​ភ្នំពេញៈ នៅក្នុង​អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សា​ធារ​ណ​រដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ចំនួន​ ៣ ខណៈ​ឯកសារ​នៃ​កិច្ច​សហ ប្រតិបត្តិការ​ជាច្រើន នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២ ​ថ្ងៃនេះ​។​


​ឯកសារ​ចំនួន​ ៣ ​ដែល​ត្រូវបាន​ចុះហត្ថលេខា​រួមមាន​៖ ១-​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រវាង​ក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម​។ ២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់​ទំនង​អន្តរជាតិ និង​បណ្ឌិត្យ​សភា​ការទូត​វៀតណាម​និង ៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​វៀតណាម​។ នេះ​បើ​យោងតាម​បណ្តាញ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត កាលពី​រសៀល​ថ្ងៃទី​ ១១ ខែធ្នូ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី ​១១-១២ ខែធ្នូ ឆ្នាំ​ ២០២៣​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិ​​ការ​អន្តរជាតិ ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់លោក​ផាម​មិញ​ជិ​ញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម​។


​នៅពេល​ទៅដល់​វៀតណាម នៅ​ថ្ងៃទី​ ១១ ខែធ្នូ លោក​ហ៊ុន​ ម៉ា​ណែ​ត បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក ផាម មិញ​ជិ​ញ ដោយ​ក្នុងជំនួប​នេះ លោក​ផាម មិញ​ជិ​ញ បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​ ១ ក្នុងនាម​នាយករដ្ឋមន្ត្រី របស់លោក​ហ៊ុន​ ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់​​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណា​ម​។​

​បើ​យោងតាម​បណ្តាញ​តេ​ឡេ​ក្រាម របស់លោក ​ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ជំនួប​នេះ លោក​ផាម មិញ​ជិ​ញ បាន​សម្តែង​នូវ​ការ​​អបអរសាទរ ចំពោះ​ជោគជ័យ​នៃ​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​ចំពោះ​លោក​ហ៊ុន ម៉ា​​ណែ​ត​ផ្ទាល់ ដែល​ត្រូវបាន​អង្គ​​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី ​៤៤ អាណត្តិ​ទី​ ៥ បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណ​​បក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​ផាម មិញ​ជិ​ញ បានធ្វើការ​គូសបញ្ជាក់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ លោក​ហ៊ុន ម៉ា​ណែ​ត នាឱកាស​នេះ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម​នឹង​កាន់តែ​រីកចម្រើន​រឹងមាំ ស្របតាម​ស្មារតី​នៃ​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​​ជ្រោយ​និង​ស្ថិរភាព​យូរអង្វែង​។


​បើ​យោងតាម​ប្រភព​ដដែល​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ក៏បាន​សម្តែង​នូវ​ការជឿជាក់​ផងដែរ​ថា​៖«​ក្រោម​ការដឹកនាំ​ប្រកប​​ដោយ​គតិបណ្ឌិត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី នោះ​នាវា​កម្ពុជា​នឹង​កាន់តែ​អភិវឌ្ឍ​ខ្លាំងក្លា​ទៅមុខ​បន្ថែមទៀត ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ​២០៣០ [​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​] និង​ ២០៥០ [​ជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​]​ ជាក់​ជាមិនខាន​»​។​

​ជាការ​ឆ្លើយតប លោក ​ហ៊ុន​ ម៉ា​ណែ​ត​បាន​សម្តែង​នូវ​ក្តី​រីករាយ ចំពោះ​ជំនួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​នេះ​និង​បាន​ថ្លែងអំណរគុណ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​ ១ របស់លោក​ក្នុងនាម​ជានា​យក​​រដ្ឋមន្ត្រី​កម្ពុជា នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នាឱកាស​នេះ​។ ជាមួយគ្នានេះ លោក​ហ៊ុន​ ម៉ា​ណែ​ត​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ ជូន​ចំពោះ​នាយករដ្ឋមន្ត្រី​វៀតណាម ផងដែរ​។​

