​ភ្នំពេញៈ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​បាន​ចុះ​អនុស្ស​រណៈ​យោគ​យល់​ជាមួយ​សភា​ពាណិជ្ជ​កម្ម​ និង​ឧស្សា​ហកម្ម​វៀត​ណាម ​ដើម្បី​ជំរុញ​និង​ពង្រីក​ទំនាក់​ទំនង​ពាណិ​ជ្ជ​កម្ម​ និង​សេដ្ឋ​កិច្ច​ រវាង​សហ​គមន៍​ធុរកិច្ច​ប្រទេស​ទាំង​២ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ និង​ការ​រៀប​ចំ​​ព្រឹត្តិ​ការណ៍​ធុរ​កិច្ច​រួម​គ្នា ដូច​ជា​ពិព័រណ៍​ពាណិជ្ជ​កម្ម​ វេទិកា​ធុរ​កិច្ច ទស្សន​កិច្ច​ធុរ​កិច្ច និង​សិក្ខា​សា​លា​ជា​ដើម​។​

​ការ​ចុះ​ហត្ថ​លេខា​នេះបាន​ធ្វើ​ឡើង​នៅទី​ក្រុង​ហា​ណូយ​កាល​ពី​ថ្ងៃទី​១១​ ខែធ្នូ ឆ្នាំ​២០២៣ ​ក្នុង​ឱកាស​ដែល​ប្រតិភូ​សភាពា​ណិជ្ជ​កម្ម​កម្ពុជា​អម​ដំណើរ​លោក​ ហ៊ុន ម៉ា​ណែត ​នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​​វៀត​ណាម​។​


​លោក ​លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ដែល​បានចុះហ​ត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​រវាង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​និង​សភា​ពាណិជ្ជ​កម្ម​ និង​ឧស្សា​ហ​កម្ម​វៀត​ណាម ​នេះ​ បាន​ឱ្យដឹង​បន្ថែម​ថាតាម​រយៈ​អនុស្ស​រណៈ​យោគ​យល់​គ្នា​នេះ​សភា​ពាណិជ្ជ​កម្ម​ទាំង​២​នឹង​ជួប​ពិភាក្សា​គ្នា​ជា​ទៀង​ទាត់​ ផ្លាស់​ប្តូរ​ព័ត៌​មាននិង​ទស្សនៈ​អំពី​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​និង​សេដ្ឋ​កិច្ច​។

​លោក​បាន​បន្ត​ថា នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចរបស់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ទាំង​ពេល​កន្លង​ទៅនិង​ដំណើរ​ទស្សន​កិច្ច​លើក​នេះភាគី​ទាំង​២​ បាន​ប្តេជ្ញា​ជំរុញ​ការធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​គ្នា​ឱ្យ​កាន់​ធំ​ថែ​មទៀត ដែល​ជំនួប​នា​ពេល​នេះ​រដ្ឋាភិ​បាល​ទាំង​២​ បាន​ប្តេ​ជ្ញា​បង្កើន​ការ​នាំ​ចេញ​-នាំ​ចូល​រវាង​ប្រទេស​ទាំង​២​ ឱ្យ​កើន​ដល់​ជិត ​២០ ​ពាន់​លាន​ដុល្លារ​។​

​លោក​ លឹម ហេង បាន​បញ្ជាក់​ថា​៖«​យើង​រំពឹង​ថា កំណើន​ពាណិជ្ជ​កម្ម​កម្ពុជា-​វៀត​ណាម​នឹង​មាន​ភាព​ល្អ​ប្រសើរ​ ព្រោះ​ថាទីផ្សារ​វៀត​ណាមគឺជា​ទីផ្សារ​មួយ​ដែល​មិន​អាច​ផ្លាស់​បាន​សម្រាប់​ផលិត​ផល​កសិ​កម្ម​រប​ស់​យើង ដែល​ភាគ​ច្រើន​យើង​ដឹង​ហើយគឺ​ដោយ​សារ​យើង​កែ​ច្នៃ​អត់​ទាន់​។ដូច្នេះ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជំរុញ​ការ​ទាក់​ទាញ​វិនិយោ​គិន​វៀត​ណាម​មក​កែច្នៃ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​នាំ​ចេញ​ដែរ​»​។​


«​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេថ្នាក់​ដឹក​នាំ​នៃ​រាជ​រដ្ឋាភិ​បាល​ទាំង​២​ ក៏បាន​ជំរុញ​ឱ្យមាន​ការធ្វើ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជានិង​វៀត​ណាម ជា​ពិសេស​ការធ្វើ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ការ​បង្កើត​សួន​ឧស្សាហ​កម្ម​រួម ​ការ​ជំរុញ​ផ្នែក​ទេស​ចរណ៍និង​ការ​តភ្ជាប់​ផ្លូវ​ហាយ​វេ​ផង​ដែរ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ លឹម​ហេង​។​

