ព្រៃវែង: ទំនប់​ការពារ​ទឹកជំនន់​ដែល​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) នៅ​ទីប្រជុំជន​អ្នក​លឿង ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេមេគង្គ​ក្នុង​ខេត្ដ​ព្រៃវែង បានផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ក្នុងការ​អភិវឌ្ឍ​កសិកម្ម​នៅ​តំបន់​ទំនាប​នេះ​។​


​មុន​ការសាងសង់​ទំនប់​នេះ ប្រជាពលរដ្ឋ​ស្រុក​ពាម​រក៍​ជាច្រើន​ម៉ឺន​នាក់​បាន​ប្រឈម​នឹង​ការ​ជន់​លិច​ជា​ញឹកញាប់​ដែល​គំរាម​កំហែង​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​។​ការដាំដុះ​ដំណាំ​រួមផ្សំ​ដូច​ជា ពោត ស្រូវ និង​ចេក ជារឿយៗ​ត្រូវបាន​រំខាន ដែលនាំឱ្យ​មានការ​​ខ្វះខាត​ស្បៀងអាហារ និង​ការ​​លំបាក​ផ្នែក​សេដ្ឋកិច្ច​។​

​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា បាន​ពន្យល់ថា ទំនប់​ការពារ​ទឹកជំនន់​នេះ កាត់​បន្ថយ​ការ​ជន់​លិច​តាម​រដូវ​នៅ​ត្រើយ​ខាងកើត​អ្នក​លឿង ដោយ​លើកស្ទួយ​ទីប្រជុំ​ជននេះ​ជាម​ជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ដ៏​ទាក់ទាញ និង​ប្រកួតប្រជែង​។


លោកស្រី Varma បាន​និយាយ​នៅក្នុង​កម្មវិធី​ទស្សនកិច្ច​សម្រាប់​អ្នក​សារព័ត៌​មាន​ឆ្នាំ​​ ២០២៣ របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី នៅ​ស្ថានីយ​បូមទឹក​អ្នក​លឿង កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​ថា ទំនប់​នេះ ដែលជា​របាំង​ការពារ​ទឹកជំនន់​មាន​ប្រវែង​៤,៣​ គីឡូ​ម៉ែត្រ ហ៊ុមព័ទ្ធ​ផ្ទៃដី​ដាំ​ដុះ ៣៦៣ ហិកតា​។ 

​លោកស្រី​បានឱ្យដឹងថា​៖ «​វា​ត្រូវបាន​កសាង​ឡើងជា​​មួយ​នឹង​ផ្លូវ​ធ្វើដំណើរ​នៅលើ​ទំនប់​ដែល​ត​ភ្ជាប់​ទៅ​ផ្លូវធំៗ​ស្រះ​ទឹកធំៗ ស្ថានីយ​បូមទឹក​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីនបូមទឹក​ធំៗ​ចំនួន​ ៤ ប្រព័ន្ធ​លូ បណ្តាញ​អគ្គិសនី ម៉ា​​ស៊ីន​ភ្លើង និង​ស្លាក​សញ្ញា​សុវត្ថិ​ភាព​ចរាចរណ៍​។ ប្រព័ន្ធ​រួមបញ្ចូល​គ្នា​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​បញ្ជូន បញ្ចូល និង​យក​ទឹក​ដែល​លើស​ចេញពី​តំបន់​ការពារ​ប្រកបដោយ​ប្រសិទ្ធភាព ធានាបាន​ការគ្រប់គ្រង​ទឹក​ល្អ​បំផុត​»​។​


​លោក ​វង្ស ពិសិដ្ឋ អនុ​រដ្ឋលេខា​ធិ​ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ដឹកនាំ​អនុវត្ដ​គម្រោង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោង​សាង​សង់​ទំនប់ទឹក​គ្រប់គ្រង​ទឹកជំនន់​នេះ​មាននៅ​ ៤ ក្រុង​-​ស្រុក​។​

