ភ្នំពេញៈ រដ្ឋបាល​ជលផល និង​អង្គការ​អភិរក្ស បាន​លើក​​ឡើង​ថា អណ្ដើក​ហ្លួង នឹងត្រូវ​ធ្លាក់ចុះ​ដោយសារ​ការទន្ទ្រាន​ដី​ ព្រៃ​លិច​ទឹក​នៅតាម​ប្រព័ន្ធ​ព្រែក​​ស្រែអំបិល និង​ការនេសាទ​ខុសច្បាប់​ខណៈដែល​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បង្កើន​ការងារ​ចុះ​ល្បាត និង​បង្កើន​ការ​បង្កាត់​ពូជ​អណ្ដើក​ហ្លួង​។​


​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែធ្នូ​ថា សព្វថ្ងៃនេះ អណ្ដើក​ហ្លួង គឺ​លែង​រង​សម្ពាធ​ពី​ការ​បូម​ខ្សាច់​ទៀតហើយ ដោយ​សារ​អាជ្ញាធរ​បាន​ចុះទៅ​បង្ក្រាប​ជនល្មើស និង​មិន​ឱ្យមាន​សកម្ម​ភាព​បូម​ខ្សាច់​បន្ត​ឡើយ​។ ទោះបី​មិនមាន​សកម្មភាព​បូម​ខ្សាច់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អណ្ដើក​​ហ្លួង​ក៏ពិតមែន ប៉ុន្តែ​បែរ​ជាមាន​សកម្មភាព​ទ​ន្ទ្រា​ន​ដីព្រៃ​នៅតាម​មាត់​ព្រែក​ដែល​អណ្ដើក​ហ្លួង​កំពុង​រស់នៅ ហើយ​ក្រៅពីនេះ​ក៏មាន​បទល្មើស​នេសាទ​ខុសច្បាប់​ផងដែរ​។​

​ស្របពេល​ដែលមាន​បទ​ល្មើស​នេសាទ​ខុសច្បាប់ និង​ការ​ទន្ទ្រានព្រៃ​លិច​ទឹក បច្ចុប្បន្ននេះ ខាង​រដ្ឋបាល​ជលផល បាន​បង្កើន​សកម្មភាព​ការងារ​អភិរក្ស​ដូច​​ជា​៖ ការចុះ​ល្បាត ការលែង​អណ្ដើក​ហ្លួង​ឱ្យ​ត្រឡប់​ទៅវិញ និង​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​សហគមន៍ ក៏ដូចជា​ការបង្កើន​ការ​ភ្ញាស់​ពងអណ្ដើក​ហ្លួង​នៅតាម​មជ្ឈមណ្ឌល​អភិរក្ស​។​


​លោក អ៊ុក វិបុល បាន​បន្តថា ជាពិសេស គឺ​ការបង្កើន​មុខរបរ​ចិញ្ចឹមជីវិត​ទៅដល់​សហគម​ន៍ ដើម្បី​កុំឱ្យ​ពួកគាត់​ពឹងផ្អែក​ទាំង​​ស្រុង​ពេក​ទៅលើ​មុខរបរ​ការធ្វើ​នេសាទ​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ វត្តមាន​អណ្ដើក​ហ្លួង គឺ​បញ្ជាក់​ពី​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យើង​ដែល​អាច​អភិរក្ស​អណ្ដើក​ហ្លួង​ឱ្យនៅ​សេសសល់​មកដល់​បច្ចុប្បន្ន​នេះ​ខណៈដែល​ប្រទេស​គេ​ផ្សេងៗ​ដែលមាន​ពីមុនមក គឺ​បាន​ផុត​ពូជ​អស់ហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​អាច​បង្កើន​ការចិញ្ចឹម​ជាពិសេស​គឺ​ការ​បង្កាត់​ភ្ញាស់​នៅតាម​មជ្ឈមណ្ឌល​របស់​យើង ដែល​នៅ​ឆ្នាំនេះ គឺ​បានទទួល​ពង​ច្រើន ហើយក៏​ភ្ញាស់​កូន​ច្រើន​ផងដែរ​»​។​


​វត្តមាន​អណ្ដើក​ហ្លួង ក៏​ជា​សូចនាករ​មួយ​ដែល​បង្ហាញ​ពី​គុណភាព​ទឹក​ដែល​មិន​មានការ​បំពុល និង​បង្ហាញ​ពី​ជីវចម្រុះ​ដ៏​សម្បូរបែប​នៅពេល​មាន​អណ្ដើក​ហ្លួង​រស់នៅ​ហើយ​ជា​​ពិសេស​នៅពេលដែល​មានការ​​អភិរក្ស បង្កាត់​ភ្ញាស់​ឱ្យបាន​ច្រើន នោះ​វា​អាច​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ពេលអនាគត​។​

​លោក ​អ៊ុក វិបុល បញ្ជាក់ថា​៖ «​យើង​កំពុង​គិតថា ទៅ​ពេលអនាគត យើង​នឹង​ពង្រីក​ស្ថានីយ​មជ្ឈមណ្ឌល​របស់​យើង​ឱ្យ​ធំ និង​លែង​អណ្ដើក​ហ្លួង​ចូល​ព្រៃ​ធម្ម​ជាតិ​ឱ្យ​ច្រើន នោះ​ធ្វើឱ្យ​ប្រជា​​ពលរដ្ឋ​យើង គាត់​អាច​នឹង​បង្កើត​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​ជួយ​ជីវភាព​របស់​ពួកគាត់​ឱ្យ​ប្រសើរឡើង​»​។​