​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​២​ ក៏​ជំរុញ​ការ​ហោះហើ​រ​ត្រង់​រវាង​វៀ​តណាម​មក​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជា​តិ​សៀម​រាប​អង្គរ និង​ហោះ​ហើរ​ត្រង់​មក​កាន់​ភ្នំពេញជា​បន្ត​បន្ទាប់​ទៀតដែល​ទាំង​អស់​នេះ ​ជាការ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​ខាង​រដ្ឋនិង​វិស័យ​ឯក​ជន​។​

​ជា​មួយ​គ្នានេះ​ នៅក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត នៅ​រដ្ឋធានី​ហា​ណូយ​ ក្នុងថ្ងៃ​ដដែល​នោះ​ លោក​តាវ​ ឌុច​ថាង​ (Tao DucThang) ប្រធាន​អគ្គ​នាយក​ក្រុម​ហ៊ុន ​Viettel ​ដែល​ជា​ក្រុម​ហ៊ុ​នមេរបស់​ក្រុម​ហ៊ុន Met​fone​ បាន​លើក​ឡើង​ដែរ​ថា ​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​នៅ​វិស័យ​ទូរគ​មនា​គមន៍ ​និង​បច្ចេក​វិទ្យា​ឌីជីថ​ល នៅ​កម្ពុជា ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​។ 

​លោក​បាន​ថ្លែង​ថា កន្លង​មក ​រាជ​រដ្ឋាភិ​បាល​កម្ពុជា តែង​បាន​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ការ​គាំទ្រ និង​​សម្រប​សម្រួល​បង្ក​លក្ខណៈ​ដល់​ដំណើរ​ការ​ធុរ​កិច្ច​របស់​ក្រុមហ៊ុន​របស់​លោក និង​ក្រុម​ហ៊ុន​វៀត​ណាម ​ដទៃ​ទៀត​នៅ​កម្ពុជា​។​

​ចំពោះ​ការ​លើក​ឡើង​នេះ​ ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ពង្រីក​ការវិនិ​យោគ​បន្ថែម​ទៀត ទាំង​នៅ​ក្នុង​វិស័យ​ទូរគម​នាគមន៍ ក៏ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​ការ​បង្កើត​ការងារ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​។​

​សូម​បញ្ជាក់​ថា នាយ​ករដ្ឋមន្ត្រី​កម្ពុជា និង​វៀត​ណាម ​បាន​ឯក​ភាព​គ្នា​ដាក់​ចេញ​ទិសដៅ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ឱ្យ​សម្រេច​បាន​ទឹក​ប្រាក់​ ២០ ​ពាន់​លាន​ដុល្លារ​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​ការ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​នេះ​ស្របពេល​​ការ​នាំ​ចេញ-​នាំ​ចូល​រវាង​ប្រទេស​ទាំង​២ បាន​រីក​ធំ​ឡើង​ទ្វេ​ដង​បើ​ធៀប​ឆ្នាំ​២០២០​ ជា​មួយ​ឆ្នាំ​២០២២ ​កន្លង​ទៅ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ​ថា៖«​ជា​មួយនឹ​ង​ទំនាក់​ទំនង​នយោបា​យ​រវាង​ភាគី​ទាំង​២យើង​នឹង​បន្ត​រួមគ្នា​អនុវត្ត​ឱ្យបាន​ជោគ​ជ័យ​រាល់​កិច្ច​ព្រម​ព្រៀងនិង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នានិង​ទិសដៅ​ដែល​បាន​ដាក់​បន្ថែម​ទៀតដើម្បី​ជំរុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​វិបុល​ភាព​សម្រាប់​ប្រទេស​ជាតិ​យើង​ទាំង​២»​។ 

​លោក​បាន​បន្ត​ថា៖«​កម្ពុជា​និង​វៀត​ណាម ​មិន​ត្រឹម​តែ​បាន​សម្រេច​​គោល​ដៅ​ពាណិជ្ជក​ម្ម ៥ ​ប៊ី​លាន​ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ​២០២០​ ប៉ុណ្ណោះ​ទេ តែ​និន្នា​ការ​នេះ​ថែម​ទាំង​បាន​កើនឡើ​ង២​ ដង​ឈាន​ដល់​ជិត ​១១​ ប៊ី​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០២២​។ ខ្ញុំនិង​ឯក​ឧត្តម​ ផាម មិញ​ជិ​ញ បាន​ដាក់​គោល​ដៅ​ពាណិជ្ជ​កម្ម​ទ្វេភាគីឈាន​ដល់​សម្រេច​បាន ​២០​ ប៊ី​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ​»​។​

