ភ្នំពេញៈ លោក​ កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១០ ខែធ្នូ មាន​យុវជន និង​យុវនារី​ជាង ​១​ ម៉ឺន​នាក់​បាន​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​។​


​លោក​ កត្តា អ៊​ន បាន​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែធ្នូ​ថា អ្នក​ចុះឈ្មោះ​ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​សរុប​មាន​ចំនួន ១១ ៦១០​ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤ ០០១ នាក់​ ដែល​មកពី​រាជធានី​ភ្នំពេញ ៥ ១១៤ នាក់​ (​ស្រី ​១ ៦៥៧​ នាក់​), ខេត្តបាត់ដំបង​ ១ ២០៣​ នាក់ (​ស្រី ៥៦៧​ នាក់​),​ សៀមរាប ៧៣៦ ​នាក់ (​ស្រី ១៥៥​ នាក់​), ពោធិ៍សាត់ ៤១៥​ នាក់ (​ស្រី ២០៨​ នាក់​), ព្រះ​សី​ហ​នុ ៤១១​ នាក់ (​ស្រី ១៣៥ ​នាក់​) និង​បណ្ដា​ខេត្ត​ផ្សេងៗ​ចំនួន ៣ ៧៣១​ នាក់ (​ស្រី ១ ២៧៩ ​នាក់​)​។​

​លោក​ កត្តា អ៊​ន បញ្ជាក់ថា​៖ «​យើង​ឃើញថា កម្រិត​នៃ​ការចាប់អារម្មណ៍​របស់​យុវជន​ទូទាំងប្រទេស និង​ការចុះឈ្មោះ​ចូលរៀន​ពី​សំណាក់​យុវជន​របស់​យើង មាន​ចំនួន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​នេះ​ជា​ដំណើរ​មួយ​ឆ្ពោះទៅមុខ​បានល្អ ដោយ​យើង​សង្ឃឹមថា យុវជន​យើង​នឹង​បន្ត​ចុះ​ឈ្មោះ​បន្ថែមទៀត​នៅ​គ្រប់​ទីតាំង​ទាំង​អស់​ទូទាំង​រាជធានី​ខេត្ត​»​។​


​បើតាម​លោក​ កត្តា អ៊​ន តាម​វិស័យ​នានា​ដែល​យុវជន​-​យុវនារី​បាន​ចុះឈ្មោះ​រៀន រួមមាន​៖ វិស័យ​សំណង់​សរុប​មាន ​១ ៦១៩ ​នាក់ (​ស្រី ២២៦ ​នាក់​), អគ្គិសនី និង​ថាមពល ៤៥៩​ នាក់​(​ស្រី ៤៩​ នាក់​), អេឡិចត្រូនិក ៣០៩​ នាក់ (​ស្រី ៤៤ ​នាក់​), កម្មន្តសាល ៧៩​ នាក់ (​ស្រី ៥​ នាក់​), មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត ១ ៧០០​ នាក់ (​ស្រី ៨៤​ នាក់​),​ធុរកិច្ច និង​ព័​ត៌​មាន​វិទ្យា ៣ ៧៧៥ ​នាក់ (​ស្រី ១ ៩៨២ ​នាក់​)​។ សេវាកម្ម​ ៦២៧ ​នាក់ (​ស្រី ៥៤០​​នាក់​), បរិក្ខារ​ត្រជាក់ និង​កម្តៅ​ ១ ៧២២​ នាក់ ​(​ស្រី ៧៥​​ នាក់​),​ ទេសចរណ៍ ៧១៨​ នាក់ (​ស្រី ៥៣៤ ​នាក់​), និង​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ៦០២​ នាក់ (​ស្រី ៤៦២​ នាក់​)​។ សម្រាប់​ការបើក​វគ្គ​បណ្តុះបណ្តាល​លោក កត្តា អ៊​ន បញ្ជាក់ថា គឺ​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​។​