​លោក​បាន​ថ្លែង​នៅ​ស្ថានីយ​បូមទឹក​ក្រុង​អ្នក​លឿង​ថា​៖ «​ទីក្រុង​ទាំង​ ៤ គឺ​ក្រុង​បាវិត ក្រុង​អ្នក​លឿង ក្រុង​បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត ដែល​ស្ថិតនៅ​បណ្ដោយ​ផ្លូវ​អាស៊ាន​ភ្ជាប់​ពី​ប្រទេស​ថៃ​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ក្នុង​បំណង​ឱ្យ​ក្រុង​តាម​បណ្ដោយ​ផ្លូវ​អាស៊ាន​នេះ ក្លាយជា​តំបន់​ភ័ស្ដុភារ​កម្ម និង​អាជីវកម្ម​»​។ 

​ការផ្តល់​មូលនិធិ​សម្រាប់​គម្រោង​រង​ចំនួន​ ៨ ​នៅក្នុង​ទីក្រុង​-​ស្រុក​ទាំងនេះ ​គឺ​បានមកពី​បេសកកម្ម​ត្រួតពិនិត្យ​ពាក់កណ្តាល​អាណត្តិ​របស់​ ADB ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ​២០១៨​។​

​ការចាប់ផ្ដើម​ទំនប់​ការពារ​ទឹកជំនន់​យោងតាម​លោកស្រី Varma ក្នុងដំណាក់កាល​រចនា​គម្រោង មានការ​គិតគូរ​ស៊ីជម្រៅ​ទៅលើ​សណ្ឋាន​ដី​ដែលមាន​ស្រាប់ ដោយ​ផ្តោតលើ​ការអភិរក្ស​ផ្លូវទឹក​ធម្ម​ជាតិ​។ វិធីសាស្ត្រ​នៃ​ការ​រចនា​គម្រោង​នេះ​សម្របសម្រួល​អ្នក​រៀបចំ​ទីតាំង និង​វិស្វករ​សហការគ្នា​ដើម្បី​រក្សា​សណ្ឋាន​ដី​ធម្មជាតិ​នៃ​តំបន់​នេះ ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការបំពេញ​ដី​តិចតួច និង​ការអភិរក្ស​ផ្លូវទឹក​ធម្មជាតិ ដើម្បី​គ្រប់គ្រង​ទឹកភ្លៀង​សម្រាប់​ការ​អភិវឌ្ឍ​នាពេល​អនាគត​។​

​លោកស្រី Varma បាន​បន្ដថា ការអភិវឌ្ឍ​សម្រាប់​អនាគត​នៃ​តំបន់​ទីប្រជុំជន​អ្នក​លឿង​ផ្តោត​សំខាន់​លើ​ការធានា​សុវត្ថិភាព​ពី​ទឹកជំនន់​នៃ​តំបន់​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ដែល​ភាគច្រើន​ត្រូវ​បានកំណត់​សម្រាប់​ការពង្រីក​លំនៅ​ឋាន និង​ពាណិជ្ជកម្ម​។​

​នៅពេល​ដំណើរការ​ពេញលេញ ទំនប់​ការពារ​ទឹកជំនន់​នឹង​អនុ​​ញ្ញាត​ឱ្យមាន​ការអភិវឌ្ឍ​បន្ថែម​ក្នុង​តំបន់​ទំនាប​កណ្តាល​ដែល​មិនសូវមាន​ផលិតភាព ស្របតាម​ផែនការអភិវឌ្ឍន៍​រប​ស់រាជ​រដ្ឋា​​ភិ​បាល​រៀបចំ​។ ការសាងសង់​ទំនប់​ការពារ​ទឹកជំនន់​នេះ​ចំណាយ​អស់ ៧,៨​ លាន​ដុល្លារ​ដោយ​ប្រើ​រយៈពេល ៣ ​ឆ្នាំ​រហូតដល់​ចុងឆ្នាំ ២០២៣​ នេះ​។ ចំនួន​អ្នកទទួលផល​សរុប​ប្រមាណ​ ២៥ ០០០​ នាក់​។​លោកស្រី ថ្លែងថា​៖ «​គម្រោង​រង​នេះ​បាន​បង្កើត​ឱកាស​ការងារ​ ១ ៧២០ ​នាក់​សម្រាប់​កម្មករ​ជំនាញ និង​គ្មាន​ជំនាញ ដែល​ក្នុងនោះ ​១៥ ភាគរយ​ជា​ស្ត្រី​ក្នុងអំឡុងពេល​សាងសង់​រយៈពេល ៣ ​ឆ្នាំ​»​។​

