ភ្នំពេញៈ កម្ពុជា​បាន​ជំរុញ​ឱ្យ​សន្និសីទ​កំពូល​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អា​កាស​ធាតុ​លើក​ទី​២៨ (COP28)​ ចាប់ផ្តើម​ដាក់ចេញ​កិច្ចសហការ​ជាស​កល​ពុំដែល​ធ្លាប់មាន​ ដើម្បី​អន្តរា​គម៍​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុខុមាលភាព​សហ​គម​ន៍ និង​សុខភាព​ភពផែនដី ខណៈ​កម្ពុជា​ប្តេជ្ញាចិត្ត​ជាថ្មី​ក្នុង​ការដើរ​នាទី​សំខាន់​ក្នុង​កិច្ច​ប្រឹង​​ប្រែង​ជាស​កល​នេះ​។​


​ការជំរុញ និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​លោក​ អ៊ាង​ សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិ​​ស្ថាន តំណាងឱ្យ​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត នៅក្នុង​សន្និសីទ​កំពូល​អាកា​ធាតុ COP28 នាទី​ក្រុង​ឌូ​បៃ ប្រទេស​អេ​មី​​រ៉ា​ត​អារ៉ាប់​រួម នៅ​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​តាមរយៈ​សុន្ទរកថា លោក​ អ៊ាង សុផល្លែត បាន​ថ្លែងថា ក្នុងនាម​កម្ពុជា​ជា​សមាជិក​ដែលមាន​ការទទួលខុសត្រូវ​ក្នុង​សហគមន៍​ពិភពលោក កម្ពុជា​ប្តេជ្ញាចិត្ត​ដើរ​នាទី​សំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ជាបន្ទាន់​ចំពោះ​គ្រោះអាសន្ន​ផ្នែក​អាកាសធាតុ​ទោះបី​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ទាប​ក្ដី ប៉ុន្តែ​កម្ពុជា​យល់ច្បាស់​ពី​ផល​​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ​។​


​លោក​បញ្ជាក់ថា​៖ «​កម្ពុ​ជារួម​នឹង​ប្រជាជាតិ​ដទៃទៀត​បាន​ឈាន​ទៅមុខ​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​ទោះជា​យ៉ាងណាក៏ដោយ ការ​​បំ​ភាយ​ឧស្ម័ន​នៅតែ​ខ្ពស់​ពេក​ដើម្បី​ការពារ​កុំឱ្យ​សីតុណ្ហភាព​កើនឡើង​លើស​ពី​កម្រិត​នៃ​ ១,៥​ អង្សារ​សេ​»​។​

​រដ្ឋមន្ត្រី​បរិស្ថាន​បានបង្ហាញ​ជំនឿ​ជឿជាក់ថា ការប្តេជ្ញាចិត្ត​ក្នុង​ទំហំ​ទឹកប្រាក់​ ១០០ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង ១ ​ឆ្នាំ ត្រូវតែ​ជា​អាទិភាព​ចម្បង​ក្នុងការ​ដោះ​​ស្រាយ​វិបត្តិ​អាកាសធាតុ​ជាស​កល ហើយ​ពិភពលោក​ត្រូវ​សម្រេច​មហិច្ឆតា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន ក៏ដូចជា​ព​ន្លឿ​ន​សកម្មភាព​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការគិតគូរ​ចំពោះ​ការបាត់បង់​និង​ខូចខាត​នានា​។​


​លោក​ អ៊ាង សុផល្លែត ក៏បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​កម្ពុជា​ពី​ការចូលរួម​ទប់ស្កាត់​វិបត្តិ​អាកាសធាតុ តួយ៉ាង​កិច្ចខិតខំ​លើ​អន្ត​រកម្ម​ថាមពល​ស្អាត ការសម្រេចបាន​សមត្ថ​​ភាព​ថាមពល​កកើត​ឡើងវិញ​ចំនួន​ ៦២ ភាគរយ ការ​លុប​គម្រោង​ថាមពល​ធ្យូងថ្ម​ក្នុងស្រុក​ទំហំ​ ៧០០​ មេ​ហ្គា​វ៉ា​ត់ ជាពិសេស​កម្ពុជា​បាន​អភិវឌ្ឍ​បណ្តាញ​ថាមពល​ក្នុង​តំបន់​សម្រាប់​ការចែក​ចាយ​ថាមពល​កាបូន​ទាប​កាន់តែ​ប្រសើរ ហើយ​កម្ពុជា​ក៏​កំពុង​ងាក​ទៅរក​ការនាំចេញ​ថាមពល​ស្អាត​ផងដែរ ពោលគឺ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ផង​។​

