ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ បានដាក់​ចេញ​ទិសដៅ​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ពុះពារ​អនុវត្ត​តាមរយៈ​ការ​​ពិនិត្យ​លើ​បញ្ហា​ប្រឈម​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស ទាំង​កត្តា​ខាងក្នុង និង​ក្រៅ តួយ៉ាង​ការពង្រឹង​ខឿន​ការពារជាតិ ការ​ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ការបន្ត​ជំរុញ​កំណែ​​ទម្រង់​ស៊ីជម្រៅ​ផងដែរ​។​


​ការដាក់ចេញ​ទិសដៅ​ការងារ​សំខាន់ៗ​របស់​គណបក្ស​ប្រជា​ជន​ទាំងនេះ​តាមរយៈ​សេចក្តី​សម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​កាលពី​ថ្ងៃទី ​៩ និង ​១០ ខែធ្នូ ឆ្នាំ ​២០២៣ ក្រោម​អធិបតីភាព​លោក​ហ៊ុន សែន ប្រធាន​គណ​​បក្ស​ប្រជាជន​កម្ពុជា​, អនុប្រធាន​គណបក្ស ព្រមទាំង​សមាជិក​សមាជិកា​សរុប​ប្រមាណ​ជា ​៣ ៦០០​ នាក់​។​

​សេចក្តីសម្រេច​នៃ​មហា​ស​ន្និ​បាត​វិសាមញ្ញ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​និង​ចំណុច​ខ្វះខាត​មួយចំនួន​ដើម្បី​កែសម្រួល​ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស និង​បាន​ដាក់ចេញ​ទិសដៅ​ពង្រឹង​ខឿន​ការពារជាតិ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ លុប​បំបាត់​នយោបាយ​ជ្រុលនិយម​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​។​


​ទន្ទឹមនឹងនេះ មហាសន្និបាត​ក៏បាន​ដាក់​ទិសដៅ​ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជបល្ល័ង្ក និង​ការពារ​អង្គ​​ព្រះមហាក្សត្រ​មិនឱ្យ​ជន​ណា​មក​បំពាន ក៏ដូចជា​បន្ត​ពង្រឹង​លទ្ធិ​​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​តាម​គន្លង​នីតិរដ្ឋ ហើយ​ចូលរួម​សកម្មភាព​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​ ៥ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​ ៤​។​

​អង្គ​មហាសន្និបាត​បានសម្រេច​ថា​៖ «​បន្ត​ជំរុញ​ដំណើរការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​នានា​ប្រកបដោយ​ឆន្ទៈ​មុត​ស្រួច និង​សង្គតិភាព​ដើម្បី​ធានា​អភិបាលកិច្ច​ល្អ យុត្តិធម៌​សង្គម និង​ការ​អភិវឌ្ឍ​។ ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព ភាព​ស្អាតស្អំ និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅ​​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​»​។​


​ក្នុង​ផ្នែក​សង្គមកិច្ច មហាសន្និបាត​បក្ស​បាន​បន្ត​ជំរុញ​អភិវឌ្ឍន៍​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព បរិ​យាប​ន្ន និង​ចីរភាព​ហិរញ្ញវត្ថុ តាម​ស្មារតី​ «​មិន​បោះ​បង់​ចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់​» សំដៅ​ធានា​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រជាជន​។​

​ជាមួយគ្នា​នោះដែរ គណបក្ស​ប្រជាជន​ក៏បាន​សម្រេច​បន្ត​ជំហរ​ជំរុញ​ការអនុវត្ត​នយោបាយ​ការ​បរទេស​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់ គោរព​គោលការណ៍​ធម្ម​នុ​ញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​បង្កើន​សកម្ម​ភាព​អន្តរជាតិ និង​តំបន់​ក្នុង​បុព្វ​​ហេតុ​សន្តិភាព សន្តិសុខ សហ​ប្រតិបត្តិការ និង​វិបុលភាព​។​

​ក្រៅពីនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អំពាវនាវ​ដល់​បណ្តា​រដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ជម្លោះ​នានា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាម​ការចរចា​ផងដែរ​។​

