ភ្នំពេញៈ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ក្នុងប្រទេស​កម្ពុជា នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោកស្រី ដេ​បូរ៉ា ខូ​មី​នី (Debora Comini)​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​។​


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យដឹងថា លោកស្រី ដេ​បូរ៉ា ខូ​មី​នី បានបញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​នៅ​ថ្ងៃទី​៨ ខែធ្នូ ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ និង​សង្កេតមើល​ការងារ​របស់​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ក្នុងការ​គាំទ្រ​ប្រព័ន្ធ​កិច្ចការពារ​កុមារ និង​ការថែទាំ​កុមារ និង​យុវជន​ងាយ​រងគ្រោះ​បំផុត​។

 ក្នុងអំឡុងពេល​នៃ​បេសកកម្ម​នេះ លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​របស់​ក្រសួង​នានា និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅគ្រប់​ទីកន្លែង និង​បញ្ចប់​ការ​បំបែក​កុមារ​ចេញពី​គ្រួសារ​ដោយ​មិនចាំបាច់​។​


​លោកស្រី ដេ​បូរ៉ា ខូ​មី​នី បាន​ថ្លែង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖«​មាន​កុមារ​ចំនួន​ច្រើនពេក​ហើយ​នៅក្នុង​តំបន់​នេះ ដែល​កំពុង​ជួបប្រទះ​អំពើហិង្សា​ក្នុង​ទម្រង់​ដ៏​គ្រោះថ្នាក់ រួមទាំង​ការរំលោភបំពាន​ផ្លូវកាយ និង​ផ្លូវចិត្ត​»​។ 

លោកស្រី​បន្តថា ៖ «​អំពើហិង្សា​តែង​កើតឡើង​នៅតាម​ទីកន្លែង ដែល​កុមារ​គប្បី​ទទួលបាន​កិច្ចការពារ​ខ្លាំង បំផុត ពោលគឺ​នៅផ្ទះ​របស់​ពួកគេ​។ កុមារ​គ្រប់រូប នៅ​គ្រប់​ទីកន្លែង មាន​សិទ្ធិ​ក្នុងការ​រស់នៅក្នុង​ស្ថានភាព​ដែល​គ្មាន​អំពើហិង្សា ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​គ្រប់​ប្រភេទ​»​។​


ជុំវិញ​ការអំពាវនាវ​របស់​ម​ន្ត្រី​ជាន់ខ្ពស់​អង្គការ​យូ​នី​សេ​ហ្វ​នេះដែរ លោកស្រី ញាណ សុចិ​ត្រា អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ចការនារី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែធ្នូ​ថា ផ្អែកលើ​លទ្ធផល​នៃ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ឆ្នាំ ២០២១-២០២២ គឺ​បាន​បង្ហាញថា អំពើហិង្សា​លើ​កុមារ​ពិតជា​មាន​កម្រិត​ខ្ពស់​ពិតមែន​។ 

លោកស្រី​ក៏​យល់ស្រប​ដែរ​ថា ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ គឺជា​រឿង​ដែល​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល អង្គការ​ផ្នែក​ជំនឿ​សាសនា វិស័យ​ឯកជន សហគមន៍ មាតាបិតា និង​កុមារ​ផងដែរ គឺ​ត្រូវតែ​ចូលរួម​ក្នុងការ​ទប់ស្កាត់​។ 

លោកស្រី​ថ្លែងថា​៖ «​ដូច្នេះ​ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្រសួង​កិច្ចការនារី បាន​ដើរ​នាទី​យ៉ាងសកម្ម​អនុវត្ត​សកម្មភាព​សំខាន់ៗ​មួយចំនួន​ដូចជា​៖ បាននិងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន ដែល​កម្មវិធី​នេះ​កំពុង​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន​១២ ហើយ​យើង​កំពុង​ពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ចិញ្ចឹម​កូន​បែប​វិជ្ជមាន​នេះ ជាពិសេស​យើង​នឹង​គ្រោង​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​កម្មវិធី​នេះ​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​»​។​

