ភ្នំពេញៈ លោក ញឹក រតន​ពេជ្រ ប្រធាន​មជ្ឈមណ្ឌល​សួន​​សត្វ​ភ្នំ​តា​ម៉ៅ ថ្លែងថា ការ​​ឈូសឆាយ​លើផ្លូវ​ចាស់​ដែលមាន​ព្រៃ​ដុះ​ជិត មាន​ប្រវែង​ជាង​ ១ ​គីឡូម៉ែត្រ នៅក្នុង​ភូមិ​ពូន​ភ្នំ ឃុំ​កណ្តឹង ស្រុក​បាទី នៃ​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​តា​ម៉ៅ គឺជា​ការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ការពារ​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​សម្អាត​ផ្លូវ​នោះ​ឱ្យបាន​ស្អាត​ឡើងវិញ ដើម្បី​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បាន​។


ការ​ថ្លែង​នេះ​ធ្វើឡើង​ក្រោយ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ក្រៅប្រទេស​ ១ ​ដែល​បាន​ដក​​ស្រង់​សម្តី​មន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ចោទថា ការ​ឈូស​​ឆាយ​នេះ​គឺជា​ការបំផ្លាញ​ព្រៃឈើ និង​បំពាន​ដែន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «​ផ្លូវ​ហ្នឹង​វា​មាន​ស្រេច​ហើយ​ហ្នឹង មាន​ទៅ​ប៉ះពាល់​អី បើ​ថា​ឈូស​កន្លែង​ណា​ថ្មី​ទៅ​វា​ខូច​ដើមឈើ​ទៅ​ថា​ប៉ះ​ដើមឈើ តែ​នេះ​ការ​ឈូស​លើផ្លូវ​ចាស់​។ ធ្វើ​ផ្លូវ​ភ្លើង​ការពារ​សត្វ​បែរជា​ទៅជា​ប៉ះពាល់​វិញ​អាហ្នឹង​ខ្ញុំ​មិនដឹងថា​អ្នក​ថា​ហ្នឹង​គាត់​មាន​បច្ចេកទេស​កន្លែង​ណា​ទេ ពីព្រោះ​កាលណា​យើង​គ្រប់គ្រង​ព្រៃ​កន្លែង​ណាមួយ​ត្រូវមាន​ផ្លូវ​ភ្លើង សូម្បី​ផ្ទះ​យើង​ក៏មាន​របង​ដែរ កន្លែង​នេះ​ព្រៃ​ប៉ុនណា​ណី អត់​មាន​ផ្លូវ​ភ្លើង​ការពារ​ម៉េច​កើត​»​។  


​ប្រភព​ដដែល​បានឱ្យដឹងថា ការ​ឈូសឆាយ​នេះ​គឺ​ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ​ចូលក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​ប​ច្ច​ប្បន្ន​សួន​កំពុង​ត្រូវបានធ្វើ​របង​ការពារ​ព័ទ្ធជុំវិញ ហេតុនេះ​លោក​មានការ​ព្រួយបារម្ភ​ថា ប្រសិនបើ​មាន​ភ្លើង​ឆេះ​រាលដាល​ចូលដល់​ក្នុង​តំបន់​ព្រៃ​នៃ​សួន​សត្វ​អាច​ប៉ះពាល់​អន្តរាយ​ដល់​សត្វ​នៅក្នុង​នោះ​។​

​លោក​ថ្លែងថា​៖ «​សួន​របស់​យើង​កំពុងតែ​ធ្វើ​របង​ព័ទ្ធជុំវិញ​អស់ហើយ អ៊ីចឹង​យើង​មានការ​ព្រួយបារម្ភ​នៅពេលដែល​យើង​សង់​របង​ព័ទ្ធ​ហើយ សត្វ​យើង​នៅក្នុង​ហ្នឹង កាលណា​បើ​យើង​គ្មាន​ផ្លូវ​ភ្លើង​ការពារ​ទេ ខ្លាច​រាលដាល​ពី​ដី​ជាប់​ខាង​របស់​យើង​ហ្នឹង​នាំឱ្យ​ឆេះ អ៊ីចឹង​សត្វ​របស់​យើង​គ្មាន​កន្លែង​រត់​ទេ គឺ​មានតែ​ងាប់​ ១​ មុខ​គត់​»​។​


​លោក​បញ្ជាក់ថា ផ្លូវ​ភ្លើង​ដែល​បាន​ឈូសឆាយ​រួច​បាន​ស្អាត​ហើយ​មាន​ប្រវែង​ជាង​ ២០ ​គីឡូម៉ែត្រ ហើយ​ការ​ឈូស​ឆាយ​បន្ថែម​ ១ ​គីឡូ និង​ ៣០​ ម៉ែត្រ នេះ​គឺជា​ការ​ឈូសឆាយ​បន្ត​បន្ថែម​លើផ្លូវ​ចាស់ សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ​ក្រោយ​ធ្វើ​របង​ព័ទ្ធជុំវិញ​។​