​បណ្តាញ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​ឱ្យដឹងទៀតថា នៅក្នុង​ជំនួប​នេះ​សម​ភាគី​ទាំង​ ២ បាន​ជម្រាបជូន​គ្នា​ទៅវិញទៅមក​អំពី​ស្ថានភាព​នៃ​ប្រទេស​ទាំង​ ២​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច ក៏ដូចជា​បានធ្វើការ​ពិភាក្សា និង​វាយតម្លៃ លើ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី ក្នុង​រយៈកាល​កន្លងមក ព្រមជាមួយ​នឹង​ការ​ដាក់ចេញ​នូវ​ទិសដៅ​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ឱ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែមទៀត ដើម្បី​ផល​ប្រ​យោ​ជន៍​ទៅវិញទៅមក សម្រាប់​ជាតិ និង​ប្រជាជន​ទាំង​ ២ ជាពិសេស​វិស័យ​នយោបាយ​, ពាណិជ្ជកម្ម​, វិនិយោគ​, ទេសចរណ៍​,​សុខា​ភិ​បាល​, អប់រំ​, ការតភ្ជាប់​,​ការពារជាតិ​, សន្តិសុខ​,​ការងារ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​។

លោកហ៊ុន ម៉ាណែត​ត្រូវបានទទួលស្វាគមន៍ដោយលោកផាម មិញជិញ។ រូបថត STPM

​ទន្ទឹមគ្នានេះ សម​ភាគី​ទាំង​ ២ ក៏បាន​ផ្លាស់ប្តូរ​យោបល់​ផងដែរ​អំពី​កិច្ចការ​តំបន់ និង​សកល ដោយបាន​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរជាតិ​នានា ដូចជា ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​, អាស៊ាន និង​អនុតំបន់​មេគង្គ ជាដើម​។​

​នៅ​ថ្ងៃទី​ ១១ ​ខែធ្នូ​ដដែល​លោក ​ហ៊ុន ម៉ា​ណែ​ត​ក៏បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong) អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ដ​វៀត​ណា​ម និង​ជួប​ជាមួយ លោក វ៉ វ៉ាន់​ធឿ​ង (Vo Van Thuong) ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផងដែរ​។​

​លោក​ ​មាស សុ​ភ័​ណ្ឌ អ្នក​នាំ​ពាក្យ​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី ​១១ ខែធ្នូ នា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំ​ពេញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់លោក​ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​វៀតណាម​នេះ​មិន​ត្រឹមតែ​ជួប​បណ្តា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ​បណ្តា​អ្នកវិនិយោគ​របស់​វៀត​ណា​ម​ផងដែរ​។ 

​លោក​បញ្ជាក់ថា​៖ «​ក្រៅពី​ជំនួប​សម្តែង​ការគួរសម​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​មួយចំនួន របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម សម្តេច​ធិបតី ក៏​នឹង​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តីពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកល​វិទ្យា​ល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​នាទី​ក្រុង​ហាណូយ​ផងដែរ​»​។ 

​លោក ​មាស សុ​ភ័​ណ្ឌ បន្តទៀតថា ក្នុងនោះដែរ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ក៏​នឹងត្រូវ​ចុះ​ហត្ថ​លេខា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​​ណែ​ត​ផងដែរ​ដែល​ដំណើរ​ទស្សន​កិច្ច​របស់​គណៈប្រតិភូ​កម្ពុជា គឺជា​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំង​ ២ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នានា​ផងដែរ​។

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងការបរទេស ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ​២ ​ថ្ងៃនេះ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកនាយក​រដ្ឋមន្ត្រី​វៀត​ណា​ម​នឹង​ជួបប្រជុំ​ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ច​សហប្រតិបត្តិ​​កា​រលើ​វិស័យ​ជាច្រើន រួមមាន​៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់​ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ​និង​កិច្ចការ​ព្រំដែន ជាដើម​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​រំលេច​ថា ៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី ទៅកាន់​ប្រទេស​វៀតណាម​នាពេលនេះ​នឹង​បង្ហាញ​ពី​ការធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង​ឈរលើ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរ​ភាព​យូរអង្វែង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំង​ ២»​។

