ភ្នំពេញៈ​ តំណាង​អង្គ​ការ​ស្មារ​តី​នៃ​អ្នក​កីឡា (Spirit of Soccer_SOS) លោក Ben Brett បាន​ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​គំរូ​ក្នុង​វិស័យ​សកម្ម​ភាព​មីនដល់​លោក​ទេស​រដ្ឋ​មន្ត្រី​ លី ធុជ អនុ​ប្រធាន​ទី​១​ អាជ្ញាធរ​មីនដែល​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​សកម្ម​ភាព​ដ៏​ឆ្នើម​។​


​ពិធី​ប្រគល់​ពាន​រង្វាន់​នេះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃទី​១២ ​ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្នាក់​ការ​អាជ្ញាធរ​មីន​ដោយ​លោក Ben Brett បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា វា​ពិត​ជា​បង្ហាញ​នូវ​កិត្តិ​យស​ណាស់​ដែល​លោក​បាន​មក​ទីនេះ ​ធ្វើជា​តំណាង​ឱ្យ​អង្គ​ការ​ស្មារតី​នៃ​អ្នក​កីឡាដើម្បី​ប្រគល់​ពានរ​ង្វាន់​​ជូន​លោក ​លី ធុធ​ សម្រាប់​ការដឹក​នាំ​ដ៏​ឆ្នើម​និង​ជា​ជើង​ឯក​ពិត​ប្រាកដ​ក្នុង​សកម្ម​ភាព​មីន​។ 

​លោក​បាន​ថ្លែង​ថា៖«​ដូច​ដែល​យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ​គ្រាប់​មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះគឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច សុវត្ថិ​ភាព និង​សុខុមាល​ភាព​របស់​មនុស្ស​ជុំវិញ​ពិភព​លោក​។​ពួកវា​ជា​ឃាត​ករ​ដែល​បាន​ធ្វើ​បាប​និង​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់ ​រួមទាំង​កុមារ​ជាច្រើន​នាក់​ដោយ​មិន​រើស​អើង​»​។​


​លោក​Ben Brett បាន​បន្ត​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹង​ប្រែង​មិន​ចេះ​នឿយ​ហត់​របស់​លោក​ លី ធុជ ​បាន​ធ្វើ​ឱ្យ​ប្រតិ​បត្តិ​ករ​អាច​លុប​បំបាត់​ការ​គំរាម​កំហែង​ដោយគ្រឿង​ផ្ទុះ​ទាំង​នេះ​ពី​សហ​គមន៍​ទូទាំង​ប្រទេស​កម្ពុជា​ដោយ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​មិន​អស់​និង​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​កា​រកសាង​សហ​គមន៍​របស់​ពួកគេ​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​សន្តិ​សុខ​។​

​លោក​មាន​ប្រសាសន៍​ថា៖«​ក្រៅពី​ការងារ​ក្នុង​សកម្ម​ភាព​មីន ឯកឧត្តម​បណ្ឌិត ​លី ធុជ ក៏​ជា​អ្នក​គាំទ្រ​១​រូប​របស់​អង្គ​ការ Spirit of Soccer ក្នុង​កម្មវិធី​អប់រំ​កុមារ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រាប់​មីន​។ ការ​ប្តេជ្ញាចិ​ត្ត​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​ចំពោះ​សកម្ម​ភាព​មីននិង​ការ​គាំទ្រ​អង្គការ​SOS ​គឺជា​សក្ខី​ភាព​បញ្ជាក់​ពី​ចរិត​លក្ខណៈ និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​ល្អ​ប្រសើរឡើង​»​។​


​ក្នុង​ពេល​ទទួល​ពានរ​ង្វាន់​នោះ​ដែរ ​លោក​ទេស​រដ្ឋ​មន្ត្រី ​លី ធុជ បាន​លើកឡើ​ង​ដែរ​ថា ពានរ​ង្វាន់​ភាព​ជា​អ្នកដឹកនាំ​​គំរូ​នេះមិនមែន​សម្រាប់តែ​​រូប​លោក និង​ស្ថាប័​ន​អាជ្ញា​ធរ​មីនប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ពាន​រង្វាន់​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច និង​ការ​ទទួល​បាន​​សមិទ្ធ​ផល​រួមគ្នា​របស់​រដ្ឋាភិ​បាល ម្ចាស់​ជំនួយ ​ដៃគូ​អភិវឌ្ឍន៍ ប្រតិ​បត្តិ​ករ សប្បុរ​សជន​ គ្រប់​ភាគី​ពាក់​ព័ន្ធ​និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​អស់ដែល​បាន​ផ្តល់​ការគាំទ្រ​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ដល់​សកម្ម​ភាព​មីន​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​ថា៖«​ពាន​រង្វាន់​នេះគឺជា​រង្វាន់​កើត​ចេញ​ពី​នយោ​បាយ​ ឈ្នះ ​ឈ្នះ ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​ដែល​បាន​នាំ​មក​នូវ​សុខ​សន្តិ​ភាព និង​ស្ថិរ​ភាព​ជូន​ប្រទេស​ជាតិ​សម្រាប់​ធ្វើជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សកម្ម​ភាព​មីន​ និង​ការ​អភិវឌ្ឍ​ ហើយ​ជាង​នេះ​ទៅ​ទៀត វា​កើត​ចេញពី​ការ​តាំង​ចិត្ត​យ៉ាង​មោះមុត​របស់ស​ម្តេចនា​យក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ​ក្នុង​ការបន្ត​ការ​ការពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​របស់​ប្រទេស​ជាតិនិង​ដឹកនាំ​​ឆ្ពោះ​ទៅរក​កម្ពុជា​មួយ​ដែល​គ្មាន​មីន​»​។​

​បើ​តាម​លោក ​លី ធុជ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ​អង្គ​ការ​SOS បាននិ​ងកំពុង​ផ្តល់​ការអ​ប់រំ​ពី​ហា​និភ័យ​នៃ​កិច្ច​សង្គ្រោះ​ជីវិត​ដល់​កុមារ ​និង​សហ​គមន៍​នៅក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាមឬ​ក្រោយ​សង្គ្រាមនៅក្នុង​ប្រទេស​ជា​ង១០​ ជុំវិញ​ពិភព​លោក​ ដោយ​បាន​អប់រំ​ដោយផ្ទា​ល់​ដល់​កុមារ​ជាង​១លា​ន​នាក់​និង​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​គ្រូ​បង្វឹក​បាល់​ទាត់​ជាង​ ២ ​០០០​នាក់​។​

​អង្គកា​រSOSបាន​ចាប់ផ្តើម​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជាក្នុង​កម្មវិធី​បាល់​ទាត់និង​អប់រំ​ការ​យល់​ដឹងអំពីមីន​ចាប់​តាំងពី​ឆ្នាំ២០០៦ហើយ​បាន​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​បាល់​ទាត់​ចំនួ​ន១៦៧​នាក់ក្នុង​កម្រិត​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​និង​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ជាង ៥​០០ ​០០០នាក់ រួមទាំង​សហគ​មន៍​រង​ផល​ប៉ះពាល់ផងដែ​រ​៕