ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​មហា​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​(CPP)​ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជា​«​អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​» ខណៈ​សមាជិក​ប្រមាណ ​៥០០ ​នាក់​បន្ថែមទៀត​ត្រូវ​បាន ​CPP សម្រេច​បញ្ចូល​ទៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​ល​គណបក្ស​ផងដែរ​។​


​ការបោះឆ្នោត​ផ្តល់​ទំនុកចិត្ត​នេះ​ត្រូវបាន​សម្រេច​ឡើង​នៅក្នុង​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤៤ ស្រប​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស រយៈ​ពេល​ ២ ​ថ្ងៃ ពីថ្ងៃ​ទី ​៩-១០ ខែធ្នូ ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន​, ប្រធាន​កិត្តិ​យស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោ​កស ខេង ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​ជាច្រើនរូប​ទៀត​។​

​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ត្រូវបាន​អង្គ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​បោះឆ្នោត​គាំទ្រ​ ១ ​រូប​បាន​លើកឡើងថា ការ​បន្ថែម​សមាជិក​ថ្មី​ជិត​ ៥០០ ​រូបនេះ​ធ្វើឱ្យ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​កាន់អំណាច​មាន​សមាជិក​សរុប ​១ ៣១២ ​រូប​។​


​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កលោក​នៅ​ថ្ងៃទី​ ១០ ខែធ្នូ​ថា​៖ «​ខ្ញុំបាទ​សូម​គោរព​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ប្រកប​ដោយ​ភក្តីភាព​ស្មោះស្ម័គ្រ​គោរព​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់ និង​សមាជិក សមា​ជិ​កា​នៃ​អង្គ​មហាសន្និបាត​វិសាមញ្ញ​ទាំងមូល​ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​យើងខ្ញុំ​ទាំងអស់គ្នា​»​។​

​លោក​បាន​បន្តថា សេចក្តីទុកចិត្ត​និង​ជំនឿ​ជឿជាក់​ដែល​មហា​​សន្និបាត​ផ្តល់​នេះ ជាការ​ផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម និង​ការផ្តល់​ការទទួលខុសត្រូវ​ដ៏​សំខាន់​មួយ​បន្ថែមទៀត​ដល់​រូបលោក និង​សមាជិក​ថ្មី ដើម្បី​ចូលរួមចំណែក​ដឹកនាំ​ការងារ​គណបក្ស ការពារ​គណបក្ស ការពារ​សមិទ្ធ​ផល​គណបក្ស បម្រើ​ជាតិ និង​ប្រជាជន​តាម​ស្មារតី​នៃ​លក្ខន្តិកៈ​បក្ស និងសេចក្តីសម្រេច​នានា​។​


​យោងតាម​សុន្ទរកថា​បើ​ក​មហាសន្និបាត​វិសាមញ្ញ​របស់​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​ ៩ ខែធ្នូ បានឱ្យដឹងថា ការ​ជួបជុំ​នាពេលនេះ គឺ​នៅក្នុង​ដំណាក់កាល​ដ៏​ពិសេស​ដែល​រដ្ឋសភា​នីតិកាល​ទី​៧ ទើបបាន​បង្កើតឡើង​នូវ​រាជរដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​ឥស្សរជន​បន្ត​វេន​វ័យក្មេង បន្ទាប់ពី​គណបក្ស​បាន​គិតគូរ​ត្រៀម​ទុកជាមុន​ជា​យូរ​មកហើយ​។​

​ប្រភព​ដដែល​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ពុំដែល​ធ្វេសប្រហែស​ឬ​បាត់​ម្ចាស់ការ​លើ​កិច្ចការងារ​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ឡើយ​។ រាល់​ការវិភាគ​ពិចារណា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​សត្យានុម័ត ដែល​គ្រប​ដណ្តប់​លើ​ទស្សនៈ​គ្រប់​ជ្រុង​​ជ្រោយ ទស្សនៈ​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង និង​ទស្សនៈ​អភិវឌ្ឍន៍​ជានិច្ច​។​