​ប្រ​វ​ត្ដិ​តំបន់​ជន់​លិច​

​លោក ហ៊ី ធួ​ក អភិបាលរង​​ខេត្ដ​ព្រៃវែង បានឱ្យដឹងថា តំបន់​លើ​ផ្ទៃដី ៣៦៣ ​ហិកតា​នេះ គឺជា​តំបន់​គំរូ​មួយ​នៃ​ការអភិវឌ្ឍ​តំបន់​ជនបទ ដោយសារ​ទីនេះ​ជា​តំបន់​ទីប្រជុំជន ដែល​អាច​ដាំ​ដុះ​ដំណាំ​ចម្រុះ ដូចជា ស្រូវ ចេក និង​ពោត​ជាដើម​។

លោក​ ធួ​ក បាន​និយាយ​នៅ​ស្ថានីយ​បូមទឹក​នាទី​​ប្រជុំជន​អ្នក​លឿង​ថា​៖ «​ការបង្ក​​បង្កើន​ផល​ស្រូវ ដែល​ធ្លាប់​ធ្វើឡើង​តែម្ដង​ឬ​២​ដង​ជាមួយនឹង​ក្ដីបារម្ភ​ពី​ទឹក​ជន់​លិច បាន​កើនឡើង​ ៣ ​ដងដោយ​គ្មាន​កង្វល់​ចំពោះ​ការ​​ខូចខាត​ដំណាំ​ពី​ការ​ជន់​លិច​»​។​

​លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​មូល​ដ្ឋា​ន​ចូលរួម​ថែរក្សា​សមិទ្ធផល​ថ្មី សម្រាប់​ខេត្ដ​ព្រៃវែង​ឱ្យបាន​គង់​​វង្ស​ច្រើន​ជំនាន់​ទៀត​។​

​លោក នឹក សុ​វ៉ាត មេភូមិ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ដ​ព្រៃវែង បានឱ្យដឹងថា ភូមិ​អ្នក​លឿង ស្ថិតក្នុង​ចំណោម​ភូមិ​ជាច្រើន​នៃ​ផ្ទៃដី​ទំនាប ៣៦៥ ​ហិកតា មាន​ប្រជា​ជន ៥០២​ គ្រួសារ ឬ​ប្រជាជន​ជាង ៣ ៣០០ ​នាក់​។

លោក​បាន​និយាយថា ការកសាង​ទំនប់ ដែល​ដើរ​ជា​ផ្លូវថ្នល់​ដ៏​សំខាន់​ប្រវែង​ជាង ៤ ​គីឡូម៉ែត្រ មិន​ត្រឹមតែ​ជួយ​ទប់ទឹក​ជំនន់​ពី​ការ​ជន់​លេច​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ជួយ​សម្រួល​ដល់​កិច្ចការ​ជាច្រើន ជាពិសេស​ស្ដ្រី រួមទាំង​ការធ្វើដំណើរ​ទៅ​សម្រាលកូន និង​ការ​ទៅ​សាលា​រៀន​របស់​សិស្សានុសិស្ស​។​

​លោក សុ​វ៉ាត បាន​ថ្លែង​អំឡុង​ពេល​កម្មវិធី​ទស្សនកិច្ច​សម្រាប់​អ្នកសារព័ត៌មាន​ឆ្នាំ​ ២០២៣ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា​៖ «​ក្ដី​​បារម្ភ​ចុងក្រោយ គឺ​បញ្ហា​ជំនន់​ទឹកភ្លៀង​ត្រូវបាន​ដោះស្រាយ ពេល​ដំណើរការ​ស្ថានីយ​បូមទឹក ដែល​ទើប​កសាង​រួច និង​កំពុង​ដាក់​ដំណើរការ​»​។​

​អត្ថប្រយោជន៍ និង​អ្នកទទួល​ប្រយោជន៍​

​លោកស្រី Varma លើកឡើងថា ទំនប់ទឹក​មិន​ត្រឹមតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ទឹក​ជំនន់​តាម​រដូវ និង​ជំនន់​ទឹកភ្លៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជំរុញ​ផលិតកម្ម​កសិកម្ម ការលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច នគ​រូប​នី​យ​កម្ម និង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​នៅទីនេះ​ផងដែរ​។​

