ភ្នំពេញៈ ​ក្រុម​កីឡា​ករ កីឡា​ការិនី​ចំបាប់​កម្ពុជាបាន​រួមគ្នា​ដណ្តើម​បាន​មេដា​យ​យ៉ាង​ច្រើន​រហូត​ដល់​៤៨​ពី​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​​២០២៣ (Southeas​t Asia Wrestling Championship 2023) ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ចំណែក​បច្ចេក​ទេស​រៀប​ចំ​របស់​កម្ពុជាមាន​ភាព​យុត្តិ​ធម៌ ​និង​រលូន​ល្អ ​ដោយ​ទទួល​បាន​ការ​សរសើរ​ខ្លាំង​ពី​អន្តរ​ជាតិ ​ហើយ​ប្រទេស​ចូលរួម​ភាគ​ច្រើនហើយបានស្នើ​សុំឱ្យ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​នេះ ម្តង​ទៀត នៅ​ឆ្នាំ​២០២៤​។

ការ​ប្រកួត​នេះ ​មាន​ប្រតិភូ​កីឡា​ចំបាប់​ចំនួន​៧​ប្រទេស​ចូល​រួម​ ដោយ​មាន​អត្ត​ព​លិ​ក​សរុប​២៧៥​នាក់ ​ហើយ​តាម​រយៈ​ការ​ប្រកួតនៅ​សាល​ដំបូល​ទូក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​តាំងពី​ថ្ងៃទី​៦ និង​បាន​បញ្ចប់​ កាល​ពី​ថ្ងៃទី​៩ ខែធ្នូ​ ក្រុម​ចំបាប់​កម្ពុជាបាន​ឈ្នះ​មេដាយ​មាស​៤ ប្រាក់​២៧ និង​មេ​ដាយ​សំរឹទ្ធ​ចំនួន​១៧ សរុប​៤៨ គឺមាន​ការ​កើន​ឡើង​ជា​ង​២​ដង ​បើ​ធៀប​ទៅ​នឹង​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ​ឆ្នាំ​២០២២ ​ដោយ​កាល​នោះ ក្រុម​ចំបាប់​កម្ពុជា ​ឈ្នះ​បាន​មេដាយ​សរុប​១៩ គឺ​មេដាយ​មាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​១៣ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដូចគ្នា​។​

​នៅ​ក្នុង​ចំណោម​មេដាយ​សរុប​ទាំង​៤៨​នេះ ​ក្រុម​ចំបាប់​កម្ពុជា​ ដណ្តើម​បាន​មេដាយ​មាស​៣ ប្រាក់​១៧ និង​សំរឹទ្ធ​៨ ពី​ការ​ប្រកួត​ចំបាប់​ជំនាញ​ខ្ពស់ (Seniors) ហើយ​មេដាយ​មាស​ទាំង​៣​នេះ គឺ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ស៊ូបាលី ​ដណ្តើម​បាន​២​តែ​ម្នាក់​ឯង ទាំង​ការ​ប្រកួត​ចំបាប់​ក្រិច​កូ​រ៉ូ​ម៉ាង​ទម្ងន់​១៣០​គីឡូ​ក្រាម ​និង​ចំបាប់​សេរី​ ទម្ងន់​១២៥​គីឡូ​ក្រាម​ រីឯ​មេដាយ​មាស​១​ទៀត​រកបាន​ដោយ​កីឡា​ករ​ ម៉ូ សារី លើ​ការ​ប្រកួត​ចំបាប់​សេរី​ទម្ងន់​៩៧​គីឡូ​ក្រាម​។​


​ចំណែក​ការ​ប្រកួត​ចំបាប់​អាយុ​ក្រោម​១៧​ឆ្នាំ​វិញ ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ​ឈ្នះ​បាន​មេដាយ​មាស​១ ប្រាក់​៦ និង​សំរឹទ្ធ​៧ ​ដោយ​មេដាយ​មាស​១​នេះ ​ដណ្តើម​បាន​ដោយ​កីឡា​ករ​ អេង​ រតនៈ​ លើ​ការប្រ​កួត​ចំបាប់​សេរី​ ទម្ងន់​៥១​គីឡូ​ក្រាម​។ រីឯ​ការ​ប្រកួត​ចំបាប់​លើ​ប្រភេទ​អាយុ​ក្រោម​២០​ឆ្នាំ គឺ​ក្រុម​ចំបាប់​កម្ពុជា ​ឈ្នះ​បាន​មេដាយ​ប្រាក់​៤ និង​សំរឹទ្ធ​២​។​

​សម្រាប់​ការ​ឈ្នះ​បាន​មេដាយសរុប​ចំនួន​៤៨​នេះ​បាន​ជួយ​ឱ្យ​កម្ពុជាឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ក្រោម​វៀត​ណាម​ ដែល​ឈ្នះ​បាន​មេដាយ​មាស​៦៩​ ប្រាក់​១៤ និង​សំរឹទ្ធ​១ រីឯ​ថៃ ​ឈរ​នៅ​លេខ​៣ ​ដោយ​បាន​មាស​៣ ប្រាក់​៩ សំរឹទ្ធ​៦ លើ​ហ្វីលី​ពីន ​ដែល​បាន​មាស​១ ប្រាក់​១៤ ​សំរឹទ្ធ​១០ ​ហើយ​សិង្ហ​បុរី ឈរ​នៅ​លេខ​៥ ដោយ​ឈ្នះ​បាន​មេដាយ​មាស​១ ប្រាក់​៧ ​សំរឹទ្ធ​៥ ខណៈ​ឥណ្ឌូនេស៊ី​ បាន​មេដាយ​ប្រាក់​៥ ​សំរឹទ្ធ​១១ ​និង​ឡាវ បាន​ប្រាក់​១ និង​សំ​រឹទ្ធ​១​។