​លោក ​គិ​ន ភា ប្រធាន​ទំនាក់ទំនង​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​របស់លោក ហ៊ុន ម៉ា​ណែ​ត​គឺជា​ទម្លាប់​ធម្មតា​របស់​មេដឹកនាំ​ថ្មី​របស់​ប្រទេស  ​ក្នុង​គោលបំណង​រឹតចំណង​មិត្ត​ភាព​រវាង​បណ្តា​ប្រទេស​ជា​មិត្ត ហើយ​ថ្មីៗ​នេះ​ក៏មាន​លោក​នា​យក​រដ្ឋមន្ត្រី​ថៃ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ​។ 

​លោក​ថា​៖ «​ការពង្រឹង​ទំនាក់ទំនង​ល្អ​រវាង ប្រទេសជិតខាង​គឺជា​រឿង​ល្អ​បំផុត ឱ្យតែ​ទំនាក់ទំនង​នោះ​ឈរលើ​គោលការណ៍​គោរពអធិបតេយ្យ​គ្នា ឯករាជ្យ បូ​រណ​ភាព​ទឹកដី និង​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​នេះ​ជា​រឿង​ល្អ​ណាស់​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​»​។​

​លោក ​គិ​ន ភា​បន្ថែមថា កម្ពុជា​និង​វៀតណាម​មាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងតែ​ពី​អតីតកាល ហើយ​បច្ចុប្បន្ននេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ផ្តល់​ផល​ប្រ​យោជន៍​គ្នា​ទៅវិញទៅមក ក្នុងនោះដែរ​ទំហំ​ពាណិជ្ជកម្ម កា​រវិ​និ​​យោគ រវាង​ប្រទេស​ទាំង​ ២ ​ក៏មាន​ទំហំ​ធំ​ផងដែរ​។ ការ​ទៅ​ទស្សនកិច្ច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នឹង​ផ្តល់​ជា​ផ្លែផ្កា​ច្រើន​ទាំង​វិស័យសេដ្ឋកិច្ច និង​ទំនាក់ទំនង​។

​លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​វៀតណាម ក៏មាន​ជាប់​ស្នាមរបួស​ដំបៅ​ប្រវត្តិសាស្ត្រ ដែល​នៅតែ​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។ ដូច្នេះ​មេដឹកនាំ​ប្រទេស​ទាំង ២ ​គួរតែ​ធ្វើយ៉ាងណា​ព្យាបាល​ដំបៅ​ប្រវត្តិសាស្ត្រ​នេះ​ឡើងវិញ​»​។

​លោក ​គិ​ន ភា បាន​លើកឡើងថា កម្ពុជា​និង​វៀតណាម ​ត្រូវ​ដោះ​​ស្រាយ​បញ្ហា​ធំ​មួយចំនួន​ដូចជា ការបោះបង្គោល​ព្រំដែន ដោយ​ឈរលើ​គោលការណ៍​ផ្តល់​ផល​ប្រយោជន៍​គ្នា​ទៅវិញទៅមក ច្បាប់ អន្តរជាតិ មរតក​ប្រវត្តិសាស្ត្រ  ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ដោយ​តម្លាភាព គោរព​ច្បាប់​ផ្ទៃក្នុង​កម្ពុជា សន្ធិសញ្ញា​អន្តរជាតិ កិច្ចព្រមព្រៀង​រវាង​ប្រទេស​និង​ប្រទេស និង​ជាពិសេស​នោះ​គឺ​ការគិតគូរ​ឡើងវិញ​នូវ  ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច  ​រវាង​គ្នា​និង​គ្នា​ឡើងវិញ ពីព្រោះ​បញ្ហា​ទាំងអស់នេះ​តែងតែ​ត្រូវបាន​លើកឡើង​ជានិច្ច​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​៕

​វង្ស ដា​រា​វ៉ា​ឌី​