កំពង់ធំ​: លោក​ រ៉េត ភា​ច ធ្លាប់​ជួប​បញ្ហា​ជាច្រើន រួមជាមួយ​នឹង​ប្រជា​​កសិករ​ដទៃទៀត​ក្នុង​សហគមន៍ ទាំង​បញ្ហា​បង្កបង្កើនផល​ដែល​នាំឱ្យមាន​ប្រាក់ចំណូល​ទាប និង​ជំរុញ​ឱ្យ​អ្នកខ្លះ​សម្រេច​ចិ​ត្ដ​ធ្វើជា​កម្មករ​ចំណាកស្រុក​។​


​ជាការ​ឆ្លើយតប ពួកគេ​បាន​បង្កើត​ក្រុម​អ្នក​ផលិត​ពូជស្រូវ​ក្រោម​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​បឹង​ទន្លេសាប​ ​(TSSD-AF)​។​

​ក្នុងដំណាក់កាល​ដំបូង​នៃ​ការបង្កើត​ក្រុម​នៅ​ឆ្នាំ​ ២០១៤ វា​គ្រាន់តែ​សមូហ​ភាព​តូច​មួយ​ដែលមាន​សមាជិក​ត្រឹម​​តែ​ ១៤ នាក់​ប៉ុណ្ណោះ ហើយ​ការផលិត​ស្រូវពូជ​របស់​ពួកគេ​បាន​ជួប​បរាជ័យ​។​ទោះជា​យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​បន្តបន្ទាប់ គឺជា​ចំណុច​របត់​មួយ​នៅពេល ក្រុម​នេះ​ទទួលបាន​គ្រាប់​ពូជស្រូវ​សុទ្ធ​ដែលមាន​គុណភាព​ខ្ពស់​ពី​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា​ដៃគូ​មួយចំនួនទៀត​។ អន្តរាគមន៍​នេះ​មាន​សារៈសំខាន់ ព្រោះ​វា​បាន​ជួយ​ឱ្យ​សមា​ជិ​ក​កសិករ​ឱ្យ​ទទួលបាន​ទិន្នផល​យ៉ាង​​ច្រើន​រហូតដល់ ៨​ តោន ​ក្នុង​ ១​ ហិកតា​។​


​លោក​ ភា​ច បាន​និយាយថា​៖ «​ដោយមាន​ការលើកទឹកចិត្ត​ពី​ភាពជោគជ័យ​នេះ ក្រុម​របស់​យើង​ទទួលបាន​សមា​ជិ​ក​កើន​ឡើងជា​លំដាប់​ដែល​មកទល់​បច្ចុប្បន្ន​យើង​មាន​ ៤០ ​នាក់ ​ធ្វើ​ការដាំដុះ​រួម​លើ​ផ្ទៃដី ​៧០​ ហិកតា​»​។​

​វឌ្ឍនភាព​នេះ ទោះបី​ជួប​ការលំបាក​ដំបូង​ក៏ដោយ តែ​បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​ធន់ និង​សក្ដានុពល​សម្រាប់​កំណើន​នៅពេល​កសិករ​ខ្នាតតូច​ទទួលបាន​ការ​គាំទ្រ​សមស្រប​។​


​ក្រុម​អ្នក​ផលិត​ពូជស្រូវ​កំពុង​បន្ត​ស្រាវជ្រាវ​ពូជស្រូវ​ដែល​មិន​ត្រឹមតែ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៀតផង​។​

​តាមរយៈ​លទ្ធផល​នេះ ក្រុម​បាន​បង្កើត​ប្រព័ន្ធ​ដែល​ជួយ​លើកកម្ពស់​ទិន្នផល​ស្រូវ​កាន់តែ​ខ្ពស់ និង​ធានា​ទីផ្សារ​សម្រាប់​កសិក​រ​។ នេះ​ជា​ឧទាហរណ៍​ដ៏​ល្អ​ដែល​បង្ហាញ​អំពី​ភាពជា​ម្ចាស់​របស់​សហ​គម​ន៍​ក្នុង​ការកែលម្អ​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព និង​ការអនុវត្ត​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ​។​

