ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តី​ប្រកាសថា ចាប់ពី​ឆ្នាំ​​ ២០២៤​​ តទៅ ភាគ​ទាន​ដែល​មាតាបិតា​ធ្លាប់​បង់​សម្រាប់​ការសិក្សា​នៅ​សាលា​រៀន​ជំនាន់​ថ្មី​ (NGS) លែង​ជា​កាតព្វកិច្ច​ទៀតហើយ ហើយ​រដ្ឋ​ជា​អ្នក​បំពេញ​នូវ​តម្រូវការ​សម្រាប់​កិច្ចដំណើរការ​នៃ​សាលារៀន​ជំនាន់​ថ្មី ប៉ុន្តែ​សាលារៀន​នៅតែ​អាច​បន្ត​ទទួល​ភាគទាន​ពី​សប្បុរសជន​ក៏ដូចជា​មាតាបិតា អាណាព្យាបាល​សិស្ស​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២៣ បាន​លើកឡើងថា គិត​ត្រឹម​ឆ្នាំ ​២០២៣ នេះ សាលារៀន​ជំនាន់​ថ្មី​មាន​ចំនួន ១៣ កន្លែង ក្នុងនោះ​សាលាបឋមសិក្សា​ ៤ ​កន្លែង និង​សា​លា​មធ្យមសិក្សា ៩ កន្លែង មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, កំពង់ចាម​, កំពង់ស្ពឺ​, ស្វាយរៀង និង​ខេត្តព្រៃវែង​។ ចំនួន​សិស្ស​បាន​កើនឡើង​ពី ៤៣៤ នាក់ នៅ​ឆ្នាំ ​២០១៦ ដល់ ៩ ៨៥៨ នាក់ នៅ​ឆ្នាំ ​២០២៣​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០២៣ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគ​លើ​កម្មវិធី​នេះ សរុបថ​វិកា ១២,៤ លាន​ដុល្លារ រួមផ្សំ​ជាមួយ​ថវិកា​របស់​មូលនិធិ​សប្បុរសជន និង​ការចូលរួម​ថវិកាបដិភាគ​ពី​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​ផងដែរ​។ ចំពោះ​សិស្ស​មកពី​គ្រួសារ​ក្រីក្រ និង​មាន​បណ្ណ​ក្រីក្រ ត្រូវបាន​ចូលរៀន​ដោយ​មិន​តម្រូវឱ្យ​បង់​ភាគទាន​នោះទេ​។​


​ក្រសួង​បាន​បញ្ជាក់ថា ៖ «​ដើម្បី​បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ​៧ នៃ​រដ្ឋសភា ដាក់ចេញ​នូវ​គោលការណ៍​សម្រាប់​ការបន្ត​អភិវឌ្ឍ​សាលារៀន​ជំនាន់​ថ្មី ដោយ សាលារៀន​ជំនាន់​ថ្មី ដែលមាន​ស្រាប់​ត្រូវ​រក្សា​ការ​អនុវត្តតាម​គោលការណ៍ និង​លក្ខខណ្ឌ​ដដែល ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២៤ តទៅ វិភាគទាន​ដែល​មាតាបិតា​ធ្លាប់​បង់​ក្នុងពេល​កន្លងមក លែង​ជា​កាតព្វកិច្ច ហើយ​រដ្ឋ​ជា​អ្នក​បំពេញ​នូវ​តម្រូវការ​សម្រាប់​កិច្ចដំណើរការ​នៃ​សាលារៀន​ជំនាន់​ថ្មី​»​។​

​ក្រសួង​បាន​បន្តទៀតថា៖ «​ទោះជា​យ៉ាងនេះ​ក្តី សាលារៀន​នៅតែ​អាច​បន្ត​ទទួល​វិភាគទាន​ពី​សប្បុរសជន ក៏ដូចជា​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​តាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ក្រសួង​នឹង​បន្ត​ប្រែក្លាយ​សាលារៀន​ជំនាន់​ថ្មី ពី​កន្លែង​អាទិភាព​សម្រាប់តែ​សិស្ស​ឆ្នើម​ដែលមាន​លទ្ធភាព ផ្នែក​ថវិកា​ទៅជា​មជ្ឈមណ្ឌល​ឧត្តមភាព (Centre of Excellence) ដែល​បើកចំហ​សម្រាប់​សិស្ស​ឆ្នើម​ទាំងអស់​ប្រកប​​ដោយ​សមធម៌​»​។​


​ក្នុងន័យនេះ ក្រសួង​នឹង​ពង្រីក​គម្រោង​សាលារៀន​ជំនាន់​ថ្មី តាម​គោលការណ៍​ភូមិសាស្ត្រ ដោយ​ត្រូវបង្កើត​ឱ្យបាន​មួយ​សាលារៀន យ៉ាងហោច​សម្រាប់​ទី​រួម​ខេត្ត​នីមួយៗ និង​ពង្រីក​ឱ្យបាន​ទូទាំង ២៥ ខេត្ត​រាជធានី តាម​អភិក្រម​រក្សាទុក​សាលារៀន​ដែល​បាននិងកំពុង​អនុវត្ត​រួចហើយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ​។​

​ក្រសួង​អប់រំ បានបញ្ជាក់​ទៀតថា ៖ «​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​សហគមន៍​នៅ​បន្ត​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី ក្នុង​គោលបំណង​ដូចជា ការពិនិត្យ​តាមដាន​កម្មវិធីសិក្សា តាមដាន​ការអនុវត្ត​របស់​សាលារៀន និង​ចូលរួម​ប្រជុំ​ផ្សេងៗ​»​។​

