ភ្នំពេញៈ​ ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង​នៃ​លី​គ​កំពូល​កម្ពុជា​ ព្រះខ័ន​រាជ​ស្វាយ​រៀង បាន​ជួប​បរា​ជ័យ​ជាថ្មី​ម្តង​ទៀត ក្រោម​ថ្វី​ដៃ​ក្រុម​ចំណូល​ថ្មី ISI ដង្កោ​សែន​ជ័យ ​ចំណែក​ក្រុម​លេខ​ ២ ​ភ្នំពេញ​ក្រោ​នបាន​ជួប​ការ​មិន​សប្បាយ​ចិត្ត​ដូច​គ្នា ​ខណៈ​ពួក​គេបាន​វាយ​បក​តាម​ស្មើ​ក្រុម​ណា​ហ្គា​វើ​លដ៍ទាំង​លំបាក​នោះ ​ប៉ុន្តែ​គ្រូ​បង្គោល​លោក ​Oleg Starynskyi បាន​រិះគន់​លោក​អាជ្ញា​កណ្តាល ​ជី សាម​ឌី ដែល​មិន​បានបំពេញ​តួនាទី​បាន​ល្អក្នុង​នាម​ជា​អ្នក​ការ​ពារ​កីឡា​ករនៅ​លើ​ទីលាន​។​

​​សម្រាប់​ការ​ប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កីឡ​ដ្ឋាន​ស្មា​ត​អ​អេស​អិនកាលពី​យប់​ថ្ងៃទី​៨ ​ខែធ្នូ​ កន្លង​មក​ ខ្សែប្រ​យុទ្ធ​វ័យ​ក្មេង​ លឹម ពិសុទ្ធ    គួរ​ណាស់​តែ​អាច​រក​បាន​គ្រាប់​បាល់​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោ​នតាំង​ពីដើម​តង់​ទី​១ ខណៈ ​ពៅ ​ប៉ុន​វុ​ឌ្ឍី បាន​បោះ​បាល់​កាត់​ចូល​តំបន់​គ្រោះ​ថ្នាក់​ឱ្យ​រូបគេ​​យ៉ាង​ល្អ​នោះ ​ប៉ុន្តែ ពិសុទ្ធ​ បែ​រជា​ស៊ុត​បាល់​ដាច់​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​ទីនេះ ​ខុស​គោល​ដៅ​ទៅ​វិញ​។​

​ជា​មួយ​ការ​បាត់​បង់​ឱកាស​នេះ ក្រុម​ណាហ្គា​វើ​លដ៍ ​និង ភ្នំពេញ​ក្រោ​ន បាន​ព្យាយា​ម​វាយ​សម្រុក​គ្នា​ដើម្បី​បង្កើត​បាន​ឱកាស​ជាច្រើន​លើក​ដូចគ្នា ​តែ​ក្រុម​ទាំង​២មិន​អាច​រកបាន​គ្រាប់​បាល់​ឡើយគឺ​រហូតដ​ល់​នាទី​ទី៩០+​៣ ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ដែល​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​ដោយ​ខ្សែ​បម្រើ​របស់​ណា​ហ្គា ​សុះ ​ស៊ូ​ហា​ណា បន្ទាប់​ពី​រូប​គេ បាន​ទទួល​បាល់​ពី​ការ​ទាត់​ឡើង​ទៅ​លើ​ខុស​គោល​ដៅ​របស់​អ្នក​ចាំទី ​អ៊ុំ ​វិចិត្រ នោះ​។​


ទោះ​បីជា​យ៉ាង​ណា កា​រព្យាយា​ម​ចេញ​ទៅ​សង្គ្រោះ​បាល់​ចេញ​ពី​កីឡា​ករ ​លឹម វិសាល ដែល​ត្រូវ​បាន​ភ្នំពេញ​ក្រោ​ន ដាក់​ឱ្យ​ចូល​លេង​ជា​លើកដំ​បូងនៅ​នាទី​ទី​៨៩​នោះ ​បាន​បង្ក​ជា​កំហុស​ ដោយ ​រូបគេបាន​ជ្រុល​ទៅ​ប៉ះ​ វិសាល ឱ្យ​ដួល​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នាំឱ្យ​លោក​អាជ្ញា​កណ្តាល ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ ទៅ​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ ​លឹម ពិ​សិទ្ធ ​ជា​អ្នក​ស៊ុត​បាន​សម្រេចនៅ​នាទី​ទី ៩០+​៧ ដើម្បី​ធ្វើឱ្យ​ការ​ប្រកួត​នេះ​បាន​បញ្ចប់​ដោយ​លទ្ធ​ផល​ស្មើ​គ្នា ​១-​១​។​