​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជាបាន​ថ្លែងថា គម្រោង​នេះ​គាំទ្រ​ដល់​ស្ថានីយ​កសិកម្ម​ចំនួន​ ២ ក្នុង​ខេត្តកំពង់ធំ​និង​ខេត្តសៀមរាប​ដើម្បី​ផលិត​ពូជស្រូវ​ដែល​ចុះបញ្ជី​គុណភាព​ខ្ពស់​តាមរយៈ​ការប្រើប្រាស់​គ្រាប់ពូជ​មូលដ្ឋាន​ដែល​ទិញ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ​(CARDI)​។​

​វា​ក៏​រួមបញ្ចូល​គំនិត​ផ្តួចផ្តើម​សម្រាប់​ការកែលម្អ​បច្ចេកទេស​កសិកម្ម​ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន និង​ដោះស្រាយ​បញ្ហា​នៃ​ផលិត​ភាព​ទាប ដោយសារ​ការប្រើប្រាស់​ពូជ​​ស្រូវ​មានគុណ​ភាព​ទាប​ដែល​ធ្វើឱ្យ​ខ្សែ​ច្រវាក់​តម្លៃ​ខ្សោយ និង​ភាព​ងាយ​រង​គ្រោះ​ខ្ពស់​នៃ​វិស័យ​ស្រូវ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។​

​លោកស្រី​បាន​ថ្លែង​នៅពេល​ជួប​ប្រជាកសិករ​នៅ​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក​ពីថ្ងៃ​ទី​ ៧ ខែធ្នូ​ថា​៖ «​ក្រុម​អ្នក​ផលិត​ពូជស្រូវ​ទិញ​ពូជស្រូវ​ចុះបញ្ជី​គុណភាព​ខ្ពស់​ពី​ស្ថានីយ​កសិកម្ម​ទាំង​ ២​។ ពូជស្រូវ​មានគុណ​ភាពល្អ​អាច​បង្កើន​ទិន្នផល​រហូតដល់​ ២៥ ​ភាគរយ​»​។​

​លោកស្រី​បាន​បន្ដថា​៖ «​គម្រោង​ក៏បាន​បណ្តុះបណ្តាល​សមាជិក​ក្រុម​​អ្នក​ផលិត​ពូជស្រូវ​អំពី​បច្ចេកទេស​ទំនើប​ក្នុងការ​ស្ទូង ការប្រើ​ជី​ត្រឹមត្រូវ​តាម​ដំណាក់កាល​លូតលាស់​នីមួយៗ ការគ្រប់គ្រង​ទឹក ការគ្រប់គ្រង​ស្មៅ និង​ការគ្រប់គ្រង​កត្តា​ផ្សេងៗ​ទៀត​ដែល​ជំ​រុញឱ្យ​ទិន្នផល​កាន់តែ​ខ្ពស់​»​។​

​ដោយសារ​ក្រុម​មាន​កិច្ចសន្យា​កសិកម្ម​ជា​រៀងរាល់ឆ្នាំ​ជាមួយ​ស្ថានីយ​កសិកម្ម ទីផ្សារ​គ្រាប់ពូជ​ស្រូវ​របស់​ពួក​គាត់​ត្រូវបាន​ធានា ហើយ​តម្លៃ​ដែល​លក់បាន​គឺ​ទទួលបាន​ស្ទើរ​ទ្វេដង​។​

​ចំពោះ​ថវិកា​គម្រោង​ដែល​បាន​គាំទ្រ​ដល់​ក្រុម​ផលិត​ពូជស្រូវ​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក​មាន​ចំនួន ​៣ ​ម៉ឺន​ដុល្លារ​រួមទាំង​ថ្លៃ​ឃ្លាំង និង​ទី​ស​ម្ងួ​ត ម៉ាស៊ីន​ដាំ​ពូជស្រូវ សម្ភារ​ប្រើប្រាស់​ផ្សេងទៀត​សម្រាប់​សម្អាត និង​វេច​ខ្ចប់​គ្រាប់ពូជ និង​ការកសាង​សមត្ថភាព​តាមរយៈ​ការបណ្តុះបណ្តាល​។​

