ភ្នំពេញ: ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ប្រចាំឆ្នាំ​លើក​ទី​៥ ដែល​រៀបចំ​ដោយ​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន (JNTO) បាន​បើកសម្ពោធ​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ផ្សារ​ទំនើប AEON Mall 1 រាជធានី​ភ្នំពេញ រយៈពេល​២​ថ្ងៃ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ទេសច​រណ៍​រវាង​កម្ពុជា និង​ជប៉ុន​។​

​ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​វប្បធម៌​ជប៉ុន​បុរាណ និង​ទំនើប ហើយ​មាន​គោលបំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២​។​


យោងតាម JNTO ភ្ញៀវទេសចរ​កម្ពុជា​ដែល​ទៅ​ទស្សនា​ប្រទេស​ជប៉ុន មាន​ចំនួន ១៧ ៧០៥​នាក់ នៅ​ចន្លោះ​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៣​។​

​ដោយ​សង្កត់ធ្ងន់​លើ​គោលដៅ​របស់​ប្រទេស​ជប៉ុន​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ចំនួន​៦០​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​នៅ​ឆ្នាំ​២០៣០ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បាន​ថ្លែង​អំពី​ភាព​ធន់​នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ជប៉ុន​ក្រោយ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ជាមួយនឹង​ចំនួន​ភ្ញៀវ​បរទេស​បាន​កើន​លើសពី​កម្រិត​មុន​ការ​រាតត្បាត​។​


​លោក អាត់​ស៊ូ​ស៊ី ឱ្យដឹងថា​៖ «​ថ្មីៗ​នេះ ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​ប្រទេស​ជប៉ុន មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ រួមទាំង​កម្ពុជា​មានកា​រ​កើនឡើង ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានដឹង​បន្ទាប់ពី​ការមកដល់​របស់ខ្ញុំ​ក្នុង​ខែមករា​ឆ្នាំនេះ​ថា មាន​ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​បាន​ទៅ​ប្រទេស​ជប៉ុន​ជាច្រើន​ដង និង​ស្គាល់​ប្រទេស​ជប៉ុន​យ៉ាងច្បាស់​»​។​

​ការគូសបញ្ជាក់​យ៉ាងសំខាន់​នៃ​ពិព័រណ៍​នេះ​គឺ​ការណែនាំ​ជា​ភាសា​ខ្មែរ​នៃ​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្លូវការ​របស់​ប្រទេស​ជប៉ុន​ក្នុង​គោលបំណង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធន៍​ដែល​សមស្រប​ទៅនឹង​ភាព​ទាក់ទាញ​របស់​ប្រទេស​ជប៉ុន​។​

​ពិព័រណ៍​នេះ​ក៏បាន​ណែនាំ​ពីបទ​ពិសោធន៍​ដំណើរ​កម្សាន្ដ ដែល​ភ្ញៀវទេសចរ​អាច​ចូលរួម​ក្នុង​ល្បែង​ប្រពៃណី​ជប៉ុន និង​សាកល្បង​យូ​កាតា ដោយ​ផ្តល់ជូន​នូវ​ផ្នែក​ខ្លះ​នៃ​វប្បធម៌​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក អាត់​ស៊ូ​ស៊ី បាន​និយាយថា ប្រសិនបើ​នរណាម្នាក់​ចាប់អារម្មណ៍​នឹង​បទពិសោធន៍​ផ្នែក​មួយ​នៃ​វប្បធម៌​ជប៉ុន​បន្ថែមទៀត ពួកគេ​គួរតែ​ពិចារណា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​។​

​លោក​ក៏បាន​សម្តែង​ក្តី​សង្ឃឹមថា ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នឹង​ដើរតួនាទី​ជា​កត្តា​ជំ​រុញឱ្យ​មនុស្ស​កាន់តែច្រើន​ចាប់អារម្មណ៍​លើ​ប្រទេស​ជប៉ុន និង​ពិចារណា​ឱ្យបាន​ហ្មត់ចត់​អំពី​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​នេះ​។​