បើតាម​លោកស្រី ញាណ សុចិ​ត្រា ក្រសួង​ក៏បាន​ដាក់បញ្ចូល​កម្មវិធី​អប់រំ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ជាពិសេស​អំពើហិង្សា​លើ​កុមារ ទៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា កម្មវិធី​អប់រំ​របស់​ក្រសួង​ធម្មការ និង​សាសនា កម្មវិធី​បណ្តុះបណ្តាល​ន​គ​របាល​ជាតិ​របស់​រា​ជ​បណ្ឌិត្យសភា​នគរបាល កម្មវិធី​បណ្តុះបណ្តាលរ​បស់​វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច​របស់​ក្រសួង​សង្គមកិច្ច និង​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ សម្រាប់​ថ្នាក់​ទី​៥​ ដល់ទី​១២ ​ជាដើម​។ 

លោកស្រី​បន្ថែមថា ក្រៅពីនេះ ក្រសួង​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​រៀបចំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អាពាហ៍ពិពាហ៍​កុមារ និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​ផងដែរ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ បានលើកឡើង​បន្តថា ដើម្បី​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ និង​លើកកម្ពស់​ការចិញ្ចឹម​កូន​បែប​វិជ្ជមាន យូ​នី​សេ​ហ្វ​កម្ពុជា​គាំទ្រ​កម្ម វិធី​មួយ​ដែល​ត្រូវបាន​អនុវត្ត​នៅតាម​វត្ត និង​ក្រោម​ការដឹកនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​។

កម្មវិធី​នេះ​ផ្តោតលើ​ការពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​ព្រះសង្ឃ​ពុទ្ធសាសនា ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ជំនឿ និង​អាកប្បកិរិយា របស់​គ្រួសារ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា និង​បង្កើត​បរិយាកាស​កាន់តែ​មាន​សុវត្ថិភាព​នៅតាម​សាលារៀន ផ្ទះ និង​សហគមន៍ សម្រាប់​កុមារ​ចម្រើន​លូតលាស់ និង​អភិវឌ្ឍ​។ 

គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៣ មាន​ព្រះសង្ឃ​ចំនួន ១ ១៣១​អង្គ​មកពី ៥៧១​វត្ត បានទទួល​ការបណ្តុះបណ្តាល​ពី​កិច្ចការពារ​កុមារ ដោយបាន​ផ្សព្វផ្សាយ​ទៅដល់ ប្រជាជន​ចំនួន ៧៦ ០០០​នាក់​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះដែរ លោក វី​ល ផាក​ស៍ នាយក​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើងថា គ្មាន​ហេតុ​ណាមួយ ដែល​អាច​​ជា​ហេតុ​ដើម្បី​បង្ក​អំពើហិង្សា​លើ​កុមារ​បានឡើយ​។ អំពើហិង្សា​លើ​កុមារ​ទាំងអស់ គឺអាច​ទប់ស្កាត់ បាន​។ 

លោក​បាន​បន្តថា ៖ «​ទោះបីជា​យ៉ាងណាក្តី ដើម្បី​សម្រេចបាន​នូវ​ការទប់ស្កាត់​នេះ យើងទាំងអស់គ្នា​សុទ្ធ​តែមាន​តួនាទី​ត្រូវធ្វើ​។ អ្នក​ទាំងនេះ​រួមមាន​អ្នកពាក់ព័ន្ធ ឪពុកម្ដាយ សាច់ញាតិ គ្រូបង្រៀន សមាជិក​សាសនា និង​សមាជិក​សហគមន៍​។ យូ​នី​សេ​ហ្វ​នៅតែ​ប្តេជ្ញាចិត្ត​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ជាតិ​នៅក្នុង​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​»​។​

សូម​បញ្ជាក់ដែរថា ក្នុងអំឡុងពេល​នៃ​ទស្សនកិច្ច​នេះដែរ លោកស្រី​ដេ​បូរ៉ា ខូ​មី​នី ក៏បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួន​ផងដែរ រួមមាន​៖ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ធម្មការ និង​សាសនា​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទា​, ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផងដែរ​៕