សៀមរាបៈ​ សិស្សានុ​សិស្ស​សរុប​ប្រមាណ​ ១ ២៥០​ នាក់ ​បាន​ចូល​រួម​ហែ​ក្បូន​ធ្វើ​ព្យុហ​យាត្រា​ជា​លើក​ទី​៣​ ក្នុង​ព្រឹត្តិ​ការណ៍ «​រំឭក​គុណ​អង្គរ​» សំដៅ​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ឱ្យ​សា​ធារ​ណ​ជន​ទាំង​ជាតិ ​និង​អន្ដរ​ជាតិ​រួមគ្នា​ថែរ​ក្សា ​និង​ដឹង​គុណ​ដល់​ប្រា​សាទ​អង្គរ​ ដែល​ជា​ដួង​ព្រលឹ​ង​របស់​ជាតិ​។

​យោង​តាម​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិ​ល្បៈ បាន​ឱ្យដឹង​ថា ការ​ហែក្បួ​ន​ព្យុហ​យាត្រាក្នុង​ព្រឹត្តិ​ការណ៍ «​រំឭក​គុណ​អង្គរ​» របស់​សិស្ស​ជាង​១​ពាន់នាក់​នេះ​ បាន​ធ្វើ​ឡើងកាល​ព្រឹក​ថ្ងៃទី​ ១០​ ខែធ្នូ ឆ្នាំ​ ២០២៣ ​ដោយ​ចាប់​ផ្តើម​ចេញ​ពី​មុខ​ប្រា​សាទ​អង្គរ​ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ទន្លេ​អុំ​នៃ​ក្រុង​អង្គរ​ធំ និង​ឆ្ពោះ​ទៅ​ក្រុង​សៀម​រាប​។​


​ក្រសួង​វប្ប​ធម៌ បាន​បន្ត​ថា ព្យុហ​យាត្រា​នេះ ​ធ្វើឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​សា​ធារណជន​ ក៏ដូចជា ​​ប្រជា​ពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ ​អន្ដរ​ជាតិ ​មានការ​រំឭក​គុណ​ដល់​ប្រា​សាទ​អង្គរ​ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​មិន​អាច​កាត់​ថ្លៃ​បានដែល​បុព្វ​បុរស​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​ថ្លែង​ក្នុង​កម្ម​វិធី​នេះ​ដែរ​ លោក ឡុង កុសល ​អគ្គនាយ​ករង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា ក​ម្មវិធី​ដង្ហែ​ក្បួន​ព្យុ​ហយា​ត្រា​នេះ​បាន​បង្ហាញ​ពាក្យ​ស្លោក​ដែល​មាន​អត្ថ​ន័យ​ថា​ កិច្ច​ការពារ​បេតិក​ភណ្ឌជាតិ​ជា​ភារកិច្ច​កូន​ខ្មែរ​គ្រប់ៗ​រូប និង​អត្ថ​ន័យ​នៃ​ចម្រៀង​ពង្សា​វតារ​ខ្មែរ​ដែល​មាន​អត្ថន័យ​ឧត្តុង្គ​ឧត្តម​ដក់​ជាប់​នៅ​ក្នុង​ក្រអៅ​បេះ​ដូង​ប្រជា​ជន​ខ្មែរ​។​


​លោក​បាន​បន្ត​ថា ​ជាពិសេស សិ​ស្សានុ​សិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ជា​អ្នក​បន្តវេន​ដ៏​សំ​ខាន់​ទៅ​អនា​គត​ក្នុង​ការ​ថែរក្សា​តម្លៃ​ដួង​ព្រលឹង​ជាតិ ​និង​អត្ត​សញ្ញាណ​ជាតិ ​ហើយ​ការ​ដែល​មាន​ការ​រៀបចំ​រំឭក​ និង​ផ្តល់​គុណ​តម្លៃ​ដល់​បុព្វ​ការី​ជន​នេះ ​គឺជា​ការ​គោរព​ខ្លួន​ឯង​ផងហើយក៏​ជា​ការ​ផ្តល់​ភាព​ថ្កុំ​ថ្កើង​នៃ​ប្រវត្តិ​សាស្ត្រ​ផង​ដែរ​។​

