ភ្នំពេញៈ យោងតាម​របាយ​ការណ៍​របស់​អាជ្ញាធរ​មីន បាន​បង្ហាញថា ក្នុង​រយៈពេល​ជិត​ ១​ ឆ្នាំ​នៃ​ឆ្នាំ​ ២០២៣​ នេះ ជន​រង​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​មាន​ជាង ៣០​ នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺមាន​ការ​ថយ​ចុះ​ប្រមាណ ២៤ ​ភាគរយ​។​


​លោក ឡាង កុសល មន្ត្រី​នៃ​អាជ្ញាធរ​មីន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១១ ខែធ្នូ​ថា គិត​ចាប់​ពី​ខែមករា រហូតដល់ ដើមខែ​ធ្នូ ឆ្នាំ​ ២០២៣​ នេះ ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន ៣១​ នាក់ ក្នុងនោះ​ជនរងគ្រោះ​ដោយសារ​មីន​មាន​ចំនួន ១៦ ​នាក់ និង​ជនរងគ្រោះ​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​ ១៥​ នាក់​។

ជន​រង​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង ៣០​ នាក់​នេះ ក្នុងនោះ​មាន​ជន​​រងគ្រោះ​ស្លាប់ ៤​ នាក់ រងរបួស ១៨​ នាក់ និង​ពិការ​អវយវៈ ៩​ នាក់ ខណៈដែល​ភាគច្រើន កើតមាន​នៅក្នុង​ខេត្ត​បន្ទាយ​មានជ័យ ឧ​ត្ត​រ​មានជ័យ បាត់​ដំបង និង​ខេត្តរតនគិរី​។​


​តួលេខ​ជនរងគ្រោះ​ឆ្នាំ​ ២០២៣​ នេះ មានការ​ថយចុះ ២៤​ ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ជនរងគ្រោះ​ចំនួន ៤១ ​នាក់​។

លោក​ឡាង កុសល បញ្ជាក់ថា​៖ «​ការធ្លាក់ចុះ​នៃ​ជនរងគ្រោះ​នេះ​គឺ​ដោយសារ​កិច្ចខិតខំ​ប្រឹង​​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រតិបត្តិ​ករ​ទាំងអស់​ក្នុងការ​បង្កើន​កិច្ចប្រតិបត្តិការ​បោស​សម្អាត​មីន និង​ជំរុញ​ការ​ផ្សព្វ​​ផ្សាយ​អប់រំ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​»​។​


​ខណៈដែល​ជនរងគ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​ឆ្នាំនេះ មានការ​​ថយចុះ​ទាំង​អត្រា​ស្លាប់ អត្រា​រងរបួស និង​ពិការ​។

លោក​ កុសល​ បាន​ថ្លែងថា អាជ្ញាធរ​មីន បានសម្រេច​សមិទ្ធផល​ការងារ​បោសសម្អាត​មីន​ទូទាំង ២៥ រាជធានី​-​ខេត្ត ដែល​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ មកទល់ពេលនេះ កម្ពុជា​បានប្រកាស​រាជធានី​ខេត្ត​អស់​មីន​បាន​ចំនួន ១៤​ ខេត្ត​រួចហើយ​។​

​រាជធានី​ខេត្ត​ទាំង​ ១៤ ​នោះ រួមមាន​៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់​​ឆ្នាំង តាកែវ កំពត មណ្ឌលគិរី និង​ខេត្តកំពង់ស្ពឺ​។​

​ក្រៅពីនេះ​នៅមាន​ខេត្ត​ចំនួន ៩ ​ទៀត ដែល​ប្រតិបត្តិ​ករ​កំពុងធ្វើការ​បោសសម្អាត ក្នុងនោះ​មាន​ខេត្តសៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ព្រះវិហារ​។​

​បើតាម​លោក ឡាង កុសល អាជ្ញាធរ​មីន ក៏បាន​សម្រេច​សមិទ្ធផល​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ផ្ទៃដី​ប្រមាណ ២ ៧៩៥ ​គីឡូម៉ែត្រ​ក្រឡា ហើយ​នៅក្នុង​នោះបាន​រកឃើញ​គ្រាប់​ប្រមាណ​ជាង ៤​ លាន​គ្រាប់ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១១ ​លាន​នាក់ បានទទួល​ផល​ពី​ការងារ​បោសសម្អាត​មីន​។​

​លោក​បាន​បន្ថែមថា​៖ «​ជា​មួយ​នឹង​សមិទ្ធផល​ទាំងនេះ យើង​ក៏បាន​ទទួល​កិត្តិយស​មួយចំនួន ដូចជា​ឆ្នាំនេះ យើង​បានធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សកល​លើក​ទី​៣ និង​នៅ​ឆ្នាំ ​២០២៤​ ខាងមុខ កម្ពុជា​យើង​បានទទួល​កិត្តិយស​មួយទៀត គឺ​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ​»​។​

​សូម​រំឭក​ដែរ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​បានផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ជាង ៣,១ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ដែល​តាមរយៈ​គម្រោង​នេះ អាជ្ញាធរ​មីន បាននិងកំពុង​រៀបចំ​ផែនការ​បោសសម្អាត​មីន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តព្រះវិហារ​។​

​ការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​នេះ បានធ្វើ​ឡើង​នា​ថ្ងៃទី​ ៦ ខែធ្នូ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធ​​ផល ដំណាក់កាល​ទី​៤ នា​ខេត្ត​បន្ទាយមានជ័យ រវាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) តំណាង​ដោយ​លោកស្រី Alissar Chaker តំណាង UNDP ប្រចាំ​កម្ពុជា និង​ក្រសួងការបរទេស និង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ តំណាង​ដោយ​លោក Jonathan Kings ឯកអគ្គរាជទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​កម្ពុជា​៕