​លោក​ថា៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​យុវជន​នៅ​ទូទាំងប្រទេស ទាំង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ទាំង​យុវជន និង​យុវនារី​ដែល​កំពុងធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​នានា សូម​ពិចារណា​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ ជា​ឱកាស​មាស ដែល​រដ្ឋាភិបាល​បានផ្តល់​ជូន​យុវជន​យើង ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវ​ជន​ឱ្យមាន​ជំនាញ​មួយ​ច្បាស់លាស់​នៅក្នុង​ជីវិត ដើម្បី​អាច​ទទួលបាន​ការងារ​មួយ​សមរម្យ និង​មាន​ស្ថិរភាព​ប្រាក់​ចំណូល​ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​»​។​


​លោក អាត់ ធន ប្រធាន​សហភាព​​ការងារ​កម្ពុជា​ថ្លែងថា គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេក​ទេស​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​ខណៈ​កម្ពុជា​នៅមាន​ភាពខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ​នៅឡើយ​។

លោក​ថា​៖ «​ខ្ញុំ​គិតថា នេះ​ជា​ឱកាសល្អ​ហើយ​សម្រាប់​យុវជន​យើង ក្នុងការ​គិតគូរ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បន្ថែមទៀត ជាពិសេស​ឱកាស​ចាប់យក​ជំនាញ​បច្ចេកទេស​សំខាន់ៗ ដែល​ទីផ្សារការងារ​កំពុងតែ​មាន​តម្រូវការ ព្រោះថា នៅពេលដែល​យើង​មាន​ជំនាញ​មួយ​ច្បាស់លាស់ យើង​មាន​អាទិភាព​ជាង​អ្នកដទៃ ក្នុង​ការទទួល​បានកា​រងារ​ដែលមាន​ប្រាក់បៀវត្សរ៍​ខ្ពស់​»​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ១៤ ​វិច្ឆិកា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត បានប្រកាស​ដាក់ឱ្យអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ប្រមាណ​ ១,៥​ លាន​នាក់ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង​ ៦​ ចំណុច​របស់​នាយករ​ដ្ឋ​មន្ត្រី ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​។​

​លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ក៏បាន​ថ្លែង​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​វិជ្ជា​​ជីវៈ​ដល់​យុវជន​កាលពី​ថ្ងៃទី​ ៧ ខែធ្នូ​ថា យុវជន​ដែល​ធ្លាក់​បាក់​ឌុប ឬ​ឌី​ប្លូ​ម កុំ​អស់សង្ឃឹម គឺ​ក្រសួង​នឹង​ប្រើ​ភាពបត់បែន​ដើម្បី​ជួយ​យុវជន​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​។ 

​លោក​ថ្លែងថា​៖ «​ក្រសួង​ការងារ​នឹង​ខិតខំ​ធ្វើ​ម៉េច​ផ្តល់​ជម្រើស​បត់បែន​ជូន​ក្មួយៗ ទោះបីជា​ក្មួយៗ​មិនមាន​សញ្ញាបត្រ​បាក់​ឌុប មិនមាន​សញ្ញា​ប​ត្រ​ឌី​ប្លូ​ម ក៏ប៉ុន្តែ​អនាគត​ក្មួយៗ​ដែល​ស្រឡាញ់​ការអប់រំ គឺ​មិន​ទាល់​ទេ គឺ​ក្មួយៗ​អាច​ចាប់ផ្តើម​ចេញពី​សញ្ញាបត្រ​ជំនាញ​ដែល​ក្មួយៗ​មាននៅ​ថ្ងៃនេះ ហើយ​ចេញ​ធ្វើការ ហើយ​ក្មួយៗ​ចង់​បន្តទៀត​ក្រសួង​មាន​ផ្លូវ មាន​យន្តការ​សម្រាប់​ឱ្យ​ក្មួយៗ​អាច​បន្ត​ឡើង​បន្តិច​ម្តងៗ​»៕