ភ្នំពេញៈ​ ខួប​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង​មួយឆ្នាំ​ពេញ ដោយមាន​ការរៀបចំ ព្រឹត្តិការណ៍​ផ្សេងៗ​ច្រើនជាង​៧០​នៅក្នុង​ប្រទេស​កម្ពុជា ដែល​តាមរយៈ​ព្រឹត្តិការណ៍​ទាំងនេះ​បាន​ជំរុញ​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក កាន់​ត​តែ​ខ្លាំង និង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​កាន់តែ​ជិតស្និទ្ធ​ជាង​ពេលណាៗ​ទាំងអស់​។​


​នេះ​ជាការ​ថ្លែង​របស់ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធីជប់លៀង​បិទ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​។ 

​ប្រភព​ដដែល​បាន​លើកឡើងថា មាន​ព្រឹត្តិការណ៍​ជាច្រើន​ដែល​គួរឱ្យកត់សម្គាល់​បំផុត ក្នុង​ខួប​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា  រួមមាន មហោស្រព​គី​ហ្សូ​ណា​ក្នុង​ខែកុម្ភៈ ដែល​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​នៃ​ប្រទេស​ទាំង២បាន​ចូលរួម ការប្រគំ​តន្ដ្រី​អូ​ខេ​ស្ត្រា​ខួប​៧០​ឆ្នាំ​នៃ មិត្តភាព ជប៉ុន​-កម្ពុជា ដោយ​វង់​តន្ត្រី​អូ​ខេ​ស្ត្រា​ជប៉ុន​ក្នុង​ខែកញ្ញា និង​ចុង​សប្តាហ៍​មុន មាន​ទិវា​រត់ ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ និង​ព្រឹត្តិការណ៍​ផ្លាស់ប្តូរ​វប្បធម៌​ប្រពៃណី នៅមុខ​ប្រាសាទបាយ័ន ផងដែរ​។  


​លោក​ថ្លែងថា​៖«​ខ្ញុំ​បានឃើញ​ការសម្ដែង​ដ៏​អស្ចារ្យ​របស់​សិល្ប​ករម​ក​ពី ប្រទេស​ជប៉ុន និង​កម្ពុជា ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មានសំណាង​ណាស់​ដែល​បាន​រាប់អាន​ជាមួយ មនុស្ស​អស្ចារ្យ​ជាច្រើន​»​។ 

​ទោះជា​យ៉ាងណាក៏ដោយ លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បញ្ជាក់ថា ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា ច្បាស់​ណាស់​នឹងមិន​បញ្ច​ប់ ដោយ​ការបញ្ចប់​ដោយ​ជោគជ័យ នៃ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការ ទូត​នោះទេ​។ កម្ពុជា-ជប៉ុន ត្រូវ​កសាង​សមិទ្ធិផល​ក្នុងឆ្នាំនេះ និង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី បន្ថែម​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ទៀត​។​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី មិនអាច​សម្រេចបាន​តា​មរយៈ​អន្តរ​កម្ម​រវាង រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២​តែប៉ុណ្ណោះ​ទេ​។ ទំនាក់ទំនង​ក៏​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជាជន និង​ប្រជាជន​យ៉ាង​ទូលំទូលាយ​ផងដែរ​។ 


​លោក​ថ្លែងថា​៖«​យើងខ្ញុំ​ចង់​ទាញយក​ប្រយោជន៍​ពី​សម្ទុះ​ដែល បង្កើត​តាមរយៈ​ខួប​លើក​ទី​៧០​ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្រិត​ផ្សេងៗ និង​ក្នុង​វិស័យ​នានា​រវាង​ប្រទេស​ទាំង២​។ ជាទី​បញ្ចប់​នេះ យើងខ្ញុំ​នឹង​ជំរុញ​កិច្ចខិតខំ​ប្រឹង ប្រែង​ដើម្បី​បង្កើន​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​លើ​គ្រប់​វិស័យ​»​។ 

​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​ក្នុង​ពិធី​នោះ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ជប៉ុន​កាន់តែ​រឹងមាំ ចំពេល​មានការ​កើនឡើង​នៃ​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​ជប៉ុន​យ៉ាងច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំង២។ 

​លោក​ថ្លែងថា​៖«​ខ្ញុំ​រីករាយ​ដែល​ក្រុមហ៊ុន​ឈានមុខ​គេ​ដូចជា Minebea, AEON និង Toyota បាន​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​នៅទីនេះ ហើយ​ថា Toyota នឹង​បើក​រោងចក្រ​ដំឡើង​នៅ​ឆ្នាំក្រោយ​»​។ 

​លោក​បញ្ជាក់ថា ភាពជោគជ័យ​នៃ​ម៉ាក​យីហោ​ជប៉ុន​ធំៗ​នៅ​កម្ពុជា រួម​ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បរិយាកាស​ធុរកិច្ច​ដ៏​អំណោយផល​នៃ​ប្រទេស​ទាំង​២ នឹង​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បន្ថែមទៀត​មក​ក​ម្ពុ​ជា​។ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តែងតែ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​យ៉ាងសំខាន់​របស់​ប្រទេស​ជប៉ុន​ចំពោះ​ដំណើរការ​សន្តិភាព​រប​ស់​កម្ពុជា និង​បន្ត​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព និង​សុខភាព​របស់​កម្ពុជា ដូច​អ្វីដែល​បានឃើញ​សព្វថ្ងៃនេះ​។ 

​កញ្ញា ម៉ម ឡ​រា ទេវ​រី អគ្គរាជទូត​សុ​ច្ឆន្ទៈ​ខួប​លើក​ទី​៧០ នៃ​មិត្តភាព​ជប៉ុន​-​កម្ពុជា ថ្លែងថា ២០២៣ គឺជា​ឆ្នាំ​ដ៏​អស្ចារ្យ​សម្រាប់​តន្ត្រី សិល្បៈ និង​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា​។ ជាពិសេស កិច្ចសហការ​ផលិតចម្រៀង​រវាង វណ្ណដា និង Auich ក៏​ចូលរួម​បង្ហាញ​ពី ទំហំ​មិត្តភាព​រវាង​ជប៉ុន និង កម្ពុជា ផងដែរ​។​

​កញ្ញា​និយាយថា​៖«​នាង​ខ្ញុំ​រំពឹងថា យើង​ពិតជា​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដែល​យើង​នឹងមាន​ឱកាស​ចូលរួម​សហកា​រ រវាង​ប្រទេស​យើង​ទាំងពីរ​នៅក្នុង​ថ្ងៃ​អនាគត​។​កិច្ចសហការ​ទាំងនេះ នឹង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​យើង ដោយ​ការផ្លាស់ ប្តូរ​វប្បធម៌ ឥទ្ធិពល​នៃ​វប្បធម៌ និង ការគោរព​ស្រឡាញ់ រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​»៕