​លោកស្រី Varma បានឱ្យដឹងថា ប្រជាកសិករ​លក់​ពូជ​ស្រូវ​ក្នុង​កិច្ចសន្យា​ជាមួយ​ស្ថានីយ​កសិកម្ម​បល្ល័ង្ក​ក្នុងតម្លៃ​ធានា​ដែល​កាលពី​ឆ្នាំមុន​មានតម្លៃ​ជា​មធ្យម ៤,៥​ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម​។​

​ពួកគេ​បាន​លក់​ពូជស្រូវ​ដែល​បាន​ចុះបញ្ជី​គុណភាព​ខ្ពស់​ចំនួន ​៩០ ​តោន​ ទៅឱ្យ​ស្ថានីយ​នេះ​។ ជាមួយនឹង​ទិន្នផល និង​តម្លៃ​កើនឡើង​តាមរយៈ​ការ​លក់​តាម​កិច្ចសន្យា​នេះ​កសិករ​ទទួល​បាន​ប្រាក់ចំណេញ​សុទ្ធ​ពី​ ២៥០ ទៅ ​៥០០ ​ដុល្លារ​ ក្នុង ​១ ​ហិកតា​។​

​ការផ្លាស់ប្តូរ​សំខាន់​គឺ​កាលពីមុន​ពួកគេ​បាន​ផលិត​ស្រូវ​ដែល​លក់​ចេញ​ក្នុងតម្លៃ​ទាប និង​មាន​ទិន្នផល​ទាប​។ ដោយមាន​ការគាំទ្រ​ពី​គម្រោង​ពួកគេ​បាន​ក្លាយជា​ក្រុម​ផលិត​ពូជស្រូវ​អាជីព​ហើយ​ពូជស្រូវ​របស់​ពួកគាត់​ត្រូវបាន​លក់​ទៅឱ្យ​អតិថិជន​ជាច្រើន​នៅក្នុង​ខេត្តកំពង់ធំ​ក៏ដូចជា​ខេត្ត​ផ្សេងទៀត​តាមរយៈ​ស្ថានីយ​។​

​លោកស្រី​ Varma បាន​បញ្ជាក់ថា​៖ «​សមាជិក​ទាំងអស់​ពេញចិត្ត​នឹង​ដំណើរ​ការ​រលូន​របស់​ក្រុម​ដែល​បាន​លើក​កម្ពស់​ជីវភាព​ពួកគាត់​បន្ថែម​។ ពួកគាត់​បាន​រាយការណ៍​ថា ពេលនេះ​ពួកគាត់​សង្កេតឃើញ​មានការ​ចំណាក​​ស្រុក​តិចជាង​មុន ហើយ​កសិករ​ផ្សេងទៀត​នៅក្នុង​ឃុំ​ចង់​ចូលរួម​ជាមួយ​ក្រុម​ផងដែរ​»​។​

កម្មករ​នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ រៀបចំ​អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​អឺរ៉ុប។ហុង រស្មី

​យោងតាម​មន្ដ្រី​គម្រោង​ជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី លោក ហែម ច​ន្ធូ បានឱ្យដឹងថា តម្លៃ​គ្រាប់​ពូជស្រូវ​នេះ​មាន​កម្រិត​ខុសៗ​គ្នា ដោយ​ប្រភេទ​ពូជស្រូវ​មូលដ្ឋាន ឬ (Foundation Seed) ដែល​ទទួលស្គាល់​ជា​ប្រភេទ​ពូជ​សុទ្ធ​ស្ទើរតែ ១០០​ ភាគរយ អាចមាន​តម្លៃ​ប្រហែល ៤​ ដុល្លារ​ ក្នុង​ ១ ​គីឡូក្រាម​។​

​លោក​បាន​បន្ដថា​៖ «​ក្រុម​អ្នក​ផលិត​ពូជស្រូវ​បាន​ទិញ​ពូជស្រូវ​មូលដ្ឋាន​ដើម្បី​ដាំ​ដុះ​ដែល​ហុច​ផល​ជា​ប្រភេទ​ពូជ​ចុះ​បញ្ជី​ឬ​ (Registered Seed)​ សម្រាប់​លក់​ដល់​ប្រជាកសិករ​ទូទៅ​ដែល​ផ្ដល់​ជា​ប្រភេទ​ទី​៣ គឺ​ពូជ​វិញ្ញាបនបត្រ​ឬ ​(Certified Seed)»​។​