​ដើម្បី​ជំរុញ​កិច្ច​ប្រតិ​បត្តិការពាណិជ្ជក​ម្មរវាង​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​នានា​ ក្រសួង​ពាណិជ្ជក​ម្ម​កម្ពុ​ជា ក្នុង​នាម​ជា​សេនា​ធិការ​ឱ្យ​រាជ​រដ្ឋាភិ​បាលគ្រោង​នឹង​រៀបចំ​ជំនួប​ពាណិជ្ជ​កម្មស្តីពី​ការជំរុញ​នាំចេញ​ផលិត​ផល​សក្តានុ​ពល​ក​ម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ​២០២៣ ​ខាង​មុខ​ ពោលគឺ​ក្នុង​អំឡុង​ពេល​នៃ​ការ​រៀបចំ​ពិព័​រណ៍ផលិត​ផល​ខ្មែរ​និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​លើក​ទី​១៦ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត និង​ពិព័​រណ៍​កោះ​ពេជ្រ​​ រាជ​ធានី​ភ្នំពេញ។​

​លោក ​ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ​ថា ជំនួប​ពាណិជ្ជ​កម្ម​នេះ​រៀបចំ​ឡើង​ដើម្បី​ជំរុញ​ការ​នាំចេ​ញ​ផលិតផ​ល​សក្តានុ​ពល​ខ្មែរ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេ​សក៏ដូចជា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ពា​ណិ​ជ្ជ​កម្ម​អន្ដរ​ជាតិ ​វិនិ​យោគ ​និង​សេដ្ឋ​កិច្ច​។ 

​លោក​បាន​ប្រាប់​ថា​៖«​ដូច​ដែល​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​បាន​បញ្ជាក់​ហើយ​ថា ជំនួប​ពាណិ​ជ្ជ​កម្ម​នេះ​អម​ជា​មួយ​ការតាំ​ង​បង្ហាញ​ផលិត​ផល​សក្តានុ​ពល​ខ្មែរ​ក្នុង​វិស័យ​ផ្សេងៗ​ រួម​មាន ម្ហូប​អាហា​រ និង​ភេសជ្ជៈ សិប្បកម្ម​ធ្វើ​ដោយ​ដៃនិង​ផលិត​ផល​កសិ​ឧស្សា​ហ​កម្ម ជា​ពិសេស​ផលិត​ផល​អង្ករ ​ស្វាយ​ចន្ទី ចេក​អំបូង​លឿង ​មៀន​ប៉ៃលិន និង​ម្រេចនៅ​ក្នុង​ពិព័រណ៍​ផលិត​ផល​ខ្មែរនិង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ​លើក​ទី​១៦​ ដែល​នឹង​ទាក់​ទាញអ្នក​វិនិយោ​គិន ​ធុរជន និង​ភ្ញៀវទេ​សចរ​មក​កាន់​កម្ពុជា​»​។ 

​លោក ​ប៉ែន សុ​វិជាតិ បាន​បន្ថែម​ថា​វៀត​ណាម​ជាទី​ផ្សារ​តំបន់និង​មាន​ភាព​អំណោយ​ផល​សម្រាប់​កម្ពុជា​ដោយ​សារតែ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​​បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​-វៀតណាមកើន​ឡើង​ជា​បន្ត​បន្ទាប់​ខណៈ​​ជំនួប​ពាណិជ្ជ​កម្ម​នាពេល​ខាង​មុខ​ក៏​លើក​ឡើង​ពី​ការ​ជំរុញ​ទំនាក់​ទំនង​បន្ថែម​ទៀត​ជា​មួយ​ប្រទេស​ជិត​ខាង​ផង​ដែរ​។​

​យោង​តាម​របាយ​ការណ៍​ពី​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈ​ពេល ​១១ ​ខែ ឆ្នាំ​២០២៣​ នេះ​ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​តម្លៃ​ទឹក​ប្រាក់​សរុប​ ៥៨​៧៧ ​លាដុល្លារ កើន​ឡើង​ ៦,៦​ ភាគ​រយ​។ ​នៅ​ក្នុង​នោះ​ផលិ​តផល​ដែល​វៀត​ណាម​នាំ​ចូល​កម្ពុជា​មាន​ដូច​ជា ដែក ​ប្រេង​សាំង​ផលិត​ផល​វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់​ និង​ផលិត​ផល​កសិកម្ម ដូ​ចជា​ត្រី​សាច់ ​និង​បន្លែ​ផ្លែឈើ​ព្រម​ជា​មួយ​នឹង​សម្ភារ​ប្រើ​ប្រាស់​ផ្សេងៗ​ ខណៈ​ផលិត​ផល​ដែល​កម្ពុជា​ នាំ​ចេញ​ទៅ​វៀត​ណាម​ជា​វត្ថុ​ធាតុ​ដើម​កសិក​ម្មដែ​លមាន​ដូច​ជា គ្រាប់​ស្វាយ​ចន្ទី ​កៅ​ស៊ូ ឈើ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​ បន្លែ​ផ្លែ​ឈើ​ ជា​ដើម​៕