​សាលារៀន​ជំនាន់​ថ្មី មាន​គោលដៅ​ផ្តល់​ស្វ័យភាព​ក្នុងការ​អនុវត្ត​កម្មវិធីសិក្សា ដើម្បី​បណ្តុះ​ធនធានមនុស្ស មាន​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ក្នុងនោះ​គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រូបង្រៀន​មាន​៖ សីលធម៌ និង​ស្តង់ដា វិជ្ជាជីវៈ​ខ្ពស់​, គណនេយ្យភាព​និង​នវានុវត្តន៍​, ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការរៀន និង​បង្រៀន​, និង​ចេះ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ថ្មី​។​

​លោក​សូរ វិស្ណុ ពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ច្បារអំពៅ​ដែលមាន​កូនស្រី​ម្នាក់​កំពុង​រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលារៀន​ជំនាន់​ថ្មី​ (NGS)​ បាន​ថ្លែងថា លោក មាន​ភាពសប្បាយ​រីករាយ​ចំពោះ​សេចក្តី​​ប្រកាស​របស់​ក្រសួង​អប់រំ​។

លោក​ថា​៖«​បើ​ចាប់ពី​ឆ្នាំ​ ២០២៤ តទៅ​ការបង់​ភាគទាន លែង​ជា​កាតព្វកិច្ច​សម្រាប់​មាតាបិតា​សិស្ស​នៅ​សាលារៀន​ជំនាន់​ថ្មី​ទៀត នោះ​គឺជា​ការជួយ​សម្រាល​បន្ទុក​មួយផ្នែក​សម្រាប់​ឪពុកម្តាយ​ដែល​កំពុងមាន​ជីវភាព​ខ្វះខាត​ដូច​ខ្ញុំ​។ និយាយ​ទៅ​ខ្ញុំ​ពេញចិត្ត​ណាស់​ចំពោះ​កម្មវិធីសិក្សា​បែប​ទំនើប​នៅ​សាលារៀន​ជំនាន់​ថ្មី​»​។​

​បើតាម​លោក​សូរ វិស្ណុ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ឪពុកម្តាយ​សិស្ស​នៅ​សាលា NGS ត្រូវបាន​តម្រូវឱ្យ​បង់​ភាគទាន​យ៉ាងតិច​ ៣៣០​ ដុល្លារ​ក្នុង ​១ ​ឆ្នាំ​សម្រាប់​សិស្ស​ប្រឡង​ជាប់​ដែល​ទៅ​រៀន​នៅ​សាលា​ផ្ទាល់​ពេញ ​១ ​ថ្ងៃ និង​បង់​ភាគទាន​យ៉ាងតិច​ ៦០០ ដុល្លារ សម្រាប់​សិស្ស​ប្រឡង​ធ្លាក់​ត្រូវ​រៀន​ថ្នាក់ អន​ឡាញ​ផ្លើស ​(Online Plus) ដែល​ត្រូវ​រៀន​តាម​អន​ឡាញ​នៅផ្ទះ ​៤ ​ម៉ោង​និង​រៀន​ផ្ទាល់​នៅ​សាលា​ ៣ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែធ្នូ ដោយ​លោក​គាំទ្រ​ចំពោះ​ការ​ដាក់ចេញ​នូវ​គោលការណ៍​ក្នុង​ការបន្ត​អភិវឌ្ឍ​សាលារៀន​ជំនាន់​ថ្មី​សម្រាប់​គាំទ្រ​ដល់​ធនធានមនុស្ស​នៅ​កម្ពុជា ព្រោះ​សាលារៀន​ជំនាន់​ថ្មី ដែល​បាន​បង្កើតឡើង​នាពេល​កន្លងមកនេះ គឺមាន​ស្តង់ដា ព្រមទាំង​ដំណើរ​ការល្អ និង​ទទួលបាន​ជោគជ័យ​។​

​ទោះជា​យ៉ាងណា លោក គង់ សំនៀង បញ្ជាក់ទៀតថា ភាពជោគជ័យ​នៃ​សាលារៀន​ជំនាន់​ថ្មី​នេះ គឺ​មិន​ដូចគ្នា​នោះទេ អាស្រ័យទៅលើ​លោកគ្រូ​អ្នក​​គ្រូ ព្រមទាំង​ថ្នាក់ដឹកនាំ​សាលារៀន ការរៀបចំ​ផែនការ​បណ្តុះបណ្តាល និង​បង្រៀន​ដល់​សិស្សានុសិស្ស​។ ទោះជា​បែបនេះ លោក​ថា ការដាក់ចេញ​នូវ​ផែនការ​អប់រំ ទៅលើ​ការអប់រំ​នេះ គឺជា​ការល្អ ហើយ​បើ​អាច​ក្រសួង​អប់រំ គួរតែ​ពង្រីក​បន្ថែមទៀត​។​

​លោក​បាន​ថ្លែងថា​៖«​ស្តង់ដា​នៃ​សាលារៀន​ជំនាន់​ថ្មី​នេះ មាន​បន្ទប់រៀន​ទំនើប និង​ថ្មី វា​បម្រើឱ្យ​ការរៀន​ពាក់ព័ន្ធ​នឹង STEM ហ្នឹង មានគុណ​ភាព និង​លើកកម្ពស់​ការអប់រំរ​បស់​កម្ពុជា​យើង ស្មើមុខស្មើមាត់​ដូច​ប្រទេស​នៅក្នុង​តំបន់​របស់​យើង​ដែរ​»៕