​ភ្នំពេញៈ​ ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹក ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែលមាន​បរិមាណ​ប្រមាណ ​១ ៣០០​ ម៉ែត្រគូប​ក្នុង​ ១ ​វិនាទី ដើម្បី​កុំឱ្យ​មានការ​ជន់​លិច​នៅតាម​តំបន់​មួយ​ចំនួន​តទៅទៀត​។​


​ការសាងសង់​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹក​នេះ ស្ថិតក្រោម​គម្រោង​វិនិយោគ​បន្ទាន់​លើ​ហេ​​ដ្ឋា​រចនាសម្ព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ​ខណៈដែល​លោក​ថោ ជេដ្ឋា​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ចុះ​ពិនិត្យ​ការ​​ដ្ឋា​ន​សាងសង់​ជាមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​ក្នុងអំឡុងពេល​ចុះ​ពិនិត្យ លោក ថោ ជេដ្ឋា បាន​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ណែនាំ​ដល់​ស្ថា​ប័ន​ពាក់ព័ន្ធ ជំរុញ និង​ដោះ​​ស្រាយ​បញ្ហា​ជន់​លិច​ក្នុង​អាង​ស្ទឹង និង​ទន្លេ តាមរយៈ​ការ​​កំណត់​តំបន់​ជំនន់​លិច​ទឹកជាប្រចាំ តំបន់​លិច​ទឹក​ហើយ​ស្រក​ទៅវិញ ក៏ដូចជា​តំបន់​លិច​ទឹក​ដោយសារ​ការអភិវឌ្ឍ​ផ្សេងៗ​។​


​លោក​បាន​បន្តថា ហេតុនេះ ក្រសួង​ធនធានទឹក បានរៀបចំ​ផែនការអភិវឌ្ឍន៍​ដោយ​បានធ្វើ​ទំនើបកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង និង​ពង្វាង​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​កុំឱ្យ​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល ប្រកបដោយ​ស័ក្តិ​សិទ្ធិ​ភាព និង​និរន្តរភាព​។​

​លោក ​ថោ ជេដ្ឋា បញ្ជាក់ថា​៖ «​ការសាងសង់​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹក​នេះ គឺ​ដើម្បី​បញ្ជូន​និង​ពង្វាង​ទឹក​ដែលមាន​បរិមាណ​ច្រើន​ប្រមាណ ១ ៣០០ ​ម៉ែត្រគូប​ ក្នុង​១ ​វិនាទី ដែល​តែងតែ​យាយី​បង្ក​ហានិភ័យ​មកលើ​រាជធានី​ភ្នំពេញ និង​បណ្តា​តំបន់​រណប​ឱ្យ​ហូរ​ចូលក្នុង​អាង​បឹង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​ឱ្យបាន​ឆាប់​»​។​


​បើតាម​លោក​រដ្ឋមន្ត្រី ការ​ពង្វាង​ទឹក​ទាំងនេះ គឺ​ចាប់ពី​តំបន់​រលាំង​ជ្រៃ​ខាងត្បូង​ក្នុង​ខេត្តកំពង់ស្ពឺ​តាម​ព្រែក​ខ្សាច់ ព្រែក​ដូន​ស្ទឹង ព្រែក​ពាម​ស​ត្ថា តាម​អូរ​ទាំងអស់ និង​ប្រឡាយ​នាំ​ដី​ល្បប់​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​ក្រៅពី​ការចុះពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក​ទាំងនេះហើយ​លោក​ជេដ្ឋា​ក៏បាន​ចុះ​ពិនិត្យ​ការងារ​គម្រោង​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាងត្បូង ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ និង​ការងារ​គម្រោង​ស្តារ​ស្ទឹងតូច​ស្ថិតក្នុង​ស្រុក​សំរោង​ទង និង​ក្នុងស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ ផងដែរ​។​

​ខណៈដែល​ក្រសួង​កំពុងធ្វើការ​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹក និង​ពង្វាង​ទឹក​ចេញ​ទៅតាម​គ្រប់​ច្រក​ទាំងអស់​នៅ​ផ្នែក​ខាងក្រៅ ជាមួយគ្នា​នោះ​ក្រសួង​សាធារណការ និង​សាលា​រាជ​​ធានី​ភ្នំពេញ ក៏បាន​ទទួលបន្ទុក​កិច្ចការ​រំដោះ​ទឹក​ចេញពី​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​តាម​ប្រព័ន្ធ​លូ​នានា និង​ប្រព័ន្ធ​បង្ហូរទឹក​ចូលទៅក្នុង​បណ្តា​អាង​ទន្លេ​ដោយ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួង​ធន​​ធាន​ទឹក​កំពុងដំណើរការ​អនុវត្ត គម្រោង​រៀបចំ​ស្ដង់ដា​ជាតិ​ប្រ​​ព័ន្ធ​ធារាសាស្ត្រ ដែល​បាន​ចាប់​ផ្ដើម សកម្មភាព​កាលពី​ឆ្នាំ​ ២០២២ និង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៤ និង​គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​ប៉ែក​និរតី​រាជធានី​​ភ្នំពេញ ដែល​ចាប់ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ​ ២០២៣ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៦ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជប៉ុន​៕