ភ្នំពេញៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុ​ខៈ បាន​អះអាងថា​ ការដាក់ចេញ​នូវ​គោលការណ៍ យ៉ាង​ម៉ឹងម៉ាត់ ឱ្យ​បណ្តា​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដោះចេញ​នូវ​វាំងនន ស្លាក​សញ្ញា (Sticker) ណា​ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកធ្វើដំណើរ ដែល​បាន​បិទ​នៅលើ​កញ្ចក់​មុខ​រថយន្ត​ធំៗ​នោះ មិនមែនជា​ការផាកពិន័យ​នោះទេ ប៉ុន្តែ​ជាការ​លុបបំបាត់ និង​អប់រំ​ណែនាំ មិនឱ្យ​ធ្វើអំពើ​បែប​នោះ​ទៀត ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ការធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​។ 


លោក ទូច សុ​ខៈ បានលើកឡើង​បែបនេះ​នៅ​ថ្ងៃទី​៩ ខែធ្នូ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ស្នងការដ្ឋាន​នគរបាល​ចាប់ផ្ដើម​អនុវត្ត​អនុសាសន៍​របស់លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ដាក់បទបញ្ជា​ឱ្យ​អនុវត្ត​នូវ​ការ​ដោះចេញ​វាំងនន ស្លាក​សញ្ញា​នានា ឬ​ស្ទិកឃ័រដែល​បាន​បិទ​នៅលើ​កញ្ចក់​រថយន្ត​ធំៗ ចេញ​ឱ្យអស់​។​

លោក​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា ការដាក់ចេញ​នូវ​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅពេលនេះ គឺ​ពុំមែន​ជាការ​ផាកពិន័យ​ឡើយ តែ​ជាការ​លុបបំបាត់ និង​ជាការ​អប់រំ​ណែនាំ មិនឱ្យ​ធ្វើអំពើ​បែប​នោះ​តទៅទៀត ដែលនាំឱ្យ​ធ្វើ​ប៉ះពាល់​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​»​។​


លោក ទូច សុ​ខៈ បាន​បន្ថែមថា លើកលែងតែ​ក្នុងករណី​ណា​ដែលមាន​សភាព​ទទឹង​រឹងរូស​នៅពេលដែល​សមត្ថ​កិច្ចសហកា​រ​អនុវត្ត ឬ​/​និង​នៅពេល​បន្ទាប់​ណាមួយ​តែប៉ុណ្ណោះ ក្រសួង​នឹងដាក់​ចេញ​នូវ​វិធានការ​ថ្មី​ចំពោះ​ករណី​ទាំង​ន​នេះ ឬ​ករណី​ផ្សេងៗ​ទៀត​។​

ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត ឬ​អ្នកប្រើប្រាស់​រថយន្ត ស្វែងយល់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​បានកើត​ឡើង​នោះ អ្នក​ទាំងនោះ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​២កម្រិត រួមមាន បើ​បណ្តាលឱ្យ​អ្នកដទៃ​រងរបួស ដែលនាំឱ្យ​មិនអាច​បំពេញ​សកម្មភាព​បាន ឬ​ខូចខាត​ទ្រព្យសម្បត្តិ ត្រូវបំពេញ​កាតព្វកិច្ច​សង​សំណង​ដល់​ជនរងគ្រោះ​។ ប៉ុន្តែ បើសិនជា​បង្កឱ្យមាន​កា​រ​របួស​ធ្ងន់ធ្ងរ និង​ស្លាប់​នឹង​ជាប់​ទោសទណ្ឌ​ព្រហ្មទណ្ឌ និង​ពិន័យ​ជា​ប្រាក់​ថែមទៀត​។ 


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គឹម បញ្ញា នាយក​អង្គការ​បង្ការរ​បួស​អាស៊ី នៅ​ថ្ងៃទី​១១ ខែធ្នូ បាន​លើកឡើងថា ក្រសួង​គួរ​ចេញ​សេចក្តីណែនាំ​មួយ​ដល់​អ្នកបើកបរ ឬ​ម្ចាស់​យានយន្ត អាចដាក់ ឬ​ប្រើប្រាស់​បាន​កម្រិត​ត្រឹម​ណាមួយ ទាក់ទង​នឹង​ការដាក់​វាំងនន បិទ​កញ្ចក់​ខ្មៅ ឬ​ស្ទិកឃ័រ​ផ្សេងៗ​។ បន្ទាប់មក ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ជូន​ពួកគាត់​ក្នុង​រយៈពេល​សមស្រប​ណាមួយ​។    

 ​លោក គឹម បញ្ញា បាន​ប្រាប់ថា​៖ «​បន្ទាប់ពីនោះ នៅពេល​យើង​អប់រំ ណែនាំ និង​ផ្សព្វផ្សាយ​ដោយ​ស្ម័គ្រចិត្ត​ហើយ យើង​ធ្វើ​ផែនការ​ក្តៅ ពិន័យ​ផ្អែកទៅលើ​មាត្រា​ច្បាប់ ឬក៏​ផ្អែក​អនុក្រឹត្យ​ពិន័យ​អន្តរកាល​ជាដើម ប៉ុន្តែ បើជា​រថយន្ត​របស់​ក្រុមហ៊ុន ត្រូវ​ពិន័យ​ជា​ការដក​អាជ្ញា​ប័ណ្ណ​ទាក់ទង​នឹងការ​ដឹកជញ្ជូន ជាដើម​»​។​

សូម​រំឭកថា ក្នុងឱកាស​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​លើក​ទី​២ ឆ្នាំ​២០២១-២០៣០ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា កន្លងទៅ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​ឱ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី-​ខេត្ត​ទាំងអស់ ចុះ​ត្រួតពិនិត្យ និង​មាន​វិធាន​ការឱ្យ​តឹងរ៉ឹង​បំផុត​ទៅលើរថយន្តធុន​ធំៗ ដែល​បិទ​វាំងនន និង​ស្ទិក​ឃ័​រ​ព័ណ៌​ខ្មៅ​នៅលើ​កញ្ចក់​ខាងមុខ ព្រោះ​វា​ធ្វើឱ្យ​មើ​ល​មិនឃើញ​ផ្លូវ​ច្បាស់​ល្អ និង​ដើម្បី​ឱ្យមាន​ស្តង់ដារួមមួយ​។​

ជាមួយគ្នា​នោះ លោក ស សុខា ស្នើ​ស្នងការ​នគរបាល​រាជ​ធានី-​ខេត្ត​ក៏​កុំ​មាន​វិធានការ​ទៅលើ​ការបិទ​កញ្ចក់​នៅ​សងខាង​នៃ​រថយន្ត​ដែរ ព្រោះ​ការបិទ​នោះ គឺ​ការពារ​កម្ដៅ ប៉ុន្តែ​សម្រាប់​កញ្ចក់​នៅខាងមុខ គឺ​ហាម​ដាច់​ខាត មិនអាច​ឱ្យ​ដាក់​វាំង​នន ឬ​ស្ទិក​ឃ័​របា​ន​នោះទេ ក្រៅតែពី​ក្រដាស​ពន្ធ ឬ​ពន្ធ​ផ្លូវ​តែប៉ុណ្ណោះ​៕