​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​មហាសន្និបាត​វិសាមញ្ញ​នៅ​ថ្ងៃទី ​១០ ខែធ្នូ​ថា ការងារ​ចំពោះមុខ​សំខាន់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​រក្សា​ឱ្យបាន​សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី  ​និង​សុខ​សុវត្ថិភាព​សង្គម​សម្រាប់​ប្រជាជន​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​ព្យាយាម​រក្សា​លំនឹង​ម៉ាក្រូ​សេដ្ឋ​កិច្ច​ជាតិ ស្ថិរភាព​រូបិយវត្ថុ​ជាតិ ទោះបី​មាន​សភាពការណ៍​ខាងក្រៅ​ជះឥទ្ធិពល​ដល់​កម្ពុជា​ក៏​យើង​ខិត​ខំ​ការពារ​តម្លៃ​ប្រាក់រៀល​របស់​យើង អតិផរណា​យើង​មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​ទេ​។ យើង​ខិតខំ​រក្សា​ការពារ​សមិទ្ធផល​ទាំងឡាយ និង​ពង្រីក​សមិទ្ធផល​ទាំងនោះ​ឱ្យស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​ទី១ ​របស់​រដ្ឋាភិបាល​»​។​

​ចំពោះ​បញ្ហា​ផ្ទៃក្នុង​បក្ស​វិញ លោក សុខ ឥសាន បាន​អះអាងថា មិនមាន​ការបែកបាក់​ដូច​ការលើកឡើង​ពី​ក្រុម​មួយចំនួន​ទេ​។ លោក​ថា​៖«​សម្តេច​ប្រធាន លោក​បាន​រំលេច និង​កត់សម្គាល់​ឃើញថា គ្មាន​គណបក្ស​ណា​ឬ​មជ្ឈដ្ឋាន​កម្លាំង​ខាងក្រៅ​ណា​អាច​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​បានទេ​»​។​

​លោក​បាន​បន្តថា​៖ «​តាំងពី​ការបង្កើត​គណបក្ស​រហូត​មកដល់ពេលនេះ មជ្ឈដ្ឋាន​ក្រុម​ប្រឆាំង​តែង​ប្រើ​ឧបាយកល​គ្រប់បែបយ៉ាង គ្រប់​រូបភាព​ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​​កម្ពុជា ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​យើង​ឃើញ​ទាំងអស់គ្នា​ហើយ គណបក្ស​ប្រជាជន​កាន់តែមាន​សក្តានុពល ហើយ​រឹងមាំ​ថែមទៀត​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​​កម្ពុជា ក៏បាន​បន្ថែមថា ពីមុន​គណបក្ស​នេះ​មាន​សមាជិក​សមា​​ជិ​កា​ត្រឹមតែ​ជាង ៣ ​លាន​នាក់​នោះទេ ប៉ុន្តែ​មកទល់ពេលនេះ​មាន​រហូតដល់​ជាង ​៧​ លាន​នាក់​ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន ។​

​ពាក់ព័ន្ធ​នឹង​ការដាក់​ទិសដៅ​នេះ លោក​យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ទិសដៅ​ការងារ​គណ​​បក្ស​ប្រជាជន​កម្ពុជា គឺ​ស្រប​នឹង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដោយ​លោក​ជឿថា នឹង​ជះ​ផល​ល្អ​ដល់​ដំណើរ​ការអភិវឌ្ឍន៍​សង្គម​។​

​លោក​បាន​បន្តថា​៖ «​ទិសដៅ​ទាំងនេះ បើ​គណបក្ស​ប្រជាជន​​កម្ពុជា​និយាយ​ដោយឡែក រដ្ឋា​ភិ​បាល​និយាយ​ជារួម អាច​សម្រេចបាន​នោះ សង្គមជាតិ​នឹងមាន​ការអភិវឌ្ឍ មាន​សុខសន្តិភាព សណ្តាប់ធ្នាប់ សុ​ខុ​ដុម​នីយកម្ម និង​បរិ​យាប​ន្ន ដែល​ត្រូវការ​ឆន្ទៈ​នយោបាយ​ក្នុងការ​អនុវត្ត​»​។​

​ជាមួយគ្នានេះ​លោក យង់ ពៅ ក៏បាន​ស្នើឱ្យ​គណបក្សកាន់អំណាច​គិតគូរ​លើ​កំណែទម្រង់​វិស័យ​អប់រំ ដោយសារ​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ត្រូវការ​មូលធន​មនុស្ស​ជា​ចាំបាច់​ដែល​ត្រូវ​កើត​ពី​វិស័យ​អប់រំ​រឹងមាំ និង​ច្បាស់លាស់​ហើយ​បញ្ហា​ប្រឈម​មួយទៀត​គឺ​ការប្រយុទ្ធ​នឹង​បញ្ហា​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​ដែល​កំពុង​បំផ្លាញ​ធនធានមនុស្ស​របស់​ជាតិ​៕