​អ្នកស្រី ហំ និល កសិករ​ក្នុង​ក្រុម​​អ្នក​ផលិត​ពូជស្រូវ​នៃ​ហិរញ្ញប្បទាន​បន្ថែម​ក្រោម​គម្រោង​កាត់បន្ថយ​ភាព​​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប ​(TSSD-AF)​ បាន​ថ្លែងថា សមាជិក​ទាំងអស់​បាន​រីកចម្រើន និង​មាន​ចំណូល​ច្រើនជាង​មុន ដែល​អាចឱ្យ​កូន​រៀន​បាន​ខ្ពស់​។​

​អ្នកស្រី​ឱ្យដឹងថា​៖ «​កូនស្រី​ច្បង​បានបញ្ចប់​បាក់​ឌុប និង​បាន​រៀន​នៅ​សាកល​​វិទ្យាល័យ និង​កូន​ម្នាក់ទៀត​កំពុង​រៀន​ថ្នាក់​ទី១២ និង​ចង់​ឱ្យទៅ​រៀន​បន្តទៀត​ពេល​ទិន្នផល​ស្រូវ​ទទួល​បានល្អ​»​។​

​លោក វ៉ាត គឹម​ជាង ប្រធាន​ស្ថានីយ​​កសិកម្ម​បល្ល័ង្ក ភូមិ​បល្ល័ង្ក​លិច សង្កាត់​​ដំរី​ជាន់ខ្លា ស្រុង​ស្ទឹងសែន ខេត្ដ​កំពង់ធំ បានឱ្យដឹងថា ស្ថានីយ​ចាប់ផ្ដើម​ពី​ឃ្លាំង​ឈើពុករ​លំដោយ​ជំនួស​ការប្រើប្រាស់​នៅ​ស្ថានីយ​កសិកម្ម​ស្ទឹងសែន ហើយក៏​ទទួលបាន​ជំនួយ​ពី​គម្រោង ADB ដូចជា រថយន្ដ​ដឹក ម៉ាស៊ីន​ត្រាក់ទ័រ​។​

​លោក​បាន​ថ្លែងថា​៖ «​ខាង​ខ្ញុំ​បាន​សហការ​ទិញ​គ្រាប់ពូជ​ពី​ប្រជាកសិករ​ដោយ​ចាប់ផ្ដើម​ពី​ ២៩​ តោន ទូទាំង​ខេត្ដ និង​ពង្រីក​ការទិញ​រៀងរាល់ឆ្នាំ រហូតដល់​ ១០០​ តោន​»​។​

​លោក ភា​ច បានឱ្យដឹងថា នៅ​ឆ្នាំ ​២០២៣ ​នេះ ដោយសារ​មាន​បញ្ហា​គ្រោះរាំងស្ងួត​អំឡុង​ខែសីហា ផ្ទៃដី​បង្កបង្កើនផល​បាន​ធ្លាក់​ពី ​៧០​ ហិកតា​មក​នៅត្រឹម ​៥៨ ​ហិកតា ហើយ​បានធ្វើឱ្យ​ទិន្នផល​ធ្លា​ក់មក​ត្រឹមតែ​ ២ ​តោន​ ក្នុង​ ១ ​ហិកតា​។​

​បញ្ហា​កង្វះ​ប្រភពទឹក​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ប្រជាកសិករ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​មេឃ ខណៈ​នៅ​ខ្វះ​ប្រព័ន្ធធារាសាស្ដ្រ​សម្រាប់​ស្រោចស្រព​។​

​យ៉ាងណាមិញ លោក ភា​ច បាន​និយាយថា លោក និង​សមាជិក​ក្រុម​បាន​ផ្លាស់ប្ដូរ​ពី​បង្កបង្កើន​ស្រូវ​ធម្មតា​មក​ប្រើ​ស្រូវពូជ​មានគុណ​ភាព​ដោយ​សារ​វា​ផ្ដល់​ផល​ក្នុងតម្លៃ​ខ្ពស់​រហូតដល់​ ១ ៧០០ ទៅ​ ១ ៨០០​ រៀល​ ក្នុង​ ១ ​គីឡូក្រាម ខណៈ​ស្រូវ​ធម្មតា​មានតម្លៃ​ត្រឹមតែ​ពី​ ៧០០​ ទៅ ​៨០០ ​រៀល​។​

