ភ្នំពេញៈ​នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​ស្តីពី​ទីផ្សា​រការ​ងារ​ប្រក​បដោយ​បរិ​យាប​ន្ន​គាំទ្រ​ដល់​អ្នក​​ស្វែង​រក​ការ​ងារធ្វើដែល​មាន​ពិការ​ភាពនៅ​ថ្ងៃទី​១១ ​ខែធ្នូ ​លោក ​ហេង​ សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានលើក​ឡើង​ថា ​ក្រសួង​នឹង​ធ្វើ​ការ​ជា​មួយ​ដៃគូ​ពាក់​ព័ន្ធ​ដើម្បី​ជំរុញ​ឱ្យ​រោង​ចក្រ​សហ​គ្រាស​ទទួល​យក​ជន​មាន​ពិការ​ភាព​ឱ្យ​បាន​៣​ភាគ​រយ​ចូល​ក្នុង​ប្រតិ​បត្តិ​ការ​។
 
​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ការ​ងារ​បាន​ឱ្យដឹង​ថា ការ​ជំរុញ​របស់​លោក ​ហេង ​សួរ គឺ​ស្រប​ពេល​ដែល​ចំនួន​ចូល​ធ្វើ​ការ​របស់​ជន​មាន​ពិការ​ភាព​ទូទាំង​ប្រទេស​នៅ​មាន​កម្រិត​នៅ​ឡើយ​។ 


​លោក​បាន​ថ្លែង​ថា៖«​ក្រសួង​ការងារ​នឹង​បន្ត​ធ្វើការ​ជាមួយ​រោងចក្រ​សហ​គ្រាស​បន្ត​ទៀត​ដើម្បី​បង្ក​លក្ខណៈ​បត់​បែន​សម្រាប់​ជន​មាន​ពិការ​ភាព​អាច​ចូល​ធ្វើការ​បន្ថែម​ទៀត​ទៅ​តាម​ជំនាញ​ផ្សេង​ទៀត​ដូចជា​អ្នក​ទទួល​និង​លើក​ទូរស័ព្ទ និង​កិច្ច​ការ​ងារ​មិន​ប្រើ​ប្រាស់​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​អាច​ឱ្យ​បងប្អូន​ជន​ជន​ពិការ​ទាំង​អស់​អាច​ទទួល​បាន​ការងារ​ស​មរ​ម្យ និង​មាន​ជីវ​ភាព​កាន់​តែ​ប្រសើរ​»​។
 
​តាម​រយៈ​ក្រសួង​នេះ​លោក​រដ្ឋ​មន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​ជន​មាន​ពិកា​រភាព​អាច​សម្លឹង​មើល​ជំនាញ​វិជ្ជា​ជីវៈ​ដែល​រាជរ​ដ្ឋាភិ​បាល​បាន​ប្រកាស​ផ្តល់​ជូន​អ្នក​ដែល​មកពី​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​ហានិ​ភ័យ​​ស្រប​តាម​លទ្ធ​ភាព​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ចំណេះ​ជំនាញ​របស់​ខ្លួន​។ 

​ទោះជា​​យ៉ាង​ណាក៏​ដោយ​ លោក ហេង សួរ បាន​លើក​ទឹក​ចិត្ត​ដល់​ជន​មាន​ពិការ​ភាព​ទាំ​ងអស់​មិន​ត្រូវ​អស់​សង្ឃឹម​ហើយ​ត្រូវ​តស៊ូ​ជម្នះរាល់​ការ​លំបាក​នានា​ដើម្បី​ចូលរួម​ជា​មួយ​រាជរ​ដ្ឋាភិ​បាល​ក្នុង​ការ​កសាង​សង្គម​ជាតិ​ដែល​មិន​មែន​ជា​បន្ទុក​សង្គម​នោះ​ឡើយ​។​


​ដោយ​ឡែក​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក ​ឯម ច័ន្ទ​មករា ​រដ្ឋ​លេខាធិ​ការ​និង​ជា​អគ្គ​លេខាធិ​ការ​ក្រុម​ប្រឹក្សា​សកម្មភា​ព​ជន​ពិកា​រក៏បាន​ជំរុញ​ឱ្យមាន​ការផ​លិត ​និង​ការបោះ​ពុម្ព​ឯកសារ​ឬ​ព័ត៌​មាន​ជា​ទម្រង់​ងាយ​ស្រួល​អាន​សម្រាប់​ជន​មាន​ពិការ​ភាព​ផង​ដែរ​។​

​ការ​ជំរុញ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​​ផ្ទៀង​ផ្ទាត់​លទ្ធ​ផល​ស្រាវ​ជ្រាវ «​ការ​វាយ​តម្លៃ​តម្រូវ​ការ​ព័ត៌មាន​សម្រាប់​ជន​មាន​ពិការ​ភាព​នៅ​កម្ពុជា​»​។

​យោង​តាម​គេហទំ​ព័រ​របស់​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជ​ន និង​យុវនីតិ​សម្បទា​បាន​ឱ្យដឹង​ថា ​នៅ​ក្នុងឱកាស​នោះ លោក ​ឯម ច័ន្ទ​មករា ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ស្ថា​នីយ​ផ្សាយ​និង​តំបន់​គ្រប​ដណ្តប់​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ធ្វើ​ប្រតិ​បត្តិ​ការ​ដោយ​ជន​មាន​ពិការ​ភាព​។​


​លោក​បាន​ថ្លែងថា​ ៖ «​ការ​ទទួល​បាន​ព័ត៌​មាន​គ្រប់គ្រា​ន់​គឺជា​ការ​បង្កើត​នូវ​កាលា​នុ​វត្ត​ភាពថ្មីៗ​អាច​ជួយ​ឱ្យ​គុណ​ភាព​ជីវិត​ជន​មាន​ពិការ​ភាព​កាន់​តែ​ប្រសើរ​ឡើង ​ខណៈ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​ទាក់​ទង​នឹង​សេដ្ឋ​កិច្ច​ ការអប់​រំ និង​បណ្តុះ​បណ្តាល​សេវា​សុខ​ភាព ​សេវា​សាធា​រណៈ​ផ្សេង​ទៀត​ ដោយ​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការ​ភាព​គ្រប់​រូប​ខិតខំ​ស្រាវ​ជ្រាវ​រក​ព័ត៌​មាន​ថ្មីៗតាម​ថ្នាល​សារ​ព័ត៌​មាន​នានា​ដោយ​ប្រើ​ប្រាប់​កម្មវិធី​ដែល​មាន​ផាសុ​ក​វត្ថុ​ដើម្បី​ទទួល​បាន​ព័ត៌​មាន​ដោយ​ជន​ពិការ​ខ្លួន​ឯង​»​។​

​ក្នុងឱ​កាស​នោះ ​លោក​ក៏បាន​ស្នើ​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ​បង្កើន​ការ​ប្រើប្រា​ស់​ភាសា​សញ្ញា​ អក្សរ​រត់​ អក្សរ​ប្រៃ​យ៍​(​អក្សរ​ស្ទាប​)អក្សរ​ពុម្ព​ធំ ​សំឡេង​ឱ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ផ្តល់​ឱកាស​ទំនាក់​ទំនង​ ការ​បញ្ចេញ​មតិ​យោប​ល់ និង​ទទួល​បាន​ព័ត៌​មាន​សម្រាប់​ជន​មាន​ពិការ​ភាព​គ្រប់​ប្រភេទ​៕