​យ៉ាងណាមិញ ការត្រៀម​លក្ខណៈ សម្រាប់​ការបន្ត​វេន​គឺជា​រឿង​ចាំបាច់ ហើយ​ពេល​​វេលា​ដែល​ត្រូវ​ប្ដូរ​ជំនួស​គ្នា​នៅពេលណា​នោះ ក៏​ត្រូវបាន​ពិនិត្យ​ពិច័យ​យ៉ាង​ល្អិតល្អន់​ផងដែរ ដើម្បី​រក្សាបាន​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍ​បន្តទៀត​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​នៅក្នុង​សុន្ទរកថា​ដដែល​។​

ថ្នាក់ដឹកនាំនៅក្នុងអង្គមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃម្សិលមិញ​។ រូបថត CPP

​គណបក្ស​ប្រជាជន​កម្ពុជាបាន​បញ្ជាក់ថា​៖ «​ការវិវឌ្ឍ​នៃ​សភាពការណ៍​កម្ពុជា​តាមរយៈ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេងគាំទ្រ​លើសលប់ ៨២,៣ ​ភាគរយ​បានបញ្ជាក់​ច្បាស់​ថា ប្រជាជន​បន្ត​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ​១០ ខែធ្នូ ថា ការសម្រេចចិត្ត​ជ្រើសរើស​លោក ហ៊ុន ម៉ា​ណែ​ត ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​ការសម្រេច​តាមបែប​ប្រជា​ធិ​ប​តេ​យ្យ​នៅក្នុង​បក្ស និង​ស្របតាម​បទបញ្ជាផ្ទៃក្នុង​របស់​ប​ក្ស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ជ្រើសតាំង​នេះ​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ចាត់ចែង​នយោបាយ​បក្ស​សម្រាប់​ការដឹកនាំ ពីព្រោះ​យើង​ដឹង​ហើយ​ថា​បក្ស​ប្រជាជន​គឺជា​បក្ស​កាន់​​អំណាច​ដឹកនាំ​រដ្ឋាភិបាល​។ អ៊ីចឹង​!​កាលដែល​នាយករដ្ឋមន្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​បក្ស គឺ​ងាយស្រួល​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​បក្ស​»​។​

​លោក យង់ ពៅ បាន​បន្តថា ដោយសារ​បក្ស​ប្រជាជន​ជា​គណបក្សកាន់អំណាច​ប​ច្ចុ​ប្បន្ន ដូច្នេះ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​បក្ស​ដែល​តំណាង​ទូទាំងប្រទេស​គឺមាន​សារៈសំខាន់​ដល់​សង្គមជាតិ​ពីព្រោះ​ការកំណត់​របៀបវារៈ និង​គោលនយោបាយ​សកម្មភាព​នានា គឺ​កើតចេញពី​សន្និបាត​នេះ​។​

​លោក​ថា​៖ «​អ៊ីចឹង​! វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ជាតិ ពីព្រោះ​បក្ស​ប្រជាជន គឺជា​គណបក្សកាន់អំណាច​ដឹកនាំ​ប្រទេស​ដែលមាន​រយៈពេល​យូរ​មកហើយ និង​បន្ត​ដឹកនាំ​នីតិកាល​ទី​ ៧ ​នេះ​»​។​

​បើតាម​សុន្ទរកថា​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល បាន​បង្ហាញថា​៖ «​ក្រោម​ការដឹកនាំ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​ថ្មី​ដែលមាន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី សភាពការណ៍​ទូទៅ​របស់​កម្ពុជា​នៅ​បន្ត​រក្សាបាន​ប្រក្រតីភាព​លើ​គ្រប់ផ្នែក​នយោបាយ សង្គម សេដ្ឋកិច្ច ពិសេស​ការងារ​ការ​បរទេស ការទូត កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ឡើង​»​។​

​ប្រភព​ដដែល​បានឱ្យដឹង​ដែរ​ថា ទន្ទឹមនេះ អ្វីដែល​បានចេញ​ដំណើរ​ភ្លាម​ដែរនោះ​គឺ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨ ក៏ត្រូវ​បានក្លាយ​ជា​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថ្មី ហើយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​ ១ ដែលជា​របៀប​​វារៈ​គោលនយោបាយ​សង្គម​សេដ្ឋកិច្ច​នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក៏ត្រូវ​បាន​ចាប់​អនុវត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់បំផុត​៕