​យ៉ាង​ណាក៏​ដោយ​ លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ហាក់​មិន​ស្ងប់​ចិត្ត ជា​មួយ​កា​រផ្តល់​បាល់​ពិន័យ​១​គ្រាប់​របស់លោ​ក​អាជ្ញា​កណ្តាល​ ជី សាម​ឌី នៅ​ចុង​ម៉ោង​នេះ​ទេ ​ព្រោះ​លោក​បាន​មើល​ឃើញ​ថា​ ក្រុម​ណាហ្គា​វើ​លដ៍ ​គួរតែ​ទទួល​បាន​កាត​ក្រហម​១ ​ព្រោះ​នៅ​ក្នុង​ការ​ប្រកួត​ ឡុង ភា​រ៉ា​ត ត្រូវ​បាន​គេ​ទាត់​ឱ្យ​ដួល និង​មាន​របួស​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី​​ទី​៣១ ​ចំណែក​អ្នក​ចាំទី ​អ៊ុំ វិចិត្រ ក៏​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡា​ករ​ណា​ហ្គានាំ​ឱ្យ​មាន​ឈាម​នៅ​រន្ធ​ត្រ​ចៀក​ដែរ ​ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញា​កណ្តាល​ពិន័យ​កីឡា​ករ​របស់​ណា​ហ្គា​ដូច​គ្នា​។​


​គ្រូប​ង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែ​ន ​លោក Oleg បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ «​ខ្ញុំ​គិ​តថា គួរ​តែមាន​ការ​ពិន័យ​ច្រើន​ជាង​នេះ ​ហើយ​អាជ្ញា​កណ្តាល​គួរ​តែ​ឱ្យ​កាត​ក្រហម​យ៉ាង​ហោច​ណាស់​១​ទៅកាន់​កីឡា​ករ​ក្រុម​ណាហ្គា​វើ​លដ៍​។ ដូច​ជា ​ឡុង ភា​រ៉ាត់ ត្រូវ​ពួក​គេ​ទាត់​ក្នុង​ប្រអប់​ដែល​ធ្វើ​ឱ្យ​គេ​មិន​អាច​បន្ត​លេង​ទៀត​បាន​។ អាជ្ញា​កណ្តាល​មិន​បាន​ការ​ពារ​កីឡាករ​ទេ ​ជាក់​ស្តែង​កីឡាករ​ត្រូវ​ទាត់​ចំ​មុខ ​ប៉ុន្តែ​អាជ្ញា​កណ្តាល​មិន​ពិន័យ​អ្វី​ទាំង​អស់​ ហើយ​បញ្ហា​ទាំង​នេះ​ ជា​រឿង​ដែល​បាន​កើត​មាន​ឡើង​ដដែលៗ​»​។​

​យ៉ាង​ណា​ក៏ដោ​យ ​លោក Oleg Starynskyi បាន​ទទួលស្គា​ល់ថា​ ក្រុម​ណាហ្គា​វើ​លដ៍ ​ដែល​ទើបបា​ន​យក​ឈ្នះ​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយ​រៀង ១-០​ កាលពី​ថ្ងៃទី​៣ ខែធ្នូ​នោះ ​ពិត​ជា​មាន​ទម្រង់​លេង​ប្លែក​ជាង​មុន ​ស្រប​ពេល​ដែល​ក្រុម​ភ្នំពេញ​ក្រោ​នកំពុង​មាន​បញ្ហា​របួស​កីឡា​ករ​ច្រើន​ដែល​ទាម​ទារ​ដាក់​កីឡាករ​ចំណូល​ថ្មី​មួយចំ​នួន​ឱ្យ​ចូល​លេង​ជំនួស​។​

​លោក ​Oleg បាន​បញ្ជាក់​ថា​៖ «​ដូច​អ្វីដែល​យើង​រំពឹង​អ៊ីចឹ​ង គឺ​នេះ​ជាការ​ប្រកួត​លំបាក​មួយ​ ដោយ​សារ​ណា​ហ្គា មាន​ការ​ផ្លាស់​ប្តូរ​ដោយ​នាំយក​កីឡាករ​ថ្មីៗ​មួយ​ចំនួន​មក​ចូល​រួមហើយ​ពួកគេ​ពិតជា​ស្រេក​ឃ្លាន​ការ​ប្រកួត​ណាស់​។ ទោះ​យ៉ាង​ណា ខ្ញុំ​គួរតែ​រីក​រាយ​ជាមួ​យ​ទម្រង់​លេង​របស់​ក្រុម ​ព្រោះ​យើង​មាន​កីឡាករ​របួស​ច្រើន​ និង​បាន​ដាក់​កីឡាករ​មួយចំ​នួន​ឱ្យចូល​លេង​ជំនួស ​តែ​យើង​នៅតែ​បង្កើត​ឱកាស​បាន​ច្រើន​។ យើង​គួរតែ​រក​គ្រាប់​​បាល់​បាន​លឿន​ជាង​គេ ​តែ​យើង​បាន​បង្កើត​កំហុសធ្វើឱ្យ​មាន​គ្រាប់​បាល់​កើត​ឡើង​ ប៉ុន្តែ​ពេល​ខ្លះ​រឿងនេះ​វា​កើត​មាន​ឡើង​ក្នុង​បាល់ទា​ត់​»​។​

