ភ្នំពេញៈ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន MIRATH Agri Tech បានសម្រេច​បោះទុន​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដែល​រោងចក្រ​នេះ​គ្រោង​នឹង​សាងសង់​នៅ​ខែមករា ឆ្នាំ​ ២០២៤​ ខាងមុខនេះ ដែលមាន​សមត្ថភាព​ផលិត​រហូតដល់ ៧ ៣០០ ​តោន​ ក្នុង​ ១ ​ឆ្នាំ​។​

ចំណែក​រោងចក្រ CSNC Agriculture ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ខ្មែរ​និង​សិង្ហ​បុរី ទើបតែ​បើក​ការដ្ឋាន​រួច កាលពីពេល​ថ្មីៗ​នេះ ដែលមាន​សមត្ថភាព​ផលិត​បាន​ជាង​១៤ ៦០០​តោន​ក្នុង​១​ឆ្នាំ​។​


​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែធ្នូ ថា រោងចក្រ​ទាំង​២​នេះ មាន​ទីតាំងនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​រោងចក្រ CSNC Agriculture មាន​សមត្ថភាព​ផលិត ​៤០ ​តោន ក្នុង​១​ថ្ងៃ ចំណែក​រោងចក្រ របស់​ក្រុមហ៊ុន​ជប៉ុន MIRATH Agri Tech Co.,Ltd​ជា​ប្រភេទ​រោងចក្រ​ធុន​មធ្យម​ដែរ មាន​សមត្ថភាព​ផលិត ២០​តោន​ក្នុង​១​ថ្ងៃ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន MIRATH Agri Tech ស្ថិតនៅក្រោម​ក្រុមហ៊ុនមេ MIRATh holding ជា​ក្រុមហ៊ុន​ធំ​ ១​នៅ​ជប៉ុន​។ ​ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​នឹង​បន្ត​បើក​រោងចក្រ​កែច្នៃ​ចន្ទី​បន្តទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់​ដែល​អាច​ស្រូប​ទាញ​គ្រាប់​ឆៅ ២៥ ០០០​តោន​ក្នុង​ ១​ឆ្នាំ ព្រមទាំង​បើក​រោងចក្រ​គាប​ប្រេង​ពី​សម្បក​ចន្ទី​ផងដែរ​»​។​


​លោក អួន ស៊ី​ឡុ​ត បាន​បន្តថា ៖ «​កាលពី​ថ្ងៃទី​៦ ខែធ្នូ កន្លងទៅ យើង​បាន​ចុះ​បឋមសិលា​បើក​ការដ្ឋាន​រោងចក្រ​មួយ​ហើយ គឺ​រោងចក្រ​ CSNC Agriculture ដែលជា​ប្រភេទ​រោងចក្រ​ធុន​មធ្យម ខណៈដែល​បច្ចុប្បន្ន​យើង​មាន​រោងចក្រ​ធុន​មធ្យម​ចំនួន​៣ ដែល​កំពុងតែ​ដំណើរការ​រួចហើយ​»​។​

​លោក​ថា បើក​បូក​នឹង​រោងចក្រ​ CSNC និង ​MIRATH Agri Tech ​នេះ​ទៀត អាចមាន ​៥​រោងចក្រ​ធុន​មធ្យម​នាពេល​អនាគត ប៉ុន្តែ​ត្រូវការ​រោងចក្រ​ប្រភេទ​ធុន​មធ្យម​នេះ ​៣០ ដើម្បី​ស្ថិរភាព​ទីផ្សារ​ស្វាយចន្ទី​របស់​កម្ពុជា​។ 

បើតាម​លោក​អួន ស៊ី​ឡុ​ត បានបញ្ជាក់​បន្ថែមថា​លោក ស៊ុយ កុក​ធាន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CSNC Agriculture Co., Ltd បាន​ប្រាប់ថា ទុនវិនិយោគ​របស់ ក្រុមហ៊ុន CSNC ចែកចេញជា ២ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​ទុនវិនិយោគ ៥ លាន​ដុល្លារ និង​ដំណាក់កាល​ទី ២ នឹង​ចំណាយ​ទុនវិនិយោគ​៧ លាន​ដុល្លារ សរុប ១២ លាន​ដុល្លារ​។​

​លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា រោងចក្រ​នេះ​សាងសង់​នៅលើ​ផ្ទៃដី​សរុប​១៤ ហិកតា ដោយមាន​ផ្ទៃដី​ចាក់សាប​ទំហំ ៦ ហិកតា និង​ឃ្លាំង​ស្តុក​មួយចំនួន ដែលមាន​សមត្ថភាព​កែឆ្នៃ ៤០ តោន​ក្នុង​១​ថ្ងៃ ហើយ​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជិត​២០០​នាក់​។​