​លោក​ ឡុង ​កុសល បាន​បញ្ជាក់​ថា៖ «​ក្នុង​នាម​អាជ្ញា​ធរ​ជាតិ​អប្សរា​ពិតជា​មាន​សេចក្តី​សោម​នស្ស ​និង​មាន​ភាព​កក់​ក្តៅដែល​សិស្សានុ​សិស្ស​ចំនួន​១ ​២៥០​នាក់បាន​ចូលរួម​ក្នុង​ក្បួន​ព្យុហ​យាត្រា​នៃ​ពិធី​បុណ្យ​រំឭក​គុណ​អង្គរ ហើយ​នេះ​ជា​រូប​ភាព​មួយ​យ៉ាងសំ​ខា​ន់ដែល​យើង​បាន​ប្រព្រឹ​ត្តទៅ​ដើម្បី​បណ្តុះ​ស្មារតី​ស្រឡាញ់​ស្នេហា​ជាតិ ក៏​ដូច​ជា​ការ​បណ្តុះ​គំនិត ​ធ្វើយ៉ាងណា​​ដើម្បី​ឱ្យ​ប្រជា​ជាតិ​ខ្មែរ​របស់​យើង​មាន​ភាព​រឹង​មាំទៅ​ថ្ងៃ​អនាគត​»​។

​បើតាម​ក្រសួង​វប្បធម៌ ​ព្រឹត្តិ​ការណ៍​រំឭក​គុណ​អង្គរ បាន​រៀប​ចំឡើង​រយៈពេ​ល​១០​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​៧​ ដល់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣​នៅ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ ​ដើម្បី​តប​ស្នង​សង​គុណ​ដល់​បុព្វ​បុរស​ ក៏ដូច​ជាអតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រា​សាទនិង​ថែ​រក្សា​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

​ក្រសួង​បន្ត​ថា ព្រឹត្តិ​ការណ៍​នេះ ​ក៏​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​វប្ប​ធម៌​ ក៏ដូច​ជា​ការ​នាំ​មក​នូវ​វឌ្ឍន​ភាព​សម្រាប់​ជាតិ​ ហើយ​ការ​រំឭក​គុណ​អង្គរ​នេះ​ មិន​ត្រឹម​តែ​រំឭក​គុណ​បុព្វកា​រី តែក៏​ជាកា​រ​រំឭកពី​ការ​ខិតខំ​បូជា​ឈាម​ស្រស់ ​សាច់​ស្រស់ ​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​កសា​ង ថែ​រក្សា ​ជួស​ជុល​ប្រា​សាទ ​ការពារ​ទឹ​កដី​ តាំ​ងពី​ដើម​រៀង​មក​រហូត​ដល់​បច្ចុ​ប្បន្ន​។ 


​ទាក់​ទិន​នឹង​ព្រឹត្តិ​ការណ៍​នេះ​ដែរ​ លោ​កស្រីពេ​ជ​ ចន្ទ​មុន្នី ភរិយា​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន​ម៉ា​ណែ​ត ក៏បាន​ចាត់​ទុក​ថា ព្រឹត្តិ​ការណ៍​រំឭក​គុណ​អង្គរ​នេះ​ គឺជា​ការ​បង្ហាញ​ពី​មោទន​ភាព​ជាតិ ​អរិយធម៌​ វប្បធ​ម៌ និង​ប្រវត្តិសា​ស្ត្រ​ដ៏​សែន​យូរ​លង់​របស់​ជាតិ​សា​សនា​ខ្មែរ​ដ៏​ចំណាស់​មួយ​។ 

​ជា​មួយ​គ្នានេះ ​លោកស្រី ក៏បាន​អំពាវ​នាវ​ឱ្យ​សា​ធា​រណជន​ ចូលរួម​ផ្សព្វ​ផ្សាយ​ពី​ប្រាសាទ​អង្គរ​វត្តដើម្បី​អភិវឌ្ឍ​​សក្ដា​នុ​ព​ល​វប្ប​ធម៌ និង​ទេស​ចរណ៍​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​៕