​បើតាម​លោក អ៊ុក វិបុល ក្នុង​ឆ្នាំ​ ២០២៣ ​នេះ មន្ត្រី​អភិរក្ស បាន​ភ្ញាស់​ពង​របស់​អណ្ដើក​ហ្លួង បានកូន​ចំនួន​ជាង ២០០ ​ក្បាល ហើយក៏​បាន​លែង​មេ​ពូជ​អណ្ដើក​​ហ្លួង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​បាន​ចំនួន​ជាង ១០០​ ក្បាល ចំណែក​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង មាន​អណ្តើក​ហ្លួង​ចំនួន​ ២០០​ ក្បាល​ផងដែរ​។​

​ដូច្នេះ​ទាំង​កូនអណ្ដើក​ហ្លួង ទាំង​មេអណ្ដើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស និង​អណ្ដើ​ត​ហ្លួង​ដែល​លែង​ចូល​ព្រៃ​ធម្មជាតិ មាន​ចំនួន​សរុប​ប្រមាណ ៥០០ ​ក្បាល​។ ទន្ទឹមនឹងនោះ អណ្ដើក​ហ្លួង ក៏បាន​បែងចែក​ទៅ​តំបន់​អង្គរ​ក្នុង​ខេត្ត​​សៀមរាប ទៅ​ស្ថានីយ​វា​រី​វប្ប​កម្ម​ក្នុង​ខេត្តកណ្ដាល​ផងដែរ ដែល​ការបែងចែក​នេះ គឺ​ដើម្បី​គិតគូរ​ប្រសិន​ជាមាន​តំបន់​ណាមួយ​ដែល​អណ្ដើក​ហ្លួង​រស់នៅ មាន​ហានិភ័យ គឺ​វា​អាច​នៅសល់​កន្លែង​ផ្សេងទៀត​។​

​អណ្តើកហ្លួង​​ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ធ្វើការអភិរក្ស​​​។ រូបថត WCS

​លោក ធន ផុន ប្រធាន​ក្រុម​អភិរក្ស​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ប្រចាំ​កម្ពុជា​ក៏បាន​ឱ្យដឹង​ដែរ​ថា ពពួកសត្វ​អណ្ដើក​ហ្លួង​ជាស​ត្វ ១​ ប្រភេទ ក្នុងចំណោម​ពពួកសត្វ​អណ្តើក និង​អណ្តើក​ទឹកសាប​ចំនួន​ ២៥ ​ប្រភេទ​ដែល​ជិត​ផុត​ពូជ​បំផុត​របស់​ពិភពលោក​។​

​នៅ​កម្ពុជា​ប្រភេទ​សត្វ​នេះ​ត្រូវបាន​គេ​ជឿថា ផុត​ពូជ​បាត់ទៅហើយ​រហូតដល់​ឆ្នាំ​ ២០០០ នៅពេលដែល​ប្រជាជន​មួយចំនួន​បាន​រកឃើញ​វា​ឡើងវិញ​នៅក្នុង​ទន្លេ​ស្រែអំបិល ជាមួយនឹង​ក្រុមការងារ​រដ្ឋបាល​ជល​ផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​។​

​លោក​ ធន ផុន​ បាន​បញ្ជាក់ថា​៖ «​ប្រភេទ​សត្វ​នេះ​អាច​នឹងត្រូវ​ធ្លាក់ចុះ​ដោយសារ​ការ​​បំផ្លិចបំផ្លាញ​ទីជម្រក​ធម្មជាតិ ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក និង​ព្រៃ​នៅតាម​ដងព្រែក​ក្នុង​ប្រព័ន្ធ​ស្រែអំបិល ការនេសាទ​ខុសច្បាប់ ក៏ដូចជា​ការអភិវឌ្ឍ​តាម​មាត់ទន្លេ ជាពិសេស​ការ​បូម​ខ្សាច់ ដែល​ថ្មីៗ​នេះ រដ្ឋបាល​ជលផល បាន​សហការ​ជាមួយ​ខាង​អាជ្ញាធរ​ដែនដី ចុះ​បង្ក្រាបបាន​មួយចំនួន​ផងដែរ ប៉ុន្តែ​វា​នៅតែ​កើត​បន្ត​មាន​ជារឿយៗ​ដែរ​»​។​

​បើតាម​លោក​ ធន ផុន ប​ច្ចុ​ប្បន្ន​នេះ​ការងារ​អភិរក្ស​អណ្ដើក​ហ្លួង គឺ​ខាង​អង្គការ​របស់លោក និង​អាជ្ញាធរ​បានចាប់ផ្តើម​ក​ម្ម​​វិធី​បង្កាត់​ពូជ​សត្វ​អណ្ដើក​ហ្លួង នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​​ល្មូ​ន​ខេត្តកោះកុង ដែល​កម្មវិធី​នេះ​ធ្វើឡើង​បាន​ជោគជ័យ​រយៈ​ពេល ៣ ​ឆ្នាំ​មកហើយ ខណៈដែល​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៤ ដែល​កម្មវិធី​បង្កាត់​ពូជ​សត្វ​អណ្ដើក​ហ្លួង បានទទួល​ពង​ច្រើន និង​ភ្ញាស់​កូន​ច្រើន​៕