​កសិករ​អាច​ដាំ​ដុះ​បន្លែ​ឬ​ដំណាំ​បាន​ចំនួន ​៣ ​ដង បើ​ធៀប​នឹង​ការ​​ប្រមូល​ផល​តែ​ ១ ឬ​ ២ ​ដង នៅពេលដែល​កសិករ​ទ​ទួល​រងទឹក​ជំនន់​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន​នា​រដូវវស្សា​។ នៅក្នុង​ដំណាក់កាល​សាងសង់ មានឱកាស​ការងារ​ជាច្រើន​សម្រាប់​ទាំង​កម្មករ​ជំនាញ និង​គ្មាន​ជំនាញ ផ្តោតលើ​ពលករ​ក្នុងស្រុក​។

រយៈ​ពេលនេះ​ក៏​ឃើញ​មានការ​កើន​ឡើង​នូវ​សកម្មភាព​ពាណិជ្ជកម្ម ដោយសារតែ​លំហូរ​នៃ​កម្មករសំណង់​។ វា​នឹង​ក្លាយជា​ការបន្ថែម​តម្លៃ​ដ៏​ធំធេង ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​លើកទឹកចិត្ត និង​គាំទ្រ​ដល់​កសិករ​ដាំ​ដុះ​ក្នុងស្រុក និង​កសិករ​ខ្នាតតូច​ឱ្យ​ទទួលយក និង​អភិវឌ្ឍ​វិធីសាស្ត្រ​កសិកម្ម​ទំនើប​សម្រាប់​ទាំង​ដំណាំ​ហូប​​ផ្លែ និង​បន្លែ​។​

​លោក​ ពិសិដ្ឋ បាន​បន្ដថា ធនា​គារ​អភិវឌ្ឍន៍អាស៊ី​គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​ចំពោះ​រាជរដ្ឋាភិបាល​ដើម្បី​ធ្វើការ​រួមគ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​។ លោក​បាន​ថ្លែងថា​៖ «​ការទទួល​ប្រយោជន៍​ពី​គម្រោង​នេះ គឺ​ការទាក់ទាញ​សោ​ភណ​ភាព ក៏ដូចជា ការ​ប្រែក្លាយ​តំបន់​ធ្លាប់​លិច​ទឹក​ទៅជា​តំបន់​សេដ្ឋ​កិច្ច​»​។ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ អាច​ទាញ​បាន​ផល​ច្រើន​ពី​គម្រោង​ទំនប់​ទប់ទឹក​ជំនន់​នេះ​ដោយ​ពួក​​គេ​អាច​បង្កបង្កើនផល​ពី ​១ ​រដូវ​ទៅ ៣ ​រដូវ ហើយ​ដី​របស់​ពួកគេ​អាច​សាងសង់​ជា​លំនៅឋាន​។​

​លោក ពិសិដ្ឋ បាន​លើកឡើងថា ក្រោយ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រួច តំបន់​នេះ ជាពិសេស តម្លៃ​ដី​នឹង​ឡើងថ្លៃ​ខ្ពស់​ពី ៥ ទៅ ១០ ​ដង​។ លោក​បាន​បន្ថែមថា​៖ «​ផ្អែកលើ​គោលនយោបាយ​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី​៧​ នេះ យើង​ពិនិត្យ​មើលថា តើ​គួររៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដូចម្ដេច​ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​យើង​កើនឡើង​»​។​

​លោក​សុ​វ៉ាត ដែល​អរគុណ​ដល់​គម្រោង ADB បាន​បន្ដថា ប្រជា​​ពលរដ្ឋ​រស់នៅ​ក្បែរ​ទីប្រជុំជន​ទំនាប​នេះ ដាំ​ដំណាំ​គោល​ពោត ស្រូវ និង​ចេក ហើយ​រដូវ​នេះ​ ​ពួកគេ​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ ខណៈ​ពោត​ទើប​ចាប់ផ្ដើម​ដាំ​ហើយ​ចេក​ផ្ដល់​ផល​រៀងរាល់ខែ​។​

​លោក សុ​វ៉ាត បាន​ថ្លែងថា​៖ «​ស្ថានីយ​បូមទឹក​ដែល​ទើប​សាង​សង់​ថ្មី​កំពុង​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ដែល​កើតមាន​ជា​យូរ​មកហើយ​នៅ​តំបន់​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព​»៕