​លោក​ទទួលស្គាល់ថា ថ្វីដ្បិតតែ​ជួប​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ​ ២-៣ ​ដង ​ក្នុង​ ១ ​រដូវ​ក្ដី ក៏​លោក និង​ប្រជាកសិករ​ដទៃទៀត​បាន​ទទួល​ចំណូល​ខ្ពស់​ដែល​អាច​ផ្គត់ផ្គង់​ការសិក្សា​កូនៗ និង​កាត់​បន្ថយ​ការធ្វើ​ចំណាកស្រុក​បាន​។​

​ជាការ​ឆ្លើយតប លោក ស ប៉ា​ហូ ប្រធាន​ក្រុមគាំទ្រ​គម្រោង​ថ្នាក់​ខេត្ដ​និង​ជា​នាយករង​រដ្ឋបាល​សាលា​ខេត្ដ បានឱ្យដឹងថា ដោយសារ​ភូមិសាស្ដ្រ​នេះ​ជា​តំបន់​ខ្ពង់រាប លទ្ធភាព​ស្រោច​ស្រពតាម​ប្រព័ន្ធធារាសាស្ដ្រ​ឱ្យបាន​ពី​ ៥០-៦០ ​ហិកតា មិនអាច​ទៅរួច​ទេ គឺ​បានត្រឹមតែ​ ៤-៥​ ហិកតា​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​យើង​មានឱកាស​អនុវត្ដ​ជំហាន​បន្ទាប់​យើង​ពិចារណា​ប្រព័ន្ធធារាសាស្ដ្រ​ខ្នាត​ធំ ដែលមាន​ដើមទុន ១ ​លាន​ដុល្លារ​ឡើង​ដើម្បី​យើង​អាច​អនុវត្ដ​។ ប្រសិន​បើ​យើង​មាន​គម្រោង​បន្ទាប់​យើង​អាចធ្វើ​ទំនប់​ស្ទាក់​ទឹក​ដើម្បី​ផ្គត់ផ្គង់​ការស្រោចស្រព​ការផលិត​ស្រូវពូជ​ ២ ឬក៏​ ៣ ​ដង​»​។​

​លោក ឃឹម ខុម ក្រុមប្រឹក្សាឃុំ​សា​គ្រាម បាន​ថ្លែងថា ឃុំ​សា​គ្រាម ស្ថិតនៅ​ភាគ​ខាងជើង​ឆ្ងាយ​ពី​ទីរួមខេត្ដ​ដាច់​​ស្រយាល​ដែលមាន​ ១១ ភូមិ​។ ចំពោះ​ភូមិសាស្ដ្រ​ឃុំ​សា​គ្រាម ស្ថិតនៅលើ​ផ្ទៃដី​ខ្ពង់រាប​ដែល​ការ​បង្កបង្កើនផល​​កសិកម្ម​បាន​ជួប​ការលំបាក​។ យ៉ាង​ណា​ក្ដី សា​គ្រាម​មាន​មោទនភាព​ដែល​បាន​ក្លាយជា​ឃុំ​គោលដៅ​នៃ​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុង​ឆ្នាំ​ ២០១៤​។​

​លោក ខុម បាន​ថ្លែងប្រាប់​នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​ថា​៖ «​នៅក្នុង​ឆ្នាំ​ ២០២៣ ​នេះ ប្រជា​កសិករ​ចូលរួម​ក្រុម​អ្នក​ផលិត​ស្រូវពូជ​មាន​ចំនួន ​៣៨​ នាក់ ដែល​ទទួលបាន​ផល​ស្រូវ​ជាង ​១០០​ តោន​លើ​ផ្ទៃដី​ប្រមូល​ផល​ប្រមាណ ៧០ ​ហិកតា​»​។​