​លោក អួន ស៊ី​ឡុ​ត បាន​បញ្ជាក់ថា​៖«​នេះ​គឺជា​មហិច្ឆតា​របស់​យើង ដែល​ចង់​ជំរុញ ខេត្តកំពង់ធំ​ឱ្យក្លាយ​ជា​ខេត្ត​ឧស្សាហកម្ម​ស្វាយចន្ទី ដ៏​ធំជាងគេ​នៅ​កម្ពុជា​។ យើង​រំពឹងថា នឹង​អាច​ផ្តល់​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឱ្យបាន​ច្រើន និង​ទីផ្សារ​សម្រាប់​កសិករ​ដាំ​ដុះ​ចន្ទី​»​។​

​អំឡុងពេល​ថ្លែង​សុន្ទរកថា នា​ទិវា​ស្វាយចន្ទី​កាលពី​សប្តាហ៍​កន្លងទៅនេះ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា ដំណាំ​ស្វាយចន្ទី ជា​ដំណាំ​ឧស្សាហកម្ម​ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា និង​មានកេរ្តិ៍ឈ្មោះ​ល្បី ជាពិសេស​មានការ​ទទួល​ស្គាល់​ពី​ទី​ផ្សារលើ​គុណភាព រសជាតិ ទំហំ​គ្រាប់ និង​សរីរាង្គ​តាមបែប​ប្រពៃណី​។

​លោក​បន្តថា ដំណាំ​ស្វាយចន្ទី​ងាយស្រួល​ដាំ​ដុះ បើ​ប្រៀបធៀប​ជាមួយនឹង​ដំណាំ​ផ្សេងទៀត ហើយ​ដំណាំ​នេះ​ត្រូវការ​ទឹក​តិច​សម្រាប់​ការលូតលាស់ ធន់​នឹង​ភាពរាំងស្ងួត សមស្រប​ទៅនឹង​អាកាសធាតុ និង​សណ្ឋាន​ដី​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ ផ្ទៃដី​ដែល​បាន​ដាំ​ដំណាំ​ស្វាយចន្ទី​សរុប​ប្រមាណ ៧០ ម៉ឺន​ហិកតា ក្នុងនោះ​ខេត្តកំពង់ធំ បាន​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន​ជាង ១៥០ ពាន់​ហិកតា​។ បច្ចុប្បន្ននេះ កម្ពុជា​បាន​នាំ​គ្រាប់ស្វាយចន្ទី​ឆៅ ចេញ​ក្រៅប្រទេស​ប្រមាណ​ជាង ៩០​ភាគរយ ក្នុង​តម្លៃថោក ជាង​ការរំពឹងទុក​។

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​ដដែល​នេះ បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្រសួងកសិកម្ម បាន​ពិនិត្យឃើញថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ការកែច្នៃ​ស្វាយចន្ទី​ក្នុងស្រុក​សម្រាប់​ការនាំចេញ តាមរយៈ​ការបង្កើន​តម្លៃបន្ថែម និង​បង្កើត​ការងារ​ដល់ក​ម្មករ​ក្នុងស្រុក​។​

​លោក​បាន​បន្ថែមថា ទោះបីជា​អនុវិស័យ​ដំណាំ​ស្វាយចន្ទី​ទទួលបាន​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​និង​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក៏​អនុ​វិស័យនេះ​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​ចម្បងៗ​មួយចំនួន​ដូចជា ផលិតកម្ម​ដំណាំ​ទទួលបាន​ទិន្នផល​និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ទាប​, ធនធានមនុស្ស​និង​ថវិកា សម្រាប់​បម្រើឱ្យ​ការងារ​ស្រាវជ្រាវ និង​ការផ្ទេរ​បច្ចេកវិទ្យា​ផលិតកម្ម និង​នវានុវត្តន៍​ថ្មីៗ​នៅមានកម្រិត​, កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផលិតកម្ម​និង​ការកែច្នៃ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​។​

​សូមជម្រាបថា បើតាម​របាយការណ៍​ក្រសួងកសិកម្ម បច្ចុប្បន្ននេះ ខេត្ត​ដែល​បាន​ដាំ​ដុះ​ដំណាំ ស្វាយចន្ទី​ច្រើនជាងគេ គឺ​ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តកំពង់ឆ្នាំង​។ តាមរយៈ​ការវាយតម្លៃ​បាន​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ដី​សមស្រប​សម្រាប់​ដំណាំ​ស្វាយចន្ទី​មាន​ប្រមាណ ២.៣៨ លាន​ហិកតា​៕