​ភ្នំពេញៈ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខណៈ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល លើ​ការពង្រឹង​ការ​គាំពារ​សង្គម ក្នុង​ព្រឹត្តិការណ៍​កម្រិត​ខ្ពស់ នៃ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ «​សិទ្ធិមនុស្ស​ ៧៥»​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ​១១ ​ដល់​ថ្ងៃទី​ ១០ ខែធ្នូ​។​


​លោក ​ហ៊ុន សែន ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់លោក​នា​ថ្ងៃទី​ ១០​ ខែធ្នូ​ថា​៖ «​អប​​អរសាទរ​ខួប​លើក​ទី​៧៥ នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ គឺជា​ថ្ងៃ​រំឭក​ព្រឹត្តិការណ៍​ប្រវត្តិ​​សាស្ត្រ​ដែល​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ (UN) បានអនុម័ត​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ១៩៤៨»​។​

​ជាមួយគ្នានេះ​លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​សរ​​សេ​រលើ​បណ្តាញ​សង្គម​របស់លោក​ដែរ​ថា ៖ «​អបអរសាទរ​ខួប​លើក​ទី​៧៥ ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ (INTERNATIONAL HUMAN RIGHTS DAY)»​។​


​ជាមួយគ្នានេះ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្តេជ្ញាចិត្ត​ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​និង​សេវា​សុខភាព​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នៅ​ចំពោះមុខ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​និង​ចូល​​រួម​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​ ១០ ធ្នូ ក្រោម​ប្រធានបទ «​ខួប​ ៧៥ ​ឆ្នាំ​» នៃ​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ចាប់ពី​ថ្ងៃទី​ ១១-១២ ខែធ្នូ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។​

​លោក កែវ រ៉េមី បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ព្រឹត្តិការណ៍​កម្រិត​ខ្ពស់​នេះ​នឹងមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ ហើយ​កម្ពុជា​នឹង​ឡើង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​លើ «​ការពង្រឹង​ការ​គាំពារ​សង្គម​» ក្នុងការ​ចូលរួម​ជាមួយ​អង្គការសហប្រជាជាតិ និង​រដ្ឋ​សមាជិក​ដទៃទៀត ក្នុង​គោលដៅ​លើកកម្ពស់​សកល​ភាព និង​ភាព​មិនអាច​កាត់ផ្តាច់​ពីគ្នា​បាន​នៃ​សិទ្ធិ​​មនុស្ស និង​ការ​សម្លឹង​ឆ្ពោះទៅ​អនាគត​។ 


​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​មោទនភាព ដែល​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ចេញ​មុខមាត់​នៅលើ​យន្តការ​ចំពោះមុខ​ប្រទេស​ផ្សេងៗ​លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​គាំពារ​សង្គម ជា​ពិសេស​ផ្តោតលើ​សេវា​សង្គម តាមរយៈ​ការ​ការពង្រីក​សេវា​សុខភាព ដើម្បី​គ្របដណ្តប់​ជាស​កល​»​។ 

​ជាមួយគ្នា​នោះដែរ លោក ​កែវ រ៉េមី សង្ឃឹមថា តាមរយៈ​សេវា​សុខភាព និង​ការ​គាំ​ពារ​សង្គម​នឹងធ្វើ​ឱ្យ​អាយុកាល​របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹងមាន​អាយុ​វែង និង​ទទួលបាន​ផលប្រយោជន៍​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ​៧ នេះ​។​

​បើតាម​លោក​ កែវ រ៉េមី ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋា​​ភិ​បាល​អាណត្តិ​ទី​៧ នេះ​ប្រជាពលរដ្ឋ​ប្រមាណ​៩​លាន​នាក់​ទទួលបាន​ផលប្រយោជន៍​សេវា​សុខ​ភាព រួមមាន​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​។ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្តោតលើ​យុវជន មកពី​គ្រួ​សារ​ក្រីក្រ​និង​មាន​ហានិភ័យ ១,៥ លាន​នាក់ ក៏​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ ដើម្បី​ធានា​នូវ​មុខរបរ​ការងារ​របស់​ពួកគេ​ក្នុងការ​ចិញ្ចឹមជីវិត​តាមរយៈ​ការរៀបចំ​យន្តការ​អប់រំ​យុវជន ពី​ថ្នាក់​ទី ៩​ឡើងទៅ​សម្រាប់​អ្នកស្ម័គ្រចិត្ត​។  