​អ្នកស្រី ឧ​យ ខេ ជា​នាយក​ស្ថាប័ន​ទេសចរណ៍​ជាតិ​ជប៉ុន (JNTO) ប្រចាំ​ទីក្រុង​បាំង​កក បាន​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ ក្នុង​ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​បែបនេះ​ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ​។​

​អ្នកស្រី បានឱ្យដឹងថា​៖ «​កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​។ នេះៗ​មានការ​ទាក់ទាញ​ការចាប់អារម្មណ៍​កាន់តែខ្លាំង​អំពី​កម្ពុជា​ពី​ភាគី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជប៉ុន ហើយ​លើក​នេះ​រដ្ឋបាល​ក្នុង​តំបន់​ដែលមាន​តំបន់​ទេសចរ​ណ៏​សំខាន់ៗ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជ ប៉ុន​ក៏បាន​ចូលរួម​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​ផងដែរ​»​។​

​លោក គុជ បញ្ញា​សា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នេះ ជាការ​ប្រារឰ​ខួប​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន ៧០​ឆ្នាំ​។

​លោក​បាន​បន្ដថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​អាស៊ាន​ជប៉ុន (AJC) ដែល​បាន​ជួយ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​ជប៉ុន​»​។

​លោក​បាន​បន្ថែមថា ក្រៅពីនេះ កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី ការផ្លាស់ប្ដូរ​មិ​ត្ដ​ភាព​អាច​ត្រូវបាន​ពង្រឹង​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​ព​ហុ​ភាគី ក្រសួងទេសចរណ៍​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ជប៉ុន​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិ​ប​ត្ដិ​សម្រាប់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) អាណ​ត្ដិ​ឆ្នាំ ២០២៣-២០២៧​។

​យោងតាម​លោក បញ្ញា​សា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៦,៦ លាន​នាក់ ដែល​រួមចំណែក​ជាង ១២ ភាគរយ ដល់ GDP ជាតិ និង​បង្កើត​ការងារ​ផ្ទាល់​ចំនួន ៦៣ ម៉ឺន​នាក់​។​

​នៅ​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​កំណើន​ទេសចរ​យ៉ាងច្រើន ដោយបាន​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ចំនួន ២,២៨ លាន​នាក់ កើនឡើង ១០៥៩ ភាគរយ​។​

​លោក បញ្ញា​សា បាន​បន្ដថា​៖ «​ទេសចរ​ជប៉ុន​មាន​ចំនួន ២៩៧៣៣ នាក់ ពោលគឺ​កើនឡើង​គួរឱ្យកត់សម្គាល់ ១៣៧៨,៥ ភាគរយ​។ ក្នុង​រយៈពេល​ដប់​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣ និន្នាការ​វិជ្ជមាន​បាន​បន្ត​ដោយមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៤,៤ លាន​នាក់ កើនឡើង​គួរឱ្យកត់សម្គាល់ ១៧៩,៧ ភាគរយ​»​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុងអំឡុង​ពេលនេះ ភ្ញៀវទេសចរ​ជប៉ុន​ចំនួន ៦៦ ម៉ឺន​នាក់​បានមក​ទស្សនា ដែល​បង្ហាញ​ពី​ការកើនឡើង​គួរឱ្យកត់សម្គាល់ ២៣៥ ភាគរយ​។ កំណើន​នេះ​ត្រូវបាន​គេ​សន្មត​ថា​ជា​អាទិភាព​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​វិស័យ​ទេសចរណ៍​ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក​»​។​

​លទ្ធភាព​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន ពឹង​ផ្អែកលើ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​គោលនយោបាយ ដូចជា បើកចំហ​ជើងមេឃ និង​ការសម្រួល​ការធ្វើដំណើរ ជាពិសេស​ជាមួយ​ប្រទេស​ជប៉ុន​។​

​វិធានការ​ទាំងនេះ ដូចជា Visa on Arrival, E-Visa និង​ជម្រើស​ទិដ្ឋាការ​ច្រើន​ដែលមាន​រយៈពេល​១២ និង​៣​ឆ្នាំ (​អនុវត្ត​តាំងពី​ឆ្នាំ​២០១៣) រួមចំណែក​ដល់​ការជំរុញ​ទេសចរណ៍​៕