​ចំណែក​លោក ​ឃឹម បូរី គ្រូ​បង្គោល​ក្រុម​ណាហ្គា​​វើ​លដ៍ក៏​សោក​ស្តាយ​ចំពោះ​ការ​របូត​១​គ្រាប់​ចុង​ក្រោយដោយសា​រ​បាល់​ពិន័យ​១១​ម៉ែត្រ​។ លោក​ថា​៖ «​បើ​មើ​លពី​ការប្រ​កួត​ជុំ​ទី​១ ក្រុម​របស់​យើង​មាន​បញ្ហា​កីឡាករ​ច្រើន​មែន​ទែន​ តែ​យើង​បាន​ផ្លាស់ប្តូ​រ​កីឡា​ករ​មួយ​ចំនួន​ធ្វើឱ្យ​ការ​ប្រកួត​ជុំ​ទី​២​នេះ ​មាន​ភាព​ប្រសើរ​ឡើង​វិញ​។ ប៉ុន្តែ​ថ្ងៃ​នេះ​ យើង​
ពិ​តជា​ស្តាយ​មែន​ទែនសម្រាប់​គ្រាប់​បាល់​ចុង​ម៉ោង​ តែ​បាល់​ទាត់​នៅ​ពេល​យើង​បាត់ប​ង់​ការ​ប្រមូ​ល​អារ​ម្មណ៍ចុង​ក្រោយ​ គឺ​ឱកាស​តាម​ស្មើ វា​តែង​តែ​កើត​មាន​ឡើង​ហើយ​»​។ 

​ជា​មួយ​​ការចែ​ក​គ្នា​ម្នាក់​១​ពិន្ទុ​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​លដ៍នេះ ​ត្រូវបាន​​គេ​មើល​ឃើញ​ថា វា​ជា​ឱកាស​យ៉ាង​សំខា​ន់ស​ម្រាប់​ក្រុម​ព្រះខ័​ន​រាជ​ស្វាយ​រៀងក្នុងការ​ដណ្តើមបា​ន​៣​ពិន្ទុពី​ក្រុម ISI​ ដង្កោ​សែន​ជ័យដើម្បី​មាន​គម្លាត​គ្រាប់​បាល់​កាត់​តែ​ដាច់​ឆ្ងាយ​ពី ​ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​ពួកគេ​បែរជា​ជួប​ការខ​កចិត្ត​ទៅវិញ​។​

​សម្រាប់​​ការប្រ​កួតនៅ​​កីឡ​ដ្ឋាន​ខេត្ត​ស្វាយរៀង ​កាលពី​យប់​ថ្ងៃទី​៩ ខែធ្នូ​នោះ​ កីឡា​ករ​ របស់​ឡាវ​ Bounkong Bo​u​np​hac​han រកបាន​គ្រាប់​នាំមុខ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយរៀ​ងនៅ​នាទី​ទី​២៧ ​ប៉ុន្តែ​ខ្សែប្រ​យុទ្ធ ​សំអុល ​ទីណា បាន​ស៊ុត​តាម​ស្មើ​ឱ្យ​ក្រុម ISI​ វិញ នៅ​នាទី​ទី​៤៤ ​មុនពេ​ល​ខ្សែ​ប្រយុ​ទ្ធ Nd​ongo Louis Willy បាន​បន្ថែម​១​គ្រាប់​ទៀត ​នៅ​នាទី​ទី​៦៧ ​ដើម្បី​ជួយ​ឱ្យ ​ក្រុម ​ISI ឈ្នះ​ក្រុម​ស្វាយ​រៀង​ ២-១ ដ៏​គួរ​ឱ្យភ្ញា​ក់ផ្អើល​បំផុ​ត​។ 

​ជាមួ​យ​លទ្ធ​ផល​នេះបាន​ធ្វើឱ្យ​ក្រុម​កំពុង​ឈរ​នៅ​កំពូល​តារាង ​ព្រះខ័ន​រាជ​ស្វាយ​រៀងមាន​៣១​ពិន្ទុ​ដដែល​ ខណៈ​ភ្នំពេញ​ក្រោ​នដែល​ឈរ​នៅ​លេខ​២ មាន​២៧​ពិន្ទុ​ ហើយ​ក្រុម I​SI ដង្កោ​សែន​ជ័យ​ មាន​២០​ពិន្ទុ ​ចំណែក​ក្រុម​ណា​ហ្គា​វើ​លដ៍​ទើប​តែមាន​១៤​ពិន្ទុ​៕