​លោក​ រស់ សុ​ផា​រិ​ទ្ធ នាយក​ប្រតិ​ប​ត្ដិ Kompong Thom Rice Mill Limited​ឬ The 1688 Rice Mill បានឱ្យដឹង​ដែរ​ថា លោក​ទទួលបាន​កម្ចី​ពី​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយ​ការផ្តល់​ហិរញ្ញប្បទាន​ដោយ​កម្ចីសម្បទាន​ចំនួន​ជាង​ ២​ លាន​ដុល្លារ​វា​មាន​រយៈពេល​កម្ចី​ ១០​ ឆ្នាំ​ដោយ​អត្រា​ការប្រាក់ ​៥ ​ភាគរយ និង​រយៈពេល​អនុគ្រោះ​ ៣​ ឆ្នាំ​ដោយ​មិនមាន​ការប្រាក់ ឬ​ប្រាក់​ដើមឡើយ​។​

​លោក​បាន​ថ្លែងថា​៖ «​កម្ចី​ពី​ ADB មិន​ត្រឹមតែ​ជួយ​ពង្រីក​សមត្ថភាព​អាជីវ​​កម្ម​ក្នុង​ចង្វាក់​ផលិតកម្ម​នាំចេញ​អង្ករ​ទៅ​តំបន់​អឺរ៉ុប និង​បណ្ដា​ប្រទេស​នៅ​អាស៊ី​មួយចំនួន​ប៉ុណ្ណោះ​ទេ តែ​រោង​ម៉ាស៊ីន​នេះ​បាន​ជួយប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​នៅ​តំបន់​ជុំវិញ​នៃ​ខេត្ដ​កំពង់ធំ ព្រះវិហារ បាត់ដំបង បន្ទាយ​មានជ័យ និង​ទូទាំងប្រទេស​ប្រមាណ ​៥ ​ម៉ឺន​តោន ក្នុង​ ១ ​ឆ្នាំ​»​។​

​លោក​បាន​បន្ដថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិ​ត្ដ​ដែល​យើង​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ប្រជាកសិករ​ដោយសារ​ដំណើរការ​របស់​យើង​ចាប់ផ្ដើម​តាំងពី​ស្រូវ កិន កែច្នៃ និង​នាំចេញ​ខ្លួនឯង​។ យើង​បាន​ជួយ​ប្រជាកសិករ​ច្រើន​គ្រួសារ​ដែល​ពាក់ព័ន្ធ​កិច្ចការ​នេះ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ដែល​បច្ចុប្បន្ន​មាន​ចំនួន ៥០​ នាក់​»​។​

​ផលិតផល​អង្ករ​រប​ស់លោក សុ​ផា​រិ​ទ្ធ ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ស៊ុយអែត ហ្វាំ​ង​ឡង់ អាល្លឺម៉ង់ អ៊ី​តា​លី និង​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប រួមទាំង​អាស៊ី​មួយចំនួនទៀត ប្រមាណ ៤០​ ប្រទេស​។​

​លោកស្រី Varma បានលើកឡើង​ដែរ​ថា ផ្អែកលើ​ការបញ្ជាក់​ពី​ប្រធាន​ក្រុម និង​សមាជិក​ភាពជា​អ្នកដឹកនាំ​ក្រុម​ដែល​បើកចំហ និង​មាន​តម្លា​ភាពជា​មួយ​សមាជិក​របស់ខ្លួន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ការជឿ​ទុក​ចិត្ត និង​ធានា​និរន្តរភាព​របស់​ក្រុម​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​លើសពីនេះ​ធាតុ​សំខាន់ៗ​ដូចជា​ការប្រជុំ​ជា​ក្រុម​ជា​ញឹកញាប់​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ការជួយ​ប្រវាស់ដៃ​គ្នា​សម្រាប់​គ្រា​បន្ទាន់​ក្នុង​ដំណើរ​ការដាំដុះ និង​ប្រមូល​ផល និង​ការទូទាត់​ប្រាក់​រហ័ស​ដល់​សមាជិក​ទាំងអស់​បន្ទាប់ពី​ការលក់​ពូជស្រូវ​ដល់​ស្ថានីយ​កសិកម្ម​ជំរុញ​ភាពជា​ម្ចាស់​សហគមន៍ និង​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព​»៕