​បើតាម​លោក​ ញឹក រតន​ពេជ្រ ជា​រៀងរាល់ឆ្នាំ​តែងមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​អស់​រាប់សិប​ហិ​ក​តា ដែល​ពេល​ឆេះ​ម្តងៗ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍ រួមទាំង​បុគ្គលិក​នៅ​សួនសត្វ​ទាំងអស់​រួម​កម្លាំង​គ្នា​ពន្លត់​។​

​កញ្ញា អ៊ឹម រចនា អនុ​រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា ផ្លូវ​ដែល​មន្ត្រី​-​ជំនាញ​បានធ្វើការ​ឈូសឆាយ​នេះ ស្ថិតនៅលើ​ព្រំប្រទល់​រវាង​ឧទ្យាន​អភិរក្ស​ភ្នំ​តា​ម៉ៅ និង​ដីឯកជន មិនមែន​ស្ថិតនៅក្នុង​ដី​អភិរក្ស​ទេ​។ មួយវិញទៀត​ការ​​ឈូសឆាយ​នេះ​ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ ដែល​ធ្លាប់​កើតមាន​ជា​រៀងរាល់ឆ្នាំ​។

ការ​ឈូស​ ឆាយ​នេះ​ទៀតសោត​មិន​ត្រឹម​​តែ​បង្ការ​ភ្លើង​ឆេះ​ព្រៃ​នោះទេ គឺ​ថែមទាំង​ផ្តល់នូវ​មធ្យោបាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នេះ​មាន​ផ្លូវ​ធ្វើដំណើរ​សមរម្យ និង​ងាយ​​ស្រួល​។

​កញ្ញា​បញ្ជាក់ថា ការលើក​ឡើង​របស់​មន្ត្រី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ដែល​បានផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​នៅក្រៅ​ប្រទេស ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងកសិកម្ម និង​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ថា ការ​ឈូសឆាយ​នេះ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​អភិវឌ្ឍ​នៅក្នុង​គម្រោង​ណាមួយ​ដែល​រំលោភបំពាន បំផ្លាញ​ធនធានធម្មជាតិ​នោះ​គឺជា​ការ​ប្រឌិត​ឡើង​ទាំងស្រុង​។​

​ជាមួយនឹង​ការច្រានចោល​ការលើកឡើង​របស់​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អ្នកនាំពាក្យ​ក្រសួងកសិកម្ម បន្ថែមថា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ធ្លាប់បាន​ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ២ ​លើក​រួចមកហើយ​ក្នុង​រយៈពេល​ ១ ​ខែ​ចុង​ក្រោយនេះ​។ ក្នុង​រយៈពេល​ ២​​ លើក​នោះ​អង្គការ​នេះ តែង​បង្ហាញ​ពី​ចេតនា​សហការ និង​គាំទ្រ​នូវ​រាល់​សកម្មភាព​របស់​ក្រសួង ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ការពារ​សត្វព្រៃ​ដែល​មន្ត្រី​​ជំនាញ​កំពុង​ធ្វើ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​តា​ម៉ៅ ។​

​កញ្ញា​ថ្លែងថា​៖ «​ប៉ុន្តែ​នៅពេល​ចេញពី​កិច្ចប្រជុំ អ្វីដែល​គាត់​ធ្វើ អ្វីដែល​គាត់​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​សារព័ត៌មាន គឺមាន​ខ្លឹមសារ​ប្រាសចាក​ពីអ្វី​ដែល​ជជែក​គ្នា​នៅលើ​តុ​ប្រជុំ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ីចឹង​យើង​ចោទ​សួរថា អ្វី​ទៅជា​របៀបវារៈ​នៅ​ពីក្រោយ​ទង្វើ និង​សម្តី​ដែល Wildlife Alliance កំពុងតែ​បង្កឡើង ហេតុអ្វី Wildlife Alliance និយាយ​ផ្សេង​នៅក្នុង​អង្គប្រជុំ ហើយ​ធ្វើ​ផ្សេង​នៅពេល​ចាក​ចេញពី​អង្គប្រជុំ​»​។​

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បានចេញ​សេចក្ដីប្រកាស​ព័​ត៌​មាន​ច្រានចោល​ការផ្សាយ​ព័​ត៌​​មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ក្រៅប្រទេស​នោះ ដោយ​អង្គការ​បានលើកឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះបាន​កាត់ត​សម្ដី​មន្ត្រី​របស់ខ្លួន​។

លោក ឌុ​ច ម៉ូ​ល អាយុ​ ៧១​ ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅក្បែរ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅថ្លែងថា ការ​ធ្វើ​ផ្លូវ​ភ្លើង​នេះ ងាយស្រួល​ដល់​ពលរដ្ឋ​ធ្វើដំណើរ​៕