ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមបច្ចេកវិទ្យាជំនាន់ថ្មី ទៅដល់មន្ត្រីនគរបាល ទាំង ២៥ រាជធានី-ខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ មានសិក្ខាកាមចូលរួមជិត ២៧០ នាក់ មកពីអធិការដ្ឋាន និងស្នងការដ្ឋាននគរបាលជាតិ ទាំង២៥ រាជធានី-ខេត្ត។
យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះដើម្បីពង្រឹងសមត្ថភាពមន្រី្តក្នុងការប្រតិបតិ្តការងាររឹតបន្តឹងអនុវត្តច្បាប់លើការប្រើប្រាស់ឧបករណ៍ និងកម្មវិធីពិន័យបទល្មើសចរាចរណ៍និងដកពិន្ទុលើបណ្ណបើកបរ និងការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពស្របតាមបច្ចេកវិទ្យាថ្មី ដែលបានបំពាក់ជាមួយការធ្វើបច្ចុប្បន្នភាពជំនាន់ថ្មី។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងពិធីថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាព និងផ្តល់នូវចំណេះដឹងថ្មីដល់មន្ត្រីចរាចរណ៍ ស្របតាមកាលវិវត្តន៍នៃសម័យឌីជីថលនេះ។
ទាក់ទងនឹងការផ្ដល់វគ្គបណ្ដុះបណ្ដាលនេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូថា ការបណ្ដុះបណ្ដាលទៅដល់មន្ត្រីពាក់ព័ន្ធទៅលើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺវាជារឿងចាំបាច់ ដើម្បីបម្រើឱ្យការអនុវត្តការងារប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តថា ការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍នេះ វាក៏មានសារៈសំខាន់ផងដែរ ពីព្រោះកាលណាមានទិន្នន័យជាក់លាក់ បញ្ហាប្រឈមក៏ដឹងច្បាស់លាស់ នោះវាអាចជួយធ្វើសេចក្ដីសម្រេចរបស់អ្នកពាក់ព័ន្ធឱ្យឆ្លើយតបចំគោលដៅ។
លោកថា៖ «ខ្ញុំគិតថាការងារបណ្ដុះបណ្ដាលនេះ វាសំខាន់ ព្រោះវានឹងជួយទៅដល់ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងផែនការ អគ្គស្នងការនគរបាលជាតិហ្នឹង គាត់ប្រមូលទិន្នន័យកាន់តែរហ័ស កាន់តែច្បាស់លាស់ ដើម្បីបម្រើឱ្យការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាពិសេសការសម្រេចចិត្តថ្នាក់ដឹកនាំ ដាក់ចេញវិធានការឱ្យចំគោលដៅ»។
បើតាមលោក គឹម បញ្ញា រាល់ការធ្វើសេចក្ដីសម្រេចចិត្ត រៀបចំគោលនយោបាយ ឬរៀបចំផែនការអ្វីមួយ សំខាន់បំផុត គឺការគ្រប់គ្រង និងដឹងទិន្នន័យច្បាស់លាស់ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបទៅបញ្ហាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព។
លោកបានបន្ថែមថា ជារួម ការបណ្ដុះបណ្ដាលគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ បើសិនមានទាំងធនធានមនុស្ស មានទាំងទិន្នន័យជាក់លាក់ ក៏ដូចជាការដាក់ចេញនូវវិធានចំគោលដៅ នោះវាអាចរួមចំណែកកាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២ ៧១៦លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១ ២៨៦នាក់ អ្នករបួសធ្ងន់ចំនួន ២ ២៥៨នាក់ និងអ្នករបួសស្រាលចំនួន ១ ៣៨២នាក់។
បើប្រៀបធៀបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលដូចគ្នា ១០ខែ ឆ្នាំ២០២២ ឃើញថាអត្រានៃចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៩% អ្នកស្លាប់បានថយចុះ ១១% អ្នករបួសធ្ងន់បានកើនឡើង ៣% អ្នករបួសស្រាលបានកើនឡើង ១០%៕