ភ្នំពេញៈ បុគ្គលិក​ជាង ៤០០ ​នាក់ មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​(MAFF) និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ ​(NIS-MOP) នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ដើម្បី​ធ្វើ​ការស្ទង់មតិ ចងក្រង និង​ប្រមូល​ទិន្នន័យ​ឱ្យបាន​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​ការដាំដុះ​ដំណាំ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការនេសាទ​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​ ២០២៣ បានឱ្យដឹងថា បេសកកម្ម​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣ ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រសួងកសិកម្ម និង​ NIS-MOP ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ (FAO)​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា គម្រោង​នេះ​នឹង​គ្របដណ្តប់​លើ​ផ្ទៃដី​កសិកម្ម​ប្រមាណ ១៦ ០០០​ហិកតា នៅ​ទូទាំងប្រទេស ដើម្បី​មិន​ត្រឹមតែ​ជា​ការស្ទង់មតិ​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​ជាការ​ប្រមូល​ទិន្នន័យ​ធ្វើជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​ការរៀបចំ​គោលនយោបាយ និង​ការអនុវត្ត​កសិកម្ម​នាពេល​អនាគត​។​


​លោក Todd Hunkin​អ្នកជំនាញ​ស្ថិតិ​អន្តរជាតិ​ប្រចាំ​អង្គការ FAO បានលើកឡើង​តាមរយៈ​នៅក្នុង​សេចក្តីប្រកាស​រួម​ថា​៖ «​ការស្ទង់មតិ​កសិកម្ម​កម្ពុជា​ឆ្នាំ​ ២០២៣ គឺជា​ការប្រមូល​ទិន្នន័យ​មួយ​ដ៏​សំខាន់ ព្រោះ​វា​គឺជា​ ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​»​។​

​លោក​បាន​បន្ថែមទៀតថា​៖ «​តាមរយៈ​ការយល់ដឹង​ពី​ភាព​ខុសប្លែកគ្នា​នៃ​ការអនុវត្ត​កសិកម្ម បញ្ហា​ប្រឈម និង​សក្តានុពល​របស់​យើង យើង​អាច​កែសម្រួល​យុទ្ធសាស្ត្រ​ដែល​មិន​ត្រឹមតែ​ជំរុញ​ផលិតកម្ម​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​គាំទ្រ​កសិករ​របស់​យើង និង​ការពារ​បរិស្ថាន​ផងដែរ​។ ការស្ទង់មតិ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​តម្រឹម​ការអនុវត្ត​កសិកម្ម​កម្ពុជា​ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​ធានាបាន​នូវ​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា​»​។​


​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ បានឱ្យដឹង​ទៀតថា​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ផ្តល់​អំណាច​ដល់​ប្រទេស​មាន​ទិន្នន័យ​កសិកម្ម​ដែលមាន​គុណភាព​ខ្ពស់ និង​ទាន់ពេលវេលា គឺជា​កត្តា​សំខាន់​សម្រាប់​ការសម្រេចចិត្ត​ផ្អែកលើ​ភ័ស្តុតាង ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​តាមរយៈ​ការ​ផ្តល់នូវ​ទិន្នន័យ​ដ៏​ទូលំទូលាយ​នេះដែរ គំនិត​ផ្តួចផ្តើម​នេះ​ជួយ​ប្រទេស​នានា​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម កាត់បន្ថយ​ភាពអត់ឃ្លាន និង​ភាពក្រីក្រ​។​

​លោក ម៉ក់ មុនី ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​នៃ​ក្រសួង បានលើកឡើង​ដែរ​ថា ប្រទេស​កម្ពុជា​កំពុង​ឈានចូល​យុគសម័យ​ផ្លាស់ប្តូរ ដោយ​ការចាប់ផ្តើម​រដ្ឋាភិបាល​ថ្មី និង​ការចាប់ផ្តើម​នៃ​«​យុទ្ធសាស្ត្រ​បញ្ច​កោណ​»​ប្រកបដោយ​ចក្ខុវិស័យ​។

​លោក​បាន​បន្តថា​៖«​នៅពេលដែល​យើង​ទទួលយក​យុគសម័យ​នេះ សារៈសំខាន់​នៃ​ទិន្នន័យ​ក្នុងការ​រៀបចំ​អនាគត​របស់​យើង គឺ​មិនអាច​មើលរំលង​បានទេ​។ ការស្ទង់មតិ​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៣​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​នេះ ជាពិសេស​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦​របស់​រាជរដ្ឋាភិបាល​នៃ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នាពេល​ថ្មីៗ​នេះ​»​។ 

សូម​បញ្ជាក់ដែរថា ដើម្បី​បំពាក់បំប៉ន​ឱ្យ​បុគ្គលិក​ទាំង ៤០០​នាក់​នេះ មាន​ជំនាញ និង​ចំណេះដឹង​សម្រាប់​ការប្រមូល​ទិន្នន័យ ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈ​ពេល​មួយ​សប្តាហ៍​ដែល​បានធ្វើ​ឡើងជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លងទៅនេះ​៕