រមាណ​ជាង ៦៧% នៃគ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​ដែលកើតមាន​លើកម្មករ​និយោជិត (គ្រប់វិស័យ) ដែលធ្វើ​ដំណើរទៅមក​បំពេញ​ការងារ។

លោកសង្កត់ធ្ងន់​ថា៖«គ្រោះថ្នាក់​ចរាចរណ៍នេះ​ មិនត្រឹមតែ​ប៉ះពាល់​ទៅដល់​អាយុជីវិត​របស់​កម្មករ​និយោជិត​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​ជីវិត និងជីវភាព​រស់នៅ​របស់​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែលមាន​ប្រមាណ ជាង ២ លាន​នាក់ ដែលកម្មករ​និយោជិត​ទំនុក​បម្រុង ព្រមទាំង​ប៉ះពាល់​ដល់ផលិតភាព​របស់​រោងចក្រ​ដែលពឹង​ផ្អែកលើ​កម្លាំង​ពលកម្មរ​បស់​ពួកគេ​ដែរ»។

ក្នុងនាម​សង្គមស៊ីវិល​ដែលធ្វើ​លើការងារនះ លោក គឹម បញ្ញា ស្នើសុំ​ដល់ស្ថាប័ន​រាជរដ្ឋាភិបាល ជាពិសេស​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក និងក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យ​លទ្ធភាព​ណែនាំ និងកំណត់​ឱ្យ​រោងចក្រ​សហគ្រាស​នៅទូទាំង​ប្រទេស បង្កើត និងអនុវត្ត​គោលនយោបាយ ឬបញ្ជាផ្ទៃ​ក្នុងសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅកម្រិត​រោងចក្រ និងសកម្មភាព​នានា​ឱ្យបាន​ជាទៀងទាត់ និងផ្ដល់ការ​គាំទ្រ​បច្ចេកទេស​សមស្រប​ដល់​រោងចក្រ សហគ្រាស ក្នុងការអនុវត្ត​នូវគោល​នយោបាយ និងសកម្មភាព​របស់​ពួកគេ៕