​ជាមួយ​ជោគជ័​យ​នេះ លោក​ ខេ​ស៊ី បា​ណេ​ត អនុប្រ​ធាន​សហព័​ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡា​ចំបាប់​អាស៊ី​អាគ្នេ​យ៍ បាន​​ថ្លែង​ក្រោយ​ពិធី​បិទ​ការ​ប្រកួតកាល​ពី​ថ្ងៃទី​៩ ​ខែធ្នូ​ថា កីឡា​ករ កីឡា​ការិនី​ចំបាប់​កម្ពុជា ពេល​នេះ ​មាន​សមត្ថ​ភាពនិង​គុណ​ភាព​កើន​ឡើង​ ព្រោះ​អត្ត​ព​លិ​ក​មួយ​ចំនួន​ដែល​ធ្លាប់​ដណ្តើម​បាន​ត្រឹម​មេ​ដាយ​សំរឹទ្ធ ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​ កាល​ពី​ឆ្នាំ​២០២២​ និង​ប្រកួត​ស៊ី​ហ្គេម ​លើក​ទី​៣២ ឆ្នាំ​២០២៣​ គឺ​ពេល​នេះ ពួក​គេ​អាច​មាន​លទ្ធ​ភាព​ដណ្តើម​បាន​មេដាយ​ប្រាក់ ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ាន​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ឈ្នះ​បាន​មេដាយ​សរុប​ចំនួន​៤៨​នេះ វា​បាន​បំបែក​ឯតទគ្គ​កម្ម ​សម្រាប់​ការ​ឈ្នះ​បាន​មេដា​យ​សរុប​ចំនួន​១៩ ពី​ការ​ប្រកួត​ជើង​ឯក​អាស៊ាន កា​លពី​ឆ្នាំ​២០២២ គឺ​មាន​ន័យ​ថា គុណ​ភាព ​និង​សមត្ថ​ភាព​របស់​អត្ត​ព​លិ​ក​យើង ​មាន​ការ​កើន​ឡើង​ច្រើន​ ដោយ​សារតែ​ក្រុម​ចំបាប់​កម្ពុជា​ បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ប្រទេស​ចិន ​គឺ​ពួក​គាត់​ មិនបាន​ឈប់​នោះទេ ​ចាប់តាំ​ងពី​ការប្រកួត​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣ បាន​បញ្ចប់​»​។​

​ការ​ខិតខំ​ហ្វឹក​ហាត់​មិន​ឈប់​ឈរ​របស់​ក្រុម​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា​នេះ ត្រូវ​បាន​លោក ខេ​ស៊ី បា​ណេ​ត ​ទម្លាយ​ថា វា​ជា​គោលដៅ​​របស់​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ​ក្នុង​ការបន្ត​សម្រួច​គុណ​ភាព​របស់​ក្រុម​ជម្រើស​ជាតិ​ ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ប្រជែង​មេដាយ​ជូន​ជាតិក្នុង​ការ​ស៊ី​ហ្គេម​ លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ហើយ​ក៏​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ក្រុម​យុវជន សម្រាប់​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ​លើក​ទី​៥ ឆ្នាំ​២០២៩ ​ផង​ដែរ​។​

​ជា​មួយគ្នា​នេះ ស​ហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ទទួល​ការ​សរសើរ​ពី​អន្តរ​ជាតិ ​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត Sou​the​ast Asia Wrestling Championship ជា​លើក​ទី​២​នេះ​។ លោក ខេ​ស៊ី បាន​បញ្ជាក់​ថា​៖ «​ការ​រៀប​ចំ​បាន​ដោយ​រលូន ​និង​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​ លើក​នេះ គឺ​យើង​ទទួល​បាន​ការ​សរសើរ​ពី​តំណាង​សហ​ព័ន្ធ​កីឡា​ចំបាប់​អន្តរ​ជាតិ​ និង​មាន​ការ​កោតស​រសើរ​ពី​មេ​អាជ្ញា​កណ្តាល​សម្រាប់​ការ​ប្រកួត​នេះ គឺជា​អាជ្ញា​កណ្តាល​អូឡាំពិ​ក​អន្តរ​ជាតិ ​ហើយ​ពួក​គាត់​គ្រប់​គ្នាបាន​ស្នើ​សុំឱ្យ​កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជើង​ឯក​អាស៊ាន​នេះ ​ម្តង​ទៀត នៅ​ឆ្នាំ​២០២៤»​។​

យ៉ាង​ណាក៏​ដោយ​ ចំពោះ​សំណើ​នេះ ​លោក​ ខេ​ស៊ី បា​ណេ​ត បាន​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​សម្រេច​ថា​ យ៉ាង​ណា​នោះ​ទេ ​ព្រោះ​ជាធ​ម្មតា​ នៅ​តំបន់​អាស៊ាន ​យើង​តែងតែ​ផ្តល់ឱកា​ស​ដល់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​នីមួយៗ ​ជា​អ្នក​រៀ​បចំ​ អ៊ីចឹង​ថៃ ដែ​លជា​ម្ចាស់ផ្ទះ​​ស៊ី​ហ្គេម ឆ្នាំ​២០២៥ ​ជា​ជម្រើស​ទី​១ ក្នុងការ​ទទួល​បាន​សិទ្ធិ​នេះ តែ​បើ​សិន​ប្រទេស​ថៃ មិ​ន​ទទួល​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​អាស៊ាន ​នៅ​ឆ្នាំ​២០២៤​ទេ គឺ​កម្ពុជា​នឹង​បន្ត​រៀបចំ​ម្តង​ទៀត ដែល​មាន​រ​យៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​តែ​ម្តង​»៕