​លើសពីនេះ​ទៀត លោក ​អ៊ាង​ សុផល្លែត ក៏បាន​បញ្ជាក់ប្រាប់​អន្តរជាតិ​ពី​បំណង​ដែល​កម្ពុជា​ចង់​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​រហូតដល់ ​៧០​ ភាគរយ​នៅ​ឆ្នាំ​ ២០៣០ បំណង​កាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ ១៩ ​ភាគរយ​នៅ​ឆ្នាំ ​២០៣០​ ក៏ដូចជា​ការប្តេជ្ញាចិត្ត​ក្នុង​ការមិន​សាងសង់​វា​រី​អគ្គិសនី​នៅលើ​ដង​ទន្លេមេគង្គ​ជាដើម​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក​ សាម អ៊ី​ន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ការដោះស្រាយ​វិបត្តិ​អាកាស​ធាតុ​ជា​រឿង​សកល​ដែល​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ប្រទេស ខណៈ​កម្ពុជា​ក៏បាន​ចូលរួមចំណែក​ច្រើន​ក្នុង​កិច្ចការ​នេះ ទោះបី​កម្ពុជា​មិនមែនជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ច្រើនក្តី​។​

​លោក​បាន​ប្រាប់ថា​៖ «​រដ្ឋា​ភិ​បាល​បាន​ប្រឹងប្រែង​បង្កើត​តំបន់​ការពារ​ធនធានធម្មជាតិ​រហូត​​ ៧៣​​ កន្លែង​ប្រមាណ​ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​ស្មើនឹង ៧​ លាន​ហិកតា​ដើម្បី​ការពារ​ព្រៃឈើ​ដែលជា​អ្នក​ស្រូប​ឧស្ម័ន​បង្ក​ហានិភ័យ​ដល់​វិបត្តិ​អាកាស​ធាតុ​។ រដ្ឋាភិបាល​ក៏​ប្តេជ្ញាចិត្ត​ប្រើប្រាស់​ថាមពល​ស្អាត ហើយ​កាត់បន្ថយ​ការប្រើ​ធ្យូងថ្ម ហើយ​ក្រៅពីនេះ យើង​មាន​យុទ្ធនាការ​កាត់បន្ថយ​ប្រើ​ប្លា​ស្ទិ​ក ជាដើម​ផង​»​។​

​លោក សាម អ៊ី​ន បាន​បន្ថែមថា ក្រៅពីនេះ រដ្ឋាភិបាល​ក៏បាន​គិតគូរ​យន្តការ​ជួយ​សហគមន៍​ផងដែរ​ពី​ការរង​គ្រោះ​ពី​បញ្ហា​នេះ ដោយ​អប់រំ និង​បណ្តុះបណ្តាល​សហគម​ន៍ប​ន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដូចជា​ការជួយ​កសិក​រ​ឱ្យ​យល់ដឹង​ពី​ការ​ជ្រើស​​រើស​ដំណាំ និង​ពូជ​សត្វ​ជាដើម ដើម្បី​សម្រប​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​ផង​។​

​ដោយឡែក លោក ​ហេង គឹមហុង ប្រធាន​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគមយុវជន​កម្ពុជា​​ (CYN) សាទរ​ចំពោះ​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ដើម្បី​ប្រយុទ្ធ​ប្រ​ឆាំង​វិបត្តិ​អាកាសធាតុ​ក្នុង​សន្និសីទ COP28 នេះ ជាពិសេស​ការលុបចោល​គម្រោង​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ ក៏ដូចជា​កាត់បន្ថយរ​យៈ​ពេល​ដំណើរការ​រោងចក្រ​ថាមពល​ធ្យូងថ្ម​។​

​ទោះជា​យ៉ាងណា លោក​មិន​សាទរ​ចំពោះ​ការប្រើប្រាស់​ថាមពល​ដើរ​ដោយ​ទំនប់​វា​រី​អគ្គិសនី នៅ​តំបន់​ខ្លះ​ទេ ដោយ​លោក​ថា វា​បង្ក​ការបំផ្លាញ​ជីវចម្រុះ ធនធាន ធម្មជាតិ ប៉ុន្ដែ​លោក​លើក​ទឹក​​ចិត្ត​ឱ្យប្រើ​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ​តាម​តំបន់​អាទិភាព​។​

​លោក​ថា​៖ «​ដើម្បី​ទប់ស្កាត់​វិបត្តិ​អាកាសធាតុ កម្ពុជា​គួរ​បង្កើន​ការពារ​ព្រៃឈើ ដោយ​កន្លងមក​ព្រៃឈើ​របស់​កម្ពុជា​រង​ការកាប់បំផ្លាញ ការដឹកជញ្ជូន​ទៅ​ក្រៅប្រទេស កម្ពុជា​ត្រូវ​បង្កើន​ការប្តេជ្ញាចិត្ត ជាពិសេស​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​។ យើង​ត្រូវ​ពង្រឹង​វិធានការ​ច្បាប់​ទៅលើ​អ្នក​បំផ្លាញ​ធនធានធម្មជាតិ ជា​យន្ត​ការល្អ​បំផុត​»៕