​លោក អំ សំអាត នាយក​កិច្ច​ការ​ទូទៅ​អង្គការសិទ្ធិមនុស្ស​លីកាដូ​ថ្លែងថា ក្នុងឱកាស​ខួប​លើក​ទី​៧៥ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន ក៏បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង មានការ​ដើរ​ហែ​ក្បួន​ផងដែរ​ដើម្បី​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យបាន​ពេញលេញ​។ លោក​ថា ក្នុង​រយៈ​ពេល​ ១០០​ ថ្ងៃ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ នេះ មិនទាន់​ឃើញ​មាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅឡើយ​ទេ​។​

​លោកថ្លែងថា៖ «​បើ​និយាយ​ពី​សិទ្ធិមនុស្ស​មកដល់ពេលនេះ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​មិនទាន់មាន​ឃើញ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ទេ ប៉ុន្តែ​ស្ថិតនៅក្នុង​ការរិះគន់​ជា​បន្តបន្ទាប់​នៅឡើយ​ទេ​»​។ 

​ចំពោះ​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​លើ ​«​ការពង្រឹង ការ​គាំពារ​សង្គម​»​ នៅ​ចំពោះមុខ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ប្រទេស​ស្វ៊ី​សលោក អំ សំអាត​ បញ្ជាក់ថា​៖ «​អ្វីៗ​មិនអាច​ស្ថិត​នៅលើ​ការប្តេជ្ញាចិត្ត​នោះទេ គឺ​យើង​ត្រូវ​មើលទៅ​លើ​ការអនុវត្ត​ជាក់ស្តែង​នៅពេល​ខាងមុខ​»​។​

​លោក​ ប៉ែន បូ​ណា អ្នកនាំពាក្យ​នៃ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល លើ​ប្រធានបទ «​សេរីភាព​បញ្ចេញមតិ និង​ការទទួលខុសត្រូវ​»​ កាលពី​ថ្ងៃ​ ៧ ​ធ្នូ​ថា សិទ្ធិសេរីភាព​នៅ​កម្ពុ​ជាមាន​វិសាលភាព​ទូលំទូលាយ​ណាស់ ប៉ុន្តែ​អ្វីដែល​នៅ​សេសសល់​គឺ​ការប្រើ​សិទ្ធិសេរីភាព​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ 

​លោក​លើកឡើងថា​៖ «​បើ​និយាយ​ពី​សិទ្ធិ​ន​យោ​បាយ​និង​សិទ្ធិ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​យើង បក្សនយោបាយ​មាន​រាប់សិប​ត្រូវបាន​បង្កើតឡើង និង​ចូលរួម​ការបោះឆ្នោត​។ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល សហជីព​មាន​ពី​ ៥ ​ពាន់​ទៅ​ ៦ ​ពាន់​អង្គភាព​ត្រូវបាន​បង្កើតឡើង និង​ធ្វើ​សកម្ម​ភាព​នៅលើ​ទឹកដី​កម្ពុជា​។ សារព័ត៌មាន​ជាង ​២​ ពាន់​អង្គភាព និង​អ្នកសារព័ត៌មាន​រាប់ម៉ឺន​នាក់​កំពុង​បំពេញការងារ បូករួម​នឹង​បណ្តាញ​សង្គម​គ្រប់​ប្រភេទ​ដោយ​ប្រើ​ដោយ​សេរី​ផងដែរ​»​។​

​លោ​កថា ​ប្រជាពលរដ្ឋ​គឺមាន​សិទ្ធិ​សេរី​ភាព​ដើរហើរ​គ្រប់ពេលវេលា ចំណែកឯ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ គឺមាន​គ្រប់បែបយ៉ាង​។ «​និយាយ​រួម​សិទ្ធិសេរីភាព​នេះ​មាន​វិសាលភាព​ធំធេង​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ប៉ុន្តែ​អ្វីដែល​នៅ​សេសសល់​ដែល​នៅ​កើតឡើង​ចុងក្រោយ​ជា​បញ្ហា គឺ​នៅត្រង់​ការទទួលខុសត្រូវ​ថា​តើ​យើង​ចេះ​ប្រើ​សិទ្ធិ​របស់​យើង​ឱ្យបាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ​»៕​